លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) បានពិភាក្សាអំពីការដកកងទ័ពសហរដ្ឋអាមេរិកនៅក្នុងប្រទេស អាហ្គានីស្ថាន (Afghanistan) ជាមួយនឹងមេបញ្ជាការនិងឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិក ដែលនឹងអនុវត្តនូវយុទ្ធសាស្រ្តយោធានិងស៊ីវិលរបស់លោក។ ការពិភាក្សារបស់លោកប្រធានាធិបតី ក៏មានរួមបញ្ចូលផងដែរ នូវជំនួបមួយជាមួយនឹងរដ្ឋមន្រ្តីក្រសួងការពារជាតិថ្មី លោក ឡេអន ប៉ាណិតតា (Leon Panetta)។
ឧត្តមសេនីយ៍ឯក ចន អាលឡិន (John Allen) និងឯកអគ្គរដ្ឋទូត រ៉ាយ៉ាន់ ក្រកឃឺ (Ryan Crocker) នឹងជាមុខមាត់ថ្មីនៃកិច្ចខិតខំប្រឹងប្រែងផ្នែកយោធានិងស៊ីវិលរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេស អាហ្គានីស្ថាន ដែលបានកើតមានឡើងជាបន្ត អស់រយៈពេលមួយទសវត្សរ៍មកហើយ។
លោកឧត្តមសេនីយ៍ អាលឡិន បានទទួលកាន់កាប់ការដឹកនាំបញ្ជាការអង្គការ អូតង់ (NATO) និងសហរដ្ឋអាមេរិក ជំនួសលោកឧត្តមសេនីយ៍ ដេវីដ ភេត្រូស៍ (David Petraeus) ដែលព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តកាលពីសប្តាហ៍មុន នៅក្នុងការបោះឆ្នោតគាំទ្រ៩៤សម្លេងទល់នឹងសូន្យ ដើម្បីឲ្យដឹកនាំទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សេអ៊ីអា (CIA)។
នៅក្នុងពិធីមួយក្នុងសេតវិមានកាលពីខែមេសា លោក អាលឡិន បានមានប្រសាសន័យ៉ាងដូច្នេះអំពីការជ្រើសរើសរូបលោកដោយលោកប្រធានាធិបតី ឲ្យកាន់តំណែងជាមេបញ្ជាការថ្មីរបស់សហរដ្ឋអាមេរិក ប្រចាំនៅក្នុងប្រទេស អាហ្គានីស្ថាន។
«លោក! ខ្ញុំនឹងយកចិត្តទុកដាក់ទៅលើសារៈសំខាន់នៃការទទួលខុសត្រូវនេះ ហើយខ្ញុំមានការប្តេជ្ញាចិត្តយ៉ាងជ្រៅនៅក្នុងការដឹកនាំ បុរសនិងស្រ្តីវ័យក្មេងដ៏ល្អប្រសើរនៃកងកម្លាំងរបស់យើង និងអ្នកទាំងឡាយនៃកងកម្លាំងចម្រុះជាតិដ៏អស្ចារ្យនិងជាប្រវត្តិសាស្រ្តមួយនេះ»។
កាលពីថ្ងៃអង្គារ លោកឧត្តមសេនីយ៍ អាលឡិន និងលោកឯកអគ្គរដ្ឋទូត ក្រកឃឺ បានអង្គុយជាមួយលោកប្រធានាធិបតី អូបាម៉ា នៅក្នុងការិយាល័យពងក្រពើ(ធ្វើការ) (Oval Office) របស់លោកប្រធានាធិបតី។ វត្តមាននៅទីនោះក៏រួមបញ្ចូលទាំងរដ្ឋមន្រ្តីក្រសួងការពារជាតិថ្មី លោក ឡេអន ប៉ាណិតតា នាយកក្រុមនាយអគ្គសេនាធិការចម្រុះ លោកឧត្តមនាវីឯក ម៉ែកិល ម៉ុឡិន (Michael Mullen) និងលោកអនុប្រធានាធិបតី ចូ បាយដិន (Joe Biden) ផងដែរ។
សេតវិមានមិនបានផ្តល់លទ្ធភាពក្នុងការចូលយកព័ត៌មាននោះទេ តែបានបោះពុម្ពផ្សាយរូបថតមួយនៃការជួបប្រជុំនេះ។ លេខាធិការសារព័ត៌មាន លោក ចេ ខានីយ (Jay Carney) បានអានសេចក្តីថ្លែងការណ៍ជាផ្លូវការមួយ។
«លោកប្រធានាធិបតីនិងក្រុមរបស់លោក បានពិភាក្សាគ្នាអំពីការអនុវត្តនូវដំណាក់កាលបន្ទាប់ នៃយុទ្ធសាស្រ្តរបស់យើងនៅក្នុងប្រទេស អាហ្គានីស្ថាន ដែលរួមបញ្ចូលទាំងការពង្រឹងនូវផលចំណេញទាំងឡាយ ដែលទទួលបានពីការកម្ទេចកម្លាំងរបស់ពួក តាលីបាន និងការហ្វឹកហ្វឺនកងកម្លាំងសន្តិសុខរបស់ អាហ្គានីស្ថាន។ ការពិភាក្សាក៏រួមបញ្ចូលផងដែរនូវកម្រិតនៃការដកកងទ័ពសហរដ្ឋអាមេរិក ដែលលោកប្រធានាធិបតីបានប្រកាសកាលពីខែមុន និងដំណើរការនៃការផ្ទេរការទទួលខុសត្រូវផ្នែកសន្តិសុខចម្បង ទៅឱ្យរដ្ឋាភិបាល អាហ្គានីស្ថាន»។
លោកប្រធានាធិបតី អូបាម៉ា បានប្រកាសកាលពីខែមុនថា កងទ័ពសហរដ្ឋអាមេរិកចំនួនមួយម៉ឺននាក់ នឹងចាកចេញពីប្រទេស អាហ្គានីស្ថាន នៅត្រឹមដំណាច់ឆ្នាំនេះ ហើយពីរម៉ឺនបីពាន់នាក់ទៀត នឹងចាកចេញ នៅត្រឹមខែកញ្ញាឆ្នាំ២០១២៕
ប្រែសម្រួលដោយ ឌី ខាំបូលី