នៅក្នុងភាពចលាចលខាងទីផ្សារហ៊ុន ដែលកើតមានកាលពីសប្តាហ៍មុន លោកប្រធានាធិបតី អូបាម៉ា បានប្រឈមមុខទៅនឹងការរិះគន់កាន់តែខ្លាំងទៅលើភាពជាអ្នកដឹកនាំនិងគោលនយោបាយសេដ្ឋកិច្ចរបស់លោក។ ការរិះគន់មួយចំនួនត្រូវបានធ្វើឡើងដោយបេក្ខជនដំណែងប្រធានាធិបតីឆ្នាំ២០១២ របស់គណបក្សសាធារណរដ្ឋផង និងចេញពីអ្នកកាសែតនិងឥស្សរជនអាមេរិកាំងដើមកំណើតអាហ្វ្រិកឆ្នើមៗមួយចំនួនផង។
ការរិះគន់កាន់តែខ្លាំងទៅលើលោក អូបាម៉ា បានកើតឡើងបន្ទាប់ពីការសម្រុះសម្រួលដ៏លំបាករបស់លោកជាមួយក្រុមអ្នកសាធារណរដ្ឋចំពោះឳនភាពនិងកញ្ចប់នៃគម្រោងកាត់បន្ថយបំណុលក្នុងទឹកប្រាក់ចំនួន ២.៤ លានលានដុល្លារ និងចំពេលដែលទីផ្សារភាគហ៊ុនឡើងចុះដោយគ្រប់គ្រងលែងបាន បន្ទាប់ពីការបញ្ចុះពិន្ទុនៃការជំពាក់បំណុលរបស់សហរដ្ឋអាមេរិក ដោយទីភ្នាក់ងារកំណត់ពិន្ទុឥណទានយ៉ាងធំមួយ។
ការរិះគន់ក៏ផ្តោតទៅលើអ្វីដែលសេដ្ឋវិទូភាគច្រើនយល់ស្របនោះដែរ គឺថាកម្មវិធីជួយសង្រ្គោះសេដ្ឋកិច្ចចំនួន ៨០០ ពាន់លានដុល្លាររបស់លោកប្រធានាធិបតី ដែលអនុម័តដោយរដ្ឋសភាកាលពីពីរឆ្នាំមុន សម្រាប់ឆ្លើយតបទៅនឹងវិបត្តិហិរញ្ញវត្ថុនិងដំណើរសេដ្ឋកិច្ចមិនជឿនលឿននោះ គឺមិនគ្រប់គ្រាន់សម្រាប់ការបង្កើនការងារនិងរក្សាបាននូវការងើបឡើងវិញនោះទេ។
ក្នុងចំណោមបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋសម្រាប់ឆ្នាំ២០១២ ដែលស្វះស្វែងដើម្បីជំនួសលោក អូបាម៉ា នៅឯសេតវិមាន លោក មីត រ៉ូមនី (Mitt Romney) អតីតអភិបាលរដ្ឋ ម៉ាសាជូសេត (Massachusetts) កំពុងប្រើប្រាស់ភាសាដ៏មុតស្រួចកាន់តែខ្លាំងឡើងដើម្បីផ្ចាញ់ផ្ចាលចំពោះអ្វីដែលលោកពណ៌នាថាជាភាពខ្វះបទពិសោធន៍របស់លោកប្រធានាធិបតី។
លោក រ៉ូមនី បាននិយាយដូច្នេះនៅឯកិច្ចពិភាក្សាទល់គ្នារបស់បេក្ខជនគណបក្សសាធារណរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ ក្នុងរដ្ឋ អាយអូវ៉ា (Iowa)។
«ខ្ញុំនឹងមិនពិសាអាហារសម្រាប់ឆ្កែរបស់លោក បារ៉ាក់ អូបាម៉ា ទេ។ អ្វីដែលលោកបានផ្តល់ជូន មិនមែនជាអ្វីដែលខ្ញុំយកមកធ្វើនោះទេ ប្រសិនបើខ្ញុំជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកវិញនោះ»។
ការវាយតម្លៃដ៏ធ្ងន់ធ្ងរបំផុតមួយចំនួនទៅលើលោក អូបាម៉ា ផុសចេញពីអ្នកកាសែតឆ្នើមៗខ្លះ ដែលចោទសួរអំពីសមត្ថភាពដឹកនាំរបស់លោកប្រធានាធិបតី ព្រមទាំងសមានចិត្តផ្ទាល់ខ្លួនរបស់លោកទៀតផង។
អ្នកធ្វើអត្ថាធិប្បាយដទៃទៀត ដោយមិននិយាយដល់ក្រុមអ្នកតាក់តែងច្បាប់និយមឆ្វេងជ្រុលនៃគណបក្សប្រជាធិបតេយ្យរបស់លោក អូបាម៉ា ផងនោះ បានចោទសួរពីការប្តេជ្ញាចិត្តរបស់លោកក្នុងការប្រឈមមុខទៅនឹងអ្វីដែលលោកប្រធានាធិបតីខ្លួនឯងបានពណ៌នាថាជាភាពដាច់អហង្ការរបស់គណបក្សសាធារណរដ្ឋ។
ជាការពិតណាស់ លោក អូបាម៉ា មិនមែនជាប្រធានាធិបតីដំបូងបង្អស់មកពីគណបក្សនយោបាយធំណាមួយ ដែលប្រឈមមុខទៅនឹងការរិះគន់ខ្លាំងៗបែបនេះ នៅក្នុងដំណាក់កាលនៃអាណត្តិដំបូងរបស់លោកឡើយ។
ប៉ុន្តែសម្រាប់លោកប្រធានាធិបតីអាមេរិកាំងដែលមានដើមកំណើតអាហ្វ្រិកដំបូងរបស់ប្រទេសនេះវិញ ការថ្លែងកាលពីប៉ុន្មានខែថ្មីៗនេះរបស់ឥស្សរជនអាមេរិកាំងដើមកំណើតអាហ្រ្វិកឆ្នើមៗពីររូប អាចជាការទិតៀនដ៏គួរឲ្យឈឺចាប់ជាងធម្មតា។
លោក ខ័រណែល វ៉េស (Cornel West) សាស្រ្តាចារ្យដែលនិយាយឥតសំចៃនៅសាកលវិទ្យាល័យ ព្រីនស្តុន(Princeton University) បង្កឲ្យមានភាពចម្រូងចម្រាស់កាលពីដើមឆ្នាំនេះ ដោយនិយាយថា លោក អូបាម៉ា ស្ថិតនៅក្នុងគ្រោះថ្នាក់«អាចក្លាយទៅជាអ្នកតំណាងមុខមាត់ស្បែកខ្មៅម្នាក់ទៀតរបស់មហទ្ធជននៃសង្កាត់ពាណិជ្ជកម្មវ័លស្ទ្រីត (Wall Street)»។
ការអធិប្បាយនេះគឺសំដៅទៅរកការរិះគន់ដែលថាលោក អូបាម៉ា មានភាពជិតស្និទ្ធខ្លាំងពេកទៅនឹងធនាគារនិងអ្នកមានឥទ្ធិពលដទៃទៀតនៅវ៉លស្ត្រីត ក្នុងពេលដែលលោកព្យាយាមជំរុញឲ្យមានការងើបឡើងខាងសេដ្ឋកិច្ចនិងការបង្កើនការងារជាដើម។
ការរិះគន់ផ្សេងទៀតបានលេចចេញមកពីតួអង្គដ៏ល្បីតាមកញ្ចក់ទូរទស្សន៍ជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិក គឺលោក ថាវីស ស្មាយលី (Tavis Smiley) ដែលបានធ្វើដំណើរទូទាំងប្រទេសជាមួយលោក វ៉េស ក្នុងដំណើរដែលលោក ស្មាយលី ហៅថា «ទស្សនកិច្ចពិនិត្យមើលពីភាពក្រីក្រ»ដើម្បីធ្វើឲ្យលោក អូបាម៉ា «មានការទទួលខុសត្រូវ»។
នៅពេលត្រូវបានសួរអំពីការរិះគន់បែបនេះក្នុងអំឡុងពេលធ្វើសន្និសិទសារព័ត៌មានកាលពីពេលថ្មីៗនេះ លោក ចេ ខារនី (Jay Carney) លេខាធិការទទួលបន្ទុកសារព័ត៌មានរបស់សេតវិមាន បានថ្លែងថា លោក អូបាម៉ា មិនគ្រាន់តែផ្តោតទៅលើការធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ចជារួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតទៅលើអ្នកដែលកំពុងត្រដាបត្រដួសបំផុតទៀតផង។
«ប្រធានាធិបតីរូបនេះបានផ្តោតយ៉ាងខ្លាំងទៅលើជនជាតិអាមេរិកាំងទាំងឡាយណា ដែលកំពុងរងនូវការឈឺចាប់ក្នុងអំឡុងពេលសេដ្ឋកិច្ចមានភាពចលាចល និងគោលនយោបាយដែលលោកបានចូលរួមបង្កើតនិងជំរុញទៅមុខ បានគិតពិចារណាយ៉ាងហ្មត់ចត់ណាស់ ទៅលើអ្នកដែលទទួលផលប៉ះពាល់ធ្ងន់ធ្ងរបំផុត»។
ទោះបីជាមានការរិះគន់ពីសំណាក់ជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកដ៏ល្បីល្បាញទាំងពីររូបនេះក៏ដោយ ក៏ការគាំទ្រចំពោះលោក អូបាម៉ា ក្នុងចំណោមជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកនៅតែរឹងមាំដដែល បើទោះជាការស្ទង់មតិថ្មីៗនេះបង្ហាញឲ្យឃើញសញ្ញាថា ការគាំទ្របែបនោះអាចកំពុងចុះខ្សោយ។
ក្រុមមន្ត្រីសេតវិមានមានប្រសាសន៍ថា លោកប្រធានាធិបតីនៅតែផ្តោតទៅលើផលប៉ះពាល់ដែលវិបត្តិហិរញ្ញវត្ថុបានបង្កទៅលើសហគមន៍ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិកនិងជនជាតិភាគតិចផ្សេងៗទៀត ដែលនេះជាចំណុចរំឭកឡើងវិញកាលពីខែកក្កដា នៅពេលដែលលោកបានជួបជាមួយលោក ម៉ាស ម៉ូរ៉ល (Marc Moral) ប្រធានសម្ព័ន្ធទីក្រុងរបស់ប្រទេស (National Urban League)។
«អត្រាអត់ការងារធ្វើរបស់ជនជាតិស្បែកខ្មៅនៅតែបន្តកើនឡើង បើទោះជាអ្នកបានបង្កើតការងារនៅក្នុងវិស័យឯកជនយ៉ាងណាក៏ដោយ»។
ដោយមានការឈប់សំចតកាលពីពេលថ្មីៗនេះនៅពាសពេញប្រទេស នៅក្នុងយុទ្ធនាការរៃអង្គាសប្រាក់ និងដំណើរទស្សនកិច្ចតាមរថយន្តក្រុងនៅរដ្ឋចំនួនបីនៅសប្តាហ៍ក្រោយ ដែលស្ថិតនៅក្នុងសហរដ្ឋអាមេរិកភាគកណ្តាលនិងខាងលិច លោក អូបាម៉ា កំពុងពង្រឹងការឆ្លើយតបនិងការពន្យល់របស់លោកស្តីពីគោលនយោបាយរបស់លោក។
នៅឯរោងចក្រផលិតអាគុយមួយក្នុងរដ្ឋ មីឈីហ្គិន (Michigan) កាលពីសប្តាហ៍កន្លងទៅ លោកបានទទួចសុំឲ្យពលរដ្ឋអាមេរិកាំងដាក់សម្ពាធទៅលើសមាជិករដ្ឋសភា ដើម្បីបញ្ឈប់អ្វីដែលលោកបានពណ៌នាថាជាភាពប្រកាន់គណបក្សនិងភាពគាំងស្ទះ ដែលលោកមានប្រសាសន៍ថាបានធ្វើឲ្យបាត់បង់សេចក្តីទុកចិត្តរបស់សាធារណជន៕
ប្រែសម្រួលដោយ លី សុខឃាង