ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួក​អ្នក​សង្កេត​ការណ៍​ជជែក​ដេញ​ដោល​ពី​ភាព​ជោគ​ជ័យ​នៃ​ការ​បោះឆ្នោត​សភា​អាហ្វហ្គានីស្ថាន


ពួក​អ្នក​សង្កេត​ការណ៍​ការ​បោះឆ្នោត​សភា​ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​ថ្ងៃ​សៅរ៍​កំពុង​ជជែក​ដេញ​ដោល​ថា​ តើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​នឹង​ក្លាយ​ជា​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ​តាម​ច្បាប់​ឬ​យ៉ាង​ណា?​ គណៈ​កម្មការ​ទទួល​ពាក្យ​បណ្តឹង​បោះឆ្នោត​អាហ្វហ្គានីស្ថានប្រាប់​ឲ្យ​ដឹង​ថា៖​ ខ្លួន​បាន​ទទួល​សេចក្តី​រាយ​ការណ៍​ចោទ​ប្រកាន់​ពី​ភាព​មិន​ប្រក្រតី​ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​សន្លឹក​ឆ្នោត​បន្ត​ហូរ​ចូល​ពី​ខេត្ត​ដាច់​ស្រយាល​មក​នោះ​ ​ពួក​មន្ត្រី​និយាយ​ថា​ ​ប៉ុន្មាន​សប្តាហ៍​ទៀត​ឯ​ណោះ​ទើប​គេ​ដឹង​អំពី​លទ្ធ​ផល​ផ្តាច់​ព្រាត់។

ក្រុម​អ្នក​សង្កេត​ការណ៍​ការ​បោះឆ្នោត​អាហ្វហ្គានីស្ថាន​ដ៏​សំខាន់​មួយ​និយាយ​ថា​ ​ភាព​ត្រឹមត្រូវ​តាម​ច្បាប់​នៃ​ការ​បោះឆ្នោត​សភា​កាល​ពី​ថ្ងៃ​សៅរ៍​អាច​មាន​បញ្ហា។​ ​អង្គការ​មូល​និធិ​នៃ​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិ​ធម៌​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​ប្រាប់​ឲ្យ​ដឹង​ថា​ ខ្លួន​មាន​ការ​ព្រួយ​បារម្មណ៍​យ៉ាង​ខ្លាំង​អំពី​គុណភាព​នៃ​ការ​បោះឆ្នោត​ ដោយ​លើក​ឡើង​អំពី​បញ្ហា​អសន្តិសុខ​ ​ហើយ​និង​មាន​ការ​តវ៉ា​ជាច្រើន​អំពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត។

លោក ​Ahmad​ Nader ​Nadery ​ជា​នាយក​របស់​អង្គការ​នោះ។

លោក​និយាយ​ថា​ ​មាន​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ជា​ច្រើន​អំពី​គុណភាព​នៃ​ការ​បោះឆ្នោត។​ លោក​និយាយ​ថា​ ​ក្រុម​របស់​លោក​កំពុង​ទទូច​ថា​ «សេចក្តី​សុចរិត​នៃ​សន្លឹក​ឆ្នោត​របស់​ប្រជា​ពលរដ្ឋ​ ត្រូវ​តែ​មាន​ការ​ការ​ពារ​ ​ពីព្រោះ​ប្រជា​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​បាន​ធ្វើ​ពលិកម្ម​យ៉ាង​ច្រើន​ដើម្បី​ចូល​រួម​ការ​បោះឆ្នោត​នេះ»។

លោក​ Alessandro Parziale ​ជា​នាយក​របស់​អង្គការ​ប្រជាធិប​តេយ្យ​អន្តរជាតិ​ប្រចាំ​ប្រទេស​នេះ។​ អង្គការ​នេះ​ក៏​បាន​ឃ្លាំ​មើល​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​សៅរ៍​ដែរ។

លោក​និយាយ​ថា «ពួក​គេ​នៅ​កំពុង​ប្រមូល​ព័ត៌មាន​មក​ពី​ក្រុម​អ្នក​សង្កេត​ការណ៍​ពី​ជុំវិញ​ប្រទេស»។

លោក ​Parziale ​និយាយ​ទៀត​ថា​ លោក​ជឿ​ជាក់​ថា​ ​វា​មាន​ការ​ពិបាក​ធ្វើការ​វាយ​តម្លៃ​អំពី​ជោគជ័យ​នៃ​ការ​បោះឆ្នោត​នោះ​ ​ពីព្រោះ​ការ​បោះឆ្នោត​នេះ​ទើប​កន្លង​ទៅ​បាន​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ។

«នៅ​ពេល​នេះ​សម្រាប់​ពួក​យើង​ ​វា​ជា​ការ​ពិបាក​ដើម្បី​និយាយថា​តើ​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ឬ​ក៏​អត់​នោះ​ទេ។​ វា​នឹង​ក្លាយ​ជា​ការ​មិន​ទទួល​ខុសត្រូវ​ដោយ​និយាយ​ពី​បញ្ហា​នេះ​នៅ​ថ្ងៃ​នេះ»។

គេ​រំពឹង​ថា​ ​លទ្ធ​ផល​បោះឆ្នោត​ដំបូងៗ​នឹង​បាន​ដឹង​នៅ​ខែ​ក្រោយ​ ​ដោយ​លទ្ធ​ផល​ផ្តាច់ព្រាត់​ទំនង​ជា​នឹង​ត្រូវ​ប្រកាស​នៅ​ចុង​ខែតុលា​ ​បន្ទាប់​ពី​បណ្តឹង​នៃ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ឬ​ការ​អនុវត្ត​មិន​បាន​ត្រឹម​ត្រូវ​ ​ត្រូវ​បាន​ដោះស្រាយ។

គណៈ​កម្មការ​ទទួល​ពាក្យ​បណ្តឹង​ការ​បោះឆ្នោត​អាហ្វហ្គានីស្ថាន​ ​ប្រាប់​ឲ្យ​ដឹង​ថា​ ​ខ្លួន​បាន​ទទួល​សេចក្តី​រាយ​ការណ៍​ចោទ​ប្រកាន់​អំពី​ភាព​មិន​ប្រក្រតី ​ រួម​បញ្ចូល​ទាំង​ការ​បើក​មជ្ឈ​មណ្ឌល​ស្ថានីយ៍​បោះឆ្នោត​យឺត​ ការ​ខ្វះ​សន្លឹក​ឆ្នោត​ ​ហើយ​និង​ការ​បន្លំ​ពេល​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត។

កង​កម្លាំង​សន្តិសុខ​អន្តរ​ជាតិ​ ​ដឹកនាំ​ដោយ​អង្គការ​អូតង់​ ​ក៏​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ ​ខ្លួន​បាន​កត់ត្រា​ឧប្បត្តិ​ហេតុនៃ​អំពើ​ហិង្សា​ជាង​៣០០​ករណី​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត។

រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​អាហ្វហ្គានីស្ថាន​រាយ​ការណ៍​ថា​ ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​២២​នាក់​ដែរ​ ​បាន​ស្លាប់​ក្នុង​អំពើ​ហិង្សា​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស។

កាល​ពី​ថ្ងៃ​អាទិត្យ​ ​គណៈ​កម្មការ​រៀបចំ​ការ​បោះឆ្នោត​ឯករាជ្យ​ ​ប្រាប់​ឲ្យ​ដឹង​ថា​ ​គេ​បាន​រក​ឃើញសាកសព​របស់​បុគ្គលិក​រៀបចំ​ការ​បោះឆ្នោត​៣​នាក់​ដែល​ត្រូវ​គេ​ចាប់​ពង្រត់​កាល​ពី​ថ្ងៃ​សៅរ៍​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ភាគ​ខាង​ជើង។

ទោះ​បី​មាន​បញ្ហា​ដូច្នេះ​ក៏​ដោយ​ ​ក៏​លោក ​Fazal ​Ahmad ​Mainawi ​ប្រធាន​គណៈ​កម្មការ​រៀបចំ​ការ​បោះឆ្នោត​ឯករាជ្យ​ (IEC)​ និយាយ​ថា​ ​នេះ​ជា​ការ​បោះឆ្នោត​ប្រកប​ដោយ​ជោគជ័យ។

លោក​និយាយ​ថា​ ​លោក​ជឿ​ថាមាន​គុណ​វិបត្តិ​ខ្លះ។ ​លោក​និយាយ​ទៀត​ថា​ «បញ្ហា​នេះ​ត្រូវ​គេ​រំពឹង​ថា​ ​នឹង​កើត​មាន​ឡើង​ដោយសារ​តែ​ស្ថាន​ភាព​ប្រទេស​អាហ្វហ្គានីស្ថាន​វា​យ៉ាង​ហ្នឹង។​ លោក​សន្យា​ថា​ ​អង្គការ​របស់​លោក​នឹង​ស៊ើប​អង្កេត​ពាក្យ​បណ្តឹង​ទាំង​អស់»។

ពួក​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​អាហ្វហ្គានីស្ថាន​កំពុង​ប៉ាន់​ស្មាន​ថា​ ​មាន​មនុស្ស​៣​លាន​៦​សែន​នាក់​បាន​បោះ​ឆ្នោតកាល​ពី​ថ្ងៃ​សៅរ៍​ ​ដែល​មាន​ចំនួន​ទាប​យ៉ាង​ខ្លាំង​ ប្រៀប​ធៀប​នឹង​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​ទៅ​ដែល​មាន​អ្នក​បោះឆ្នោត​ជិត​៦​លាន​នាក់។

បេក្ខ​ជន​ជាង​២.៥០០​នាក់​បាន​ចូល​រួម​ប្រកួត​ប្រជែង​យក​អាសនៈ​ចំនួន​២៤៩​នៅ​ក្នុង​សភា​ជាន់​ទាប​របស់​អាហ្វហ្គានីស្ថាន។​ កង​ទ័ព​និង​ប៉ូលិស​អាហ្វហ្គានីស្ថាន​ជិត​៣​សែន​នាក់​ដែល​គាំទ្រ​ដោយ​កង​ទ័ព​អន្តរ​ជាតិ​១៥០.០០០នាក់​ ​បាន​ផ្តល់​សន្តិសុខ​ក្នុង​អំឡុង​ការ​បោះឆ្នោត​នេះ៕

XS
SM
MD
LG