ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជ័យជម្នះ​បក្ស​ប្រឆាំង​នៅ​តៃវ៉ាន់​ផ្តល់​មេរៀន​ល្អ​ដល់​បក្ស​សង្គ្រោះ​ជាតិ


រូបឯកសារ៖ មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ទី​ស្នាក់ការ​កណ្តាល​គណបក្ស​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៤ អំពី​ករណី​ការ​រារាំង​ពិធី​ជួប​ប្រជុំ​សមាជិក​គណបក្ស​នៅ​ស្រុង​អន្លង់វែង​ខេត្ត​ឧត្តរមានជ័យ។ (ហេង រស្មី/VOA)
រូបឯកសារ៖ មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ទី​ស្នាក់ការ​កណ្តាល​គណបក្ស​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៤ អំពី​ករណី​ការ​រារាំង​ពិធី​ជួប​ប្រជុំ​សមាជិក​គណបក្ស​នៅ​ស្រុង​អន្លង់វែង​ខេត្ត​ឧត្តរមានជ័យ។ (ហេង រស្មី/VOA)

កញ្ញា​ កឹម មនោវិទ្យា​ អគ្គ​នាយករង​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ទៅ​ចូលរួម​សង្កេតការណ៍​ការ​បោះឆ្នោតនៅកោះតៃវ៉ាន់​កាលពី​ថ្ងៃសៅរ៍​សប្តាហ៍​មុន​ បាន​បញ្ជាក់​ថា​ កញ្ញា​ចាប់​អារម្មណ៍​នឹង​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​​​ក្នុង​ការធ្វើ​ទំនាក់​ទំនង​ជាមួយ​នឹង​អ្នក​គាំទ្រ​វ័យក្មេង​ ដូចជា​ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ជាដើម។

ជ័យជម្នះ​ដ៏​ខ្លាំងក្លា​របស់​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ​(DPP) ​នៅ​កោះតៃវ៉ាន់​ បាន​បង្ហាញ​ជា​គំរូ​ល្អ​ដល់​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា។ នេះ​បើ​តាម​ការ​លើកឡើង​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ។

កញ្ញា​ កឹម មនោវិទ្យា​ អគ្គ​នាយករង​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ទៅ​ចូលរួម​សង្កេតការណ៍​ការ​បោះឆ្នោត​កាលពី​ថ្ងៃសៅរ៍​សប្តាហ៍​មុន​ បាន​បញ្ជាក់​ថា​ កញ្ញា​ចាប់​អារម្មណ៍​នឹង​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ក្នុង​ការធ្វើ​ទំនាក់​ទំនង​ជាមួយ​នឹង​អ្នក​គាំទ្រ​វ័យក្មេង​ ដូចជា​ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ជាដើម។

កញ្ញា​បន្ថែម​ថា​ សារ​នយោបាយ​ដែល​បង្ហាញ​ថា​គណបក្ស​ប្រកាន់​ខ្ជាប់​តាម​លទ្ធិ​ប្រជាធិបតេយ្យ​ក៏​សំខាន់​ខ្លាំង​ដែរ៖

«គណបក្ស​គាត់​គឺ​ជា​គណបក្ស​ប្រជាធិបតេយ្យ​ ហើយ​គណបក្ស​កាន់​អំណាច​ដែល​ចាញ់​ទៅ​គាត់​មិនមែន​ជា​គណបក្ស​ប្រជាធិបតេយ្យ។ ជាទូទៅ​មនុស្ស​ជំនាន់​ថ្មី​មនុស្ស​ក្មេង​គេ​ចង់​បាន​គណបក្ស​ប្រជាធិបតេយ្យ​ហើយ។ រឿង​សេដ្ឋកិច្ច​ក៏​ជា​បញ្ហា​ដែរ ​ព្រោះ​គណបក្ស​ដឹកនាំ​សព្វ​ថ្ងៃ​ហ្នឹង​មិន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ជឿនលឿន​តាម​អ្វី​ដែល​គណបក្ស​ហ្នឹង​ធ្វើ​បាន‍»។​

អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​រៀនសូត្រ​បាន​ដែរ ​គឺ​ស្មារតី​តស៊ូ​របស់​គណបក្ស​វឌ្ឍនភាព​ប្រជា​ធិបតេយ្យ​ (DPP)​ ព្រោះ​គណបក្ស​នេះ​ក៏ធ្លាប់​បាន​ឈ្នះឆ្នោត ​ហើយ​បាត់​បង់​ទៅ​វិញ​ដែរ ​មុន​នឹង​ទទួល​បាន​ជ័យជម្នះ​ជា​ថ្មី​ក្នុង​ការ​បោះឆ្នោត​លើក​នេះ។​

កញ្ញា​បាន​បន្ថែម​ថា៖

«អីចឹង​ធ្វើ​ឱ្យ​ខ្ញុំ​គិត​ឃើញ​ថា ​ការ​តស៊ូ​មិនមែន​ងាយ​ទេ​ ជាពិសេស​ការ​តស៊ូ​ដើម្បី​រក​លទ្ធិ​ប្រជាធិបតេយ្យ​ ហើ​យ​ដល់​បាន​មក​ហើយ​ក៏​អាច​បាត់​ទៅវិញ​ទៀត។ ឧទាហរណ៍​ ដូចជា​គណបក្ស​គាត់​នោះ។ សំខាន់​គឺ​យើង​ត្រូវ​ធ្វើ​ការ​កែ​ទម្រង់​ខ្លួន​យើង​ដែរ‍»។​

គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ​គឺ​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​អ្នកប្រជាធិបតេយ្យ​សេរី​និយម​អាស៊ី​ហៅ​កាត់ថា​ CALD​ (Council of Asian Liberals and Democrats)។​ គណបក្ស​ដែល​ជា​សមាជិក​ពេញ​សិទ្ធិ​ និង​សមាជិក​សង្កេតការណ៍​នៃ​ក្រុម​ CALD ​បាន​ឈាន​ទៅកាន់​អំណាច​ជា​បណ្តើរៗ។ ក្នុង​នោះ​មាន​នៅ​ប្រទេស​ហ្វីលីពីន​ ឥណ្ឌូនេស៊ី ​ភូមា ​និង​ចុង​ក្រោយ​នេះ​គឺ​នៅ​កោះ​តៃវ៉ាន់។

កញ្ញា កឹម មនោវិទ្យា ​បាន​បញ្ជាក់​ថា​ សម្ព័ន្ធភាព​ដែល​គណបក្ស​ប្រឆាំងនេះ​មាន​ជាមួយ​នឹង​គណបក្ស​ក្នុង​តំបន់​ផ្តល់​ផល​ប្រយោជន៍​ជា​ការ​ជួយ​គ្នា​ទៅវិញ​ទៅ​មក​ដែរ។ ដូចជាជួយ​គ្នា​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​នយោបាយ​ផ្សេងៗ។

កញ្ញា​បាន​បន្ថែម​ទៀត​ថា៖ «ទៅ​ថ្ងៃ​មុខ​ទៀត​ នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​នៅ​ក្នុង​រដ្ឋាភិបាល​នឹង​ធ្វើ​ឱ្យ​យើង​មាន​ទំនាក់​ទំនង​កាន់​តែ​ប្រសើរ​ជាង​នេះ​ទៀត​ជាមួយ​នឹង​ប្រទេស​ជិតខាង​នៅក្នុង​តំបន់​នេះ។ ... យើង​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​នៅក្នុង​តំបន់​អាស៊ី​ហ្នឹង​ជាច្រើន​ហើយ​ជា​យូរ​ឆ្នាំ​មក​ហើយ»៕

XS
SM
MD
LG