ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូបាម៉ា៖ អូសាម៉ា​ប៊ីន​ឡាដិន​ស្លាប់​ហើយ


នេះ​ជា​រូបថត​នៃ​ផ្នែក​មួយ​នៃ​​ប៉ូស្ទ័រ​ (poster) ដែល​យក​ចេញ​ពី​គេហទំព័រ​របស់​ទីភ្នាក់ងារ​ស៊ីបការណ៍​សម្ងាត់​អេហ្វ​ប៊ី​អាយ (FBI) ដែល​បង្ហាញ​រូប​ អូសាម៉ា​ប៊ិន​ឡាដិន។ ប៊ីន​ឡាដិន ជា​មុខមាត់​នៃ​ចលនា​ភេរវកម្ម​សាកល និង​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វាយប្រហារ​ថ្ងៃ​ទី​១១
នេះ​ជា​រូបថត​នៃ​ផ្នែក​មួយ​នៃ​​ប៉ូស្ទ័រ​ (poster) ដែល​យក​ចេញ​ពី​គេហទំព័រ​របស់​ទីភ្នាក់ងារ​ស៊ីបការណ៍​សម្ងាត់​អេហ្វ​ប៊ី​អាយ (FBI) ដែល​បង្ហាញ​រូប​ អូសាម៉ា​ប៊ិន​ឡាដិន។ ប៊ីន​ឡាដិន ជា​មុខមាត់​នៃ​ចលនា​ភេរវកម្ម​សាកល និង​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វាយប្រហារ​ថ្ងៃ​ទី​១១

លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ (Barack Obama)បាន​ប្រកាស​ថា​ អូសាម៉ាប៊ីនឡាដិន​ (Osama bin Laden) ដែល​ជា​ស្ថាបនិក​បណ្តាញ​ភេរវកម្ម​អាល់ខៃដា​ (Al Qaeda) នោះ​ស្លាប់​ហើយ។

នៅ​២៥​នាទី​មុន​ពាក់​កណ្តាល​អាធ្រាត្រ​នៅ​រាត្រី​ថ្ងៃអាទិត្យ​ទី១​ខែ​ឧសភា​នេះ​ លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ បាន​ប្រកាស​ព័ត៌មាន​ដែល​ពលរដ្ឋ​អាមេរិក​បាន​រង់ចាំ​ស្តាប់​អស់​ពេល​ជិត​១០​ឆ្នាំកន្លង​មក​នេះ។

«ខ្ញុំ​អាច​ប្រកាស​ប្រាប់​ពលរដ្ឋ​អាមេរិក​ និង​ពិភពលោក​ទាំងមូល​ថា​ សហរដ្ឋ​អាមេរិក​ បាន​បើក​ប្រតិបត្តិការ​មួយ​ ដែល​បាន​សម្លាប់​ អូសាម៉ា​ប៊ីន​ឡាដិន​ ដែល​ជា​មេដឹកនាំ​ក្រុម​អាល់ខៃដា​ និង​ជា​ភេរជន​មួយ​រូប​ដែល​ទទួលខុសត្រូវ​ចំពោះ​ការ​សម្លាប់​ បុរស​ ស្រ្តី​ និង​ កុមារ​ស្លូតត្រង់​រាប់​ពាន់​នាក់»។

អូសាម៉ាប៊ីនឡាដិន​ ជា​ភេរវជន​ម្នាក់​ដែល​ពិភពលោក​ចង់​ចាប់​ខ្លួន​បំផុត​ តាំងពី​មនុស្ស​ប្រមាណ​ជាង​៣.០០០​នាក់​ត្រូវ​បាន​សម្លាប់​ នៅ​ក្នុង​ការ​វាយប្រហារ​មួយ​ចំនួន​ដោយ​ក្រុម​អាល់ខៃដា​ទៅ​លើ​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី​១១​ខែ​កញ្ញា​ឆ្នាំ​២០០១។

លោក​អូបាម៉ា​ បាន​មាន​ប្រសាសន៍​ថា​ លោក​ត្រូវ​បាន​គេ​ផ្តល់​ព័ត៌មាន​កាលពី​ខែ​សីហា​មុន​អំពី​ការណ៍​ដែល​អាច​នាំ​ទៅ​រក​ឃើញ​ទីតាំង​របស់​អូសាម៉ា​ប៊ីន​ឡាដិន។​ លោក​មាន​ប្រសាសន៍​ថា​ មេដឹកនាំ​ភេរវជន​រូប​នេះ​ បាន​លាក់​ខ្លួន​នៅ​ក្នុង​បរិវេណ​មួយ​ក្នុង​ក្រុង​អាបុតតាបាដ​ (Abbottabad)​ នៃ​ប្រទេស​ប៉ាគីស្ថាន។

លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា​ លោក​បាន​ចេញ​បញ្ជា​បេសកកម្ម​មួយ​កាលពី​សប្តាហ៍​មុន​ ដែល​មាន​ឈ្មោះ​ថា​ «ចាប់ខ្លួន​ អូសាម៉ា​ប៊ីន​ឡាដិន​ ហើយនាំ​ខ្លួន​គាត់​មក​តុលាការ»។

លោក​អូបាម៉ា​ បាន​មាន​ប្រសាសន៍​ថា​ នៅ​ថ្ងៃ​អាទិត្យ​ កងកម្លាំង​អាមេរិក​មួយ​ក្រុម​តូច​ បាន​បើក​ប្រតិបត្តិការ​ទៅ​លើ​បរិវេណ​នោះ។

«ក្រោយពី​ការបាញ់​ប្រយុទ្ធ​ ពួកគេ​បានសម្លាប់​ អូសាម៉ា​ប៊ីន​ឡាដិន​ ហើយ​រក្សា​ទុក​សាកសព​របស់​គាត់»។

លោក​ប្រធានាធិបតី​ទទួលស្គាល់​ថា​ ក្រុម​អាល់ខៃដា​ នឹង​បន្ត​ការ​វាយ​ប្រហារប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​ ហើយ​ព្រមាន​ថា​ ពលរដ្ឋ​អាមេរិក​ត្រូវ​រក្សា​ការ​ប្រុងប្រយ័ត្ន។

«ខ្ញុំ​បាន​បញ្ជាក់​យ៉ាងច្បាស់​ ដូច​ដែល​លោក​ប្រធានាធិបតី​ ប៊ូស​ (Bush)​ បាន​និយាយ​តែ​បន្តិច​ក្រោយពី​ព្រឹត្តការណ៍​ថ្ងៃ​ទី​១១​ខែ​កញ្ញា​នោះ​ដែរ​ថា​ សង្គ្រាម​របស់​យើង​ គឺ​មិនមែន​ប្រឆាំង​នឹង​អ៊ិស្លាម​នោះ​ទេ​ ពីព្រោះ​ ប៊ីន​ឡាដិន​ មិនមែន​ជា​មេដឹកនាំ​សាសនា​អ៊ិស្លាម​ទេ។​ គាត់​ជា​មេឃាតករ​សម្លាប់​រង្គាល​ជន​មូស្លីម។​ ជាក់ស្តែង​ ក្រុម​អាល់ខៃដា​ បាន​សម្លាប់​អ្នក​កាន់​សាសនា​អ៊ិស្លាម​ជាច្រើន​នាក់​នៅ​ក្នុង​ប្រទេស​ជាច្រើន​ ដោយ​រួមទាំង​ប្រទេស​យើង​ផងដែរ»។

លោក​អូបាម៉ា​ បាន​មាន​ប្រសាសន៍​ថា​ កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប៉ាគីស្ថាន​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ បាន​ជួយ​កងកម្លាំង​សហរដ្ឋ​អាមេរិក​ក្នុង​ការ​រក​ឃើញ​ អូសាម៉ា​ប៊ីន​ឡាដិន។​ លោក​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​ លោក​បាន​ទូរស័ព្ទ​ទៅ​ប្រធានាធិបតី​ប៉ាគីស្ថាន​ លោក​ អាសីហ្វ​ អាលី​ ហ្សាដារី​ (Asif Ali Zardari) ដើម្បី​ជូន​ដំណឹង​លោក​អំពី​ការ​ស្លាប់​របស់​ ប៊ីន​ឡាដិន។​ លោក​ប្រធានាធិបតី​ អូបាម៉ា​ បាន​មាន​ប្រសាសន៍​ថា​ ក្រុម​មន្រ្តី​ប៉ាគីស្ថាន​ បាន​យល់ស្រប​ថា​ ការណ៍​នេះ​ជា​ «ថ្ងៃ​ដ៏​ល្អ​ និង​ជាថ្ងៃ​ប្រវត្តិសាស្រ្ត»​ សម្រាប់​ប្រទេស​ជាតិ​ទាំងពីរ។

លោក​អូបាម៉ា​ ក៏​បាន​ទូរស័ព្ទ​ទៅ​អតីត​ប្រធានាធិបតី​ ចច​ ដាប់ប៊េលយូ​ ប៊ូស​ (George W. Bush)​ ផងដែរ​ ដែល​លោក​ជា​ប្រធានាធិបតី​ក្នុង​ពេល​កើត​មាន​ព្រឹត្តិការណ៍​ថ្ងៃ​ទី​១១​ខែកញ្ញា​ និង​ដែល​បាន​ចាប់ផ្តើម​សង្គ្រាម​អាមេរិក​ប្រឆាំង​នឹង​ភេរវកម្ម។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​ជា​លាយលក្ខណ៍​អក្សរ​មួយ​ លោក​ប្រធានាធិបតី​ ប៊ូស​ បាន​ហៅ​ការ​សម្លាប់​របស់​ ប៊ីន​ឡាដិន​ ថា​ជា​ «ស្នាដៃ​ដ៏​ធំ​សម្បើម​មួយ»​ និង​ជា​ «ជ័យ​ជម្នះ​របស់​អាមេរិក»។​ លោក​បាន​មាន​ប្រសាសន៍​ថា​ «ទោះជា​ត្រូវ​ចំណាយ​ពេល​យូរ​ប៉ុណ្ណា​ក៏ដោយ​ យុត្តិធម៌​នឹង​ត្រូវ​តែ​សម្រេច​ឲ្យ​បាន»។

អូសាម៉ា​ប៊ីន​ឡាដិន​ បាន​កើត​នៅ​ថ្ងៃ​ទី​១០​ខែ​មិនា​ឆ្នាំ​១៩៥៧​ ក្នុង​គ្រួសារ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​មួយ​នៅ​ប្រទេស​អារ៉ាប់​ ប៊ីសេអូឌីត៕

ប្រែសម្រួល​ដោយ​ លី​ ម៉ូរីវ៉ាន់

XS
SM
MD
LG