ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​របស់​នួន​ ជា​ ស្នើ​សាលាក្តី​ឲ្យ​ពិនិត្យ​ឡើង​វិញ​លើ​សុខភាព​កូនក្តី​ខ្លួន


នួន ជា ជា​ប្រធាន​មនោគមវិជ្ជា​របស់​ខ្មែរ​ក្រហម​ដែល​គេ​ស្គាល់​ផង​ដែរ​ថា​ជា​«បងធំ​ ទី២» អង្គុយ​ក្នុង​​អំឡុង​សវនាការ​បឋម​ក្នុង​សំណុំ​រឿង​០០២ កាល​ពី​ថ្ងៃ​​ច័ន្ទ​ទី​២៧​ខែ​មិថុនា​ឆ្នាំ​២០១១។ នួន ជា និយាយ​ថា​ គាត់​មាន​បំណង​ចូល​រួម​សវនាការ​ ប៉ុន្តែ​គាត់​មិន​អាច​ប្
នួន ជា ជា​ប្រធាន​មនោគមវិជ្ជា​របស់​ខ្មែរ​ក្រហម​ដែល​គេ​ស្គាល់​ផង​ដែរ​ថា​ជា​«បងធំ​ ទី២» អង្គុយ​ក្នុង​​អំឡុង​សវនាការ​បឋម​ក្នុង​សំណុំ​រឿង​០០២ កាល​ពី​ថ្ងៃ​​ច័ន្ទ​ទី​២៧​ខែ​មិថុនា​ឆ្នាំ​២០១១។ នួន ជា និយាយ​ថា​ គាត់​មាន​បំណង​ចូល​រួម​សវនាការ​ ប៉ុន្តែ​គាត់​មិន​អាច​ប្

សហ​មេធាវី​ការពារ​ក្តី​ឲ្យ​នួន ​ជា ​បាន​ទទូច​សារ​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​អង្គជំនុំ​ជម្រះ​សាលាក្តី​ខ្មែរ​ក្រហម​ផ្តោត​ការ​យក​ចិត្ត​ដាក់​លើ​ជរាពាធ​នៃ​កូន​ក្តី​របស់​ខ្លួន។ ជរាពាធ​ធ្វើ​ឲ្យ​នួន ​ជា​ គ្មាន​ភាព​រឹងមាំសម្រាប់​ចូល​រួម​សវនាការ​កាត់ទោស​គាត់​ឲ្យ​បាន​ពេញ​លេញ​ទេ។ នេះ​បើ​យោង​ទៅ​តាម​មេធាវី​សហ​ការពារ​ក្តី​នៅ​ក្នុង​ការ​សួរ​ដេញ​ដោល​លើ​សុខភាព​នួន ​ជា​ ក្នុង​សាវនាការ​ទី​ថ្ងៃ​ទី​៣​ស្តី​ពី​បញ្ហា​សុខភាព​ជន​ជាប់​ចោទ​ និង​លទ្ធភាព​ចូល​រួម​សវនាការ។ លោក ​ស៊ុន ​អារុណ​ សហ​មេធាវី​កម្ពុជា​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​សន្និដ្ឋាន​របស់​ខ្លួន​នេះ​ថា​ សុខភាព​នួន​ ជា ​អាច​ផ្តល់​ជា​កង្វល់​អវិជ្ជមាន​សម្រាប់​ការ​កាត់​ទោស​រូប​គាត់។

«ខ្ញុំ​យល់​ថាការ​ពិបាក​ពី​ខាង​សុខភាព​ជា​ចម្បង​របស់​គាត់​ ដែល​ធ្វើ​ឲ្យ​គាត់​ព្រួយ​បារម្ភ​ ព្រម​ទាំង​មេធាវី​ការពារ​គាត់​ហ្នឹង​ ព្រួយ​បារម្ភ​ណាស់​ផ្នែក​សុខភាព​គាត់​ហ្នឹង។​ អាច​មាន​ឧបសគ្គ​អ្វី​មួយ​ដែល​មិន​អាច​បន្ត​ជា​វិជ្ជមាន​រហូត​ក្នុង​ការ​សន្តិកា​ទៅ​អនាគត»។

យ៉ាង​ណា​ក៏​ដោយ​ក្រុម​មេធាវី​ការពារ​ក្តី​មិន​ស្នើ​ឲ្យ​ដោះ​លែង​នួន​ ជា ​ដែល​មាន​អាយុ​៨៥​ឆ្នាំ​ នឹង​បាក់​ធ្មេញ​ស្ទើរ​តែ​អស់​រលីង​ពី​មាត់​នោះ​ទេ។​ លោក​ស៊ុន ​អារុណ​ បាន​រំឭក​ថា​ កូន​ក្តី​របស់​លោក​គ្មាន​ចេតនាថា​នឹងមិន​ចូល​រួម​នៅ​ក្នុង​សវនាការ​នោះ​ទេ។​ ក៏​ប៉ុន្តែ​ សុខភាព​របស់​គាត់​នឹង​មិន​អនុញ្ញាត​ឲ្យ​គាត់​ចូល​រួម​សវនាការ​គ្រប់​ដំណាក់​កាល​នោះ​ឡើយ។

ថ្ងៃ​ច័ន្ទ​គឺ​ជា​ថ្ងៃ​ទី​១ នៃ​សវនាការ​ស្តី​ពី​សុខ​ភាព​អៀង​ ធីរិទ្ធ​ និង​នួន ​ជា។ ​នួន​ ជា​ ខ្លួន​ឯង​បាន​និយាយ​ថា​ គាត់​មាន​បំណង​ចូល​រួម​សវនាការ​ ប៉ុន្តែ​គាត់​មិន​អាច​ប្រមូល​អារម្មណ៍​បាន​ល្អ​ សម្រាប់​ការ​សួរ​ដេញ​ដោល​ ការ​អាន​ឯកសារ​ ឬ​ក៏​ស្តាប់​សវនាការ។​ ប៉ុន្តែ​គាត់​មិន​អាច​ប្រមូល​អារម្មណ៍​បាន​ល្អ​ សម្រាប់​ការ​សួរ​ដេញ​ដោល​ ការ​អាន​ឯកសារ​ ឬ​ស្តាប់​សាវនាការ​លើស​ពី​រយៈ​ពេល​មួយ​ម៉ោង​ ឬ ​មួយ​ម៉ោង​កន្លះ​នោះ។

ក្នុង​ការ​សួរ​ដេញ​ដោល​ជា​មួយ​លោក​ចន​ ខាំបែល​ វេជ្ជបណ្ឌិត​ជំងឺ​មនុស្ស​ចាស់​ ដែល​បាន​ធ្វើ​កោស័យវិច័យ​លើ​សុខភាព​នួន ​ជា ​អៀង ​ធីរិទ្ធ​ និង​អៀង ​សារី ​ក្រុម​មេធាវី​ការពារ​ក្តី​ បាន​សួរ​សង្កត់​ធ្ងន់​ពី​ប្រការ​ដែល​កូន​ក្តី​របស់​ខ្លួន​ដែល​ធ្លាប់​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​បេះដូង​ សរសៃ​ខួរក្បាល​ បញ្ហា​តម្រងនោម​ ការ​ធ្លាយ​ឈាម​តាម​ក្រពះ​ និង​បញ្ហា​គ្រោង​ឆ្អឹង​ជា​ដើម​ ដែល​អាច​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​វ័យ​ជរា​របស់​គាត់។

ប៉ុន្តែ​លោក​ចន ​ខាំបែល ​នៅ​តែ​អះអាង​ដូច​សេចក្តី​សន្និដ្ឋាន​នៅ​ក្នុង​របាយការណ៍​កោស័ល​វិច័យ​របស់​លោក​ថា ​នួន​ ជា ​នៅ​មាន​លទ្ធភាព​ចូល​រួម​ការ​កាត់​ក្តី​យ៉ាង​ពេញ​លេញ​ ហើយ​បញ្ហា​សុខភាព​ដែល​គាត់​ដែល​ធ្លាប់​ជួប​ប្រទះ​កាល​ពី​ពេលមុន​មិន​បង្ក​ជា​បញ្ហា​ទៀត​ឡើយ​នៅ​ក្នុង​ពេល​នេះ។

សហ​ព្រះរាជអាជ្ញា​ជាតិ​ និង​អន្តរជាតិ​ បាន​គាំទ្រ​ការ​សន្និដ្ឋាន​របស់​លោក​ចន​ ខាំបែល។

លោក​សហមេធាវី​នាំ​មុខ​ តំណាង​ឲ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ក៏​បាន​សង្កេត​ឃើញ​ដូច​គ្នា​នេះ​ដែរ។

«អ្នក​ជំនាញ​ គាត់​មិន​បាន​ឃើញ​ថា មាន​ភ័ស្តុតាង​ណា​មួយ​ បាន​បង្ហាញ​លោក​នួន​ ជា​ មាន​ការ​អន់​ថយ​ដំណើរ​ការ​ខួរ​ក្បាល​ ឬ​ក៏​មាន​ជំងឺ​ពាក់​ព័ន្ធ​ទៅ​នឹង​សរសៃ​ប្រសាទ​ ដែល​នាំ​ប៉ះពាល់​ដល់​លោក​ក្នុង​ការ​ចូល​រួម​សកម្មភាព​តុលាការ​នោះ​ទេ»។

នួន​ ជា​ ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ និង​បទ​ប្រល័យ​ពូជសាសន៍ ​ជា​មួយ​ជន​ជាប់​ចោទ​បី​នាក់​ផ្សេង​ទៀត​ គឺ​អៀង​ ធីរិទ្ធ ​អៀង ​សារី ​និង​ខៀវ ​សំផន​ នៅ​ក្នុង​សំណុំរឿង​០០២។​ បទ​ចោទ​ទាំង​នេះ​ទាក់ទង​នឹង​ការ​សម្លាប់​រង្គាល​ប្រជាពលរដ្ឋ​កម្ពុជា​ ជាង​មួយ​លាន​ប្រាំពីរ​សែន​នាក់​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥​រហូត​ដល់​ឆ្នាំ​១៩៧៩​ក្រោម​ការ​ដឹកនាំ​របស់​មេដឹក​នាំ​កំពូល​ខ្មែរ​ក្រហម​ទាំង​បួន​នាក់​នេះ។

លោក​ចៅ​ក្រម​ ណឹល ​ណុន ​ប្រធាន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​របស់​សាលាក្តី​ខ្មែរ​ក្រហម​ មិន​បាន​ប្រកាស​ពី​ការ​កំណត់​កាល​បរិច្ឆេទ​ប្រកាស​សេចក្តី​សម្រេច​បន្ទាប់​ពី​ការ​បើក​សវនាការ​រយៈពេល​បី​ថ្ងៃ​ស្តី​ពី​បញ្ហា​សុខ​ភាព​ជន​ជាប់​ចោទ​នោះ​ទេ។​ យ៉ាង​ណា​ក៏​ដោយ​មានការ​ស្នើ​សុំ​អ្នក​ជំនាញ​ ឲ្យ​ពិនិត្យ​សុខភាព​ជនជាប់​ចោទ​ឡើង​វិញ។

លោក ​ណឹល ​ណុន ​បាន​កំណត់​ថា​ សហមេធាវី​ជន​ជាប់​ចោទ​នួន​ ជា​ អាច​ដាក់​ពាក្យ​ស្នើ​សុំ​អ្នក​ជំនាញ​បន្ថែម​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី​៧ ​ខែ​កញ្ញា​ខាង​មុខ​នេះ៕

XS
SM
MD
LG