ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខេត្ត​កណ្តាល​ផ្តន្ទាទោស​អ្នក​តំណាង​រាស្ត្រ​ និង​មេធាវី​គណបក្ស​សង្គ្រោះ​ជាតិ


លោក ចាន់ ចេង អ្នក​តំណាង​រាស្ត្រ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​តុលាការ​ខេត្ត​កណ្តាល​​​សម្រេច​​ផ្តន្ទាទោសឲ្យ​​ជាប់​ពន្ធនាគារ​​ចំនួន​២​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​ទៅ​៣​លាន​រៀល​​ពី​បទ​«ផ្តល់​មធ្យោបាយ​ឲ្យ​​ជន​ជាប់​ចោទ​ឈ្មោះ​មាស​ ប៉េង​ រត់​ចេញ​ពី​ពន្ធនាគារ» នៅ​ថ្ងៃ​សុក្រ​​ ទី​១៣ ខែមីនា ឆ្នាំ ២០១៥។
លោក ចាន់ ចេង អ្នក​តំណាង​រាស្ត្រ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​តុលាការ​ខេត្ត​កណ្តាល​​​សម្រេច​​ផ្តន្ទាទោសឲ្យ​​ជាប់​ពន្ធនាគារ​​ចំនួន​២​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​ទៅ​៣​លាន​រៀល​​ពី​បទ​«ផ្តល់​មធ្យោបាយ​ឲ្យ​​ជន​ជាប់​ចោទ​ឈ្មោះ​មាស​ ប៉េង​ រត់​ចេញ​ពី​ពន្ធនាគារ» នៅ​ថ្ងៃ​សុក្រ​​ ទី​១៣ ខែមីនា ឆ្នាំ ២០១៥។

តុលាការ​ខេត្ត​កណ្តាល​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​សម្រេចផ្តន្ទាទោស​លោក ​ចាន់ ចេង​ អ្នក​តំណាង​រាស្ត្រ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក​មេធាវី​ជួង ជួងី​ ​ឲ្យជាប់​ពន្ធនាគារ​ម្នាក់ៗ​ចំនួន​២​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​ទៅ​៣​លាន​រៀលពី​បទ​«ផ្តល់​មធ្យោបាយ​ឲ្យជន​ជាប់​ចោទ​ឈ្មោះ​មាស​ ប៉េង​ រត់​ចេញ​ពី​ពន្ធនាគារ»។​

លោក​គឹម ម៉េង​ ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះនៃ​តុលាការ​ខេត្ត​កណ្តាល​ក៏​បាន​សម្រេចផ្តន្ទាទោស​លោក​មាស ប៉េង ​អតីត​ជំទប់​ទី២​ឃុំបន្ទាយ​ដែក ​ខាង​គណបក្ស​សម ​រង្ស៊ី​ឲ្យជាប់​ពន្ធនាគារ​ចំនួន​១៨​ខែ​ពីបទ​រត់​ចេញ​ពី​មន្ទីរ​ឃុំ​ឃាំង​នៃ​ពន្ធនាគារខេត្ត​កណ្តាល។​

ការ​ប្រកាស​សាល​ក្រម​កំបាំង​មុខ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​ខេត្ត​កណ្តាល​បាន​បើក​សវនាការ​កាត់​ទោស​កំបាំង​មុខ​ដោយ​មិន​មាន​ការ​ចូល​រួម​ពី​មេធាវី​ការពារ​ក្តី​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៤។

នៅ​ក្នុង​សាល​ក្រម​ ​តុលាការ​មិន​បាន​ចេញ​ដីការ​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ទេ​គឺ​គ្រាន់​តែ​បាន​ប្រកាស​ផ្តន្ទាទោស​ និង​ពិន័យ​ជា​ប្រាក់​សម្រាប់​បង់​ចូល​ថវិកា​រដ្ឋ​តែ​ប៉ុណ្ណោះ។

លោក​សំ សុខគង់​ មេធាវី​ការ​ពារ​ក្តី​បាន​ជំទាស់​នឹង​ការ​ប្រកាស​សាល​ក្រម​នេះ។លោក​មាន​ប្រសាសន៍​ថា ​ក្រុម​មេធាវី​ការ​ពារ​ក្តី​សម្រេចថា ​នឹង​ប្តឹង​ទាស់​ទៅ​កាន់​សាលា​ឧទ្ធរណ៍​ចំពោះ​សេចក្តី​សម្រេចសាល​ក្រម​តុលាការ​ខេត្ត​កណ្តាល។

លោក​និយាយ​ថា៖​ «ដោយ​សារ​កាល​ពី​កាត់​ក្តី​របស់​ពួក​គាត់​ហ្នឹង​គឺ​កាត់​ដោយ​កំបាំង​មុខ​របស់​លោក​ជួង ជូងី​ ហើយ​និង​លោក​ចាន់ ចេង​ ហើយ​ក្នុង​នោះ​ក៏​កាត់​កំបាំង​មុខ​មេធាវី​ការពារ​ពួក​គាត់​ផង​ដែរ»។​

សំណុំ​រឿង​លោក​មាស ​ប៉េង ​ជំទប់​ទី​២ ​ឃុំ​បន្ទាយ​ដែក ​ខាង​គណបក្ស​សម ​រង្ស៊ី​បាន​កើត​មាន​ឡើង​តាំង​ពី​ឆ្នាំ​២០១២​មក​ម្ល៉េះ។ ​លោក​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ប្រើប្រាស់​អំពើ​ហិង្សា​ប្រឆាំង​ទៅ​នឹង​អ្នក​កាន់​កាប់​អចលនវត្ថុ​ដោយ​សុច្ចរិត​នៅ​ក្នុង​រឿង​ទំនាស់​ដីធ្លី​មួយ​ជាមួយ​នឹង​លោក​ប្រាក់ ​សាវុធ ​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ក្រចេះ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា។​

បន្ទាប់​ពី​បាន​កោះហៅ​លោក​មាស ​ប៉េង​មក​សាកសួរ​កាល​នោះ លោក​ចៅក្រម ​លឹម ​សុគន្ធា​បាន​សម្រេច​ចេញ​ដីការឃុំ​ខ្លួន​លោក​មាស ​ប៉េង​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល។​

នៅ​ក្នុង​អំឡុង​ពេល​យក​ទៅ​ឃុំ​ខ្លួននោះ ​លោក​ជួង ​ជូងី ​មេធាវី​ការពារក្តី​បាន​លើក​ឡើង​ថា ​ការ​ឃុំ​ខ្លួន​កូន​ក្តី​របស់​លោក​មិន​អាច​ធ្វើ​ទៅ​បាន​ទេ​ដោយសារតែគ្មាន​ដីការ​ឃុំ​ខ្លួន។ ​រួច​ហើយ​ក៏​បាន​ស្នើ​ឲ្យ​លោក​ចាន់ ចេង​ដឹក​លោក​មាស ​ប៉េង​ចេញ​ពី​ពន្ធនាគារ​ទៅ​កាន់​លំនៅដ្ឋាន​វិញ។​

លោក​អំ សំអាត​ ប្រធាន​ការិយាល័យ​គ្រប់​គ្រង​បច្ចេក​ទេស​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ​ មាន​ប្រសាសន៍​ថា​ សំណុំ​រឿង​នេះ​ទាក់​ទិន​នឹង​រឿង​នយោបាយ​សុទ្ធសាធ។

លោក​និយាយ​ថា៖​ «យើង​មើល​ទៅ​រឿង​នេះ​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​សុទ្ធ​សាធ។​ ការ​កាត់​កំបាំង​មុខ​ហើយ​ប្រកាស​កំបាំង​មុខ​ទៅ​ទៀត​ ហើយ​ករណី​នេះ​ហេតុ​អ្វី​បាន​ជា​មិន​ជូន​ដំណឹង​មិន​កោះ​ហៅ​គេ»។​

ពេលវីអូអេ​ទាក់ទង​លោក​ចាន់ ចេង​ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កណ្តាល​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​តាម​ទូរស័ព្ទ​ ​អ្នក​លើក​ទូរស័ព្ទ​និយាយ​ថា​ កំពុង​ជាប់​ប្រជុំ។ ​ចំណែក​លោក​មេធាវី​ជួង ជូងី ​វីអូអេ​បាន​ទាក់ទង​សុំ​អត្ថាធិប្បាយ​ តែ​មិន​អាច​ទាក់ទង​បាន។​

លោក​យ៉ែម ប៉ុញ្ញរិទ្ធ​ អ្នក​តំណាង​រាស្ត្រ​ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​មាន​ប្រសាសន៍​ថា ​គណបក្ស​គ្រោង​នឹង​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​ករណី​នេះ។​លោក​មាន​ប្រសាសន៍​ថា​ លោក​ចាន់ ចេង​មិន​អាច​ត្រូវ​បាន​ចាប់​ខ្លួន​បាន​ទេ ​ដោយ​សារ​លោក​មាន​អភ័យ​ឯក​សិទ្ធិ​ជា​អ្នក​តំណាង​រាស្ត្រ៕

XS
SM
MD
LG