ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​​អាមេរិក​ផ្តល់​សេចក្តី​លម្អិត​អំពី​កិច្ច​ប្រតិបត្តិការ​សម្លាប់​ប៊ិន​ឡាដិន


រូបថត​នេះ​យក​ចេញ​ពិ​ការ​ផ្សាយ​របស់​ទូរទស្សន៍ Geo TV បង្ហាញ​ឲ្យ​ឃើញ​ពី​ភ្លើង​ឆាបឆេះ​នៅ​ក្នុង​បរិវេណ​ផ្ទះ​ដែល​គេ​គិត​ថា​ជា​កន្លែង​ដែល​មេខ្លោង​ភេរវកម្ម ​អូសាម៉ា​ប៊ិន​ឡាដិន (Osama bin Laden) ដែល​ត្រូវ​បាន​សម្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១​ខែ​ឧសភា​ឆ្នាំ​២០១១​នៅ
រូបថត​នេះ​យក​ចេញ​ពិ​ការ​ផ្សាយ​របស់​ទូរទស្សន៍ Geo TV បង្ហាញ​ឲ្យ​ឃើញ​ពី​ភ្លើង​ឆាបឆេះ​នៅ​ក្នុង​បរិវេណ​ផ្ទះ​ដែល​គេ​គិត​ថា​ជា​កន្លែង​ដែល​មេខ្លោង​ភេរវកម្ម ​អូសាម៉ា​ប៊ិន​ឡាដិន (Osama bin Laden) ដែល​ត្រូវ​បាន​សម្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១​ខែ​ឧសភា​ឆ្នាំ​២០១១​នៅ

បន្ទាប់​ពី​ការ​ប្រកាស​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា (Barack​ Obama) ថា​ មេដឹក​នាំ​ក្រុម អាល់កៃដា (al-Qaida) អូសាម៉ា ប៊ិន​ឡាដិន (Osama ​bin​ Laden) បាន​ត្រូវ​សម្លាប់​នៅក្នុង​កិច្ច​ប្រតិ​បត្តិ​ការ​កង​កម្លាំង​ពិសេស​របស់​អាមេរិក​នៅ​ប៉ាគីស្ថាន​ មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋបាល​អូបាម៉ា​បាន​ផ្តល់​សេចក្តី​លម្អិត​អំពី​រឿង​នេះ។

ថ្លែង​ត្រួសៗ​ទៅ​កាន់​អ្នក​យកព័ត៌​មាន​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​តាម​ទូរស័ព្ទ​បន្ទាប់​ពី​ប្រធានា​ធិបតី​និយាយ មន្រ្តី​រដ្ឋបាល​ជាន់ខ្ពស់​បាន​ផ្តល់​សេចក្តី​លម្អិត​បន្ថែម​ពី​កិច្ចប្រតិបត្តិការ​ដែល​បាន​សម្លាប់​ ប៊ិន​ឡាដិន​ ទោះ​គេ​បាន​បញ្ជាក់​ថា គេ​មិន​អាចនិង​មិន​ផ្តល់​សេចក្តី​លម្អិត​ជាច្រើន​អំពី​បេស​កម្ម​នេះ​ក៏ដោយ។ មន្រ្តី​បាន​ពិណ៌នា​អ្វី​ដែល​ពួកគេ​ហៅថា ការ​វាយឆ្មក់​ប្រកប​ដោយ​គ្រោះថ្នាក់​ដោយ​ក្រុម​ប្រតិបត្តិការ​ពិសេស​តាម​ឧទ្ធម្ភាគចក្រ​ធុនតូច ​ទៅ​លើ​បរិវេណ​ដ៏ធំមួយ​នៅ​ក្នុង​ទីក្រុង​ អាប្បុតាបាដ (Abbotabad) ភាគ​ខាង​ជើង ​រដ្ឋធានី​ អ៊ីស្លាម៉ាបាដ (Islamabad) នៃ​ប្រទេស​ប៉ាគីស្ថាន។

មន្រ្តី​បាន​និយាយ​ថា បរិវេណ​នោះសាងសង់​ប្រហែល​ប្រាំ​ឆ្នាំ​ហើយ​ ហើយ​មាន​សន្តិសុខ​ដ៏​រឹងមាំ​ ដោយ​មាន​ជញ្ជាំង​ដ៏ក្រាស់​ និង​មាន​លួសបន្លា​ជា​រង្វង់​នៅ​ពី​លើ​ ហើយ​មាន​បង្អួច​លយ​ចេញ​ទៅ​ក្រៅ​ ហើយ​មាន​ច្រក​ទ្វារ​ពីរ​ដែល​មាន​ការ ​ការពារ​សន្តិសុខ​ ហើយ​មិន​មាន​ទូរស័ព្ទ​និង​សេវាកម្ម​អ៊ិនធឺណិត​ទេ។

មន្រ្តី​ប្រាប់​ឲ្យ​ដឹង​ថា អូសាម៉ា ប៊ិន​ឡាដិន (Osama​ bin​ Laden) បាន​តដៃ​ជាមួយ​កងទ័ព​ ហើយ​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​តបត​នោះ។ មន្រ្តី​អាមេរិក​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​អំពី​រយៈពេល​នៃ​ការប្រយុទ្ធ​នោះ​ទេ។

នេះ​ជា​រូប​ដ្យាក្រាម​នៃ​បរិវេណ​ផ្ទះ​ដែល​អូសាម៉ា​ប៊ិន​ឡាដិន ត្រូវ​គេ​សម្លាប់​ក្នុង​ការ​វាយ​ឆ្មក់​របស់​កងកម្លាំង​ពិសេស​របស់​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​០១​ខែ​ឧសភា​ឆ្នាំ​២០១១។
នេះ​ជា​រូប​ដ្យាក្រាម​នៃ​បរិវេណ​ផ្ទះ​ដែល​អូសាម៉ា​ប៊ិន​ឡាដិន ត្រូវ​គេ​សម្លាប់​ក្នុង​ការ​វាយ​ឆ្មក់​របស់​កងកម្លាំង​ពិសេស​របស់​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​០១​ខែ​ឧសភា​ឆ្នាំ​២០១១។

ក្រុម​ប្រតិបត្តិការ​ពិសេស​សហរដ្ឋ​អាមេរិក​ បាន​ស្ថិត​នៅ​ក្នុង​បរិវេណ​នោះ​មិន​ដល់​៤០​នាទី​ទេ ​ហើយ​ក៏​មិន​បាន​ប្រឈម​នឹង​អាជ្ញាធរ​មូលដ្ឋាន​ណា​មួយ​របស់​ប៉ាគីស្ថាន​ដែរ។ មន្រ្តី​និយាយ​ថា​ បេសកម្ម​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ខូចខាត និង​គ្រោះ​ថ្នាក់​តិច​តួច​បំផុត​ដល់​អ្នក​មិន​ប្រយុទ្ធ​នៅ​ក្នុង​បរិវេណ​នោះ ហើយ​នឹង​ជន​ស៊ីវិល​ប៉ាគីស្ថាន​នៅ​ក្នុង​តំបន់​នោះ។ នៅក្នុងប្រយុទ្ធតបត​គ្នា​មន្រ្តី​និយាយ​ថា​ក្មេង​ជំទង់​ប្រុស​ៗបី​នាក់​បាន​ត្រូវ​សម្លាប់​ រួមមាន​អ្នក​ដែល​ត្រូវ​គេ​ជឿជាក់​ថា​ ជា​អ្នកនាំសារ​របស់​ប៊ិន​ឡាដិន​ពីរ​នាក់ ហើយ​បុរស​ទី៣ ដែល​មន្រ្តី​និយាយ​ថា ​គេ​ជឿជាក់​ថា ជាកូន​ប្រុសរ​បស់​ប៊ិន​ឡាដិន។ មាន​ស្រ្តី និង​កូនក្មេង​ជាច្រើន​នៅក្នុង​បរិវេណ​នោះ។ មន្រ្តី​និយាយ​ថា ស្រ្តី​ម្នាក់​បាន​ត្រូវ​សម្លាប់​នៅ​ពេល​ដែល​ស្រ្តី​នោះ​ត្រូវ​បាន​អ្នក​ប្រយុទ្ធ​ម្នាក់​យក​ធ្វើជា​ខែល​ការពារ​ខ្លូន ។ ស្រ្តី​ពីរ​នាក់​ផ្សេង​ទៀត​បាន​រង​របួស។

សហរដ្ឋ​អាមេរិក​បាន​ខាត​បង់​ឧទ្ធភាគ​មួយគ្រឿង​ក្នុង​កិច្ចប្រតិបត្តិការ​នោះ ដោយសារ​តែ​បញ្ហា​មេកានិក ​ដែល​ពួក​មន្រ្តី​មិន​បាន​និយាយ​លម្អិត។ គេនិយាយ​ថា​ យន្តហោះ​មួយ​គ្រឿង​នោះ​បាន​ត្រូវ​កម្ទេច​ចោល​ដោយ​អ្នកបើកបរ​ដោយ​ហេតុផល​សន្តិសុខ។ ទ័ព​វាយ​ឆ្មក់​ត្រូវ​បាន​ដឹក​តាម​ឧទ្ធម្ភាគចក្រ​ដែល​នៅសល់​ពី​បរិវេណ​នោះ។ នៅក្នុង​ការឆ្លើយ​ទៅកាន់​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​ មន្រ្តី​ជាន់​ខ្ពស់​រដ្ឋបាល​បាន​និយាយ​ថា គេ​បាន​ចាត់​វិធាន​ការ​ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា​សព​របស់​ ប៊ិន​ឡាដិន​ នឹងត្រូវ​ចាត់​ការ​ស្រប​ទៅ​តាម​ការ​ប្រតិបត្តិ ​និង​ប្រពៃណី​អ៊ិស្លាម។ គេ​និយាយ​ថា​ អាមេរិក​បាន​គិតគូរ​ដ៏​ហ្មត់ចត់​បំផុត​ពី​បញ្ហា​នេះ។

នៅពេល​ដែល​សួរ​អំពី​ការ​ពិត​ថា​ ប៊ិន​ឡាដិន​ នៅ​ទីបំផុត​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ប៉ាគីស្ថាន ​ហើយ​ថា​តើ​ការណ៍​នេះ​បញ្ជាក់​ពី​ការ​ជាប់​ទាក់ទិន​ណាមួយ​ ដែល​ ប៊ិន​ឡាដិន​មាន​ជាមួយ​អាជ្ញាធរ​ប៉ាគីស្ថាន​ មន្រ្តី​ទាំងនោះ​និ​យាយ​ថា អាមេរិក​មាន​ការ​ព្រួយ​កង្វល់​យ៉ាង​ខ្លាំង​អំពី​ការ​ពិត​ដែល​ថា ប៊ិន​ឡាដិន​បាន​នៅ​ប៉ាគីស្ថាន ​ដោយ​មន្ត្រី​ទាំង​នោះ​និយាយ​បន្ថែមទៀត​ថា​ នេះ​ជា​បញ្ហា​ដែល​យើង​កំពុង​បន្ត​ដោះស្រាយ​ជាមួយ​មន្រ្តី​ប៉ាគីស្ថាន។

មន្រ្តី​ជាន់​ខ្ពស់​រដ្ឋបាល​បាន​រំលឹក​ឡើង​វិញ​ថា​ ប្រធានាធិបតី​អូបាម៉ា ​បាន​បញ្ជាក់​យ៉ាងច្បាស់​ម្តងហើយ​ម្តងទៀត​ថា​ អាមេរិក ​នឹង​ធ្វើ​តាម​ព័ត៌មាន​សម្ងាត់​ស្តី​ពី​ទីកន្លែង​របស់​ប៊ិន​ឡាដិន។ គេ​និយាយ​ថា​ ពួក​គេ​បាន​ជម្រាប​ត្រួសៗ​ដល់​មេដឹកនាំ​ជាន់ខ្ពស់​ប៉ាគីស្ថាន​បន្ទាប់​ពី​វាយ​ឆ្មក់​ ស្តី​អំពី​គោលបំណង​ និង​លទ្ធផល​នៃ​ប្រតិបត្តិការ​នេះ។

មន្រ្តី​ជាន់​ខ្ពស់​រដ្ឋបាល​និយាយ​ថា ព័ត៌មាន​សម្ងាត់​ស្តី​ពី​បរិវេណ​ផ្ទះ​របស់​ ប៊ិន​ឡាដិន មិន​ត្រូវ​បាន​ចែក​រំលែក​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ទេ​រួមមាន​ទាំង​ប៉ាគីស្ថាន​ផង​ដែរ​ ដោយ​និយាយ​ថា​ រឿងនេះ​មានសារៈសំខាន់​សម្រាប់​សន្តិសុខ​នៃ​កិច្ច​ប្រតិបត្តិការ​ ហើយនឹង​បុគ្គលិក​អាមេរិក។ មន្រ្តី​និយាយ​បន្ថែម​ទៀត​ថា​មាន​តែ​មនុស្ស​មួយ​ក្រុម​តូច​នៅ​ក្នុង​រដ្ឋាភិបាល​អាមេរិក​ប៉ុណ្ណោះ​បានដឹង​អំពី​ប្រតិបត្តិការ​នេះ។ មន្រ្តី​និយាយ​បន្ថែម​ទៀត​ថា​ នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​កន្លង​ទៅ​ ទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​កណ្តាល​សហរដ្ឋ​អាមេរិក​បាន​ចាប់​ផ្តើម​ធ្វើ​ការងារ​ជាមួយ​ប្រធានាធិបតី​អូបាម៉ា​ ពី​ការវាយ​តម្លៃ​ជាបន្ត​បន្ទាប់​ដែល​បាន​នាំឲ្យ​ទីភ្នាក់ងារ​នោះ​ជឿជាក់​ថា​ អូសាម៉ា​ ប៊ិន​ឡាដិន​ ស្ថិត​នៅ​ឯ​បិវេណ​ក្នុងប្រទេសប៉ាគីស្ថាន។ នៅពាក់​កណ្តាល​ខែកុម្ភៈ​ ពួកមន្រ្តី​និយាយ​ថា​ ជំនួប​ដ៏​លម្អិត​ជា​បន្ត​បន្ទាប់ផ្អែក​លើ​ព័ត៌មាន​សម្ងាត់​ជាក់លាក់​មួយ​ដើម្បី​តាម​រក​ចាប់​ខ្លួន​ប៊ិន​ឡាដិន។

ក្នុង​រវាងពាក់​កណ្តាល​ខែ​មិនា និង​ចុងខែ​មេសា មន្រ្តី​និយាយ​ថា​ ប្រធានាធិបតី​ អូបាម៉ា​ បាន​ធ្វើ​ជា​អធិបតី​នៃ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​ដើម្បី​អភិវឌ្ឍ​វិធានការ​មួយ​នាំយក​ប៊ិន​ឡាដិន​ទៅ​កាន់​តុលាការ ​ហើយនឹង​បញ្ជា​ចុង​ក្រោយ​ធ្វើ​ប្រតិបត្តិការ​នៅ​ព្រឹក​ ថ្ងៃ​អង្គារ​ទី២៩។ មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​និយាយ​ថា កិច្ច​ប្រតិបត្តិការប្រកប​ដោយ​ជោគជ័យ​កើត​មាន​ឡើង​ដោយសារ​ការងារ​ការស៊ើបការ​សម្ងាត់​ដ៏​ជឿនលឿន​យ៉ាង​ប្រយ័ត្ន​ប្រយ៉ែង​ជាច្រើន​ឆ្នាំ​ ដែល​មានការចូលរួម​ពី​សំណាក់ទីភ្នាក់ងារ​យ៉ាងច្រើន។ មន្រ្តី​នោះ​និយាយ​ថា​ នៅ​ពេល​ដែល​ករណី​ត្រូវ​បាន​សម្រេច​ថា បរិវេណ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ជាទិស​ដៅ​នៃ​ការ​វាយ​ប្រហារ។ មន្រ្តី​នោះ​និយាយ​ថា មន្រ្តី​ចាប់​ផ្តើម​រៀប​ចំ​បេសកម្ម​ជាមួយ​យោធា​ដោយ​ការ​សហការ​របស់​អាមេរិក។

ចំពោះ​ឥទ្ធិពល​នៃ​ការសម្លាប់​ ប៊ិន​ឡាដិន​ នឹងមាន​លើពួក ​អាល់កៃដា​ នោះ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋបាល​បាន​ហៅ​ការ​សម្លាប់​ ប៊ិន​ឡាដិន​ ថាជាជ័យជម្នះ​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​យុទ្ធនាការ​ដែល​ដឹកនាំ​ដោយ​អាមេរិក​ដើម្បី​បង្អាក់ រំលាយ​ និងធ្វើ​ឲ្យពួក​អាល់កៃដា បរាជ័យ​ ហើយ​នឹង​ជា​វិធានការ​សំខាន់ និង​មាន​សារៈ​សំខាន់​គឺ​ដើម្បី​កម្ទេច​ពួក​អាល់កៃដា​នៅទី​បញ្ចប់។

ទោះបី​មន្រ្តី​រដ្ឋបាល​និយាយ​ថា ការស្លាប់​របស់​ ប៊ិន​ឡាដិន​ នឹង​ធ្វើ​ឲ្យ​ពួក​អាល់កៃដា អន់ថយ និង​ពិបាក​ត្រឡប់​ទៅ​រក​ស្ថានភាព​ដូច​ដើម​វិញក៏​ដោយ​ គេ​និយាយ​ថា អង្គការ​ភេវរកម្ម ​ប្រហែល​មិន​អាច​រលំ​រលាយ​នៅ​ពេល​ឆាប់​នេះទេ។

មន្ត្រី​និយាយ​ថា វា​ជា​ការល្អណាស់ដែល​មរណភាព​របស់ប៊ិន​ឡាដិន ​កើត​ចំពេល​ដែល​មាន​ចលនា​ដ៏​ធំ​មួយ​ដើម្បី​សេរីភាព​ លទ្ធិ​ប្រជាធិបតេយ្យ ​ដែល​កំពុង​បោស​សម្អាត​មេដឹកនាំ​នៅ​ពិភព​អារ៉ាប់​ ដោយ​បាន​បន្ថែម​ថា​ប៊ិន​ឡាដិន គឺ​ជា​ឧបសគ្គ​រារាំង​អ្វី​ដែល​បុរស​ និង​ស្រ្តី​ដ៏​ក្លាហាន​នៅ​ពាសពេញ​តំបន់​មជ្ឈឹម​បូព៌ា​ និង​អាហ្វ្រិក​ខាងជើង​កំពុង​ប្រថុយ​ប្រថាន​ជីវិត​របស់​ពួកគេ ​គឺដើម្បី​សិទ្ធិ​បុគ្គល និង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ។

ប្រែ​សម្រួល​ដោយ​ ជឹង ​ប៉ូជីន

XS
SM
MD
LG