ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​សុន ឆ័យ​ ត្រៀម​ចូល​រួម​សវនាការ​ជំនុំជម្រះ​ តាម​ការ​កំណត់​របស់​តុលាការ


រូបឯកសារ៖ លោក សុន ឆ័យ អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ថ្ងៃ​បញ្ចប់​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២។ (ស៊ុន ណារិន/វីអូអេ)

លោក ​សុន ឆ័យ ​អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន ​អះអាង​ថា​ លោក​នឹង​ចូលរួម​សវនាការ​ជំនុំ​ជម្រះ ​នា​ចុង​ខែ​កញ្ញា​នេះ​ដើម្បី​ការពារ​អ្វី​ដែល​លោក​ថា​ ភាព​ស្អាត​ស្អំ​របស់​លោក​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​របស់​តុលាការ​តាម​ពាក្យ​បណ្តឹង​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ​និង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)។​

សាលា​ដំបូង​រាជធានី​ភ្នំពេញ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​កញ្ញា​ ឆ្នាំ​២០២២​ខាង​មុខ​នេះ ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​ការ​ចោទ​ប្រកាន់​លោក ​សុន ឆ័យ ​ទាក់​ទង​នឹង​ការ​អត្ថាធិប្បាយ​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ខែ​មិថុនា។ ​នេះ​បើ​តាម​មេធាវី​របស់​លោក​ សុន ឆ័យ ​គឺ​លោក ​ជូង ជូងី។​

លោក ​សុន ឆ័យ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ការ​លើក​ឡើង​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​មិន​មែន​តែ​រូប​លោក​ម្នាក់​ទេ​គឺ​មាន​គណបក្ស​ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន។​

លោក​ថ្លែង​ថា៖ ​«ដូច្នេះ​ខ្ញុំ​ថា ​មិន​គួរ​នឹង​កើត​មាន​ទេ​ក្តីក្តាំ។ ​ប៉ុន្តែ​បើ​សិន​ណា​មាន​ហើយ​ ហើយ​តុលាការ​តម្រូវ​ឱ្យខ្ញុំ​ចូល​ខ្លួន​ ខ្ញុំ​នឹង​ចូល​ខ្លួន​តាម​កាល​កំណត់»។​

មេធាវី​របស់​លោក ​សុន ឆ័យ ​គឺ​លោក ​ជូង ជូងី ​បញ្ជាក់​ថា​ សំណុំ​រឿង​ទាំង​ពីរ​នឹង​ធ្វើ​ឡើង​មួយ​ព្រឹក​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ​ឆ្នាំ២០២២។​

លោក​បញ្ជាក់​ថា​ ការ​ចោទ​ប្រកាន់​លើ​កូន​ក្តី​របស់​លោក​ជា​«​រឿង​នយោបាយ»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ប្លង់ សុផល ​អ្នក​នាំពាក្យ​របស់​តុលាការ ​និង​ជា​តំណាង​អយ្យការ​ដែល​ចោទ​ប្រកាន់​លោក ​សុន ឆ័យ ​បាន​នៅ​ឡើយ​ទេ។​

លោក ​សុន ឆ័យ ​ត្រូវ​បាន​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ចំពោះការ​អត្ថាធិប្បាយពី​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កន្លង​ទៅ​ជាមួយ​កាសែត​ឌឹ ខេមបូឌា ដេលី​ (The Cambodia Daily) ​កាល​ពី​កន្លង​ទៅ។ ​

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​លោក ​សុន ឆ័យ ​ទាក់​ទង​នឹង​ការ​ថ្លែង​របស់​លោក ​កាល​ពី​ថ្ងៃ​ទី ​៧ ​ខែ​មិថុនា ​ឆ្នាំ​ ២០២២​ ជាមួយ​សារព័ត៌​មាន​អនឡាញ​ឌឹ ​ខេមបូឌា ​ដេលី។ ​ការ​ថ្លែង​របស់​លោក ​សុន ឆ័យ ​ដែល​ឈាន​ទៅ​ដល់​ការ​ប្តឹង​ផ្តល់​នេះ ​គឺ​ពាក់​ព័ន្ធ​នឹង​ពាក្យ​ពេចន៍​មួយ​ចំនួន​ដូច​ជា​ថា​«លទ្ធ​ផល​នេះ​មិន​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​ប្រជា​ពលរដ្ឋ។​ វា​មាន​ការ​បំភ័យ វា​មាន​ការ​ទិញ​ វា​មាន​ការ​លួច​បាន​នៅ​សល់​ប៉ុណ្ណឹង»។​

នៅ​ក្នុង​នោះ ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ​៤.០០០​លាន​រៀល​ ឬ​ប្រហែល​១​លាន​ដុល្លារ​អាមេរិក​ពី​លោក​ សុន ឆ័យ។ ​

លោក​ សុន ឆ័យ ​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ លោក​មិន​មាន​ថវិកា​បង់​សង​ឡើយ ​ប្រសិន​បើ​តុលាការ​រក​ឃើញ​កំហុស ​ហើយ​តម្រូវ​ឱ្យលោក​បង់​ប្រាក់។​

លោក ​សុន ឆ័យ ​ក៏​ប្រឈម​នឹង​ពាក្យ​បណ្តឹង​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​(គ.ជ.ប) ​ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។ ​ស្ថាប័ន​ គ.ជ.ប ​បាន​ស្នើ​សុំ​តុលាការ​ផ្តន្ទា​ទោស​លោក ​សុន ឆ័យ​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ​តាម​មាត្រា​៣០៥​នៃ​ក្រម​ព្រហ្ម​ទណ្ឌ ​និង​ឱ្យ​លោក ​សុន ឆ័យ​ ធ្វើ​លិខិត​សុំ​ទោស ​គ.ជ.ប ​ជា​លាយ​លក្ខណ៍​អក្សរ ​និង​ផ្សព្វផ្សាយ​ជា​សាធារណៈ។ ​បើ​តាម​មាត្រា​៣០៥ ​នេះ​ ការ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​ ១០ ​ម៉ឺន​រៀល​ទៅ​ ១០ ​លាន​រៀល៕​

XS
SM
MD
LG