លោកបារ៉ាក់អូបាម៉ា ប្រធានាធិបតីអាមេរិក និយាយថា ព័ត៌មានអំពីអត្រាអត់ការងារធ្វើបានថយចុះបន្តិចគឺជាព័ត៌មានគួរជាទីស្វាគមន៍ ក៏ប៉ុន្តែលោកនិយាយថា លោកចង់ឲ្យការងើបឡើងវិញផ្នែកសេដ្ឋកិច្ចនេះបង្កើនសន្ទុះថែមទៀត។ អត្រាអត់ការងារធ្វើបានធ្លាក់ចុះ១ភាគ១០នៃ១ភាគរយក្នុងខែកុម្ភៈដល់៨,៩ភាគរយ។
លោកប្រធានាធិបតីអូបាម៉ាបានប្រាប់សិស្សវិទ្យាល័យនៅក្រុង Miami រដ្ឋ Florida កាលពីថ្ងៃសុក្រថា មានហេតុផលធ្វើឲ្យមានសុទិដ្ឋិនិយមអំពីទិសដៅលូតលាស់នៃសេដ្ឋកិច្ចរបស់ប្រទេសជាតិ។
«នៅព្រឹកនេះ យើងទទួលបានព័ត៌មានថា អត្រាអត់ការងារធ្វើបានធ្លាក់ចុះមកដល់កម្រិតទាបបំផុតក្នុងពេលជិត២ឆ្នាំនេះ។ សេដ្ឋកិច្ចរបស់យើងបានបង្កើនការងារធ្វើចំនួន២២ម៉ឺន២ពាន់ក្នុងផ្នែកឯកជន។ ផ្នែកឯកជនមានកំណើនការងាររយៈពេល១២ខែជាប់ៗគ្នា»។
ក៏ប៉ុន្តែលោកប្រធានាធិបតីបានរំឭកប្រាប់ទស្សនិកជនថា ដំណើរសេដ្ឋកិច្ចងើបឡើងវិញនេះទើបតែចាប់ផ្តើមប៉ុណ្ណោះ។
«ដូច្នេះឥឡូវសេដ្ឋកិច្ចរបស់យើងបានបង្កើនការងារនៅក្នុងផ្នែកឯកជនចំនួន១,៥លានកាលពីឆ្នាំទៅ។ នេះជាការជឿនលឿន ក៏ប៉ុន្តែយើងត្រូវបន្តកសាងសន្ទុះរីកចម្រើននេះតទៅទៀត»។
ដោយសារមានការបាត់បង់ការងារធ្វើចំនួន៣ម៉ឺននៅក្នុងស្ថាប័នរដ្ឋ និងសហព័ន្ធក្នុងខែកុម្ភៈ ដូច្នេះទូទាត់ទៅ ចំនួនការងារធ្វើកើនបាន១៩ម៉ឺន២ពាន់។ ប៉ុន្តែកំណើនការងារធ្វើបន្ថែមទៀតក្នុងផ្នែកឯកជនចំនួន២២ម៉ឺន២ពាន់គឺជាអត្រាកំណើនការងារច្រើនបំផុតតាំងពីខែមេសាឆ្នាំទៅ។
តាំងពីឆ្នាំ១៩៨៣មក អត្រាអត់ការងារធ្វើធ្លាក់ចុះពី៩,៨%ក្នុងខែវិច្ឆិកាមកនៅត្រឹម៨,៩%ក្នុងខែកុម្ភៈគឺជាតួលេខធ្លាក់ចុះច្រើនបំផុតក្នុងរយៈពេល៣ខែ។
លោកJohn Boehner ប្រធានរដ្ឋសភា បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍អបអរសារទរចំពោះការធ្លាក់ចុះនៃអត្រាអត់ការងារនេះ។ ប៉ុន្តែលោកបានបន្ទោសនីតិកម្មឆ្នាំ២០០៩របស់រដ្ឋបាលលោកអូបាម៉ាសម្រាប់ជំរុញសេដ្ឋកិច្ច។ លោកនិយាយថា នីតិកម្មនេះបង្កើតអ្វីដែលលោកហៅថា «រដ្ឋាភិបាលចាយធំ» ដែលលោក Boehner អះអាងថា ធ្វើឲ្យរាំងស្ទះការងើបឡើងវិញរបស់សេដ្ឋកិច្ច។
Austan Goolsbee ដែលជាទីប្រឹក្សាកំពូលផ្នែកសេដ្ឋកិច្ចរបស់លោកប្រធានាធិបតី បានហៅនិន្នាការសេដ្ឋកិច្ចទូទៅក្នុងពេលពីរបីខែកន្លងទៅនេះថា ជានិន្នាការនាំឲ្យមានកម្លាំងចិត្ត។ ក៏ប៉ុន្តែលោកបានរំឭកថា គេមិនត្រូវសំអាងតាមរបាយការណ៍កំណើនខ្លាំងក្នុងខែណាមួយទេ ហើយលោកបាននិយាយថា មានកិច្ចការច្រើនទៀតត្រូវធ្វើ ដើម្បីបង្កើនការងារមកជំនួសការងារដែលបាត់បង់ជិត៨លាន អំឡុងពេលសេដ្ឋកិច្ចធ្លាក់ចុះនោះ។
អ្នកសេដ្ឋកិច្ចជាច្រើនយល់ស្របថា ចំនួនការងារថ្មីកើនឡើងនេះគឺជាសញ្ញាបង្ហាញទំនុកចិត្តលើការកសាងសេដ្ឋកិច្ចឡើងវិញ។ ប៉ុន្តែអ្នកខ្លះរំឭកថា តួលេខអត់ការងារធ្វើអាចកើនឡើងវិញ នៅពេលអ្នកដែលបានឈប់ស្វែងរកការងារធ្វើកន្លងមក ចាប់ផ្តើមរកការងារធ្វើជាថ្មី។
លោកប្រធានាធិបតីអូបាម៉ាបានទៅទស្សនកិច្ចវិទ្យាល័យ Miami Central High School ដើម្បីផ្សព្វផ្សាយគំនិតផ្តួចផ្តើមរបស់លោក ធ្វើឲ្យវិស័យអប់រំសិក្សាធិការអាមេរិកប្រសើរឡើង ដែលលោកនិយាយថា ជាកត្តាសំខាន់សម្រាប់ពង្រឹងសេដ្ឋកិច្ចអាមេរិក។ Jeb Bush អតីតអភិបាលរដ្ឋ Floridaបានចូលរួមជាមួយលោកប្រធានាធិបតី។ Jeb Bush មកពីខាងគណបក្សសាធារណរដ្ឋ និងជាបងប្អូនប្រុសរបស់លោកអតីតប្រធានាធិបតី George W Bush ដែលជាប្រធានាធិបតីកាន់តំណែងមុនលោកបារ៉ាក់អូបាម៉ា៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ