ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានាធិបតី អូបាម៉ា អំពាវនាវ​ឲ្យ​មាន​សាមគ្គីជាតិ​


លោក​ប្រធានាធិបតី​ បារ៉ាក់ អូ​បាម៉ា​ បាន​ឱប​ស្វាមី​របស់​លោកស្រី​​តំណាងរាស្រ្ត​​ ហ្កាប្រ៊ីអ៊ែល​ ឌ្យីហ្វ័រដស៍​ (Gabrielle Giffords) ក្រោយពេល​ដែល​​លោក​​បាន​ ថ្លែងសន្ទរកថា​សម្រាល​ទុក្ខ​ ទៅកាន់​ប្រជាពលរដ្ឋ​នៅរដ្ឋ អារីហ្សូណា​។

វ៉ាស៊ីនតោន៖ ប្រធានាធិបតី ​អូបាម៉ា ​បាន​អំពាវនាវ​ឲ្យ​មាន​សាមគ្គី​ភាព ​ខណៈ​ដែល​លោកព្យាយាម​សម្រាល​ទុក្ខ ​ប្រជាពលរដ្ឋ​អាមេរិក កាល​ពី​យប់​ថ្ងៃ​ពុធ ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី ​មនុស្ស​៦​នាក់ បាន​ស្លាប់​ក្នុង​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាតមួយ​ទៅ​លើ​អ្នក​តាក់​តែង​ច្បាប់​អាមេរិក​មួយ​រូប។ ​គោល​ដៅរបស់​ខ្មាន់​កាំភ្លើង ​គឺ​ លោក​ស្រី​ ហ្កាប្រ៊ីអ៊ែល ឌ្យីហ្វ័រដស៍ (Gabrielle Giffords) ​ ដែលជា​តំណាង​រាស្រ្ត​នៃ​រដ្ឋ​អារីហ្សូណា (Arizona) ត្រូវ​របួស​ក្បាលក្នុង​ពេល​បាញ់​ប្រហារ​នោះ។

ការជួយ​សម្រាលទុក្ខ​ រួមកម្លាំង​ ការ​ផ្សា​ភ្ជាប់​សេចក្តីក្លាហាន​ ជា​ពាក្យ​ពេចន៍​ដែល​ពិពណ៌នាពី​របៀប​ដែល​ប្រធានាធិបតី​ អូបាម៉ា ​បាន​ពោលលួង​លោម ​បន្ធូរ​ចិត្ត ​សហគមន៍មួយ​ និង​ប្រទេស​ជាតិ​កាល​ពីថ្ងៃពុធ។​ លោក​អូបាម៉ា​ថ្លែង​ថា៖

«យើង​ កាន់​ទុក្ខ ​ជា​មួយ​លោក​អ្នក ​សម្រាប់​អ្ន​កស្លាប់​ទាំង​អស់ យើង​ចូល​រួម​ជា​មួយ​លោក​អ្នក​ក្នុង​មរណៈទុក្ខ​ដ៏​សោក​សង្រេង​នេះ»។

កាល​ពីថ្ងៃ​សោរ៍​មុន​ ខ្មាន់​កាំភ្លើង​ម្នាក់ ​បាន​បាញ់នៅក្រៅ​ហាង​លក់​ម្ហូប​មួយនៅ​ក្រុងទូសន​ (Tucson) ដែល​លោក​ស្រី ហ្កាប្រ៊ីអ៊ែល ឌ្យីហ្វ័រដស៍ ជួបអ្នក​គាំទ្រ​ក្នុង​មណ្ឌលលោក​ស្រី ។ មនុស្ស​៦​នាក់ដែល​ឈរ​នៅ ក្បែរលោ​ស្រី ​ដែល​រួម​ទាំងចៅក្រម​សហព័ន្ធ​ម្នាក់ និង​កុម៉ារី អាយុ ៩ឆ្នាំម្នាក់ផង បានស្លាប់។

អ្នក​ខ្លះ​និយាយ​ថា គឺជា​ការ​សាក​ល្បង​ពិសោធន៍លើ​ភាព​ដឹកនាំ​របស់​ប្រធានាធិបតី​ អា​មេរិក​ក្នុង​ការជួយសម្រាល​ទុក្ខ ​ប្រជា​ជាតិ​មួយ​ដែល​កំពូងមាន​ទុក្ខ​សោក ​និង​ជាឱកាស​ដើម្បី​ធ្វើ​ ឲ្យ​ឃើញការ​ភ្ជាប់​ទំនាក់​ទំនង​នៃ​ទឹក​ចិត្ត ​ប្រធានាធិបតី​ជា​ឯកជនទៅ​នឹង​ប្រជា​ពលរដ្ឋ ​អាមេរិកធម្មតា សម្រាប់​ជម្រះ​ទឹក​ភ្នែក​របស់​គេ​ ជាមួយពាក្យ​សម្តី សម្រាល​ទុក្ខនេះ ។

ប្រធានាធិបតី ចច ដាប៊ែលយូ ប៊ុស្ស (​George W. Bush) បាន​សម្រាល​ទុក្ខ​បែប​នេះ ដោយប្រើ​ឧឃ្ឃោសនស័ព្ទយួរ​ដៃ​មួយក្រោយ​ថ្ងៃ​វាយ​ប្រហារ​ភេរវកម្ម ​១១​ កញ្ញា ឆ្នាំ ២០០១ ​នៅក្រុងញូយក។ លោក​ប្រធានា​ធិបតី ប៊ីល គ្លីនតុន (Bill Clinton) បាន​និយាយសម្រាល​ទុក្ខ ​ក្រោយ​ការ​ដាក់​គ្រាប់​បែកនៅ ​ក្រុង​ អូកឡាហូម៉ា (Oklahoma City)។ ​ប្រធា​នា​ថិបតី រ៉ូណលដ៍ រេហ្គែន (Ronald Reagan) បាន​និយាយ​សម្រាល​ទុក្ខ​ប្រជា​ពលរដ្ឋ ​ដែរ ក្រោយ​ពេល​ពីយាន​អវកាស ​មួយបាន​ផ្ទុះ​នៅ ​ក្នុង​លម្ហ​អាកាស។ ​ឥ​ឡូវ​នេះ គឺ​ជា​វេន​របស់​ប្រធានាធិបតី អូបាម៉ា។ លោក​អូបាម៉ា​ថ្លែង​ថា៖

«យើង​ប្រហែល​ជាមិន​អាច​មាន​លទ្ធភាព​បញ្ឈប់​ភាព​ជា​បីសាចនៅ​ក្នុង​ ពិភពលោក​នេះបាន​ទេ តែ​ខ្ញុំ​ដឹង​ថា​ យើង​មាន​របៀប​ជួយ​យក​អាសារ​គ្នាតាម​របៀប​របស់​យើង ខ្ញុំ​ជឿ​ថា​ ក្នុង​ការ​ខ្វះចន្លោះ​ទាំង​អស់របស់​យើងៗ​មាន​ សុភាវធ៌ម និង​មានសមានចិត្ត​ល្អ ​ ហើយ​កម្លាំង​ដែល​បំបែក​យើង ​គឺ​មិន​ខ្លាំង​ដូច ​កម្លាំង​ដែល​បង្រួប​បង្រួម​យើង​ទេ» ។

ដ្យារ៉ិដ ឡាហ្វនើរ (Jared Loughner) ត្រូវ​បាន​ចោទបទ​ប៉ុន​ប៉ង​ធ្វើ​ឃាត​តំណាងរាស្រ្ត ហ្កាប្រ៊ីអ៊ែល ឌ្យីហ្វ័រដស៍។ នេះ​ ជា​ការ​បាញ់​ប្រហារ​លើក​ដំបូង​ទៅ​លើ ​សមាជិករដ្ឋ​សភា​សហរដ្ឋ ​សភា​អាមេរិក​ក្នុង​ពេល​ជាង​៣០​ឆ្នាំនេះ។

ប្រែ​សម្រួល​ដោយ ​នៅ សារីម

XS
SM
MD
LG