សាកលវិទ្យាល័យអូហៃយ៉ូ (Ohio University) នឹងរៀបចំវេទិកាខេមរសិក្សាលើកទី៣របស់ខ្លួននៅចុងខែមេសានេះ។ វេទិកានេះផ្តល់ឱកាសដ៏កម្រមួយសម្រាប់អ្នកសិក្សាស្រាវជ្រាវអំពីកម្ពុជាដើម្បីចែករំលែកស្នាដៃ និងការរកឃើញរបស់ខ្លួន។
វេទិកាខេមរសិក្សាលើកទី៣ នៅសាកលវិទ្យាល័យអូហៃយ៉ូផ្តល់ឱកាសឲ្យមានការពិភាក្សាអំពីបញ្ហាកម្ពុជា។ នៅក្នុងវេទិកាពីរថ្ងៃដែលនឹងចាប់ផ្តើមពីថ្ងៃទី២៩ មេសានោះ អ្នកសិក្សាស្រាវជ្រាវកម្ពុជា អ្នកសិក្សាអំពីកម្ពុជា និងអ្នកចង់ដឹងអំពីកម្ពុជានឹងជួបជុំគ្នានៅសាលកវិទ្យាល័យអូហៃយ៉ូ ក្នុងទីក្រុងអាថិន (Athens) រដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក ដើម្បីចែករំលែកគំនិត ស្នាដៃ និងការរកឃើញរបស់ខ្លួន។
បណ្ឌិតគ្រិស្ទីន ស៊ូ (Christine Su) អ្នករៀបចំវេទិកានេះនិយាយថា វេទិកាមានអ្នកចូលរួមចម្រុះទាំងអ្នកសិក្សាស្រាវជ្រាវ និងក្រុមបញ្ញវន្ត ក៏ដូចជាអ្នកចាប់អារម្មណ៍ខាងវប្បធម៌និងសហគមន៍។
«វេទិកាខេមរសិក្សាសំខាន់ណាស់ ពីព្រោះវេទិកានេះជាឱកាសសិក្សាអំពីកម្ពុជាជាពិសេស និយាយអំពីប្រវត្តិសាស្ត្រកម្ពុជា វប្បធម៌កម្ពុជា បញ្ហាថ្មីៗរបស់កម្ពុជា ហើយនឹងជាឱកាសសម្រាប់បុគ្គលិកសិក្សា និងសហគមន៍ដែលប្រហែលមិនបានដឹងច្រើនអំពីកម្ពុជា រៀនពីនិស្សិត និងអ្នកធ្វើបទបង្ហាញ»។
បណ្ឌិត ស៊ូ ប្រាប់វីអូអេខ្មែរ តាមទូរស័ព្ទថា វេទិកានឹងមានប្រធានបទច្រើនចាប់ពីភាសាសាស្ត្រ សំណេរខ្មែរបុរាណ បញ្ហាអ្នករួចជីវិតពីអំពើប្រល័យពូជសាសន៍ ភាពយន្ត ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា បញ្ហាឆ្លងកាត់ព្រំដែន ការបញ្ជូនត្រឡប់ទៅប្រទេសវិញដោយបង្ខំ ការបណ្តេញចេញពីលំនៅស្ថានដោយបង្ខំ ការអភិវឌ្ឍ និងនយោបាយកម្ពុជា។
បណ្ឌិត ស៊ូ ថ្លែងថា នឹងមានការបង្ហាញក្បាច់គុណបូរាណខ្មែរល្បុក្កតោ ម្ហូបខ្មែរ និងរបាំបូរាណខ្មែរ បន្ថែមទៅលើឯកសារសិក្សាស្រាវជ្រាវ។
លោក ដន ដ្យេម៉ឺសាន់ (Don Jameson) ជាអតីតអ្នកការទូតអាមេរិក ដែលធ្វើការនៅកម្ពុជាពីឆ្នាំ ១៩៧០ ដល់ ១៩៧៤។ លោកនឹងធ្វើបទបង្ហាញកិច្ចការរបស់លោកមួយ ដែលមានចំណងជើងថា «កម្ពុជានៅលើផ្លូវរលាក់ឆ្ពោះទៅរកការអភិវឌ្ឍ»។ លោកមានប្រសាសន៍ថា វេទិកានេះបង្ហាញអំពីថាតើមានការសិក្សាស្រាវជ្រាវអំពីកម្ពុជាប៉ុន្មាននឹងត្រូវចេញផ្សាយ។
«នៅពេលខ្ញុំទៅទីនោះនៅដើមទសវត្សរ៍១៩៧០ មានសៀវភៅប្រហែលពីរបីក្បាលអំពីកម្ពុជា។ មានតិចណាស់ដែលជាការពិបាកក្នុងការស្វែងយល់អំពីកម្ពុជា និងអ្វីដែលកើតឡើងនៅទីនោះ។ ពេលនេះ មានឯកសារស្រាវជ្រាវ និងសៀវភៅច្រើនត្រូវបានចេញផ្សាយ»។
លោកស្រី ណារិន ដ្យេម៉ឺសាន់ (Narin Jameson) អ្នកនិពន្ធសៀវភៅធ្វើម្ហូបខ្មែរ ដែលមានចំណងជើងថា «ធ្វើម្ហូបតាមរបៀបខ្មែរ» ឬ “Cooking the Cambodian Way” នឹងបង្ហាញរបៀបធ្វើម្ហូបខ្មែរនៅឯវេទិកានោះដែរ។ លោកស្រីបានប្រាប់វីអូអេខ្មែរថា ម្ហូបគឺជាផ្នែកមួយនៃអត្តសញ្ញាណជាតិ។
«ម្ហូបក៏ជាវប្បធម៌ខ្មែរមួយដែរ។ ម្លោះហើយយើងគួរតែបង្ហាញម្ហូបខ្មែរយើងឲ្យគេស្គាល់។ ការបង្ហាញម្ហូបខ្មែរហ្នឹងមានប្រយោជន៍ណាស់ចា៎ ពីព្រោះដើម្បីឲ្យគេស្គាល់ខ្នែរយើងឡើង ព្រោះអីម្ហូបគឺជារឿងមួយសំខាន់ក្នុងជីវិត មនុស្ស»។
អ្នករៀបចំវេទិកាខេមរសិក្សានៃសាកលវិទ្យាល័យអូហៃយ៉ូ ថ្លែងថា វេទិកាទី១ និងទី២ បានទទួលជោគជ័យ ដូច្នេះពួកគេចង់ធ្វើឲ្យវេទិកាខេមរសិក្សានេះក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ៕