ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូបាម៉ា​ប្រើយុទ្ធសាស្រ្ត​វាយ​អង្អែល​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​ និង​អាហ្រ្វិក​ខាង​ជើង​


លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​ថ្លែង​សុន្ទរកថា​ស្ដី​អំពី​មជ្ឈិម​បូព៌ា​​នៅ​ក្រសួង​ការបរទេស​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ នៅ​ថ្ងៃ​ទី​១៩​ឧសភា​ ឆ្នាំ​២០១១​។​
លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​ថ្លែង​សុន្ទរកថា​ស្ដី​អំពី​មជ្ឈិម​បូព៌ា​​នៅ​ក្រសួង​ការបរទេស​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ នៅ​ថ្ងៃ​ទី​១៩​ឧសភា​ ឆ្នាំ​២០១១​។​

នៅ​ក្នុង​សុន្ទរកថា​សំខាន់​មួយ​ស្តីពី​ការ​ប្រែប្រួល​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ភូមិភាគ​មជ្ឈិមបូព៌ា​ និង​ផ្នែក​ខាង​ជើង​នៃ​ទ្វីបអាហ្វ្រិក​ លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​មាន​ប្រសាសន៍​ថា​ សហរដ្ឋ​អាមេរិកឈរ​យ៉ាង​មាំទាំ​នៅ​ខាង​ប្រជារាស្ត្រ​ដែល​ធ្វើការ​តវ៉ា​ឱ្យ​មាន​កំណែទម្រង់​ប្រជាធិបតេយ្យ​ និង​ប្រឆាំង​នឹង​អំពើ​ហិង្សាដែល​បាន​ត្រូវ​ប្រើប្រាស់​ដោយ​រដ្ឋាភិបាល​ខ្លះ​ប្រឆាំង​នឹង​ក្រុមបាតុករ។ សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​ ដែល​លោក​បាន​ថ្លែង​នៅ​ឯ​ក្រសួង​ការ​បរទេស​ ជា​ការ​ផ្សំ​មួយ​រវាង​ការ​ផ្តល់​ជំនួយ​ និង​ការ​គំរាម​កំហែង​នៅ​ពេល​លោក​ប្រកាស​អំពី​ការ​ផ្តល់​ជំនួយ​ថ្មី​ដើម្បី​ជួយ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​ ដែល​ចាក់​ឫស​នៅ​ក្នុង​ប្រទេស​ អេហ្ស៊ីប​ និង​ទុយនីស៊ី​ ហើយ​លោក​បាន​ថ្កោលទោស​យ៉ាងខ្លាំង​ដល់​ប្រធានាធិបតី​នៃ​ប្រទេស​ស៊ីរី​ចំពោះ​ការ​បង្ក្រាប​របស់​លោក​លើ​ក្រុម​បាតុករ​ដែល​បាន​ធ្វើការ​តវ៉ាដោយ​សន្តិវិធី។

ដោយ​មាន​ប្រសាសន៍​ថា​ សហរដ្ឋ​អាមេរិក​នឹង​និយាយ​ដើម្បី​គោលការណ៍​ស្នូល និង​សិទ្ធិ​សាកល​ និង​ជំទាស់​នឹង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ និង​ការ​បង្ក្រាប​ លោក​អូបាម៉ា​បាន​បញ្ជាក់​ច្បាស់​លាស់​អំពី​គោលជំហរ​របស់​សហរដ្ឋ​អាមេរិក​ស្តី​ពី​ការ​ប្រែប្រួល​ក្នុង​តំបន់​នោះ។​ លោក​ប្រធានាធិបតី​មាន​ប្រសាសន៍​ថា៖

«យើង​គាំទ្រ​ដល់​កំណែទម្រង់​នយោបាយ​ និង​សេដ្ឋកិច្ច​ក្នុង​ភូមិភាគ​មជ្ឈិម​បូព៌ា និង​ផ្នែក​ខាង​ជើង​នៃ​ទ្វីប​អាហ្វ្រិក​ដែល​អាច​បំពេញ​សេចក្តីប្រាថ្នា​ត្រឹមត្រូវ​តាម​ច្បាប់​របស់​ក្រុម​ប្រជារាស្ត្រ​សាមញ្ញ​នៅ​ទូទាំង​តំបន់នោះ។ ការ​គាំទ្រ​របស់​យើង​ដល់​គោលការណ៍​ទាំង​នេះ​មិនមែន​ជា​ការ​យក​ចិត្ត​ទុក​ដាក់​បន្ទាប់​បន្សំ​ទេ។​នៅ​ថ្ងៃ​នេះ​ខ្ញុំ​ចង់​និយាយ​ឲ្យ​ច្បាស់​លាស់​ថា​ វា​ជា​អាទិភាព​កំពូល​មួយ​ដែល​ត្រូវ​តែ​ធ្វើ​ឱ្យ​ក្លាយ​ទៅ​ជា​សកម្មភាព​ជាក់ស្តែង​ និង​ត្រូវ​គាំទ្រ​ដោយ​ការទូត​ សេដ្ឋកិច្ច​ និង​យុទ្ធសាស្ត្រ​ដែល​យើង​មាន»។

ដើម្បី​ជួយ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​ចាក់​ឫស​ក្នុង​ប្រទេស​នានា​ដូចជា​ប្រទេស​ អេហ្ស៊ីប​ និងទុយនីស៊ី​ជាដើម​ លោកប្រធានាធិបតី​អូបាម៉ា​បាន​ប្រកាស​អំពី​ការ​ផ្តើម​គំនិត​ថ្មីៗ​ដើម្បី​គាំទ្រ​ដល់​ការ​កែ​ទម្រង់​សេដ្ឋកិច្ច​ ទំនើបកម្ម​ និង​វិនិយោគ។

ទាំង​អស់​នេះ​មាន​រួម​បញ្ចូល​ការ​សម្រាល​បំណុល​សម្រាប់​អេហ្ស៊ីប​ និង​សំណើ​មួយ​របស់​សហរដ្ឋ​អាមេរិក​ដល់​ធនាគារ​ពិភពលោក​ និង​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ឱ្យ​រៀបចំ​ផែនការ​មួយ​ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​នេះ​មាន​ស្ថិរភាព។ លោក​អូបាម៉ា​បាន​ភ្ជាប់​រលក​នៃ​ការបះបោរ​នៅ​ទូទាំងតំបន់​នោះ​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​ខាង​សេដ្ឋកិច្ច​ដែល​មិន​បាន​សម្រេច​តាម​បំណង​របស់​ប្រជារាស្ត្រ​។ ​លោកប្រធានាធិបតី​បន្ត​ថា៖

«ជា​សរុប​ នយោបាយ​តែ​មួយ​មិន​បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​តវ៉ា​ទៅ​ធ្វើ​បាតុកម្ម​តាម​ផ្លូវ​ទេ។ ចំណុច​សំខាន់​សម្រាប់​មនុស្ស​ច្រើន​នាក់​គឺ​កង្វល់​នៃ​ការ​រក​ម្ហូប​អាហារ​សម្រាប់​គ្រួសារ។ មនុស្ស​ច្រើន​នាក់​ក្នុង​តំបន់​នោះ​ងើប​ពី​ដំណេក​ដោយ​មាន​ការ​រំពឹង​បន្តិច​បន្តួច​អំពី​ម្ហូបអាហារ​សម្រាប់​ថ្ងៃ​នោះ​ ហើយ​ប្រហែល​មាន​ក្តី​សង្ឃឹម​ថា វាសនា​របស់​ពួកគេ​នឹង​ផ្លាស់​ប្តូរ»។

លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា​ ការ​ប្រែប្រួល​ជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ភូមិភាគ​មជ្ឈិមបូព៌ា​ និង​ប៉ែក​ខាង​ជើង​នៃ​ទ្វីប​អាហ្វ្រិក​ជា​ការផ្ទុយ​ស្រទ្បះ​នឹង​មនោគមវិជ្ជា​ប្រកប​ដោយ​ហិង្សា​របស់​អង្គការ​ អាល់កៃដា​ និង​ អូសាម៉ា ប៊ិន ឡាដិន​ ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ឆ្មក់​មួយ​ដោយ​អាមេរិក​ក្នុង​ប្រទេស​ ប៉ាគិស្ថាន។ ដោយ​ថ្លែង​ថា​ ប៊ិន ឡាដិន​“មិនមែន​ជា​ទុក្ករជន​ទេ​ ក៏​ប៉ុន្តែ​ជា​ឃាតករ​ម្នាក់​ដែល​បាន​សម្លាប់​មនុស្ស​អស់​ជា​ច្រើន​នាក់​។ លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា​ ប្រជារាស្ត្រ​នៃ​ភូមិភាគ​មជ្ឈិមបូព៌ា​ និង​ផ្នែក​ខាង​ជើងនៃ​ទ្វីប​អាហ្វ្រិក​បាន​ច្រានចោល​រួច​ស្រេច​ហើយ​នូវ​របៀបវារៈ​របស់​ពួក​ អាល់កៃដា។

ប្រែ​សម្រួល​ដោយ​ ឈឹម​ សុមេធ

XS
SM
MD
LG