ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​វិភាគ​ស្នើ​ឱ្យ​សុំ​ព្រះ​រាជតម្រិះ​អតីត​ព្រះមហាក្សត្រ​លើ​ករណី​ព្រះវិហារ


សម្តេចឪ​ នរោត្តម​ សីហនុ​ និង​សម្តេច​ម៉ែ​ នរោត្តម​ មុនីនាថ​ សីហនុ​ ស្វាគមន៍​សិស្សា​នុសិស្ស​ ដែល​ឈរ​អម​នៅ​លើ​ផ្លូវ​ ក្នុង​ពិធី​ប្រារព្វ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ទី​​៥០​ ក្នុង​រាជធានី​ភ្នំពេញ​​ក្នុង​ឆ្នាំ​២០០៣។
សម្តេចឪ​ នរោត្តម​ សីហនុ​ និង​សម្តេច​ម៉ែ​ នរោត្តម​ មុនីនាថ​ សីហនុ​ ស្វាគមន៍​សិស្សា​នុសិស្ស​ ដែល​ឈរ​អម​នៅ​លើ​ផ្លូវ​ ក្នុង​ពិធី​ប្រារព្វ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ទី​​៥០​ ក្នុង​រាជធានី​ភ្នំពេញ​​ក្នុង​ឆ្នាំ​២០០៣។

ព្រះ​មហាវីរក្សត្រ​សម្តេច​ឪ​ព្រះ​នរោត្តម​ សីហនុ​បាន​ដឹកនាំ​ការ​តស៊ូ​ផ្លូវ​ច្បាប់​ នៅ​ឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ រហូត​ទាល់​តែ​ឈ្នះ​ក្តី​ក្តាំ​ជាមួយ​ប្រទេស​សៀម​ឬ​ប្តូរ​មក​ប្រទេស​ថៃ​បច្ចុប្បន្ន​ ជិត​កន្លះ​សតវត្សរ៍​ហើយ។​ តុលាការ​បាន​ផ្ទេរ ប្រាសាទ​ព្រះ​វិហារ​ ឲ្យ​ស្ថិត​ នៅ​ក្រោម​ ការ​គ្រប់​គ្រង​របស់​កម្ពុជា​វិញ។​ ព្រះ​អង្គ​ត្រូវ គេ​ចាត់​ទុក​ថា​ ជា​សាក្សី​រស់​ដ៏សំខាន់​ ដែលមាន​បទ​ពិសោធន៍​ច្រើន​ ដែល​រដ្ឋាភិបាល​កម្ពុជាគួរ​ស្វែង​រក​ឱវាទ​ និង​អនុ​សាសន៍​ពី​ព្រះអង្គ​ ជា​ពិសេស​បញ្ហា​ពាក់ព័ន្ធ​នឹងផ្លូវ​ច្បាប់​នានា​ទាក់​ទង​នឹង​ការតវ៉ា​លើ​ឆាក​អន្តរ​ជាតិ​ ឬ ​ការ​ទាម​ទារ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ត្រួត​ពិនិត្យ​ការ​អនុវត្តន៍​សាល​ដីកាឡើង​វិញ។

លោក​ បណ្ឌិត​ ម៉ីសែល​ ត្រាណេ​សាស្ត្រា​ចារ្យ​ផ្នែក​វប្បធម៌​ និង​បុរេ​ប្រវត្តិ​បាន​ថ្លែង​ថា​ព្រះ​មហាវីវរក្សត្រ​ជា​សាក្សី​រស់​ដែល​គេ​គួរ​សុំ​ការ​ណែ​នាំពី​ព្រះ​អង្គ។

«ក៏​ប៉ុន្តែ​មុន​នឹង​ព្រះអង្គ​លោក​សុគត​ គប្បី​យើង​ត្រូវ​តែ​គឺ​ថា​ស្នើ​ទៅ​ព្រះអង្គ​ មើល ទៅ​សួរ​យោបល់​មើល​ សម្តេច​នាយក​លោក​ស្នើ​មើល។​ គេ​ដាក់​ថ្វាយ​ទាំង​អស់​កុំ​គិត​រឿង​ក្នុង​ពេល​ហ្នឹង​ ស្នើ​មើល​ ស្នើ​សម្តេច​នាយក​ផង​ ស្នើ​ព្រះករុណា​ សុំព្រះ​ឱវាទ​ លោក​មាន​ព្រះ​អនុ​សាសន៍​ អាហ្នឹង​បង្ហាញ​ពី​រូបភាព (ឯកភាព​ជាតិ)»។

ខណៈ​ពេល​ដែល​កំពុង​ត្រៀម​ខ្លួន​ទៅ​ចរចា​ជាមួយ​ថៃ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ថ្ងៃ​ទី៧​នឹង​ថ្ងៃ​ទី​៨​ ខែមេសា​ អំពី​បញ្ហា​ ការ​ដាក់​ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ាន​មក​កាន់​តំបន់​ជម្លោះ​ដើម្បី​ត្រួត​ពិនិត្យ​មើល​បទ​ឈប់​បាញ់​គ្នា​ជា​ស្ថាពរ ​និង​ការ​ចរចា​អំពី​ការ​រក​ដំណោះ​ស្រាយ​ព្រំដែន។

ប្រទេស​កម្ពុជា​បាន​រៀបចំ​ក្រុម​អ្នក​ច្បាប់​ជួល​មេធាវី​អន្តរជាតិ​ដើម្បី​ទាម​ទារ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ​បកស្រាយ​សាលដីកា​ ថ្ងៃ​ទី​១៥​ មិថុនា​ឆ្នាំ​១៩៦២​ ឡើង​វិញ​ ហើយ​នឹង​ត្រួត​ពិនិត្យ​ការ​អនុវត្ត​សាលដីកា​ឡើង​វិញ​ថា​តើ​ថៃ ​កម្ពុជា​បាន​គោរព​តាម​ឬទេ​ ហើយ​បញ្ជាក់​ឡើង​វិញ​ថា​តើ​ដី​ត្រង់​ណា​ ជា​របស់​ខ្មែរ​និង​ដី​ត្រង់​ណា​ជា​របស់​ថៃ។

លោក ​មីសែល​ ត្រាណេ​ បាន​អះអាង​ថា​សម្តេច​ឪ​ ជា​តំណាង​ឯកភាព​ជាតិ​ ការ​បង្រួប​បង្រួម​ជាតិ​ សាមគ្គី​ជាតិ​ ហើយ​បង្ហាញ​ការ​ខកចិត្ត​ បើ​គេ​ពុំ​គិត​អំពី​តួនាទី​របស់​ព្រះអង្គ។

«សោក​ស្តាយ​បំផុត​ដែល​គេ​មិន​បាន​នឹក​ដល់​គុណ​បំណាច់​ដ៏​មហា​ធំធេង។​ បង​នៅ​ចាំ​ថា​លោក​មាន​បន្ទូល​ល្អ​ណាស់​គឺ​ថា​ដី​មួយ​ចំអាម​ក៏​មិន​ឲ្យ​បាត់​បង់​ដែរ។​ហើយ​លោក​បាន​សម្រេច​បំណង​ពិសិដ្ឋ​ហើយ»។

ឧត្តម​ទី​ប្រឹក្សា​ព្រះ​មហា​ក្សត្រ​ លោក​ សឺន ​ស៊ូប៊ែរ្តិ៍​ ដែល​ឪពុក​របស់​លោក​គឺ​លោក សឺន ​សាន​ ជា​អ្នក​ធ្លាប់​ជួយ​សម្តេច​ឪ​ក្នុង​ការ​តវ៉ា​រឿង​ប្រាសាទ​ព្រះ​វិហារ​ ជា​មួយ​ឥស្សរជន​នយោ​បាយ​ផ្សេង​ទៀត​នោះ​ បាន​អះអាង​ថា​ ជា​ការណ៍​ចាំ​បាច់​ដែល​គេ ត្រូវ​ស្វែង​រក​ឱវាទ​ពី​សម្តេច​ឪ​ ពី​ព្រោះ​ក្រោយ​ពី​ព្រះអង្គ​ទាមទារ​ឯករាជ្យ​ពី​បារាំង​សម្រាប់​កម្ពុជា​ ជា​ជោគ​ជ័យ​មួយ​លើក​ទៀត​សម្រាប់​កម្ពុជា​ដែល​ព្រះអង្គ​ បាន​ទាមទារ​ ប្រាសាទ​ព្រះ​វិហារ​ពី​ការ​គ្រប់​គ្រង​របស់​ថៃ​មក​ឲ្យ​ស្ថិត​នៅ​ក្រោម​ ការ​គ្រប់គ្រង​កម្ពុជា​វិញ។

«ម៉្លោះ​ហើយ​គួរ​ណាស់​ពិគ្រោះ​ជា​មួយ​លោក​ យក​ព្រះ​រាជ​យោបល់​របស់​លោក ព្រោះ​លោក​ មាន​ការ​ពិសោធ​ច្រើន​ក្នុង​រឿង​ទូត​រឿង​ច្បាប់​ រឿង​អី​អស់​ហ្នឹង ព្រោះ​មែន​ទែន​ទៅ​ជា​រឿង​ជាតិ ​មិន​មែន​ជា​រឿង​គណបក្ស​ណា​មួយ​ ឬ​បុគ្គល​ណា​មួយ​ទេ​ ត្រូវ​តែ​មាន​ជាតិ​រួមគ្នា​ទាំង​អស់​ ហើយ​ដោះ​ស្រាយ​បញ្ហា​ ទឹកដី​របស់​យើងហ្នឹង»។

លោក​ ផៃ ​ស៊ីផាន ​អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​អះអាង​ថា​ ព្រះ​មហា វីរក្សត្រ​ ទោះ​ជា​ព្រះ​អង្គ​មិន​ស្ថិត​នៅ​ក្នុង​អំណាច​ដែល​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ក្តី ក៏​ព្រះអង្គ​តែង​ផ្តល់​ឱវាទ​ជា​គំនិត​ដល់​រាជ​រដ្ឋាភិបាល​ដែរ។

«ហើយ​យើង​ឃើញ​ជួន​កាល​ម្តង​ម្កាល​ដែល​ព្រះ​មហា​វីរក្សត្រ​ផ្ញើ​ចុត​ហ្មាយ​ជា​ចំហ​មក​ ហ្នឹង​ជា​ការ​ឯកភាព​ជាតិ​មួយ​ ហើយ​ជា​ការ​ជួយ​គាំទ្រ​សកម្មភាព​របស់ រាជ​រដ្ឋាភិបាល​ក្នុង​កិច្ច​ការពារ​ប្រាង្គ​ប្រាសាទ​ព្រះ​វិហារ​ក៏​ដូច​ជា​អធិបតេយ្យ​របស់ កម្ពុជា​នៅ​តំបន់​នោះ​ឯង។ ​អាស្រ័យ​ដូច្នេះ​យើង​ឃើញ​ថា​តួនាទី​របស់​ព្រះអង្គ​មាន ជា​ប្រវត្តិ​សាស្ត្រ​រួច​ស្រេច​ទៅ​ហើយ។​ ក៏​ប៉ុន្តែ​ឥឡូវ​នេះ​ចំពោះ​ករណី​តុលាការ​គឺ​ជា​ករណី​ផ្សេង​ដទៃ​ទៀត​ មិន​មែន​ជា​ករណី​ដូច​កាល​ពី​មុន»។

លោក​ ផៃ ​ស៊ីផាន ​បាន​បញ្ជាក់​ពី​ការទទួល​ស្គាល់​បន្ថែម​ពី​ស្នា​ព្រះហស្ថ​របស់​ព្រះ​មហា​វីរក្សត្រ​ថា​ព្រះអង្គ​បាន​ទាមទារ​ប្រាសាទ​ព្រះ​វិហារ​និង​អធិបតេយ្យភាព​ជាតិ​កម្ពុជា​ជា​មួយ​នឹង​ការ​ប្រើ​ប្រាស់​ផែនទី​អន្តរ​ជាតិ​ក្នុង​តុលាការ​យុត្តិធម៌​អន្តរជាតិ ដែល​ ជា​ចំណុច​សំខាន់​បំផុត។

សម្តេច​ឪ​ព្រះជន្ម​៨៨ព្រះ​វស្សា​ដែល​គេ​ទទួល​ស្គាល់​ថា​ជា​អ្នក​នយោ​បាយ​ជើង​ចាស់កាន់​អំណាច ​និង ​សោយ​រាជ្យ​ជា​មហាក្សត្រ​ជា​ច្រើន​ទសវត្សរ៍​នោះ​ ត្រូវ​គេ​ចាត់​ទុក​ថា​គឺ​ជា​ក្សត្រ​ដ៏​មាន​ឥទ្ធិពល​នយោ​បាយ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។ ព្រះអង្គ​បាន​ដាក់​រាជ្យ​កាល​ពី​ឆ្នាំ២០០៤​ ហើយ​កំពុង​គង់​ព្យាបាល​ព្រះ​រោគ​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។

ប្រទេស​កម្ពុជា​និង​ថៃ​មាន​បញ្ហា​វិវាទ​ព្រំដែន​ជាមួយ​គ្នា​ឈាន​ដល់​ការ​វាយ​ប្រយុទ្ធ​គ្នា​ជា​ច្រើន​លើក​ រហូត​ដល់​មាន​ការ​ស្លាប់​និង​របួស​ទាំង​សង​ខាង​ និង​ធ្វើ​ឲ្យ​បែក បាក់​ដល់​ប្រាសាទ​ព្រះវិហារ​ផង​ដែរ​ដោយ​សារ​តែ​ការ​ចោទ​ប្រកាន់​រឿង​ រំលោភ បំពាន​បូរណភាព​ដែន​ដី​ទៅ​វិញ​ទៅមក​ ជា​ពិសេស​ដី​នៅ​ក្បែរ​ បរិវេណ​ប្រាសាទ​ ព្រះវិហារ​របស់​ខ្មែរ។​ ថៃ​បាន​ចាត់​ទុក​ថា​តុលាការ​អន្តរជាតិ​បាន​កាត់​តែ​ប្រាសាទ​ ឲ្យ​ភាគី​កម្ពុជា​ទេ​ មិន​មែន​ដី​នៅ​ក្បែរ​នោះ​ទេ។​ ក៏​ប៉ុន្តែ​កម្ពុជា​វិញ​បាន​អះអាង ដោយ​ឈរ​លើ​ផែនទី​អន្តរជាតិ​ទទួល​ស្គាល់​ថា​ដី​ដែល​មាន​ជម្លោះ​ជា​ដី​របស់​ខ្មែរ​ដូច​ជា​មាន​ចែង​ក្នុង​ឧប​សម្ព័ន្ធ​ផែនទី ​ហើយ​នឹង​ឯកសារ​ដែល​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ​បាន​ប្រើ​ប្រាស់​ក្នុង​ការ​កាត់​ក្តី​ឲ្យ​មក​កម្ពុជា៕

XS
SM
MD
LG