ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​បញ្ជាក់​ជា​ថ្មី​អំពី​ចំណង​មិត្ដភាព​ជា​មួយ​អឺរ៉ុប


លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ាអញ្ជើញ​ចុះ​ជណ្ដើរ​យន្ដហោះ​ Air Force One សម្រាប់​​ប្រធានាធិបតី​ស.រ.អ.ពេល​អញ្ជើញ​ទៅ​ដល់​មូលដ្ឋាន​កង​ទ័ព​អាកាស​ អាន់​ឌ្រូវ​ស៍​​ នៅ​រដ្ឋ​ម៉ារីឡែន​ នៅ​ខែ​ឧសភា​ ឆ្នាំ​២០១១​។​
លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ាអញ្ជើញ​ចុះ​ជណ្ដើរ​យន្ដហោះ​ Air Force One សម្រាប់​​ប្រធានាធិបតី​ស.រ.អ.ពេល​អញ្ជើញ​ទៅ​ដល់​មូលដ្ឋាន​កង​ទ័ព​អាកាស​ អាន់​ឌ្រូវ​ស៍​​ នៅ​រដ្ឋ​ម៉ារីឡែន​ នៅ​ខែ​ឧសភា​ ឆ្នាំ​២០១១​។​

ប្រធានាធិបតី​បារ៉ាក់ ​អូបាម៉ា ​បាន​វិល​ត្រឡប់​មក​ពី​ដំណើរ​ទស្ស​នកិច្ច​៦​ថ្ងៃ​នៅ​ក្នុង​ប្រទេស​អឺរ៉ុប។​ ​លោកប្រធានាធិបតី​ចំណាយ​ពេល​ច្រើន​នៃ​ទស្សន​កិច្ច​របស់​លោក​ដើម្បី​បញ្ជាក់​ថាសម្ព័ន្ធភាព​រវាង​ស.រ.អា.និង​អឺរ៉ុប​ជា​កិច្ច​ការ​សំខាន់។

ប្រធានាធិបតី​អូបាម៉ា​ មិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ធំ​ដុំ​ណា​មួយ​ ឬ​ក៏​មិន​បាន​ប្រកាស​អំពី​ការ​ផ្លាស់​ប្ដូរ​នយោបាយ​ធំ​ធេង​ណា​មួយ​ទេ​ នៅ​ក្នុង​សប្ដាហ៍​នេះ​ នៅ​ក្នុង​ប្រទេសអឺរ៉ុបនោះ។​ តែ​លោក​ ហាក់​ដូច​ជា​ធ្វើ​ឲ្យ​បាន​សម្រេច​នូវ​គោល​ដៅ​ចម្បង​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ ដោយ​លោក​បាន​ធានា​ប្រាប់​ក្រុមម​ន្ដ្រី​អឺរ៉ុប​ថា​ សម្ព័ន្ធ​ភាព​ឆ្លង​មហា​សមុទ្រ​អាត្លង់ទិច​នៅ​តែ​មាន​សារៈ​សំខាន់​ចំពោះ ​ស.រ.អា.។ សង្រ្គាម​នៅ​ក្នុង​ប្រទេសអ៊ីរ៉ាក់​ និង​អាហ្វហ្កានិស្ថាន​ ការ​បះបោរ​នៅ​មជ្ឈឹម​បូព៌ា​ សេដ្ឋកិច្ច​លូតលាស់​ខ្លាំងនៅ​អាស៊ី​ និង​វិបត្ដិ​សេដ្ឋកិច្ចនៅ​ស.រ.អា.​ស្ថិត​នៅ​ក្នុង​ការផ្ដោត​គំនិត​ខ្លាំង​របស់​លោក​ អូបាម៉ា​ ចាប់​តាំង​ពី​លោក​ឡើង​កាន់​តំណែងជា​ប្រធានាធិបតី​មក​នោះ។ ​បន្ថែម​ពីនេះ​រដ្ឋបាល​លោក​អូបាម៉ា ​បាន​ប្រកាស​នឹង​ចាត់ទុក​វេទិកា​អំពី​សេដ្ឋកិច្ច​នៃ​ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​ជឿនលឿន

G 20ជា​មួយ​ប្រទេស​សមាជិក​មក​ពី​គ្រប់​ទី​កន្លែង​ក្នុង​ពិភពលោក​ថា​ មាន​សារៈ​សំខាន់​លើស​ពី​ក្រុម​អឺរ៉ុប​ G 8​ ទៅ​ទៀត។

លោក​អូបាម៉ា ​ចាប់​ផ្ដើម​បេសក​កម្ម​ការ​ទូត​របស់​លោក ​នៅ​ក្នុង​ប្រទេស​អៀឡង់។ ​លោក​បាន​ជួប​សន្ទនា​ជា​មួយ​មេ​ដឹកនាំ​ប្រទេស​ បាន​ពិសា​ស្រា​បៀរ ​នៅ​ក្នុង​ហាង​នៃ​ទី​ក្រុង​ ម៉នី​ហ្កល​ (Moneygall) ​ទី​កន្លែង​ កំណើត​ជីដូន​ ជីតា​របស់​លោក​ ហើយ​បាន​ប្រកាស​កេរ្ដិ៍​ដំណែល​អៀឡង់​របស់​លោក​នៅ​មុខ​សាធារណ​ជន​រាប់​ពាន់​ម៉ឺន​នាក់​ក្នុង​ទី​ក្រុងដឺប្លិន (Dublin)។

“ហេឡូ ដឺប្ល៊ិន​" “ហេឡូ​ អៀឡង់"។ ​" ខ្ញុំ​ឈ្មោះ ​បារ៉ាក់​ អូបាម៉ា​ មក​ពី​ទី​ក្រុងម៉នី​ហ្កលអូបាម៉ាស៍​ (Moneygall ​Obamas)"។

លោក​មិន​បាន​សន្យា​ជួយ​ជា​ថវិកា​ដល់​សេដ្ឋ​កិច្ច​ដុនដាប​របស់​ប្រទេស​អៀឡង់​ទេ ​តែ​លោក​សច្ចា​នឹង​គាំទ្រ​ផ្លូវ​ចិត្ដ។

បន្ទាប់​មក​ លោក ​អូបាមា​បាន​ទៅ​ទស្សនា​ប្រទេស​អង់គ្លេស។ ស.រ.អា.​និង​អង់គ្លេស​ជាសម្ព័ន្ធ​មិត្ដ​ជិត​ស្និទ្ធ​ចាប់​តាំង​ពី​សតវត្សរ៍​ទី១៩​ ហើយ​ជា​ប្រទេស​ដៃ​គូ​ពាណិជ្ជ​កម្ម​ដ៏​ធំ​បង្អស់ ​ក្នុង​ពិភព​លោក។​ តែ​នៅ​ពេល​មានការ​ខុស​ឆ្គង​ក្នុងពិធីការមួយចំនួន និង​របៀប​មើល​ងាយ​ នៅ​អតីតកាល​ពេល​ពិធី​បុណ្យ​សម្ពោធ​ឡើង​កាន់​តំណែង​ប្រធានាធិបតី​នោះ​ បាន​ធ្វើ​ឲ្យ​គេ​ងឿង​ឆ្ងល់​មក​លើ​សុខភាព​នៃ​ការទាក់ទង​គ្នា ដែល​គេ​ហៅ​ថា​ ទំនាក់​ទំនង​ពិសេស​នោះ។

ក្រុម​អង់គ្លេស​កម្រ​ផ្ដល់​កិត្ដិយស​មក​លើ​ទស្សន​កិច្ច​តាម​ផ្លូវការរដ្ឋ ​រាប់​ទាំងការ​ផ្ដល់​ឱកាស​នៃ​ការ​ថ្លែង​សុន្ទរកថា​ទៅ​កាន់​សភា​អង់គ្លេស​នៅ​ក្នុង​អគារ​រដ្ឋសភាវែសមិនស្ទ័រ​ហល​ (Westminster​ Hall)​ ដែល​មាន​អាយុ ​៩០០​ឆ្នាំ។​នៅ​ទី​នោះ ​លោក​ អូបាម៉ាបង្ហាញ​ថា​ ការ​យល់​ឃើញ​ថា ​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ថ្មីៗ​ ដូច​ជា​ចិន​ ឥណ្ឌា ​និង​ប្រ៊េស៊ីល​នឹង​ជំនួស​ប្រទេស​អាមេរិក​ និង​អង់គ្លេស ​ក្នុង​នាម​ជា​ប្រទេស​ដឹក​មុខ​ពិភព​លោក​នោះ​ គឺ​ជា​ការយល់​ខុស។

«ការ​យល់ឃើញ​ដូច្នោះ ​ខុស​ហើយ។​ ពេល​វេលា​នៃ​ការ​ដឹកនាំ​របស់យើងគឺ​នៅ​ពេល​នេះ។​ ស.រ.អា.​ និង​អង់គ្លេស ហើយ​និង​ប្រទេស​សម្ព័ន្ធមិត្ដ​ប្រជា​ធិបតេយ្យ របស់​យើង​បាន​ជួយ​ពិភព​លោក​ ហើយ​មាន​ប្រទេស​ខ្លះ​មាន​សេដ្ឋកិច្ច​ងើប​ធ្លោ​ឡើង​ ហើយមាន​អ្នក​ខ្លះ ​ចម្រើន​លូតលាស់។​ ទោះ​ជា​មាន​ប្រទេសជា​ច្រើន​បាន​ចាប់​ផ្ដើម​ការ​ទទួលខុស​ត្រូវ​ក្នុង​ថ្នាក់​ដឹក​នាំ​សកល​ក៏ដោយ​ ក៏​សម្ព័ន្ធមិត្ដ​របស់​យើង​នៅតែ​មាន​ការ​ចាំ​បាច់​នឹង​ធ្វើ​ឲ្យ​សម្រេច​ដល់​គោល​ដៅ​របស់​សតវត្សរ៍​មួយ​ ដែល​មាន​សន្ដិភាព ​ហើយ ​សម្បូរ​ហូរហៀ»។

លោក​ប្រធានាធិបតី និង​លោក​នាយក​រដ្ឋ​មន្ដ្រី ​អង់គ្លេស ដេវីត​ ខាម៉ឺរ៉ុន​ (​David ​Cameron)​ ​បាន​វែកញែក​អំពី​រឿង​មួយ​ចំនួន​ រាប់​ទាំង​ប្រទេស​លីប៊ី។ ​លោក​នាយក​រដ្ឋ​មន្ដ្រី ​ហាក់​ដូច​ជា​គំា​ទ្រ​ឲ្យ​មាន​វិធានការ​ខ្លាំង​ក្លា​ក្នុង​កិច្ច​ប្រឹងប្រែង​បណ្ដេញមេដឹកនាំ មួអាម៉ារ​ កាដាហ្វ៊ី (Muammar​ Gadhafi) ​ចេញ​ពី​អំណាច​ តែ​លោក ​អូបាម៉ា​អំពាវនាវ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ច្រើន​បន្ថែម។ ​មេ​ដឹកនាំ​ប្រទេស​ទាំង​ពីរ​រូប​នោះ​បាន​បង្ហាញ​ចំណង​មិត្ដភាព​ផ្ទាល់​ខ្លួន​ដ៏​រឹង​មាំ ​ដោយ​បាន​លេង​កីឡា​ពីងប៉ុង​ជា​មួយ​សិស្ស​នៅ​ក្នុង​ទី​ក្រុងឡុងនិង​បាន​បរិភោគ​ ហាមប៊ឺរហ្កឺរ (Hamburgers) ​នៅ​ឯ​ការិយាល័យ​នាយក​រដ្ឋមន្ដ្រី​នៅ​អាស័យដ្ឋាន​ផ្ទះ​លេខ​១០​ ផ្លូវ​ដោននិង​ (Downing)​។​ រួច​លោក ​អូបាម៉ា​ និង​ព្រះ​មហាក្សត្រីយានី​នៃ​ប្រទេស​អង់គ្លេស អេលីហ្សាបែត (​Elizabeth)​ ​បាន​បញ្ជាក់​អំពី​ការ​ប្រើប្រាស់ពាក្យ​ “ទំនាក់ទំនង​ពិសេស”​ នៅ​ពេល​លើក​កែវស្រា​សាមប៉ាញ​ ជូន​ពរ​គ្នា​ទៅ​វិញ​ទៅ​មក​ នៅ​ក្នុង​ការ​ជប់​លៀង​ថ្នាក់​រដ្ឋ​ ក្នុង ​វំាងហ្លួង​ បឹកគិងហាម (Buckingham)​។

ប្រធានាធិបតី​អូបាម៉ា​បាន​ទៅ​ចូល​រួម​ក្នុង​សន្និសីទ​សេដ្ឋកិច្ច​ G 8 ​ក្នុង​ទី​ក្រុង ដូវីល​ (​Deauville)​ ប្រទេសបារាំង ដោយ​លោក​ស្វែង​រក​ថវិកា​ដើម្បី ​យក​ទៅ​ជួយ​ប្រ​ទេស​អេហ្ស៊ីព ​ទុយណេហ្ស៊ី ​និង​ប្រទេស​អារ៉ាប់​មួយ​ចំនួន​ ដែល​បាន​បង្ហាញ​សក្ដានុពលនៃ​លទ្ធិ​ប្រជា​ធិបតេយ្យ។

ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ ​ជឿនលឿនទាំង​នោះ ​មិន​បាន​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ដ​ដុំ​កំភួន​ទេ​ តែ ​និយាយ​ថា​ គេ​នឹង​ផ្ដល់ថវិកា២០​ពាន់​លាន​ដុល្លារទៅ​ឲ្យ​អេហ្ស៊ីព​ និង​ទុយនេហ្ស៊ី​សម្រាប់​គម្រោង​កែ​ទម្រង់។

នៅ​ក្នុង​ទី​ក្រុងដូវីល​ លោក​អូបាម៉ា​ធ្វើ​មិន​បាន​សម្រេច​ជោគជ័យ​ក្នុង​ការ​ពន្យល់​ប្រធានាធិបតីរុស្ស៊ី ​ដេមីទ្រី​ មេដវ៉ឺដេវ ​(Dmitri ​Medvedev)​ ​ឲ្យ​ជឿ​ថា​ ប្រព័ន្ធ​ការពារ​មីស៊ីល​របស់ស.រ.អា.មិន​ដាក់​ទិស​ដៅ ​មក​លើ​មីស៊ីល​រុស្ស៊ី​ទេ។

យ៉ាង​ណាម៉ិញ​ លោក មេដវ៉ឺដេវ ​បាន​គាំទ្រ​កិច្ច​ប្រឹងប្រែង​នៃ​ការ​បណ្ដេញ ​លោក កាដាហ្វ៊ី​ចេញ​ពី​អំណាច​ ហើយ​និង​ជួយ​រុញច្រាន​មេ​ដឹកនាំ​លីប៊ី​រូប​នោះ​ឲ្យ​ស្ថិត​នៅ​រឹត​តែ​ឆ្ងាយ​ពី​គេ។

នៅ​ក្នុង​ទី​ក្រុង​វ៉ាសូវី ​លោក​អូបាម៉ា​បាន​ថ្លែង​ធានា​ប្រាប់​ក្រុម​មេ​ដឹកនាំ​ប៉ូឡូញ​ថា​ទំនាក់​ទំនង​ប្រសើរ​ ឡើង​រវាង​ស.រ.អា.​ និង​រុស្ស៊ី​មិនមែន​មាន​ន័យ​ថា ស.រ.អា.​បន្ថយ​សេចក្ដី​ប្ដេជ្ញា​ចិត្ដ​របស់​រដ្ឋាភិបាល​ វ៉ាស៊ីនតោន​ក្នុង​ការ​ការពារ ​ប្រទេស​ប៉ូឡូញ ​ដែល​ជា​សមាជិក​របស់​បក្ស​សម្ព័ន្ធ​អូតង់​នោះ​ទេ៕

ប្រែ​សម្រួល​ដោយ​ អ៊ូ ​ធួក

XS
SM
MD
LG