ក្រុមសកម្មជនចិនដែលនិរទេសខ្លួននៅបរទេសបានជួបជុំគ្នានៅតាមទីក្រុងនានានៅលើពិភពលោក កាលពីពេលថ្មីៗនេះដើម្បីប្រារព្ធខួបពីរឆ្នាំនៃ «ចលនាក្រដាសស» នៅប្រទេសចិន ដោយពួកគេនិយាយថា ការធ្វើបាតុកម្មប្រឆាំងនឹងគោលនយោបាយបិទខ្ទប់ក្នុងពេលមានវិបត្តិជំងឺកូវីដ១៩ បានជំរុញឲ្យមានការលេចឡើងនូវក្រុមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យជំនាន់ថ្មី។
ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសជំងឺកូវីដ១៩ នៅក្នុងប្រទេស រដ្ឋាភិបាលចិនបានអនុវត្តការបិទខ្ទប់ជាញឹកញាប់ទៅលើអគារ ភូមិឋាន និងសូម្បីតែទីក្រុងទាំងមូលចាប់ពីដើមឆ្នាំ ២០២០ ដល់ចុងឆ្នាំ ២០២២។
នៅឆ្នាំ ២០២២ មានចលនាមួយនៅទូទាំងប្រទេសដែលផ្ដួចផ្ដើមឡើងដោយប្រជាជនដើម្បីតវ៉ានឹងវិធានការនេះ ដែលនៅទីបំផុតបានបង្ខំឲ្យរដ្ឋាភិបាលចិនបញ្ចប់គោលនយោបាយរឹតបន្តឹងនេះនៅខែវិច្ឆិកានៅឆ្នាំនោះ។
នៅក្នុងទីក្រុង Amsterdam ប្រទេសហូឡង់ ពិធីអុជទៀនមួយត្រូវបានធ្វើឡើងដើម្បីរំឭកខួបនេះ ដោយមានមនុស្សប្រមាណ ៥០ នាក់កាន់ផ្កា ទៀន ក្រដាសស ឬពាក់ម៉ាស់ពណ៌ស។ ពួកគេប្រមូលផ្ដុំគ្នានៅទីលាន Dam ក្នុងទីក្រុងនោះកាលពីថ្ងៃទី ២៤ ខែវិច្ឆិកាកន្លងទៅនេះ។
ការរំឭកខួបនេះក៏ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ទីក្រុង San Francisco សហរដ្ឋអាមេរិក និងទីក្រុងតូក្យូ ប្រទេសជប៉ុនផងដែរ។ នៅក្នុងព្រឹត្តិការណ៍ទាំងនេះ ក្រុមសកម្មជននិរទេសខ្លួនបានចែករំលែកបទពិសោធន៍ដែលពួកគេបានឆ្លងកាត់ក្នុងពេលធ្វើបាតុកម្មទូទាំងប្រទេសចិនរយៈពេលមួយខែកាលពីពីរឆ្នាំមុន។
ពួកគេបានរំឭកដល់បាតុករដែលនៅបន្តជាប់ឃុំឃាំងបន្ទាប់ពីបានចូលរួមក្នុងការធ្វើបាតុកម្ម និងនៅចងចាំអ្នកដែលបានបាត់បង់ជីវិតក្នុងអគ្គិភ័យដ៏ប្រល័យនៅអគារមួយក្នុងទីក្រុង Urumqi នៃខេត្ត Xinjiang។ វិធានការបិទខ្ទប់ប្រហែលជាបានរារាំងមិនឲ្យអ្នកពន្លត់អគ្គិភ័យចូលទៅក្នុងអគារដ៏ខ្ពស់នោះទាន់ពេលវេលា ហើយរារាំងពលរដ្ឋមិនឲ្យចេញពីអគារនោះដែលបានធ្វើឲ្យមនុស្ស ១០ នាក់ស្លាប់។
បន្ទាប់ពីព្រឹត្តិការណ៍ដ៏ប្រល័យនេះបានកើតឡើង ការតវ៉ាមួយបានផ្ទុះឡើងនៅក្នុងបរិវេណនៃសាកលវិទ្យាល័យ Nanjing ផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយក្រុមនិស្សិតបានកាន់ក្រដាសពណ៌សជាសញ្ញាបង្ហាញពីការជំទាស់ទៅនឹងការគ្រប់គ្រងរបស់អាជ្ញាធរចិនលើសេរីភាពបញ្ចេញមតិ។
នាង Rei Xia ដែលជាសកម្មជនចិនរស់នៅនិរទេសខ្លួននៅក្រៅប្រទេសនិងជាសមាជិកមួយរូបនៃក្រុមរៀបចំពិធីអុជភ្លើងទៀននៅទីក្រុង Amsterdam បាននិយាយថា៖ «បន្ទាប់ពីមានការបិទខ្ទប់អស់រយៈពេលដ៏យូរមួយនៅទូទាំងប្រទេសចិនមក វាហាក់ដូចជាជាសង្គមស៊ីវិលស្ទើរតែផ្ទុះឡើងកាលពីខែវិច្ឆិកា ឆ្នាំ ២០២២។ នៅពេលខ្ញុំអានព័ត៌មានអំពីអគ្គិភ័យដ៏ប្រល័យនៅខេត្ត Xinjiang នោះ ខ្ញុំមានអារម្មណ៍ថាយើងហាក់ដូចជាកំពុងរស់នៅក្នុងឋាននរកអ៊ីចឹង»។
ចលនានៅពេលនោះត្រូវបានគេហៅថា «ចលនាក្រដាសស» ឬ «បដិវត្តន៍ក្រដាសស» នៅពេលដែលបាតុកម្មបានរាលដាលទៅដល់ទីក្រុងជាច្រើន ដែលរួមទាំងទីក្រុងសៀងហៃផងដែរ។ ប៉ូលិសបានចាប់ខ្លួនអ្នកចូលរួមជាច្រើននាក់។ អ្នកដែលត្រូវបានឃុំខ្លួនបាននិយាយថា ពួកគេបានទទួលរងទារុណកម្ម។
នាង Xia បានប្រាប់ VOA តាមទូរស័ព្ទថា៖ «ខ្ញុំនៅចាំពេលដែលគេបង្ខំខ្ញុំឲ្យទៅនៅជ្រុងម្ខាងនៃមន្ទីរឃុំឃាំង ហើយអ្នកយាមមន្ទីរឃុំឃាំងព្យាយាមបង្ខំខ្ញុំឲ្យសារភាពក្លែងក្លាយ ដោយគំរាមថានឹងកោរសក់ខ្ញុំឬដាក់ឃុំខ្ញុំរយៈពេលយូរ»។
វីអូអេបានព្យាយាមទាក់ទងក្រសួងការបរទេសចិននិងស្ថានទូតចិនប្រចាំរដ្ឋធានីវ៉ាស៊ីនតោនដើម្បីសុំយោបល់លើរឿងនេះ ប៉ុន្តែមិនទទួលបានចម្លើយតបណាមួយទេគិតត្រឹមថ្ងៃចុះផ្សាយព័ត៌មាននេះ។
ទោះបីជាការចងចាំហេតុការណ៍នេះបានរលត់បាត់បន្តិចម្ដងៗសម្រាប់មនុស្សមួយចំនួនក៏ដោយ ក៏លោក Huang Yicheng អតីតនិស្សិតសាកលវិទ្យាល័យប៉េកាំង (Peking University) ដែលបានរត់គេចផុតពីការចាប់ខ្លួននៅពេលនោះ បាននិយាយថា ការតវ៉ានាពេលនោះបានបង្កើតជានិមិត្តសញ្ញាដ៏មានឥទ្ធិពលមួយដែលបន្តជំរុលទឹកចិត្តសកម្មជនចិនក្មេងៗជំនាន់ក្រោយ។
លោក Huang បានថ្លែងថា៖ «ក្រដាសស ទៀន ផ្កា និងរូបសញ្ញាផ្លូវ Urumqi គឺជានិមិត្តសញ្ញាសំខាន់ៗនៃការតស៊ូរបស់សកម្មជនចិនក្មេងៗ»។
សកម្មជនចិនដែលនិរទេសខ្លួនមួយចំនួនទៀតបាននិយាយថា «ចលនាក្រដាសស» នេះក៏បានផ្ដល់កម្លាំងដល់ចលនាដើម្បីប្រជាធិបតេយ្យចិននៅក្រៅប្រទេសផងដែរ ដែលដឹកនាំដោយសកម្មជននៃព្រឹត្តិការណ៍សម្លាប់រង្គាលនៅទីលាន Tiananmen នៅឆ្នាំ ១៩៨៩។
លោក Teng Biao មេធាវីការពារសិទ្ធិមនុស្សប្រចាំនៅសហរដ្ឋអាមេរិក បានប្រាប់ VOA តាមទូរស័ព្ទថា៖ «ចាប់តាំងពីមានចលនាក្រដាសសនេះមក ពលរដ្ឋចិនក្មេងៗជាច្រើននៅក្រៅប្រទេសបានចាប់ផ្ដើមបង្ហាញមុខ ហើយនិន្នាការនេះបានផ្ដល់នូវក្ដីសង្ឃឹមថ្មីសម្រាប់ចលនាដើម្បីប្រជាធិបតេយ្យចិននៅក្រៅប្រទេស»។
លោក Huang ដែលកំពុងរស់នៅប្រទេសអាឡឺម៉ង់ បាននិយាយថា យុទ្ធសាស្ត្រខ្លះដែលសកម្មជននៅក្រៅប្រទេសចិនបានប្រើបានជំរុលទឹកចិត្តដល់អ្នកតវ៉ាក្មេងៗមួយចំនួននៅក្នុងទីក្រុងធំៗរបស់ចិន ប៉ុន្តែលំហសម្រាប់មតិប្រឆាំងនិងសកម្មភាពតវ៉ាផ្សេងៗដែលកាន់តែរួមតូចទៅៗនៅក្នុងប្រទេសចិនកំពុងធ្វើឲ្យការប៉ុនប៉ងរៀបចំការតវ៉ាណាមួយមានការលំបាកកាន់តែខ្លាំង។
លោកនិយាយថា៖ «បន្ទាប់ពីពលរដ្ឋចិនដែលរស់នៅទីក្រុង New York បានបញ្ចូលពាក្យនយោបាយឌឺដងទៅក្នុងសារសម្រាប់ពិធីបុណ្យ Halloween នៅឆ្នាំ ២០២២ មក យើងសង្កេតឃើញថាវិធីស្រដៀងគ្នានេះត្រូវបានប្រើដោយពលរដ្ឋចិនក្មេងៗនៅក្នុងទីក្រុងសៀងហៃក្នុងអំឡុងពិធីបុណ្យ Halloween នៅឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ ប៉ុន្តែប៉ូលិសបានអនុវត្តការរឹតត្បិតភ្លាមៗ ក៏ដូចជាបានចាប់ខ្លួនមនុស្សផងដែរ»។
លោក Teng ដែលរស់នៅសហរដ្ឋអាមេរិក បាននិយាយថា កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលចិនដើម្បីរឹតបន្តឹងការគ្រប់គ្រងលើសង្គមស៊ីវិលមិនត្រឹមតែដកហូតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្ដាលឱ្យមានអំពើហិង្សានៅទូទាំងប្រទេសទៀតផង។
លោកថ្លែងដូច្នេះថា៖ «ការប៉ុនប៉ងរបស់អាជ្ញាធរចិនដើម្បីកម្រិតសេរីភាពនៃការនិយាយស្ដីនិងការរឹតត្បិតសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនបានជំរុញមនុស្សជាច្រើនឲ្យធ្លាក់ដល់ផ្លូវទាល់ច្រក។ នៅពេលដែលសេដ្ឋកិច្ចចិនបន្តមានកំណើនយឺត វិបត្តិសង្គមដែលងំយូរមកហើយនឹងចាប់ផ្ដើមលេចឡើង»។
លោក Huang បាននិយាយថា ដោយសារតែរដ្ឋាភិបាលចិននឹងទំនងជាបន្តអនុវត្តវិធីសាស្ត្របែបគាបសង្កត់របស់ខ្លួនដើម្បីគ្រប់គ្រងលំហសង្គមស៊ីវិល សកម្មជនចិននៅក្រៅប្រទេសដូចជារូបលោក បានត្រឹមតែព្យាយាមបង្ហាញឲ្យឃើញអំពីបញ្ហានានាដែលកើតមានឡើងនៅក្នុងប្រទេសចិនតែប៉ុណ្ណោះ។
លោកលើកឡើងដូច្នេះថា៖ «យើងបានត្រឹមតែលើកទឹកចិត្តអ្នកដែលរស់នៅបរទេសឲ្យបន្តយកចិត្តទុកដាក់ទៅលើបញ្ហានានានៅក្នុងប្រទេសចិនតែប៉ុណ្ណោះ»។
លោកបានបន្ថែមថា លោកខ្លួនឯងក៏មានការបារម្ភថាការវាយប្រហារហិង្សាកាលពីច្រើនសប្ដាហ៍កន្លងទៅប្រហែលជាធ្វើឲ្យបញ្ហាធ្ងន់ធ្ងរស្រាប់នៅក្នុងប្រទេសនេះកាន់តែអាក្រក់ជាងមុនបន្ថែមទៀត។
ដោយសារតែគ្មានសញ្ញាណាមួយបង្ហាញថារដ្ឋាភិបាលចិននិងបន្ធូរបន្ថយការគ្រប់គ្រងបែបរឹតត្បិតរបស់ខ្លួននៅក្នុងប្រទេស នាង Xia ដែលនៅទីក្រុង Amsterdam បាននិយាយថា នាងនឹងបន្តតាមដានបញ្ហាសង្គមនិងបញ្ហាសិទ្ធិមនុស្សនានានៅក្នុងប្រទេសចិន។
នាងបញ្ជាក់ដូច្នេះថា៖ «ចលនាសង្គមបានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតរបស់ខ្ញុំដោយសារតែ «ចលនាក្រដាសស» នេះ ហើយបទពិសោធន៍នេះបានធ្វើឲ្យខ្ញុំកាន់តែរឹងមាំ»៕
លោក Zhou Chenxing នៃ VOA ផ្នែកភាសាចិនកុកងឺ រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។