តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអ្នកស្រី ភឿង សកុណា ពិនិត្យមើលភាពមិនប្រក្រតីនៃសកម្មភាពការងាររបស់មន្ត្រីអាជ្ញាធរអប្សរា ក្នុងការរុះរើសំណង់លំនៅឋានរបស់ប្រជាពលរដ្ឋ ក្នុងតំបន់ជុំវិញសំណង់បុរាណនៅខេត្តសៀមរាប និងការប្រើប្រាស់ថវិការាប់សិបលានដុល្លារដោយគ្មានតម្លាភាព ដោយសារស្ពានបុរាណ និងប្រាសាទតូចៗមួយចំនួន មិនបានទទួលការថែទាំឲ្យបានត្រឹមត្រូវ។
លិខិតរបស់លោក សុន ឆ័យ ក៏បានចោទប្រកាន់មន្ត្រីនៃអាជ្ញាធរអប្សរា អំពីការឃុបឃិតគ្នាជួលដីឲ្យក្រុមហ៊ុនរបស់លោក សុខ គង់ ក្នុងតម្លៃថោក។ លិខិតរបស់លោក សុន ឆ័យ ចុះថ្ងៃទី ២១ ខែមេសា បានបញ្ជាក់ថា៖
«អាជ្ញាធរអប្សរា បានកំណត់តំបន់ជុំវិញសំណង់បុរាណ តាមលំដាប់ផ្សេងៗរួមមានតំបន់ដែលហាមឃាត់មិនឲ្យមានការសាងសង់សំណង់ និងតំបន់ដែលអនុញ្ញាតឲ្យមានការសាងសង់សំណង់ ប៉ុន្តែក្នុងការអនុវត្តជាក់ស្ដែង មន្ត្រីរបស់អាជ្ញាធរអប្សរាមួយចំនួនបានប្រើប្រាស់អំណាចបំពានក្នុងការជំរិតទារយកប្រាក់ពីប្រជាពលរដ្ឋដោយខុសច្បាប់ តាមរយៈការចុះរុះរើសំណង់បន្តិចបន្តួចរបស់ប្រជាពលរដ្ឋមានដូចជា ទ្រុងមាន់ បង្គន់ ឬរបងជាដើម បើទោះបីជាប្រជាពលរដ្ឋបានធ្វើការស្នើសុំត្រឹមត្រូវតាមរយៈអាជ្ញាធរមូលដ្ឋានហើយក៏ដោយ»។
លិខិតនោះបានបន្តថា ចំពោះតំបន់ដែលមិនអនុញ្ញាតឲ្យសាងសង់វិញ ក្រុមមន្ត្រីនៃអាជ្ញាធរអប្សរាបែរជាអនុញ្ញាតឲ្យមានការសាងសង់ជាសំណង់បេតុងតូចធំព្រោងព្រាត។
អ្នកស្រី ចៅ ស៊ុនកិរិយា អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាប្រាប់ VOA នៅថ្ងៃសុក្រនេះថា កិច្ចការថែទាំ និងជួសជុលសំណង់បុរាណ តម្រូវឲ្យមានការសិក្សាស្រាវជ្រាវ និងប្រើពេលវេលាសម្រាប់កែលម្អសំណង់បុរាណក្នុងតំបន់អង្គរ ដែលជាសម្បត្តិវប្បធម៌របស់ពិភពលោក។
«ពួកខ្ញុំដែលស្រឡាញ់បេតិកភណ្ឌ បានធ្វើនៅហ្នឹងគ្មានអ្នកណាមួយមិនឈឺចិត្ត ដែលឃើញប្រាសាទបាក់បែកទេ។ គាត់និយាយអញ្ចឹងដូចវាស្រួលពេកហើយ»។
អ្នកស្រីបានការពារអាជ្ញាធរអប្សរាថា មន្ត្រីនៃអាជ្ញាធរនេះ មិនបានចេញលិខិតដើម្បីបើកផ្លូវឲ្យមានការសាងសង់ក្នុងតំបន់ការពារ និងគ្រប់គ្រងដោយអាជ្ញាធរអប្សរានោះទេ ហើយស្នើឲ្យលោក សុន ឆ័យ ចុះពិនិត្យលើការអនុវត្តការងាររបស់អាជ្ញាធរភូមិឃុំ។
«អាហ្នឹងបើគាត់ចង់ចោទ ទាល់តែគាត់ទៅមើល អាជ្ញាធរមូលដ្ឋានអីហ្នឹងដោយសារ អប្សរាអត់មានចេញលិខិតសាងសង់នៅក្នុងតំបន់ខ្លួនឯង អត់មានទេ តំបន់ការពារនេះ គឺអត់ទេ»។
លិខិតរបស់លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សប្រឆាំងមណ្ឌលរាជធានីភ្នំពេញ បានបន្តទៀតថា អាជ្ញាធរអប្សរា ទទួលបានចំណូលពីដីដែលបានរឹបអូសដោយខុសច្បាប់ពីប្រជាពលរដ្ឋ ហើយយកទៅជួលឲ្យក្រុមហ៊ុនមួយចំនួន ក្នុងនោះមានដីចំនួន២៣ ហិកតា ដែលជួល ឲ្យក្រុមហ៊ុនរបស់លោក សុខ គង់ ក្នុងតម្លៃ ៩,៦៦ លានដុល្លារ សម្រាប់រយៈពេល៩៩ឆ្នាំ។
លិខិតនោះបន្តថា ទោះបីជាមានការឃុបឃិតជួលដីក្នុងតម្លៃយ៉ាងថោកដែលចម្លែកយ៉ាងនេះក៏ដោយ តាមរបាយការណ៍ អាជ្ញាធរនេះ ទទួលប្រាក់ចំនួនប្រមាណ ២លានដុល្លារប៉ុណ្ណោះ សម្រាប់បង់ចូលថវិកាជាតិ។
អ្នកស្រី ចៅ ស៊ុនកិរិយា អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានច្រានចោលការចោទប្រកាន់នេះ ដោយអ្នកស្រីលើកឡើងថា ដីដែលជួលនេះ មិនមែនជារបស់ប្រជាពលរដ្ឋនោះទេ គឺជាដីដែលគ្រប់គ្រងដោយរដ្ឋ។
លោក សុន ឆ័យ អនុប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅសភាជាតិ បានប្រាប់ VOA ថា ភាពមិនប្រក្រតីនានានៅក្នុងការបំពេញភារកិច្ចរបស់មន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានកើតឡើង តាំងពីអាជ្ញាធរជាតិនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដឹកនាំដោយលោក សុខ អាន។
លោកមានប្រសាសន៍ថា លិខិតរបស់លោក មានបំណងសុំឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កែប្រែចំណុចដែលបំផ្លាញប្រយោជន៍ជាតិទាំងអស់នេះ។
«ក្នុងលិខិតហ្នឹងយើងបានបញ្ជាក់អំពីទម្លាប់អាក្រក់ដែលអាជ្ញាធរអប្សរា បានប្រព្រឹត្ត ហើយសុំឲ្យលោកជំទាវ ទីមួយគឺស្រាវជ្រាវរកសកម្មភាពអាក្រក់ទាំងនោះ និងដោះស្រាយបញ្ហានោះកុំឲ្យមានតទៅទៀត ហើយនិងសុំឲ្យក្រសួងវប្បធម៌ហ្នឹងគឺថាសម្រួលការងារ កុំឲ្យពលរដ្ឋរងគ្រោះដោយសាររបៀប ដែលអាជ្ញាធរអប្សរាហ្នឹងធ្លាប់បានធ្វើ»។
លោក សុន ឆ័យ បានឲ្យដឹងបន្ថែមថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានពេលមួយសប្ដាហ៍ដើម្បីឆ្លើយតបជាលាយលក្ខណ៍អក្សរ ទៅតាមនីតិវិធីដំបូងរបស់គណៈកម្មការជំនាញនៅសភា។ លោកថា ការកោះហៅរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមកសួរនាំ អាចជានីតិវិធីបន្ទាប់ទៀត។
អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានថ្មីនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ប្រាប់ VOA នៅរសៀលថ្ងៃសុក្រនេះថា ក្រសួងវប្បធម៌ បានទទួលលិខិតរបស់តំណាងរាស្ត្រលោក សុន ឆ័យ កាលពីថ្ងៃព្រហស្បតិ៍។
អ្នកស្រីមានប្រសាសន៍ថា ក្រុមមន្ត្រីអាជ្ញាធរអប្សរា នឹងទៅពិនិត្យបញ្ហាដែលបានលើកឡើងដោយលោក សុន ឆ័យ។ អ្នកស្រីបន្ថែមថា ក្រសួងវប្បធម៌ នឹងធ្វើការឆ្លើយតបក្នុងពេលឆាប់ៗខាងមុខនេះ។
«គាត់មានសិទ្ធិសាកសួរ ប៉ុន្តែយើងនឹងឆ្លើយឲ្យបានលឿនបំផុត។ ខ្ញុំមិនឲ្យពួកគាត់បារម្ភទេ»។
ក្រោយពេលលោក សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីទទួលមរណភាពកាលពីខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចដាក់អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរព្រះវិហារ ឲ្យនៅក្រោមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈវិញ។
អាជ្ញាធរជាតិអប្សរា មានបេសកកម្មចម្បងជាច្រើនដែលរួមមាន ធានាកិច្ចការពារ ការអភិរក្ស និងការលើកតម្លៃសម្បត្តិវប្បធម៌ធម្មជាតិនៅក្នុងតំបន់សៀមរាបអង្គរ៕