នៅពេលលោក Joe Biden បានស្បថចូលកាន់តំណែងក្នុងនាមជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ លោកទទួលបានគណនីយ Twitter ដ្ឋាភិបាលផ្សេងៗរួមមាន @POTUS @WhiteHouse @FLOTUS និង @VP។
មិនដូចក្រោយពីពិធីស្បថចូលកាន់តំណែងក្នុងឆ្នាំ២០១៧ នោះទេ។ ពេលនោះ ចំនួនអ្នកតាមដានគណនី @POTUS ក្រោមអតីតប្រធាធិបតី Barack Obama ត្រូវបានផ្ទេរជូនអ្នកស្នងតំណែងរបស់លោក គឺលោកអតីតប្រធានាធិបតី Donald Trump។
លើកនេះ លោកប្រធានាធិបតី Biden មិនទទួលបានគណនីយ @POTUS ដែលមានអ្នកតាមដានចំនួន ៣៣លាននាក់ស្រាប់ពីលោក Donald Trumpនោះទេ។
គណនី Twitter ផ្លូវការរបស់លោក Biden គឺ @PresElectBiden ត្រូវបានផ្លាស់ប្តូរជា @POTUS ដោយពាំនាំអ្នកតាមដានចាស់មកជាមួយផងដែរ។
សារ Twitter ដំបូងរបស់លោកប្រធាធិបតីJoe Biden បន្ទាប់ពីលោកស្បថចូលកាន់តំណែងនៅថ្ងៃពុធនេះគឺ៖ «មិនមានពេលវេលាខ្ជះខ្ជាយទេ នៅពេលនិយាយអំពីវិបត្តិដែលយើងប្រឈមមុខ។ម្លោះហើយនេះជាមូលហេតុ ដែលខ្ញុំធ្វើដំណើរទៅកាន់សេតវិមានដើម្បីបំពេញការងារ ចាត់វិធានការជាក់លាក់ និងផ្ដល់ជំនួយបន្ទាន់ដល់ពលរដ្ឋអាមេរិកាំង»។
ក្រុមការងារផ្នែកបណ្តាញសង្គមរបស់លោក Biden សម្ដែងក្ដីបារម្ភពីចំណាត់ការផ្លាស់ប្ដូរគណនីរបស់ក្រុមហ៊ុន Twitter ដោយរិះគន់ថា «ពិតជាមិនល្អគ្រប់គ្រាន់ទាល់តែសោះ»។
ក្រុមហ៊ុន Twitter បានឲ្យដឹងថា ការផ្លាស់ប្ដូរនេះនឹងផ្ដល់ឲ្យអ្នកប្រើប្រាស់នូវជម្រើសថា តើពួកគេចង់តាមដានប្រធានាធិបតីថ្មីឬក៏អត់។
ទន្ទឹមនឹងនេះ គណនី @POTUS របស់លោក Trump នឹងត្រូវបានរក្សាទុកក្នុងបណ្ណសាររបស់ Twitter នៅក្រោមគណនីថ្មីឈ្មោះ @POTUS45។ គណនីផ្ទាល់ខ្លួនរបស់លោក Trump គឺ @realDonaldTrump នឹងត្រូវផ្អាកឬបិទជាអចិន្រ្តៃយ៍ដោយគ្មានការរក្សាទុកក្នុងបណ្ណសារជាផ្លូវការឡើយ ដែលការណ៍នេះធ្វើឲ្យអ្នកស្រាវជ្រាវមួយចំនួនបារម្ភថា នឹងគ្មានកំណត់ត្រាផ្លូវការអំពីសារ Twitter របស់លោក Trump កាលពីពេលលោកកាន់តំណែងជាប្រធានាធិបតី។
ក្រុមហ៊ុន Facebook និង Instagram រក្សាចំនួននៃអ្នកតាមដានរបស់គណនីផ្លូវការរបស់សេតវិមានសម្រាប់រដ្ឋបាលថ្មី។ គណនីផ្លូវការទំាងអស់របស់អតីតប្រធានាធិបតីលោក Donald Trump នឹងត្រូវបានគេរក្សាទុកក្នុងបណ្ណសារ។ ចំណែកក្រុមហ៊ុន YouTube នឹងធ្វើការផ្ទេរចំនួនអ្នក Subscribe ដូច Facebook និង Instagram ដែរ៕
ប្រែសម្រួលដោយលោក សឿន វឌ្ឍនា