ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាងរាស្ត្រ​ឡុង រី​ ចូល​​​បំភ្លឺ​​ក្នុង​សំណុំ​រឿង​លោក​ជុន ច័ន្ទបុត្រ

រូបឯកសារ៖ ស្រ្តី​ម្នាក់​អង្គុយ​និយាយ​ទូរស័ព្ទ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ​​២០១៦។
រូបឯកសារ៖ ស្រ្តី​ម្នាក់​អង្គុយ​និយាយ​ទូរស័ព្ទ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ​​២០១៦។

តុលាការ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​បញ្ចប់​ការ​សាកសួរ​លោក ឡុង រី តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​នាម​ជា​សាក្សី​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ដែល​លោក ជុន ច័ន្ទបុត្រ អនុ​ប្រធាន​វិទ្យុ​អាស៊ី​សេរី​ជា​ភាសាខ្មែរ ចូល​ក្នុង​ពន្ធនាគារ​ជាមួយ​តំណាងរាស្រ្ត​បក្ស​ប្រឆាំង​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន។

បន្ទាប់​ពី​ទទួល​បាន​លិខិត​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី ​ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​ដែល​លោក ជុន ច័ន្ទបុត្រ ចូល​ទៅ​ក្នុង​ពន្ធនាគារ​ព្រៃស​ជាមួយ​ក្រុម​តំណាងរាស្រ្ត​គណ​បក្ស​ប្រឆាំង​កាល​ពី​សប្តាហ៍​មុន​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក ឡុង រី តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​បាន​បញ្ចប់​ការ​ឆ្លើយ​បំភ្លឺ​ជាង​១​ម៉ោង​នៅ​ចំពោះ​មុខ​តុលាការ។

តុលាការ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​បញ្ចប់​ការ​សាកសួរ​លោក ឡុង រី តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​នាម​ជា​សាក្សី​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ដែល​លោក ជុន ច័ន្ទបុត្រ អនុ​ប្រធាន​វិទ្យុ​អាស៊ី​សេរី​ជា​ភាសាខ្មែរ ចូល​ក្នុង​ពន្ធនាគារ​ជាមួយ​តំណាងរាស្រ្ត​បក្ស​ប្រឆាំង​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន។

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​កោះហៅ​លោក ឡុង រី និង​លោកស្រី​ មូរ សុខហួរ តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ក្នុង​នាម​ជា​សាក្សី និង​បាន​កោះហៅ​លោក ជុន ច័ន្ទបុត្រ អនុប្រធាន​វិទ្យុ​អាស៊ី​សេរីផ្សាយ​ជា​ភាសាខ្មែរឲ្យ​ចូល​បំភ្លឺ​ក្នុងនាម​ជា​ជន​សង្ស័យ។ ការ​ចេញ​ដីកា​កោះ​ហៅ​នេះ​ គឺ​ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​ ផ្តល់​សេចក្តី​ប្រកាស​ដោយ​ភូត​កុហក និង​បន្លំ​ខ្លួន​ចូល​ក្នុង​ពន្ធនាគារ ​បន្ទាប់​ពី​លោក ជុន ច័ន្ទបុត្រ បាន​ចូល​ទៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ជាមួយ​លោកស្រី មូរ សុខហួរ និង​លោក ឡុង រី​ នៅ​ពេល​តំណាងរាស្រ្ត​បក្ស​ប្រឆាំង​ទាំងនោះ​ចូល​សួរ​សុខ​ទុក្ខ​សកម្មជន​ទាំង​១៦​នាក់​របស់​បក្ស​ដែល​កំពុង​ជាប់​ឃុំ។

លោក ជុន ច័ន្ទបុត្រ អនុប្រធាន​វិទ្យុ​អាស៊ី​សេរី​ជា​ភាសាខ្មែរ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ដោយសារ​ការ​បន្លំ​ខ្លួន​ចូលយក​ព័ត៌មាន​ពី​ក្នុង​ពន្ធនាគារ កាលពី​ថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។ (រូបថត​ដកស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក Chun Chanboth Vuthy Huot)

ក្រោយ​ចូល​បំភ្លឺ​ក្នុង​តុលាការ​តាម​ការ​កំណត់​ជាមួយ​មេធាវី​ប្រមាណ​ជា​ជាង​១​ម៉ោង លោក ឡុង រី មិន​បាន​ផ្តល់​ការ​សម្ភាសន៍​ណាមួយ​ដល់​អ្នក​សារព័ត៌មាន​នោះ​ទេ ដោយ​លោក​បាន​រុញ​ឲ្យ​សួរ​ទៅ​មេធាវី​របស់​លោក។

លោក សំ សុគង់ មេធាវី​ប្រឹក្សា​របស់​លោក ឡុង រី ប្រាប់ VOA ថា កូន​ក្តី​របស់​លោក​បាន​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​ព្រះ​រាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក សៀង សុខ ​ដោយ​បាន​ឆ្លើយ​សំណួរ​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​កូនក្តី​របស់​លោក​បាន​ដឹង​ក្នុង​សំណុំ​រឿង​នោះ​។ ​លោក សំ សុគង់ សុំ​មិន​អធិប្បាយ​បន្ថែម​ដោយ​អះអាង​ថា នេះ​ជា​ដំណាក់​កាល​ស៊ើបអង្កេត​បឋម​របស់​តុលាការ។

មេធាវី​រូប​នេះ​បញ្ជាក់​ថា៖​

«ក្រុម​មេធាវី​អត់​អាច​ជម្រាប​ប្រាប់​អំពី​ចម្លើយ​របស់​កូនក្តី​បាន​ទេ ដោយ​សារ​ក្នុង​ដំណាក់កាល​នេះ​គឺ​ជា​ដំណាក់កាល​ស៊ើប​អង្កេត​បឋម ហើយ​គឺ​ជា​ដំណាក់​កាល​ដែល​ប្រមូល​ភស្តុ​តាង​ដើម្បី​ឈាន​ទៅ​រក​មើល​ទៅ​លើ​ជន​សង្ស័យ។​ បើ​សិន​ជា​កាល​ណា​មេធាវី​និយាយ​ទៅ​វា​ប៉ះពាល់​ដល់​ការ​ស៊ើប​អង្កេត»។

លោកស្រី​ មូរ សុខហួរ ដែល​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​ប្រាប់​ថា លោកស្រី​នឹង​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា តាម​ការ​កោះ​ហៅ។ ចំណែក​លោក ជុន ច័ន្ទបុត្រ អនុប្រធាន​វិទ្យុ​អាស៊ី​សេរី​ជា​ភាសាខ្មែរដែល​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា ​ក្នុង​នាម​ជា​ជន​សង្ស័យ ប្រាប់ VOA ​ថា ការ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ ឬ​អត់ គឺ​សម្រេច​លើ​មេធាវី​របស់​លោក និង​ថ្នាក់​លើ​របស់​វិទ្យុ​អាស៊ី​សេរី។

ឆ្លើយ​នឹង​សំណួរ​របស់ VOA ដែល​សួរ​ថា តើ​តុលាការ​នឹង​ធ្វើ​អ្វី​ជា​បន្ត​ក្រោយ​បញ្ចប់​ការ​សាកសួរ លោក សួស វិទ្យារ៉ាន់ឌី​ អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្រាប់​ថា​ លោក​មិន​អាច​ឆ្លើយ​បាន​ទេ ដោយ​សារ​តុលាការ​មិន​ទាន់​មាន​ការ​សម្រេច​ណាមួយ​នៅឡើយ។

ពាក់ព័ន្ធ​នឹង​ការ​ចូល​ក្នុង​ពន្ធនាគារ​ជាមួយ​ក្រុម​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​នេះ រដ្ឋាភិបាល​បាន​ចោទ​លោក​ ជុន ច័ន្ទបុត្រ ថា​បាន​ក្លែង​បន្លំ​ឈ្មោះ និង​តួនាទី​ក្នុង​ចេតនា​ទុច្ចរិត​ដើម្បី​ចូល​យក​ព័ត៌មាន។ ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​លោក ជុន ច័ន្ទបុត្រ ច្រាន​ចោល៕

XS
SM
MD
LG