ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ប្រកាស​ប្រឆាំង​អំពើ​ហិង្សា​នៅ​ទិវា​សន្តិភាព​អន្តរជាតិ


លោក ហ៊ុន សែន បាន​គូស​បញ្ជាក់​ថា​ រដ្ឋាភិបាល​​និង​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប​ត្រូវ​ប្រឹងប្រែង​ថែរក្សា​ និង​ផ្សព្វផ្សាយ​សន្តិភាព​ជាពិសេស​ការ​លើក​កម្ពស់​វប្បធម៌​អហិង្សា។
លោក ហ៊ុន សែន បាន​គូស​បញ្ជាក់​ថា​ រដ្ឋាភិបាល​​និង​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប​ត្រូវ​ប្រឹងប្រែង​ថែរក្សា​ និង​ផ្សព្វផ្សាយ​សន្តិភាព​ជាពិសេស​ការ​លើក​កម្ពស់​វប្បធម៌​អហិង្សា។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន ​សែន ​បាន​អំពាវនាវ​នៅ​ថ្ងៃ​ពុធ​នេះ​ឲ្យ​មាន​ការ​បង្កើត​វប្បធម៌​អហិង្សា ​និង​ការ​ដោះស្រាយ​ទំនាស់​ដោយ​សន្តិវិធី​នៅ​ក្នុង​ប្រទេស។ ​សេចក្តី​អំពាវនាវ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ដែល​ពិភពលោក​ទាំងមូល​ប្រារព្ធ​ទិវា​សន្តិភាព​អន្តរជាតិ។

ទិវា​សន្តិភាព​អន្តរជាតិ​ ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រឿងរាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​២១​ ខែ​កញ្ញា ​ចាប់​តាំង​ពី​ឆ្នាំ​១៩៨២​ មក​ម្លេះ។​ នៅ​ក្នុង​សារលិខិត​ជា​សាធារណៈ ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​បាន​គូស​បញ្ជាក់​ថា​ រដ្ឋាភិបាល​ និង​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប​ត្រូវ​ប្រឹងប្រែង​ថែរក្សា​ និង​ផ្សព្វផ្សាយ​សន្តិភាព​ជាពិសេស​ការ​លើក​កម្ពស់​វប្បធម៌​អហិង្សា​ ការ​អត់ធ្មត់​ ការ​ចេះ​អធ្យាស្រ័យ​ឲ្យ​គ្នា​ ជៀសវាង​ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​ និង​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​ជា​ដើម។

កម្ពុជា​បាន​ឆ្លង​កាត់​សង្គ្រាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ​ អស់​រយៈពេល​បី​ទសវត្សរ៍​ ហើយ​សង្រ្គាម​ផ្ទៃ​បាន​ចប់​ជាស្ថាពរ​នៅ​ឆ្នាំ​១៩៩៨។

លោក​ កឹម​ សុខា ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​ជា​គណបក្ស​ជំទាស់​មួយ​នៅ​ក្នុង​រដ្ឋាភិបាល​កម្ពុជា ​មាន​ប្រសាសន៍​ថា ​សេចក្តី​អំពាវនាវ​របស់​លោក​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​គឺ​ជា​ការណ៍​ត្រឹមត្រូវ​ ក៏​ប៉ុន្តែ​លោក​ ហ៊ុន​ សែន​ មិន​បាន​អនុវត្ត​ត្រឹមត្រូវ​ទៅ​តាម​គោលការណ៍​នោះ​ទេ។

«ដូចជា​ករណី​នៅ​បឹងកក់​ បង្រ្កាប​ប្រជាពលរដ្ឋ​ដោយ​អំពើ​ហិង្សា​ ហើយ​នៅ​កន្លែង​ដ៏ទៃ​ទៀត​បង្ក្រាប​ប្រជាពលរដ្ឋ​រឿង​ដី​ធ្លី​ដោយ​ហិង្សា​ហ្នឹង។ អញ្ចឹង​សុំ​ឲ្យ​គាត់​មើល​ឃើញ​តែ​នៅ​ជិត​ខ្លួន​គាត់​ហ្នឹង​ នៅ​ក្នុង​ប្រទេស​ហ្នឹង។​ ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​អំពើ​ហិង្សា ​មាន​សន្តិភាព។​ អាហ្នឹង​ជា​ការណ៍ល្អ​ប្រសិន​ណា​បើ​និយាយ ​ហើយ​ដោះស្រាយ​បញ្ហា​មិន​បាន​ផង​នៅ​តែ​មាន​អំពើ​ហិង្សា​អញ្ចឹង។​ អាហ្នឹង​គឺ​ស្អី​ដែល​គាត់​មាន​ប្រសាសន៍​ហ្នឹង​ អត់​មាន​ន័យ​ទេ»។

លោក​ កឹម ​សុខា ​ក៏​បាន​អំពាវនាវ​ផង​ដែរ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​រាល់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ការ​តវ៉ា​ដោយ​សន្តិ​វិធី​ ហើយ​លោក​ក៏​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ជាពិសេស​វិស័យ​ព្រះពុទ្ធ​សាសនា​គួរ​តែ​ដើរ​តួរ​នាទី​យ៉ាង​សំខាន់​សម្រាប់​ចលនា​ផ្សព្វផ្សាយ​អំពី​សន្តិភាព។

នៅ​ក្នុង​ទិវា​សន្តិភាព​អន្តរជាតិ​នេះ​ដែរ​ ក្រុម​ការងារ​ដើម្បី​សន្តិភាព​ដែល​ប្រមូល​ផ្តុំ​អ្នក​ស្ម័គ្រ​ចិត្ត​មក​ពី​អង្កការ​សង្គម​ស៊ីវិល​នា​នា​នៅ​ក្នុងព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​បំផុស​ចលនា​សន្តិភាព​ចូល​រួម​សកម្មភាព​នេះ​នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន​ប្រាំបី។ ​នៅ​ក្នុង​នោះ ​មាន​ទីក្រុង​ភ្នំពេញ ​ខេត្ត​បាត់ដំបង​ សៀមរាប ​បន្ទាយមានជ័យ កែប ព្រះវិហារ​ ក្រចេះ ​និង​ខេត្ត​កំពង់ចាម។

សារៈសំខាន់​របស់​សកម្មជន​នៃ​អង្កការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នេះ​គឺ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បន្ធូរ​បន្ថយ​ភាព​តានតឹង​នានា​ នៅ​ក្នុង​ពិភពលោក។

លោក ​ឌី ​ថ៉េហូយ៉ា ​អ្នក​ស្ម័គ្រ​មួយ​រូប​នៅ​ក្នុង​ការងារ​នេះ ​មាន​ប្រសាសន៍​ថា​ សារ​នៅ​ក្នុង​ក្រុម​ការងារ​របស់​លោក​ មាន​គោល​ដៅ​ដាស់​តឿន​ស្ថារតី​អហិង្សា​ក្នុង​សង្គម​កម្ពុជា​ផង​ដែរ។

«គឺ​យើង​ចង់​ឲ្យ​ពិភពលោក​ក៏​ដូច​ជា​សង្គម​កម្ពុជា​របស់​យើង​ ចូល​រួម​ចំណែក​ក៏​ដូច​ជា​យល់​ដឹង​អំពី​ថ្ងៃ​ដែល​មាន​សារៈសំខាន់​ហ្នឹង​ហើយ។ រាល់​អំពើ​ហិង្សា​ទាំង​អស់​ត្រូវ​បាន​បញ្ឈប់​នៅ​ថ្ងៃ​ទី​២១​ រៀង​រាល់​ខែ​កញ្ញា​ហ្នឹង»។

នៅ​ក្នុង​សារ​របស់​ខ្លួន​នៅ​ក្នុង​ថ្ងៃ​នេះ ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ​សែន ​ក៏​បាន​រំឭក​ផង​ដែរ​ថា​ តម្លៃ​សន្តិភាព​បាន​នាំ​ឲ្យ​មាន​ការ​រីកចម្រើន​ជា​ខ្លាំង​ផ្នែក​សេដ្ឋកិច្ច​នៅ​កម្ពុជា៕

XS
SM
MD
LG