រដ្ឋធានីវ៉ាស៊ីនតោន៖ កាលពីថ្ងៃអង្គារទី២៥មករាកន្លងមកនេះ លោកប្រធានាធិបតី បារ៉ាក់អូបាម៉ា (Barack Obama) បានបង្ហាញអំពីរបៀបវារ:របស់អង្គនីតិបញ្ញត្ដិរបស់លោកសម្រាប់ឆ្នាំនេះ នៅក្នុងសុន្ទរកថាស្តីពីស្ថានភាពសហព័ន្ធដែលជាសុន្ទរកថាប្រចាំឆ្នាំលើកទីពីររបស់លោក។ នោះជាសុន្ទរកថាទីមួយហើយ ចាប់តាំងពីអ្នកសាធារណរដ្ឋនិយមឡើងគ្រប់គ្រងសភាតំណាងរាស្ដ្រមក។
សមាជិកសភានៃអង្គនីតិបញ្ញត្ដិ មកពីគណបក្សប្រជាធិបតេយ្យហើយនឹងសាធារណរដ្ឋនិយមយល់ស្របគ្នានឹងគោលដៅសេដ្ឋកិច្ចទូលំទូលាយខ្លះៗសម្រាប់ឲ្យប្រទេសជាតិ ក៏ប៉ុន្ដែអស់លោកលោកស្រីមិនយល់ស្របគ្នាយ៉ាងខ្លាំងអំពីគោលនយោបាយដើម្បីឲ្យបានសម្រេចជោគជ័យគោលដៅទាំងនោះ។
កាលពីអាទិត្យមុន លោកប្រធានាធិបតី អូបាម៉ា មានប្រសាសន៍ម្ដងហើយម្ដងទៀតនៅចំពោះមុខសភាពេញអង្គ អំពីអ្វីដែលជាប្រធានបទសំខាន់ៗនៃសុន្ទរកថាប្រចាំឆ្នាំរបស់លោក៖ គឺការលូតលាស់ផ្នែកសេដ្ឋកិច្ចនិងការបង្កើតការងារ។
«ពីរឆ្នាំកន្លងទៅនេះគឺនិយាយអំពីការទាញយកសេដ្ឋកិច្ចរបស់យើងឲ្យចេញពីភាពស្ទើរធ្លាក់ក្នុងវិបត្ដិ។ ពីរឆ្នាំខាងមុខនេះ កិច្ចការរបស់យើងឥឡូវនេះ គឺកំពុងតែដាក់សេដ្ឋកិច្ចរបស់យើងឲ្យស្ថិតនៅក្នុងសភាពមានការលូតលាស់យ៉ាងលឿនបំផុត»។
លោក ខិន ខនរ៉ាត(Kent Conrad)ជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ មកពីរដ្ឋណរត៍ ដាខូតា (North Dakota)។ លោកពោលពាក្យរបស់លោកអូបាម៉ាសារជាថ្មី៖។
«ទីមួយ៖ ធ្វើឲ្យសេដ្ឋកិច្ចលូតលាស់ ហើយនឹងបង្កើតការងារធ្វើ»។
លោក ខនរ៉ាតមានប្រសាសន៍ដូច្នេះនៅក្នុងកម្មវិធីThis Week ឬសប្ដាហ៍នេះ នៃស្ថានីយទូរទស្សន៍ អេប៊ីស៊ី(ABC)។
អ្នកសាធារណរដ្ឋនិយមនិយាយថាអស់លោកលោកស្រីក៏ចង់លើកស្ទួយការលូតលាស់សេដ្ឋកិច្ចហើយនឹងជំរុញឲ្យមានការបង្កើតការងារដែរ។ ក៏ប៉ុន្ដែ អស់លោកលោកស្រីទទូចថាវិធីមួយដើម្បីឲ្យបានសម្រេចជោគជ័យកិច្ចការនោះគឺបន្ថយយ៉ាងខ្លាំងក្លានូវចំនួនហើយនឹងទំហំរបស់រដ្ឋាភិបាលសហព័ន្ធហើយឲ្យសហគ្រាសគ្រប់គ្រងទទួលខុសត្រូវវិញ។
លោក មិឆ ម៉ាក់ខូនែល (Mitch McConnel) ជាមេដឹកនាំអ្នកសាធារណរដ្ឋនិយមសំឡេងភាគតិចក្នុងព្រឹទ្ធសភា។ លោកចូលរួមក្នុងកម្មវិធីរបស់ស្ថានីយទូរទស្សន៍ ហ្វកស៍នូស៍ថ្ងៃអាទិត្យ (Fox News Sunday) ។
ដោយការគ្រប់គ្រងសភាតំណាងរាស្ដ្របែងចែករវាងគណបក្សទាំងពីរមតិរួមហើយនឹងការសម្របសម្រួលត្រូវគេមើលឃើញថា ជារឿងមានសារ:សំខាន់សម្រាប់ការអនុម័តសំណើច្បាប់។ លោកអូបាម៉ាពិតជាបានសុំឲ្យមានមតិរួមនៅក្នុងគណបក្សទាំងពីរនៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោក។ រយ:ពេលប៉ុន្មានខែខាងមុខនេះនឹងធ្វើជាការសាកល្បងមើលថាតើសេចក្ដីអំពាវនាវនេះនឹងត្រូវបានគណបក្សទាំងពីរធ្វើតាមឬដូចម្ដេច៕
ប្រែសម្រួលដោយអ្នកស្រីកង ស៊ីវន