លោកប្រធានាធិបតី Barack Obama បានចុះហត្ថលេខាលើច្បាប់ដែលនឹងតម្រូវឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកពិនិត្យតាមដានឲ្យបានខ្លាំងជាងមុននូវរដ្ឋាភិបាលណាដែលមិនប្រឆាំងនឹងការរំលោភសេរីភាពសារព័ត៌មាន ឬ យល់ព្រមឲ្យមានការរំលោភសេរីភាពទាំងនេះ។ ច្បាប់ Daniel Pearl Freedom of the Press Act ដែលត្រូវបានសភាសហរដ្ឋអាមេរិកអនុម័តកាលពីខែមុន ជាច្បាប់ដែលគេដាក់ឈ្មោះតាមអ្នកយកព័ត៌មានឲ្យ Wall Street Journal ម្នាក់ ដែលត្រូវក្រុមភេរវករចាប់ពង្រត់និងសម្លាប់នៅក្នុងប្រទេស Pakistan នៅក្នុងឆ្នាំ ២០០២។
ច្បាប់នេះបញ្ជាឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិកបញ្ចូលទៅក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីសិទ្ធិមនុស្សពិភពលោករបស់ខ្លួន នូវព័ត៌មានលម្អិតអំពីស្ថានភាពសេរីភាពសារព័ត៌មាននិងព័ត៌មានថាតើរដ្ឋាភិបាលនានាធ្វើការគាំទ្រ ឬ មិនប្រឆាំង ឬ ជាប់ទាក់ទងតែម្តងក្នុងការរំលោភសេរីភាពសារព័ត៌មាន។
ម្យ៉ាងទៀត សហរដ្ឋអាមេរិកនឹងពិនិត្យមើលអំពីសកម្មភាពរបស់រដ្ឋាភិបាលក្នុងការថែរក្សាសុវត្ថិភាពនិងឯករាជ្យភាពរបស់ប្រព័ន្ធផ្សាយព័ត៌មាននិងចាត់វិធានការដើម្បីឲ្យមានការកាត់ទោសអ្នកដែលវាយប្រហារឬសម្លាប់អ្នកយកព័ត៌មាន។
លោកប្រធានាធិបតី Obama បានចុះហត្ថលេខាលើច្បាប់នេះនៅក្នុងពិធីមួយក្នុងការិយាល័យប្រធានាធិបតី ឬ Oval Office ដោយលោកមានប្រសាសន៍ថា ច្បាប់នេះជាសារដ៏ខ្លាំងមួយអំពីតម្លៃសំខាន់ៗរបស់អត្តសញ្ញាណអាមេរិកាំងទាក់ទងនឹងសេរីភាពសារព័ត៌មាន និងការគាំទ្ររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះអ្នកយកព័ត៌មាន ដែលលោកថាអ្នកយកព័ត៌មានទាំងនេះសុទ្ធតែប្រថុយនឹងគ្រោះថ្នាក់នៅជុំវិញ ពិភពលោក។
«មានអ្នកយកព័ត៌មាននិងអ្នកសរសេរ blog ជាច្រើនដែលពោរពេញដោយសេចក្តីក្លាហាន ហើយថ្វីបើត្រូវប្រឈមនឹងគ្រោះថ្នាក់ផ្ទាល់ខ្លួនក្តី ក៏ពួកគាត់បានព្យាយាមចង្អុលបង្ហាញឲ្យឃើញនូវបញ្ហាសំខាន់ៗដែលប្រទេសរបស់ពួកគាត់កំពុងជួបប្រទះ ហើយពួកគាត់នេះជាអ្នកនៅជួរមុខប្រឆាំងនឹងអំពើផ្តាច់ការនិងការជិះជាន់»។
អ្នកដែលចូលរួមជាមួយលោកប្រធានាធិបតីនៅក្នុងពិធីនេះដែរ រួមមានលោក Judea ឪពុករបស់លោក Daniel Pearl នាង Ruth ជាម្តាយលោក នាង Michelle និង Tamara ជាបងប្អូនស្រីរបស់លោក នាង Mariane ជាភរិយាមេម៉ាយរបស់លោក និងកូនប្រុសអាយុ៨ឆ្នាំរបស់ពួកគាត់ឈ្មោះ Adam Daniel ដែលបានកើតនៅ៣ខែក្រោយពីលោក Daniel Pearl ត្រូវបានសម្លាប់ក្នុងពេលកំពុងយកព័ត៌មានអំពីក្រុម Al-Qaida នៅក្នុងប្រទេស Pakistan។
ច្បាប់នេះត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកកាលពីខែធ្នូឆ្នាំកន្លងទៅនេះដោយមានសំឡេងគាំទ្រ៤០៣ និងសំឡេងប្រឆាំង១២ ហើយត្រូវបានអនុម័តដោយឯកច្ឆន្ទដោយព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីខែមេសា។
ច្បាប់ Daniel Pearl Freedom of the Press Act តម្រូវឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិកបញ្ចូលនៅក្នុងការវាយតម្លៃរបស់ខ្លួននូវសកម្មភាពដែលរួមមាន ការវាយប្រហារដោយផ្ទាល់ ការជាប់ពន្ធនាគារ ការដាក់សម្ពាធនិងការចាប់ពិរុទ្ធដោយប្រយោលពីរដ្ឋាភិបាល ស្ថាប័នយោធា ស្ថាប័នស៊ើបការសម្ងាត់ កម្លាំងនគរបាល ក្រុមឧក្រិដ្ឋជន ឬ ក្រុមជ្រុលនិយម ឬ ក្រុមឧទ្ទាមដែលកាន់អាវុធ។
លោកប្រធានាធិបតី Obama បានហៅការស្លាប់របស់លោក Daniel Pearl ថាជាមេរៀនដ៏សំខាន់សម្រាប់ឲ្យពិភពលោកចងចាំអំពីគ្រោះថ្នាក់ដែលអ្នកយកព័ត៌មានទាំងឡាយត្រូវប្រឈមមុខពីក្រុមដែលព្យាយាមបំបិទសំឡេងរបស់ពួកគាត់។
«រឿងនេះរំឭកឲ្យយើងចងចាំថាសេរីភាពសារព័ត៌មានមានតម្លៃណាស់ ហើយថា មានក្រុមមនុស្សខ្លះដែលប្តេជ្ញាធ្វើអ្វីៗទាំងអស់ដើម្បីព្យាយាមបំបិទសំឡេងអ្នកយកព័ត៌មាននៅជុំវិញពិភពលោក។»
លោកប្រធានាធិបតី Obama និយាយថា ច្បាប់នេះបញ្ចេញនូវសារដ៏ខ្លាំងមួយដែលថា រដ្ឋាភិបាល សហរដ្ឋអាមេរិកនឹងតាមដានយ៉ាងខ្លាំងទៅលើគោលជំហរនិងសកម្មភាពរបស់រដ្ឋាភិបាលដទៃនានាទាក់ទងនឹងសេរីភាពសារព័ត៌មាន។
លោកថា ប្រសិនបើគ្មានការយកចិត្តទុកដាក់នេះទេ រដ្ឋាភិបាលទាំងឡាយគិតថាពួកគេអាចគាបសង្កត់ប្រព័ន្ធផ្សាយព័ត៌មានប្រកបដោយនិទណ្ឌភាព។ លោកថា ច្បាប់នេះផ្ញើសារទៅរដ្ឋាភិបាលទាំងនោះថាពួគគេមិនអាចធ្វើដូច្នេះបានទេ ហើយលោកថាលោកនឹងព្យាយាមធានាឲ្យបានថាក្រសួងការបរទេសអាមេរិកនឹងអនុវត្តច្បាប់នេះដោយហ្មត់ចត់។