នួន ជា អតីតមេមនោគមវិជ្ជានៃរបបកម្ពុជាប្រជាធិបតេយ្យ បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសចិនបានជួយគាំទ្រពួកខ្មែរក្រហមដោយឥតលក្ខខណ្ឌ។ ក៏ប៉ុន្ដែបានបដិសេធការជួយរៀបចំនយោបាយដឹកនាំពីសំណាក់ប្រទេសចិន។
អតីតប្រធានសភាខ្មែក្រហមអាយុ ៨៥ឆ្នាំរូបនេះ បានឆ្លើយសំណួររបស់លោកចៅក្រម
ជីន ម៉ាក ឡាវែញ (Jean-Marc Lavèrnge) នៅក្នុងការកាត់ក្ដីរបស់អង្គជំនុំជម្រះសាលាដំបូង នៃសាលាក្តីខ្មែរក្រហមកាលពីព្រឹកមិញថា ចិនកុម្មុយនិស្ដបានផ្ដល់ជំនួយសព្វាវុធ ស្បៀងអាហារ និងផលិតផលឧស្សាហកម្មជាដើមដល់ពួកខ្មែរក្រហម។ ជំនួយគឺជាជំនួយគ្មានសំណង និងគ្មានលក្ខខណ្ឌ។
«ជំនួយអាវុធក៏ដោយ ជំនួយជាក្រណាត់ក៏ដោយដូចជាខោអាវ សម្លៀកបំពាក់ស្បៀងអាហារខាងចិនប្រជាមានិតជួយ។ ជាជំនួយឥតលក្ខខណ្ឌ គ្មានសងវិញទេ»។
របបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម នៅក្នុងអំឡុងពេលក្ដោបក្ដាប់អំណាចចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ បានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់បាត់បង់ជីវិតអស់យ៉ាងតិចចំនួន១,៧ លាននាក់។ អតីតប្រមុខរដ្ឋនាសម័យនោះ គឺខៀវ សំផន អៀងសារី អតីតឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេស និងនួន ជា បងធំទីពីរ និងជាមេមនោគមវិជ្ជានៃរបបនេះកំពុងស្ថិតក្រោមការកាត់ទោសក្នុងសំណុំរឿង០០២។
ជនជាប់ចោទនួន ជា បានឆ្លើយនឹងសំណួររបស់លោកចៅក្រមសញ្ជាតិបារាំងដដែលថា របបក្រុងប៉េកាំង បានផ្គត់ផ្គង់អ្នកជំនាញបច្ចេកទេសដល់របបខ្មែរក្រហម ក៏ប៉ុន្ដែមិនបានជួយកាច់ចង្កូតនយោបាយនោះទេ។
«មានអ្នកជំនួយខាងបច្ចេកទេស ខាងរថភ្លើង។ មកជួយមើលផ្លូវរថភ្លើងពីព្រោះកាលនោះ យើងរៀបចំផ្លូវរថភ្លើងឡើងវិញ។ ប៉ុន្ដែគ្មានអ្នកជំនួយខាងនយោបាយទេ។ មានតែអ្នកបច្ចេកទេសទេ»។
សេចក្ដីអះអាងរបស់ជនជាប់ចោទរូបនេះ ធ្វើឡើងស្រដៀងគ្នាជាមួយនឹងសេចក្ដីថ្លែងការណ៍របស់អតីតឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា លោកស្រី ចាង ជិន ហ្វឹង (Zhang Gin Feng)។ លោកស្រី ចាង មានប្រសាសន៍នៅវិទ្យាស្ថានខុងជឺ ក្នុងរាជបណ្ឌិតសភា ទីក្រុងភ្នំពេញ កាលពីខែមករា ឆ្នាំ ២០១០ ថា ប្រទេសចិន «មិនបានរួមចំណែក ឬអន្ដរាគមន៍» នៅក្នុងនយោបាយរបស់ពួកខ្មែរក្រហមទេ។ ក៏ប៉ុន្ដែចិនបានផ្ដល់ជំនួយស្បៀងអាហារដល់ប្រជាពលរដ្ឋកម្ពុជានៅក្នុងរបបនោះដើម្បីជួយស្រោកស្រង់ប្រជាពលរដ្ឋកម្ពុជាពីគ្រោះទុរភិក្ស។
នួន ជា នៅក្នុងការកាត់ទោសនៅថ្ងៃនេះបានទទួលស្គាល់ថា មានការខ្វះខាតស្បៀងអាហារនៅតាមកន្លែងខ្លះតែប៉ុណ្ណោះក្នុងរបបដែលខ្លួនគ្រប់គ្រង ហើយការខ្វះខាតនោះមិនធ្ងន់ធ្ងរទេ។ ក៏ប៉ុន្តែ របាយការណ៍ជាច្រើនបង្ហាញថា ពួកខ្មែរក្រហមបានបង្អត់អាហារប្រជាពលរដ្ឋខ្លួនឯងមិនឲ្យមានការហូបចុកគ្រប់គ្រាន់ ហើយពួកគេបានបង្ខំឲ្យប្រជាជនធ្វើការធ្ងន់ធ្ងរដូចជាទាសករ។
នេះគឺជាលើកទី១ហើយដែលអតីតមេដឹកនាំកំពូលខ្មែរក្រហមមួយរូបបានបង្ហាញពីការជាប់ពាក់ព័ន្ធច្រើនរបស់ចិនក្នុងការដឹកនាំរបស់ខ្លួន។ ក្នុងអំឡុងពេលចាប់ផ្ដើមសវនាការសំណុំរឿង ០០២ នួន ជា បានធ្វើការវាយប្រហារជាច្រើនលើការជាប់ពាក់ព័ន្ធរបស់ប្រទេសវៀតណាម៕