សេតវិមាន៖ លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានធ្វើដំណើរទស្សនកិច្ចរបៀបជាការធ្វើយុទ្ធនាការរបស់លោក នៅទីធ្លាខាងក្រោយផ្ទះនៃគ្រួសារមួយ នៅទីក្រុងខូឡុំបឺស (Columbus) ក្នុងរដ្ឋអូហៃយ៉ូ (Ohio) ដែលស្ថិតនៅភាគខាងលិច កណ្តាលនៃសហរដ្ឋអាមេរិក កាលពីថ្ងៃពុធទី១៨ ខែសីហានេះ។
លោកបាននិយាយជាមួយ ចូរ៍ (Joe) និងរ៉ុនដា វីតមែន (Rhonda Weithman) ព្រមទាំងអ្នកជិតខាងរាប់សិបនាក់ផ្សេងទៀត ស្តីពីបញ្ហាសំខាន់ៗនៅក្នុងចិត្តរបស់ពលរដ្ឋអាមេរិកាំងជាច្រើន នៅក្នុងការបោះឆ្នោតក្នុងឆ្នាំនេះ ដែលបញ្ហានោះគឺសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ លោកមានប្រសាសន៍ថា៖
«ខណៈដែលបានយើងបាត់បង់ការងារនៅក្នុងផ្នែកឯកជន នៅពេលដែលខ្ញុំបានសច្ចាប្រណិធានចូលកាន់មុខតំណែងដំបូង ឥឡូវយើងកំពុងទទួលបានការងារនេះវិញហើយ ហើយយើងបានទទួលការងារក្នុងរយៈពេល៧ខែជាប់ៗគ្នា នៅក្នុងផ្នែកឯកជន។ សេដ្ឋកិច្ចបានធ្លាក់ចុះប្រហែលជា៦ភាគរយ ហើយឥឡូវនេះ សេដ្ឋកិច្ចកំពុងរីកចម្រើនវិញហើយ។ ដូច្នេះ យើងបានធ្វើឲ្យមានភាពរីកចម្រើន។ ប៉ុន្តែយើងត្រូវប្រឈមនឹងកិច្ចការនេះ ភាពរីកចម្រើនមិនមានល្បឿនលឿនគ្រប់គ្រាន់ទេ»។
ការស្ទាបស្ទង់មតិសាធារណៈរបស់កាសែតអាសូស៊ីអេធិត ប្រេសស៍ (Associated Press) បង្ហាញថា មានតែ៤១ភាគរយនៃអ្នកដែលត្រូវបានស្ទង់មតិជឿថា លោកអូបាម៉ាបានធ្វើកិច្ចការដ៏ល្អក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច។
អត្រាអត់ការងារធ្វើរបស់ប្រទេសនៅជាប់ទ្រឹងត្រឹម ៩.៥ភាគរយ។ រដ្ឋអូហៃយ៉ូ ដែលបានបាត់បង់ការងាររោងចក្រជាច្រើន ដែលបណ្តាលឲ្យអត្រាអត់ការងារធ្វើឡើងដល់ចំនួនជាង១០ភាគរយ។
នៅឯកិច្ចប្រជុំក្រៅផ្លូវការមួយកាលពីថ្ងៃពុធ លោកប្រធានាធិបតីមានប្រសាសន៍ថា ដើម្បីទទួលបានវិញនូវការងារចំនួន៨លាន ដែលបានបាត់បង់ក្នុងរយៈពេល២ឆ្នាំកន្លងទៅ គឺត្រូវការពេលវេលា។ ប៉ុន្តែ លោកបានឲ្យដឹងថា ជំនឿចិត្តនឹងកើនឡើង នៅពេលដែលសេដ្ឋកិច្ចស្ទុះឡើងវិញ។ លោកបន្តថា៖
«ដូច្នេះ អ្វីដែលយើងកំពុងព្យាយាមធ្វើ គឺត្រូវបង្កើតឲ្យមានដំណើរការដ៏ល្អ ដែលពលរដ្ឋចាប់ផ្តើមមានអារម្មណ៍កាន់តែប្រសើរជាងមុនអំពីសេដ្ឋកិច្ច។ ហើយដំណើរការភាគច្រើនគឺប្រៀបបានទៅនឹងការងើបពីឈឺ គឺថាអ្នកកាន់តែមានភាពរឹងមាំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយអ្នកអាចឈានដើរពីរបីជំហានទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយនោះគឺជាដំណាក់កាលដែលសេដ្ឋកិច្ចរបស់យើងកំពុងស្ថិតនៅនាពេលឥឡូវនេះ»។
ក្នុងពេលធ្វើដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតីបានធ្វើយុទ្ធនាការ និងរៃអង្គាសប្រាក់សម្រាប់បេក្ខជនគណបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋវីស្កន់ស៊ីន (Wisconsin) កាលីហ្វ័រនីញ៉ា (California) វ៉ាស៊ីនតោន (Washington) និងហ្វ្ល័រីដា (Florida) ព្រមទាំងរដ្ឋអូហៃយ៉ូ (Ohio)។
សភាតំណាងប្រជាពលរដ្ឋ (House of Representatives) ទាំងមូល ដែល១ភាគ៣នៃព្រឹទ្ធសភា និងអភិបាលរដ្ឋជាច្រើននឹងត្រូវឈរឈ្មោះសម្រាប់ការបោះឆ្នោតនាខែវិច្ឆិកាខាងមុខនេះ។
បន្ទាប់ពីការជួបជុំគ្នានៅទីធ្លាខាងក្រោយរួចមក លោកប្រធានាធិបតីបានធ្វើពិធីរៃអង្គាសប្រាក់សម្រាប់អភិបាលរដ្ឋអូហៃយ៉ូ ជាទី ដែលលោកបានរិះគន់ ក្រុមអ្នកសាធារណៈរដ្ឋនិយមចំពោះការប្រឆាំងទៅនឹងគំនិតផ្តួចផ្តើមសេដ្ឋកិច្ចរបស់លោក។ លោកថ្លែងដូច្នេះថា៖
«ឆ្លើយទេ ចំពោះកិច្ចងារឋាមពលស្អាត នៅកន្លែងនេះក្នុងរដ្ឋអូហាយ៉ូ និងទូទាំងប្រទេស។ ឆ្លើយទេ ចំពោះការធ្វើឲ្យសាកលវិទ្យាល័យអាចឲ្យនិស្សិតចូលរៀនបាន។ ឆ្លើយទេ ចំពោះកំណែទម្រង់វ៉លស្ទ្រីត (Wall Street)។ តើអ្នកចាំពាក្យស្លោករបស់យើងក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០០៨ទេ? «បាទ យើងអាច»។ ឆ្នាំនេះ ពាក្យស្លោករបស់ពួកគេគឺថា «ទេ យើងមិនអាច»»។
ក្រុមអ្នកសាធារណៈរដ្ឋនិយម និយាយថា គោលនយោបាយរបស់លោកអូបាម៉ាគឺរដ្ឋាភិបាលចំណាយច្រើនហួសហេតុ ដែលនឹងធ្វើឲ្យអន្តរាយដល់សេដ្ឋកិច្ច ជាជាងជួយសង្គ្រោះសេដ្ឋកិច្ច។
បន្ទាប់ពីដំណើរធ្វើយុទ្ធនាការ លោកប្រធានាធិបតីគ្រោងត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញ មុនពេលលោក និងក្រុមគ្រួសាររបស់លោកចាប់ផ្តើមវិស្សមកាលចំនួន១០ថ្ងៃ នៅឯកោះកំសាន្តម៉ាថា វ៉ែនយ៉ាត (Martha’s Vineyard) ក្នុងរដ្ឋម៉ាស្សាជូស៊ែតស៍ (Massachusetts)។
ប្រែសម្រួលដោយលី សុខឃាង