គណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយទៅតាមបណ្តឹងរបស់រដ្ឋាភិបាល បានថ្កោលទោសដាច់អហង្ការចំពោះការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីបង្ក្រាប«យ៉ាងឃោរឃៅព្រៃផ្សៃ» មកលើប្រជាពលរដ្ឋស្លូតត្រង់ នៅភូមិជើងឃ្លេ ឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បណ្តាលឲ្យប្រជាពលរដ្ឋរងរបួស និងត្រូវបានចាប់ខ្លួនជាច្រើននាក់ កាលពីថ្ងៃព្រហស្បតិ៍ ខណៈមិនទាន់មានការបញ្ជាក់ព័ត៌មានអំពីមនុស្សស្លាប់នោះ។
សេចក្តីថ្លែងការណ៍របស់គណបក្សប្រឆាំងកើតមានឡើង នៅខណៈក្រុមអ្នកតាមដានហេតុការណ៍ ដែលផ្តើមចេញពីទំនាស់ដីធ្លីដ៏ចម្រូងចម្រាស់នៅខេត្តក្រចេះ មានការភ័យខ្លាចមិនហ៊ានផ្តល់ព័ត៌មានដើម្បីបញ្ជាក់ពីចំនួននៃអ្នកដែលបានស្លាប់ និងរបួស ខណៈដែលពលរដ្ឋមួយរូប ដែលមានទីលំនៅនៅក្នុងតំបន់មានទំនាស់ អះអាងពីការបាត់ខ្លួនបុរសម្នាក់ វ័យប្រហែលជាជាង៤០ឆ្នាំ។
សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយដោយតុលាការកំពូលកាលពីឆ្នាំ២០១៧ បានបញ្ជាក់ឲ្យដឹងក្នុងន័យដើមថា៖
«ការប្រើប្រាស់អាវុធបាញ់រះយ៉ាងព្រៃផ្សៃមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ដោយគ្រាន់តែពួកគាត់ទាមទាររកដំណោះស្រាយបញ្ហាដីធ្លី ដែលមានទំនាស់ជាមួយក្រុមហ៊ុនឯកជន គឺជាអំពើឧក្រិដ្ឋ មិនអាចអត់អត់ឱនឲ្យបានឡើយ»។
លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង ក៏បានចេញខ្សែអាត់វីដេអូមួយភ្លាមៗ ក្រោយហេតុការណ៍បាញ់ប្រហារនោះ ដោយលោកបានធ្វើការថ្កោលទោសដាច់អហង្ការចំពោះទង្វើដែលលោកអះអាងថា «ឃោរឃៅ» ផងដែរ។ លោកថ្លែងតាមខ្សែអាត់វីដេអូ ដែលបានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ៨ មីនា ឆ្នាំ២០១៨ តាមន័យដើមថា៖
«ខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏ឃោរឃៅនេះ មកលើប្រជារាស្ត្រស្លូតត្រង់។ ខ្ញុំក៏សូមថ្កោលទោសយ៉ាងទម្ងន់ចំពោះអ្នកមានអំណាចសព្វថ្ងៃ ក្នុងនោះ មានក្រុមគ្រួសារ និងបក្ខពួកលោក ហ៊ុន សែន ដែលបានលួចប្លន់ដីធ្លីប្រជារាស្ត្រ»។
បន្ទាប់ពីការបាញ់ប្រហារដោយអាវុធជាច្រើនគ្រាប់ ដែលបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍នៅឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះនោះ ក្រុមប្រជាពលរដ្ឋ និងមន្ត្រីសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក បានផ្តល់តួលេខផ្សេងៗគ្នាអំពីចំនួនមនុស្សស្លាប់ថា មានចំនួន៦នាក់ និងរបួសជាង១០នាក់ និងការចាប់ខ្លួនអ្នកតវ៉ាជាច្រើននាក់ដែលជាប្រជាពលរដ្ឋ។ មន្ត្រីសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកបាននិយាយយោងទៅលើការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋអំពីតួលេខមនុស្សស្លាប់ និងរងរបួស។
ក៏ប៉ុន្តែ មកដល់យប់ថ្ងៃព្រហស្បតិ៍ អាជ្ញាធរខេត្តក្រចេះបានចេញសេចក្តីបញ្ជាក់ភ្លាមៗ ច្រានចោលព័ត៌មានដែលថា មានមនុស្សជាច្រើននាក់ស្លាប់នោះ ដោយនិយាយថា ជារឿងមិនពិត ហើយថា មានតែអ្នករងរបួសប៉ុណ្ណោះ ក្នុងនោះមានប្រជាពលរដ្ឋពីរនាក់ និងអាជ្ញាធរមានសមត្ថកិច្ចចំនួន៧នាក់។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក បានប្រាប់ VOA នៅរសៀលថ្ងៃសុក្រនេះថា លោកមិនទាន់អាចផ្តល់ព័ត៌មានថ្មី បញ្ជាក់ពីហេតុការណ៍នេះទេ ខណៈដែលលោកកំពុងប្រមែលប្រមូលព័ត៌មានបន្ថែម។
«យើងកំពុងតែធ្វើកិច្ចការហ្នឹង។ អត់ទាន់ផ្តល់ព័ត៌មានអីបានជាក់លាក់ទេ។ យើងកំពុងតែធ្វើការស្រាវជ្រាវនៅឡើយ។ អីចឹង អាហ្នឹងក្នុងចំណុចហ្នឹង យើងអាចនិយាយបានតែប៉ុណ្ណឹងទេ»។
ពលរដ្ឋមួយរូបដែលរស់នៅក្នុងតំបន់មានជម្លោះ ហើយដែលសុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន បានបញ្ជាក់ថា មានប្រជាពលរដ្ឋម្នាក់បានបាត់ខ្លួន ក្រោយហេតុការណ៍ដ៏ហិង្សានោះ។ លោកបានបញ្ជាក់ថា មានពលរដ្ឋពីរនាក់បានរងរបួស និងមានការចាប់ខ្លួនប្រជាពលរដ្ឋជាច្រើននាក់បញ្ជូនទៅតុលាការ។ ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់ពីអត្តសញ្ញាណបុរសវ័យជាង ៤០ឆ្នាំ ដែលបានខ្លួននោះទេ។
កាលពីថ្ងៃព្រហសហ្បតិ៍ ម្សិលមិញនេះ លោក ស ចំរុង អភិបាលខេត្តក្រចេះ បានបដិសេធភ្លាមៗចំពោះព័ត៌មានដែលថា មានមនុស្សស្លាប់ តែលោកបានបញ្ជាក់ប្រាប់ VOA ថា ក្នុងឧប្បត្តិហេតុនោះមនុស្សពីរនាក់បានរងរបួស ដោយមនុស្សប្រុសម្នាក់របួសភ្លៅ របួសស្រាល ហើយមនុស្សស្រីម្នាក់របួសត្រង់កំប៉េះគូទ។
បន្ទាប់មកទៀត រដ្ឋបាលខេត្តក្រចេះបានចេញសេចក្តីប្រកាសមួយបញ្ជាក់បន្ថែមទៀតថា គ្មានអ្នកស្លាប់ក្នុងការបាញ់ប្រហារនោះទេ។ សេចក្តីប្រកាសនេះបានធ្វើឡើង បន្ទាប់ពីបណ្តាញព័ត៌មានផ្សេងៗបានធ្វើសេចក្តីរាយការណ៍ ដោយបានបញ្ជាក់ពីការបាត់បង់ជីវិតរបស់អ្នកតវ៉ា។
សេចក្តីប្រកាសរបស់រដ្ឋបាលខេត្តក្រចេះ ចុះថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្ត សូមធ្វើការបដិសេធទាំងស្រុងចំពោះសារព័ត៌មានភ្នំពេញប៉ុស្តិ៍ កោះសន្តិភាព បណ្តាញសារព័ត៌មាននានា និងបណ្តាញទំនាក់ទំនងសង្គម ដែលបានចុះផ្សាយថា មានការប៉ះទង្គិចរវាងក្រុមការងារចម្រុះថ្នាក់ខេត្ត ជាមួយប្រជាពលរដ្ឋ ក្នុងជម្លោះដីធ្លីនៅក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ដែលបណ្តាលឲ្យស្លាប់ប្រជាពលរដ្ឋចំនួន៦នាក់ និងរបួសចំនួន៤០នាក់នោះ។ នេះជា«ព័ត៌មានមិនពិត»។
សេចក្តីប្រកាសដដែលបានពន្យល់បន្តថា ក្រុមការងារចម្រុះបានចុះអនុវត្តការការពារសន្តិសុខ សុវត្ថិភាព និងកាយប្រឡាយព្រំដីក្រវ៉ាត់ ផលប៉ះពាល់ ទប់ស្កាត់សកម្មភាពកាប់ទន្ទ្រានរំលោភយកដីធ្លីក្រុមហ៊ុនពីសំណាក់ជនមួយក្រុម។
រដ្ឋបាលខេត្តក្រចេះបានពណ៌នាក្នុងសេចក្តីប្រកាសនោះ តាមន័យដើមថា៖ «ចំពោះការប៉ះទង្គិចគ្នានោះគឺដោយសារប្រជាពលរដ្ឋបានប្រមូលកៀងគរគ្នា ធ្វើការបិទផ្លូវជាតិលេខ៧៦ ក្រុមការងារបានធ្វើការសម្របសម្រួល សុំឲ្យបើកផ្លូវ ប៉ុន្តែប្រជាពលរដ្ឋមិនព្រម ថែមទាំងបានប្រើប្រាស់នូវហិង្សាមកលើក្រុមការងារ និងសមត្ថកិច្ច ដោយប្រើកាំបិត ពូថៅ ដំបង ដុំថ្ម ចំពាមកៅស៊ូ កាំភ្លើងកែច្នៃ ព្រួញ ដបសាំង បាញ់តបមកលើក្រុមការងារ បណ្តាលឲ្យមានរបួសក្រុមការងារចម្រុះចំនួន៧នាក់។ ពេលនោះក្រុមការងារក៏បានបង្ខំចិត្តផ្ទុះអាវុធឡើងលើដើម្បីការពារខ្លួន ក៏ដូចជាការពារសុវត្ថិភាពជូនក្រុមការងារទាំងមូល»។
រដ្ឋបាលខេត្តក្រចេះបានសង្កត់ធ្ងន់ក្នុងន័យដើមថា៖
«ក្នុងហេតុការណ៍នេះ គឺពុំមានមនុស្សស្លាប់ទេ មានតែអ្នករបួស៩រូប ក្នុងនោះ ៧រូបជាសមត្ថកិច្ច»។
តែទោះបីជាយ៉ាងណាក៏ដោយ គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ បានអំពាវនាវឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតជាបន្ទាន់ ដោយមានការចូលរួមពីអង្គការក្រៅរដ្ឋាភិបាលឯករាជ្យ ដើម្បីស្វែងរកជនដៃដល់ អ្នកបញ្ជា និងអ្នកនៅពីក្រោយខ្នង ហើយនាំយកមកផ្តន្ទាទោស តាមច្បាប់ជាធរមាន។
គណបក្សប្រឆាំងបានអំពាវនាវឲ្យរដ្ឋាភិបាលដោះលែង ជាបន្ទាន់ និងឥតលក្ខខណ្ឌនូវប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានចាប់ខ្លួនដោយកងកម្លាំងប្រដាប់អាវុធ។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានច្រានចោលសេចក្តីថ្លែងការណ៍របស់គណបក្សប្រឆាំង ដែលលោកអះអាងថា បានស្លាប់បាត់ទៅហើយនោះ។ លោកថ្លែងថា៖
«គណបក្សសង្គ្រោះជាតិនោះវាស្លាប់បាត់ទៅហើយ ដូច្នេះជារបាយការណ៍របស់ខ្មោចគណបក្ស យកមកគិតគូរធ្វើអី បាទ។ ខ្ញុំមិនចាប់អារម្មណ៍នឹងរបាយការណ៍របស់ខ្មោចគណបក្សសង្គ្រោះជាតិហ្នឹងទេ បាទ»។
នៅពេល VOA សួរលោកថា តើរដ្ឋាភិបាលផ្ទាល់អាចនឹងបើកកិច្ចស៊ើបអង្កេតទៅក្នុងហេតុការណ៍នេះឬទេ លោកមានប្រសាសន៍ថា អាជ្ញាធរកំពុងធ្វើការលើរឿងនេះ។ លោកនាយឧត្តមសេនីយ៍មិនអាចបញ្ជាក់អំពីតួលេខនៃអ្នកស្លាប់ និងរបួស ទេ ដោយលោកបានបង្វែរសំណួរទៅលោកអភិបាលខេត្តក្រចេះ។
លោក ស ចំរុង អភិបាលខេត្តក្រចេះ នៅប្រកាន់ជំហរការពារសេចក្តីថ្លែងការណ៍របស់អាជ្ញាធរខេត្ត តែលោកមិនទាន់អាចបញ្ជាក់អំពីអត្តសញ្ញាណនៃអ្នកដែលបានរងរបួសទាំងពីរនាក់នោះទេ។ យ៉ាងណាក៏ដោយ លោកអះអាងថា ស្រ្តីដែលរងរបួសបានសុំចេញទៅទទួលការព្យាបាលនៅខេត្តកំពង់ចាម និងម្នាក់ទៀតកំពុងព្យាបាលរបួសនៅស្រុកស្នួល។ លោកបានបញ្ជាក់បន្តថា អាជ្ញាធរមិនទាន់បានបញ្ជូនជនដែលត្រូវបានចាប់ខ្លួនចំនួន៧នាក់ទៅតុលាការទេ។
«នៅទេ នៅសួរនៅអធិការស្រុក»។
លោកបានអះអាងថា មិនមានការបាត់ខ្លួនប្រជាពលរដ្ឋនោះទេ។ លោកបានបដិសេធមិនផ្តល់សេចកី្តអធិប្បាយទៅនឹងសំណួរថា តើអាជ្ញាធរនឹងមានការបើកកិច្ចស៊ើបអង្កេតទៅក្នុងហេតុការណ៍ដែលបានកើតឡើងកាលពីម្សិលមិញឬយ៉ាងណាទេ។ លោកបានបង្វែរសំណួរទៅលោកអភិបាលស្រុកស្នួល។ VOA មិនទាន់អាចទទួលបានលេខទូរស័ព្ទរបស់លោកអភិបាលស្រុកស្នួលនៅឡើយទេ មកដល់យប់ថ្ងៃសុក្រនេះ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក បានលើកទឹកចិត្តឲ្យរដ្ឋាភិបាលបើកឲ្យមានការស៊ើបអង្កេតមួយ ដែលមានការចូលរួមពីអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធក្នុងហេតុការណ៍ផ្ទុះអាវុធនេះ ដើម្បីឲ្យសាធារណជនអស់ក្តីមន្ទិលអំពីព័ត៌មានផ្តល់ពីក្រុមប្រជាពលរដ្ឋអំពីចំនួនមនុស្សស្លាប់ ដែលអាជ្ញាធរបានបដិសេធនោះ។
បន្ថែមលើការអំពាវនាវឲ្យបើកការស៊ើបអង្កេតការបាញ់ប្រហារនោះ គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយតាមបណ្តឹងរដ្ឋាភិបាល បានស្នើឲ្យបញ្ឈប់រាល់ការប្រើប្រាស់អំពើហិង្សាតាមគ្រប់រូបភាពមកលើប្រជាពលរដ្ឋខ្មែរ និងដកហូតដីសម្បទានពីក្រុមហ៊ុនទុច្ចរិត មកចែកជូនប្រជាពលរដ្ឋខ្មែរក្រីក្រ ដែលគ្មានដីធ្លី សម្រាប់ធ្វើផ្ទះសម្បែង និងស្រែចម្ការ៕