កាលពីថ្ងៃពុធលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាពិភាក្សាជាមួយវីអូអេសំឡេងស.រ.អា.អំពីស្ថានការណ៍បច្ចុប្បន្នក្នុងប្រទេសអាហ្វហ្កានិស្ថាន។ លោកប្រធានាធិបតីបានប្រាប់លោក Andre de Nesnera អ្នកឆ្លើយឆ្លងព័ត៌មានជាន់ខ្ពស់របស់វីអូអេនៅសេតវិមានអំពីផែនការរបស់លោក។
លោកប្រធានាធិបតីអូបាម៉ាបានគូសបញ្ជាក់អំពីស្ថានការណ៍ប្រសើរឡើងនៅអាហ្វហ្កានិស្ថានដែលស.រ.អា.អាចចាប់ផ្តើមដកកងទ័ពពីប្រទេសនេះនៅខែក្រោយ។
«អ្វីដែលយើងកំពុងធ្វើនេះគឺយើងនឹងដកកងទ័ពចំនួន១ម៉ឺននាក់នៅដំណាច់ឆ្នាំនេះ ហើយនៅដំណាច់រដូវក្តៅឆ្នាំក្រោយ យើងនឹងដកកងទ័ព២៣.០០០នាក់បន្ថែមទៀត»។
លោកប្រធានាធិបតីមានប្រសាសន៍ថា ប៉ុន្តែវត្តមានកងទ័ពអាមេរិកាំងនៅអាហ្វហ្កានិស្ថាននឹងនៅសល់ច្រើនគួរសម។ លោកបានសម្រេចចិត្តដកកងទ័ព ក្រោយពីលោកបានពិភាក្សាជាមួយមេបញ្ជាការកងទ័ពអាមេរិក និងរដ្ឋាភិបាលអាហ្វហ្កានិស្ថាន។
«បញ្ហាគន្លឹះមួយនៃបញ្ហាសំខាន់ៗនោះគឺយើងត្រូវធានាថា យើងរក្សាតុល្យភាពដ៏ត្រឹមត្រូវ ធ្វើឲ្យពលរដ្ឋអាហ្វហ្កានិស្ថានដឹងថា យើងចង់ឲ្យអធិបតេយ្យភាពអាហ្វហ្កានិស្ថានមានការធានា ហើយយើងទទួលស្គាល់ថា ពលរដ្ឋអាហ្វហ្កានិស្ថានមានការទទួលខុសត្រូវច្រើនឡើង ដែលជារឿងល្អសម្រាប់ទាំងអស់គ្នា»។
ក្នុងពេលប៉ុន្មានខែថ្មីៗនេះ លោក Hamid Karzai ប្រធានាធិបតីអាហ្វហ្កានិស្ថានបានទិតៀនស.រ.អា. និងសម្ព័ន្ធមិត្តអូតង់អំពីចំណាត់ការសង្គ្រាម ជាពិសេសទាក់ទងនឹងការបាត់បង់ជីវិតជនស៊ីវិល។ ប៉ុន្តែលោកអូបាម៉ាមានប្រសាសន៍ថា លោក Karzai ក៏មានគោលដៅយុទ្ធសាស្ត្រដូចគ្នានឹងស.រ.អា.ដែរ។
«គោលដៅនោះគឺអធិបតេយ្យភាព និងរដ្ឋាភិបាលអាហ្វហ្កានិស្ថានដ៏រឹងមាំដែលអាចសម្រេចអំពីជោគវាសនារបស់ខ្លួន ហើយយល់ថា សហគមន៍អន្តរជាតិ ជាពិសេសស.រ.អា.គឺជាដៃគូរឹងមាំដែលគាំទ្របំណងប្រាថ្នាពលរដ្ឋអាហ្វហ្កានិស្ថាន»។
លោកប្រធានាធិបតីអូបាម៉ាយល់ស្របថា ស.រ.អា.មានការនឿយណាយនឹងសង្គ្រាម។
«វាប្រាកដណាស់ថា ក្រោយពីជាប់ដៃក្នុងសង្គ្រាមជិត១០ឆ្នាំនៅអាហ្វហ្កានិស្ថានការបាត់បង់ជីវិត និងការខាតបង់ថវិកាធ្វើឲ្យប្រជាពលរដ្ឋនឿយណាយ»។
ក៏ប៉ុន្តែលោកប្រធានាធិបតីមានប្រសាសន៍ថា លោកជឿថា ប្រជាពលរដ្ឋអាមេរិកាំងចង់ឲ្យពលរដ្ឋអាហ្វហ្កានិស្ថានមានប្រទេសមួយដែលមានសន្តិសុខ ដែលគេអាចថែរក្សាបាន៕
ប្រែសម្រួលដោយ ពិន ស៊ីសុណ្ណ