ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជាប់​ឃុំ​ដួល​សន្លប់​ក្នុង​ពន្ធ​នាគារព្រៃស​ ​ក្រោយ​មាន​ជំងឺ​ធ្ងន់ធ្ងរ


រូបឯកសារ៖ លោក នី សុខា មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ត្រូវ​បាន​សមត្ថកិច្ច​បណ្តើរ​ចេញ​ពី​ការស្តាប់​ការ​ប្រកាស​សាលដីកា​នៅ​តុលាការ​កំពូល នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

លោក​​ឡោ ជុនធី​បន្ថែម​ថា​ ​ស្ថានភាព​ជំងឺ​កូន​ក្តី​របស់​លោក​ហាក់​មាន​ភាព​ដុនដាប​ បន្ទាប់​ពី​លោក​ធាម ច័ន្ទពិសិដ្ឋ​ ​ជា​​​ចៅក្រម​ស៊ើបសួរ​ ​ហាម​មិន​ឲ្យ​ក្រុម​គ្រូពេទ្យ​របស់​អង្គការ​លីកាដូ​ចូល​ពិនិត្យ​អស់​រយៈ​ពេល​ជាង​​ ៣​ខែ​មក​ហើយ។​

លោក​ នី សុខា​ ​មន្រ្តី​សិទ្ធិ​មនុស្ស​អាដហុកម្នាក់​ក្នុង​ចំណោម​បួន​នាក់​ដែល​កំពុង​ជាប់​ឃុំ​ បាន​ដួល​សន្លប់​ក្នុង​បន្ទប់​ទឹក​ពន្ធនាគារ​ព្រៃ​ស ​កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។​ ​ការ​ដួល​សន្លប់​នោះ​ដោយ​សារ​ស្ថានភាព​ជំងឺ​របស់​លោក​កាន់​តែ​ធ្ងន់ធ្ងរ​ ​បន្ទាប់​ពី​តុលាការ​សម្រេច​ផ្អាកមិនឲ្យក្រុម​គ្រូពេទ្យរបស់​អង្គការ​លីកាដូចូល​ពិនិត្យ​ ​និង​ព្យាបាល​ដោយ​គ្មាន​មូលហេតុ។​ ​នេះបើ​តាម​ការ​ ​អះអាង​របស់​មេធាវី​ និង​មន្ត្រី​សិទ្ធិមនុស្ស។​

លោកឡោ ជុនធី​ ​មេធាវី​មួយ​រូបក្នុង​ចំណោម​មេធាវី​ជា​ច្រើន​ទៀត​ដែល​ការពារមន្រ្តី​អាដហុក​ទាំង​នោះ​ ​ប្រាប់​ VOA ​នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា​ ​លោក​ ​នី សុខា​ ​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ ​បាន​ដួល​សន្លប់ក្នុង​បន្ទប់​ទឹក​ពន្ធនាគារ​ ដោយ​សារ​ជំងឺ​លើស​ឈាម។​ ​លោក​បន្ត​ថា​ ​រហូត​មកដល់​រសៀល​ថ្ងៃ​ចន្ទ​នេះ​ ​ខាង​ពន្ធនាគារមិនទាន់​បាន​បញ្ជូន​លោក​ ​នី សុខាទៅ​មន្ទីរ​ពេទ្យ​នៅ​ឡើយ​ ​ដោយ​រង់ចាំការ​បញ្ជាក់​របាយ​ការណ៍​ពី​ពន្ធនាគារ​ ​និង​ស្នើ​ទៅ​ចៅក្រម។​

លោកឡោ ជុនធី​បន្ថែម​ថា​ ​ស្ថានភាព​ជំងឺ​កូន​ក្តី​របស់​លោក​ហាក់​មាន​ភាព​ដុនដាប​ បន្ទាប់​ពី​លោក​ធាម ច័ន្ទពិសិដ្ឋ​ ​ជា​ចៅក្រម​ស៊ើបសួរ​ ​ហាម​មិន​ឲ្យ​ក្រុម​គ្រូពេទ្យ​របស់​អង្គការ​លីកាដូ​ចូល​ពិនិត្យ​អស់​រយៈ​ពេល​ជាង ៣​ខែ​មក​ហើយ។​

លោក​ឡោ ជុនធីបញ្ជាក់​ថា៖​

«មុនពេទ្យ​គេ​ទៅមួយ​អាទិត្យ​ ឬ​ក្នុង​មួយ​ខែអី​គេ​បាន​ទៅ​ជួប​គាត់​២​ដង​ ឬ​មួយ​៣​ដង​ អីចឹង​ធ្វើ​ឲ្យ​ស្ថានភាព​សុខភាព​គាត់​ដូចជា​មិនអី។​ ​ទើប​តែ​រយៈពេល​ក្រោយ​ហ្នឹង ​ដូច​ជា​៣ខែ​ តាម​ខ្ញុំ​ដឹង​ ដាច់​សេវា​ពេទ្យ​លីកាដូ​ហ្នឹង​ចូល​ទៅ ​ដូច​ខ្វះ​ថ្នាំ​ផង ​ខ្វះ​អី​ផង​តាម​មើល។​ និយាយ​ឲ្យ​ចំ ទាំង​បី​នាក់​ហ្នឹង​ បង​ណៃ វ៉ង់ដា​ ​ជើង​គាត់​រាង​ហើម​តិចៗ​អី​អញ្ចឹង។​ ប៉ុន្តែ​គាត់​បានជួប​ពេទ្យ​ម្តង​ហើយ។​ ពេទ្យ​ហ្នឹង​ទាល់​តែ​អម​ជា​មួយ​មេធាវីអី​ទៀត។​ ​ហើយ​លោក​យី សុខសាន្ត​ក៏​អីចឹង ​គាត់​ថា​ រាង​ស្ពឹកៗ​ដៃមួយ​ចំហៀងអី​អញ្ចឹង»។​

លោក​នី សុខា​ ​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​សមាគម​អាដ​ហុកម្នាក់​ក្នុង​ចំណោម​មន្រ្តីបួន​នាក់ និង​មន្ត្រី​គ.ជ.ប.​ម្នាក់​ទៀត​ ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ ដើម្បី​ស៊ើប​អង្កេតអស់​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ​ ​ទាក់ទង​នឹង​សំណុំ​រឿង​គួរឲ្យ​មន្ទិលពាក់​ព័ន្ធ​នឹងរឿង​ស្នេហា​រវាងលោក​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ស្រ្តីធ្វើ​ការ​នៅ​ហាង​កាត់​សក់​មួយ​កន្លែង​ កាល​ពី​ខែ​មេសា​ឆ្នាំ​២០១៦។​

ភរិយា​របស់​លោក​នី សុខា​គឺ​អ្នកស្រីម៉ែន លក្ខិណា​ ​ដែល​កំពុង​ចិញ្ចឹម​កូន​៥​នាក់​ក្នុង​បន្ទុក​ បាន​ប្រាប់​ថា ​ស្វាមី​របស់​អ្នកស្រី​កំពុង​កើត​ជំងឺ​ជាច្រើន​មុខ​ ​ទាំង​ជំងឺ​ដែល​កើត​មាន​មុន​ពេល​ចូល​ក្នុង​ពន្ធនាគារ​ ​និង​ជំងឺ​ដែល​កើត​មាន​ បន្ទាប់​ពី​ត្រូវ​បាន​តុលាការ​ឃុំឃាំង។ ​អ្នកស្រី​បន្ថែម​ថា ​ស្ថានភាព​ជំងឺ​របស់​ស្វាមីអ្នកស្រីកាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​ ​ហើយ​អ្នកស្រីបារម្ភ​ថា អាច​ហួស​ពេល​ក្នុង​ការ​ព្យាបាល​ ​ប្រសិន​បើ​លោកមិន​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។​

អ្នកស្រី​ម៉ែន លក្ខិណា​បញ្ជាក់​ថា៖​

«ការ​ដែល​ជំងឺ​ ​អត់​ពិនិត្យ​ឈាម​ ​អត់​ជួស​ឈាម​ អត់អី​ខ្ញុំ​ភ័យ។​ ​ត្រូវ​ការ​យក​ចេញ​ក្រៅ​ ​យក​ទៅ​ព្យាបាល ​ជាពិសេស​តម្រង​នោម​គាត់​ ខ្ញុំ​ភ័យ​បំផុត។​ ​បើសិន​មេធាវី​យើង​អាចសុំ​តុលាការ​បាន​ អាច​យកមក​ព្យាបាល​នៅ​ខាងក្រៅ​បាន​ ​អា​ហ្នឹងខ្ញុំ​សង្ឃឹម​ជាង។​ ​បើសិន​ជា​ព្យាបាល​នៅ​ខាងក្នុង​ហ្នឹង​ ​ខ្ញុំ​អត់​សង្ឃឹម​ទេ។ ខ្ញុំ​អស់​សង្ឃឹម​ច្រើន​តែ​ម្តង»។​

មន្រ្តី​ និង​អតីត​មន្រ្តី​អាដ​ហុក​ទាំង​៥​រូបសុទ្ធ​តែ​មាន​វ័យ​ចំណាស់​ ​និង​មាន​ជំងឺ​ប្រចាំ​កាយ​ ​និង​បាន​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ដើម្បី​ព្យាបាល​ជំងឺ​ជាច្រើន​លើក​ ​ប៉ុន្តែ​តុលាការ​បាន​ច្រាន​ចោល​ការស្នើ​សុំ​ទាំង​នោះ​ដោយ​អះអាង​ថា​ ​ការ​អនុញ្ញាត​ឲ្យ​ពួកគេ​នៅ​ក្រៅ​ឃុំ​អាច​បង្ក​ឲ្យ​មាន​ភាព​អសន្តិសុខ​សង្គម។

លោក​អំ សំអាត​ ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ដែល​ជា​អង្គការ​មួយ​ផ្តល់​សេវា​ពិគ្រោះ​និង​ពិនិត្យ​ជំងឺ​សម្រាប់​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​បាន​ប្រាប់​ VOA ​នា​ថ្ងៃ​ចន្ទ​នេះ​ថា​ ​ក្រុម​គ្រូពេទ្យ​របស់​អង្គការ​លីកាដូ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ពិនិត្យ​ ​និង​ព្យាបាល​ជំងឺ​អ្នក​ដែល​កំពុង​ជាប់​ពន្ធនាគារ​ ​នៅតាម​ពន្ធនាគារ​ចំនួន​១១​ ​ទូទាំង​ប្រទេស​ ​ដោយ​មាន​ទាំង​ការ​ពិនិត្យ​ជំងឺ​របស់មន្រ្តី​អាដហុក​ទាំង​នោះ​ផង។​ ​ក៏ប៉ុន្តែកាលពី​៣​ខែ​មុន​ ​តុលាការ​បាន​សម្រេច​ឈប់​ឲ្យក្រុម​គ្រូពេទ្យ​របស់​អង្គការលីកាដូចូលពិនិត្យ​ ​និង​ព្យាបាល​ជំងឺលោកនី សុខា​ ​លោក​ណៃ វ៉ង់ដា ​និង​លោក​យី សុខសាន្ត​ ​ដោយ​មិន​មានមូលហេតុ។​

លោកអំ សំអាត​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ៖

«ជា​អកុសល​ ដែល​យើង​ទទួល​ដំណឹង​ថា​ គាត់​ត្រូវ​បានដួល​ក្នុង​បន្ទប់​ទឹក​ម្សិលមិញ​ ​ហើយ​មក​ទល់​ពេល​នេះ​ យើង​គ្រាន់តែ​បាន​ទាក់ទង​ទៅ​ខាង​គ្រូពេទ្យ​នៅ​មណ្ឌល​កែប្រែ​ទី១​ ​ហើយ​គ្រូពេទ្យ​យើង​អត់​ទាន់​បាន​ជួប​នោះ​ទេ​ ​ដោយ​សារ​មិនទាន់​ទទួល​មាន​ការ​អនុញ្ញាត​ពី​ចៅក្រម។​ ​យើង​ក៏មិនទាន់ដឹង​ហេតុ​ផល​ច្បាស់​លាស់​បែប​ណា​ ពី​មូលហេតុ​ដែល​ផ្អាក​គ្រូពេទ្យ​យើង​ព្យាបាល​អ្នក​ទាំង​បី​នាក់​ហ្នឹង»។​

លោកសន កែវ​ ​អ្នកនាំពាក្យនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ​ បាន​ប្រាប់​ ​VOA​ ​ថា​ លោក​មិន​ទាន់​ទទួលបាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ​របស់​លោក​នី សុខា​នៅ​ឡើយ។​ ​ទោះជា​យ៉ាង​ណា​ ​លោក​ច្រាន​ចោល​ការ​លើក​ឡើង​ដែល​ថា​ ​ស្ថានភាព​ជំងឺ​របស់​លោកនី សុខា​ ​កើត​ឡើង​ដោយ​សារ​ក្រុម​គ្រូពេទ្យ​របស់​អង្គការ​លីកាដូមិន​បាន​ចូល​ពិនិត្យ​ ​និង​ព្យាបាល។​ ​លោក​សន កែវ​បន្ថែម​ថា​ ​ក្រុម​គ្រូពេទ្យ​ក្នុង​ពន្ធនាគារជា​អ្នក​សម្រេចទៅ​តាម​នីតិវិធី​ថា​ ​តើ​ស្ថានភាព​ជំងឺ​របស់​អ្នក​ជាប់​ឃុំ​គួរតែ​ត្រូវ​បញ្ជូន​ចេញ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខាង​ក្រៅ ​ឬ​យ៉ាង​ណា។​

លោក​មាន​ប្រសាសន៍​ថា៖​

«កាលណា​ជន​ជាប់​ឃុំ​ម្នាក់​មាន​បញ្ហា​សុខភាព​គឺ​ប៉ុស្តិ៍​សុខភាព​នៅ​ពន្ធនាគារ​គេ​មើល។​ ​នៅ​ពេល​ដែលគេមើល​ហើយ ឃើញ​ថា​ ​កម្រិត​គេព្យាបាល​បាន​ គេ​ព្យាបាល​នៅ​ប៉ុស្តិ៍។​ ​ប៉ុន្តែ​បើ​គេ​មើល​ហើយ​ឃើញ​ថា​ ​ហួស​សមត្ថភាព​គេ​ព្យាបាល គេ​បញ្ជូន​ចេញ​មក​ខាង​ក្រៅ​ ​មាន​មន្ទីរពេទ្យ​រុស្ស៊ី​ ​មាន​អី ​ជា​ហូរ​ហែ​អីចឹង​មក»។​

យ៉ាង​ណា​ក៏​ដោយ​ ​លោក​អំ សំអាត​នៃ​សមាគម​សិទ្ធិ​មនុស្ស​ ​លីកាដូ​ បាន​លើក​ឡើង​ថា៖​

«នៅ​ពន្ធនាគារ​មួយៗ​គឺ​ទី១​គ្រូ​ពេទ្យតិច​ ​ទី២​អត់​មាន​ឧបករណ៍​ ​ទី៣​ពិបាក​ធ្វើ​ការ​វិនិច្ឆ័យ​ ​ទាល់​តែ​មើល​ទៅ​ជាក់ស្តែង​ថា ​គាត់​ធ្ងន់ធ្ងរ​បាន​អាច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បាន»។​

​មន្រ្តី​អាដហុក​៤​រូប​ ​ដែល​កំពុង​ត្រូវ​បានឃុំ​ខ្លួន​ មាន​លោក​នី សុខា ​លោកយី សុខសាន្ត ​លោក​ណៃ វ៉ង់ដា​ ​លោកស្រី​លឹម មុនី​ ​និង​អតីត​មន្រ្តី​អាដហុក​មួយ​រូបទៀត​ដែល​ត្រូវ​បាន​គ.ជ.ប.​ថ្មី ជ្រើស​ជា​អគ្គលេខាធិការ​រងគឺ​លោក​នី ចរិយា។​ ​មន្រ្តី​ទាំង​៥​រូបត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សូក​ប៉ាន់​សាក្សី ​និង​សមគំនិត​សូកប៉ាន់​សាក្សី ​ហើយ​ឃុំ​ខ្លួ​នអស់​រយៈពេល​ជាង​១ឆ្នាំ​មក​ហើយ​ ដោយ​មិន​ទាន់​មាន​ការ​កាត់​ទោស​ណា​មួយ​នៅ​ឡើយ។​ ​ ​ការ​ចាប់​ឃុំ​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​យ៉ាង​ដូច្នោះ​បាន​រងការរិះគន់​យ៉ាង​ខ្លាំងពី​សំណាក់​អង្គការជាតិ​ ​អន្តរជាតិ​ ​និង​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ផង​ដែរ៕​

XS
SM
MD
LG