លោកប្រធានាធិបតីសហរដ្ឋអាមេរិក បា៉រ៉ាក់ អូបាម៉ា បានប្រកាសពីដំណាក់កាលដំបូងនៃការបញ្ចប់សង្គ្រាមរយៈពេល១០ឆ្នាំរបស់អាមេរិកនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ដោយបញ្ជាឲ្យមានការដកកងទ័ពចំនួន៣៣.០០០នាក់នៅត្រឹមដំណាច់ឆ្នាំ២០១២។
នៅក្នុងសុន្ទរកថាមួយឯសេតវិមានកាលពីថ្ងៃពុធ លោកប្រធានាធិបតី អូបាម៉ា បានជម្រាបដល់ពលរដ្ឋអាមេរិកថា«រលកនៃសង្គ្រាមបានស្រាកស្រាន្តទៅវិញហើយ»។ លោកមានប្រសាសន៍ថា កងទ័ពអាមេរិកចំនួន១មឺុននាក់ដំបូង នឹងត្រូវដកចេញនៅដំណាច់ឆ្នាំនេះ។ កងទ័ពដែលនៅសេសសល់នៃចំនួនទ័ពបន្ថែមទាំងអស់ដែលលោកបានប្រកាសកាលពីខែធ្នូឆ្នាំ២០០៩ នឹងត្រឡប់មកមាតុប្រទេសវិញនៅឆ្នាំក្រោយ។ កងទ័ពអាមេរិកនឹងត្រូវបន្តដកចេញក្នុង«ល្បឿនថេរ»មួយ ខណៈដែលកងទ័ពអាហ្វហ្កានីស្ថានចូលមកជំនួសតួនាទី។
បច្ចុប្បន្ននេះមានទាហានអាមេរិកប្រហែល១០០.០០០នាក់កំពុងបម្រើការនៅអាហ្វហ្កានីស្ថាន។
លោកប្រធានាធិបតី អូបាម៉ា និយាយថា នៅត្រឹមឆ្នាំ២០១៤ ដំណាក់កាលអន្តរកាលនឹងត្រូវចប់សព្វគ្រប់ ដោយជនជាតិអាហ្វហ្កាននឹងត្រូវទទួលខុសត្រូវចំពោះសន្តិសុខប្រទេសដោយខ្លួនឯង។
នៅក្នុងសុន្ទរកថារបស់លោក មេដឹកនាំអាមេរិករូបនេះនិយាយថា អង្គការអាល់កៃដា (al-Qaida) កំពុងរងសម្ពាធជាងពេលណាៗទាំងអស់ចាប់តាំងពីក្រោយការវាយប្រហារភេរវកម្មថ្ងៃទី១១ខែកញ្ញាមក ហើយក្រុមនេះកំពុងស្ថិតនៅលើ«ផ្លូវទៅកាន់បរាជ័យ»។ កងកម្លាំងពិសេសរបស់ស.រ.អា.បានសម្លាប់មេដឹកនាំក្រុមអាល់កៃដាគឺ អូសាម៉ា ប៊ិន ឡាដិន នៅក្នុងប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី២ខែឧសភាកន្លងទៅនេះ។
លោកប្រធានាធីបតីស.រ.អា.ថ្លែងថា នៅប្រទេសអាហ្វហ្កានីស្ថាន កងកម្លាំងរបស់អាមេរិកបានសម្លាប់ទាហានតាលីបាន់ និងដំណ្តើមកាន់កាប់បានទីតាំងរឹងមាំមួយចំនួនរបស់ក្រុមបះបោរនេះ។
លោកអូបាម៉ាបានទទួលស្គាល់ថាសង្គ្រាមនៅប្រទេសអាហ្វហ្កានីស្ថានមិនអាចបញ្ចប់បានទេ បើគ្មានដំណោះស្រាយផ្នែកនយោបាយណាមួយនោះ។ លោកបានសម្តែងនូវការគាំទ្រចំពោះ ដំណើរការចរចាបង្រួមបង្រួមជាតិដឹកនាំដោយរដ្ឋាភិបាលអាហ្វហ្កានីស្ថានជាមួយនឹងសមាជិកក្រុមតាលីបាន់ណា ដែលសុខចិត្តផ្តាច់ខ្លួនចេញពីក្រុមអាល់កៃដា លះបង់ចោលការប្រើអំពើហិង្សា និងគោរពរដ្ឋធម្មនុញ្ញអាហ្វហ្កានីស្ថាន។
លោកប្រធានាធិបតីក៏មានប្រសាសន៍ថា កិច្ចប្រឹងប្រែងរបស់ស.រ.អា.នេះក៏ត្រូវចាត់វិធានការចំពោះជម្រកមានសុវត្ថភាពរបស់ក្រុមភេរវជននៅប្រទេសប៉ាគីស្ថាន ដែលជាប្រទេសជិតខាងរបស់អាហ្វហ្កានីស្ថាន។
លោកអូបាម៉ានិយាយថា សហរដ្ឋអាមេរិកនឹងធ្វើការជាមួយរដ្ឋាភិបាលប៉ាគីស្ថានដើម្បីបំបាត់ឫសគល់នៃ«មហារីកអំពើហិង្សាជ្រុលនិយម» ហើយទាមទារឲ្យប្រទេសប៉ាគីស្ថានរក្សាការប្តេជ្ញាចិត្តរបស់ខ្លួន។
លោកអូបាម៉ាមានប្រសាសន៍ថា សហរដ្ឋអាមេរិកត្រូវប្រើយុទ្ធសាស្ត្រ «បង្រួមជាងមុន» ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនានា ដោយប្រើ«កម្លាំងឲ្យចំគោលដៅ» និងមិនចាំបាច់បញ្ជូនកងកម្លាំងទ័ពដ៏ច្រើនសន្ធឹកទៅក្រៅប្រទេសទេ។
ដោយកត់សម្គាល់ថាស.រ.អា.បានចំណាយថវិកាអស់១លានលានដុល្លារមកហើយទៅលើសង្គ្រាមក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ លោកប្រធានាធិបតីមានប្រសាសន៍ថា ប្រទេសអាមេរិកនៅពេលនេះត្រូវ វិនិយោគទៅលើធនធានដ៏សំខាន់បំផុតរបស់ខ្លួន គឺពលរដ្ឋអាមេរិក ហើយត្រូវយកចិត្តទុកដាក់ទៅលើការ«កសាងជាតិ»នៅឯមាតុភូមិវិញ។
ប្រែសម្រួលដោយ សឹង សុផាត