ខណៈដែលយុទ្ធនាការបោះឆ្នោតពិសេសរបស់ប្រទេសភូមា (Burma) កាន់តែក្តៅគគុកឡើង គណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ជ័យលាភីពានរង្វាន់ណូប៊ែលសន្តិភាព (Nobel Peace Laureate) ជាអ្នកឈានមុខដ៏លើសលប់សម្រាប់ក្រុមប្រឆាំងខាងនយោបាយ។
ហ្វូងអ្នកគាំទ្រយ៉ាងស្មោះស្ម័គ្រ កំពុងប្រមូលផ្តុំគ្នា នៅទូទាំងប្រទេស នៅតាមកន្លែងធ្វើយុទ្ធនាការ ដើម្បីមើល លោកស្រី អ៊ុង សានស៊ូជី។
បើទោះជា លោកស្រី ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាបំផុតក៏ដោយ បេក្ខជនដទៃទៀតនៅក្នុងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (National League for Democracy) ឬហៅកាត់ជាភាសាអង់គ្លេសថា NLD របស់លោកស្រី មានដូចជា លោក ភ្យូ ភ្យូធីន (Phyu Phyu Thin) សកម្មជនស្តីពីជម្ងឺអេដស៍ ក៏កំពុងទទួលបានការយកចិត្តទុកដាក់ដែរ។
បទចម្រៀងនៅកន្លែងជួបជុំគ្នានោះ មានខ្លឹមសារថា គណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី បានវិលត្រឡប់មកបម្រើប្រជាពលរដ្ឋ ហើយលោក ភ្យូ ភ្យូធីន ក៏វិលមកវិញដែរ។
គណបក្ស NLD ត្រូវបានកត់សម្គាល់ថាបានអវត្តមានពីការបោះឆ្នោត និងសកម្មភាពយុទ្ធនាការ ក្នុងអំឡុងការបោះឆ្នោតឆ្នាំ២០១០ ហើយការវិលត្រឡប់របស់ គណបក្សនេះ បានពាំនាំមកនូវភាពសប្បាយរីករាយយ៉ាងខ្លាំង ក្នុងអំឡុងការជួបជុំគ្នាដ៏ក្លៀវក្លានៅតាមដងផ្លូវ។
លោកស្រី ដូ ជីជីវីន (Daw Kyi Kyi Win) ជាអ្នកចូលរួមក្នុងការជួបជុំគ្នានេះ ដែលបានតុបតែងមុខនិងសម្លៀកបំពាក់របស់លោកស្រី ដោយប្រើបិទបង់ស្អិត។ ខណៈដែល លោកស្រី បានគ្រវីទុងជ័យមានរូបសត្វក្ងោកប្រយុទ្ធគ្នារបស់គណបក្ស NLD លោកស្រី បានថ្លែងថា លោកស្រី កំពុងពិចារណាចង់ក្លាយខ្លួនជាសមាជិករបស់គណបក្ស NLD ដែរ។ នេះជាការសម្រេចចិត្ត ដែលត្រូវបានចាត់ទុកថាមានភាពគ្រោះថ្នាក់យ៉ាងខ្លាំង កាលពីឆ្នាំមុន។
លោកស្រី មានប្រសាសន៍ថា លោកស្រី អ៊ុង សានស៊ូជី អាចឈ្នះក្នុងសម្លេងភាគច្រើន ហើយការឈ្នះនេះ នឹងធ្វើឲ្យលោកស្រីសប្បាយចិត្តដែរ។ លោកស្រី និយាយថា លោកស្រី មិនដែលគិតថា ការបើកចំហរខាងនយោបាយបែបនេះ អាចកើតមានសោះ។
មិនមែនមនុស្សគ្រប់រូបសុទ្ធតែសប្បាយរីករាយជាមួយនឹងការវិលត្រឡប់របស់លោកស្រី អ៊ុង សានស៊ូជី ឡើយ។ មានគណបក្សប្រឆាំងដទៃទៀត ដែលគ្មានអ្នកល្បីល្បាញខ្លាំង និងមូលនិធិរបស់គណបក្ស NLD។
លោក តែ យី (Tae Yi) ជាបុរសម្នាក់ ដែលប្រឈមមុខភារកិច្ចដ៏លំបាកក្នុងការតទល់ជាមួយលោកស្រី ស៊ូជី នៅខេត្តគើមុ (Kawhmu)។ លោក បានធ្វើបណ្តឹងផ្លូវច្បាប់ ដែលចោទសួរពីភាពស្របច្បាប់សម្រាប់បេក្ខភាពរបស់លោកស្រី រហូតដល់ សាលដីការមួយ បានបដិសេធការជំទាស់របស់លោក កាលពីសប្តាហ៍មុន ហើយអនុញ្ញាតឲ្យ លោកស្រី ចូលរួមការបោះឆ្នោតវិញ។
លោក មានប្រសាសន៍ថា លោក គ្មានការខឹងសម្បារផ្ទាល់ខ្លួនជាមួយ លោកស្រី អ៊ុង សានស៊ូជី ទេ ហើយលោក រីករាយក្នុងការតទល់ជាមួយ លោកស្រី។
បេក្ខភាពវ័យ៨០ឆ្នាំរូបនេះ និយាយថា កម្មវិធីនយោបាយរបស់លោក រាប់បញ្ចូលទាំងការដោះស្រាយបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាដើម។ បើទោះជាសាលដីការរបស់តុលាការប្រឆាំងនឹងការជំទាស់របស់លោកចំពោះ លោកស្រី ស៊ូជី ក៏ដោយ គណបក្សឯកភាពនិងសនិ្តភាព (Unity and Peace Party) របស់លោក បានឲ្យដឹងថា គណបក្សនេះ នៅតែជំទាស់ទៅនឹងភាពស្របច្បាប់របស់លោកស្រី ដដែល។
អ្នកនយោបាយបច្ចុប្បន្ន នៅទីក្រុងគើមុ ជាអ្នកតំណាងរាស្រ្ត មកពីគណបក្សសាមគ្គីភាពសហជីពនិងអភិវឌ្ឍន៍ (Union Solidarity and Development Party) ឬហៅកាត់ជាភាសាអង់គ្លេសថា USDP ដែលជាគណបក្សតំណាងរបស់រដ្ឋាភិបាលចាស់ ដែលមានអាសនៈភាគច្រើនលើសលុបនៅក្នុងរដ្ឋសភា។ បេក្ខជនរបស់គណបក្ស USDP មិនបានធ្វើពាក្យបណ្តឹងប្រឆាំងលោកស្រី អ៊ុង សានស៊ូជី ទេ។
ការបោះឆ្នោតថ្ងៃទី១ ខែមេសា (April First) នឹងបំពេញអាសនៈទំនេរចំនួន៤៨នៅក្នុងរដ្ឋសភា ដែលមិនទាន់គ្រប់ចំនួនដែលត្រូវការចាំបាច់ដើម្បីទប់ទល់ជាមួយអំណាចនីតិបញ្ញត្តិរបស់គណបក្សកាន់អំណាចនៅឡើយ។ ប៉ុន្តែ រយៈពេលមួយខែមុនពេលបោះឆ្នោត ការបង្ហាញអំពីការគាំទ្រយ៉ាងខ្លាំងក្លាចំពោះគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ និងមេដឹកនាំយ៉ាងលេចធ្លោរបស់គណបក្សនេះ បានបង្ហាញថា បើទោះជាបានចំណាយពេលអស់ប្រហែល២០ឆ្នាំនៅខាងក្រៅឆាកនយោបាយក៏ដោយ គណបក្សនេះ នៅតែដឹកនាំការប្រមូលផ្តុំជាសាធារណធំៗដដែល៕