នួនជាត្រូវគេស្គាល់ថា គឺជាមេដឹកនាំខ្ពស់បំផុតលំដាប់ទីពីរ ឬជាបងធំទីពីរក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។ គាត់ត្រូវចាប់ខ្លួនដោយសាលាក្ដីខ្មែរក្រហមពីខេត្តប៉ៃលិន នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០០៧ ក្រោមការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលទាក់ទងនឹងការធ្វើទារុណកម្មនិងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា ការធ្វើមនុស្សឃាតនិងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម។ បទចោទទាំងនេះ ទាក់ទងទៅនឹងការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច១,៧ លាននាក់។
នួន ជា បានកាន់កាប់តួនាទីជាប្រធានសភាប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យជាអនុលេខាបក្សនៃបក្សកុម្មុយនីស្តកម្ពុជាជាសមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍និង គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា។
សាលាក្ដីខ្មែរក្រហមក៏បានចោទប្រកាន់លោក នួន ជា ថាជាសមាជិកគណៈកម្មាធិការយោធានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា។ ប៉ុន្តែ នួន ជា បានបដិសេធតួនាទីចុងក្រោយនេះ។ នេះបើផ្អែកតាមឯកសាររបស់សាលាក្ដីខ្មែរក្រហម។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា មានប្រសាសន៍ថា លោក នួន ជា គឺជាមនុស្សដែលប្រកាន់គោលនយោបាយបក្សកុម្មុយនីស្ដជ្រាលជ្រៅបំផុត។
«គាត់ជាទូទៅត្រូវបានគេវិនិច្ឆ័យថាជាមនុស្សដែលមានគំនិតមនោគមវិជ្ជាជ្រៅជ្រះជាងមេដឹកនាំមួយចំនួនទៀត នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ហើយមួយទៀត គាត់នៅក្នុងគណៈកម្មាធិការ មជ្ឈិមបក្សនៃបក្សកុម្មុយនីស្ដ នៃបក្សកុម្មុយនីស្ដកម្ពុជា ដែលជាអ្នកសម្រេចនូវគោលនយោបាយ និងផែនការ ហើយគោលនយោបាយនិងផែនការនេះឯងដែលដាក់ចុះមកឲ្យកម្មាភិបាលថ្នាក់ក្រោមអនុវត្តហើយដែលបង្កឲ្យមានការអត់អាហារមនុស្សស្លាប់ដោយជំងឺ អត់ថ្នាំសង្កូវ និងការកាប់សម្លាប់អស់មនុស្សរាប់លាននាក់»។
កើតនៅ ភូមិវត្តគ ខេត្តបាត់ដំបង នៅថ្ងៃទី៧ខែកក្កដាឆ្នាំ១៩២៦ នួន ជា មានឈ្មោះដើមគឺ ឡុង ប៊ុនរួត។
គាត់បានទៅបំពេញការសិក្សាផ្នែកច្បាប់នៅសាកលវិទ្យាល័យធម្មសាស្រ្តក្នុងទីក្រុងបាងកក ប្រទេសថៃ។ ក្នុងពេលស្នាក់នៅទីនោះ ចន្លោះពីឆ្នាំ ១៩៤៥ ដល់ឆ្នាំ ១៩៤៨ នួន ជា បានចូលរួមជាមួយបក្សកុម្មុយនីស្តថៃ និង បានបម្រើការជាបុគ្គលិកម្នាក់ក្នុងក្រសួងការបរទេសថៃ ក្នុងនាយកដ្ឋានឥណ្ឌូចិន និងប្រទេសភូមា។
នៅ ឆ្នាំ ១៩៦០ គាត់ត្រូវបានតែងតាំងជាអនុលេខាបក្សនៃបក្សកុម្មុយនីស្តកម្ពុជា និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្សកុម្មុយនីស្តកម្ពុជា។ គាត់ស្ថិតនៅក្នុងតំណែងទាំងពីរនេះពេញមួយរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម។
គឺជាកូនទីបី ក្នុងគ្រួសារដែលមានកូនចំនួនប្រាំបួននាក់ ឪពុករបស់ នួន ជា គឺជាជនភៀសខ្លួនមកពីប្រទេសចិននៅចំសម័យដែលខេត្តបាត់ដំបងស្ថិតក្រោមប្រទេសថៃកាន់កាប់នៅឡើយ។
យោងតាមឯកសារដែលមានចំណងជើងថា វចនានុក្រមខ្មែរក្រហម របស់លោក សូឡូម៉ុងកាន់ បានបង្ហាញថា នៅចុងឆ្នាំ១៩៥០ នួន ជា បានចូលរួមចលនាតស៊ូកុម្មុយនីស្ដទ័ពព្រៃប្រឆាំងនឹងបារាំងដើម្បីទាមទារឯករាជ្យ។
គាត់ បានឡើងកាន់កាប់តួនាទីជានាយករដ្ឋមន្ដ្រីស្ដីទីចាប់ពីខែកញ្ញា ឆ្នាំ ១៩៧៦ ដល់ខែមករា ឆ្នាំ១៩៧៧ និងឡើងធ្វើជាប្រធានសភាពីឆ្នាំ ១៩៧៦ ដដែលរហូតដល់ ឆ្នាំ ១៩៧៩។
គេហទំព័រដែលមានឈ្មោះថា យុត្តិធម៌សម្រាប់កម្ពុជា បញ្ជាក់ថា នួន ជា ត្រូវបានចាត់តាំងជាបងធំទី២នៃ គណៈកម្មការអចិន្ដ្រៃយ៍របស់គណៈកម្មាធិការកណ្ដាលនៅថ្ងៃទី៩ខែតុលា ឆ្នាំ១៩៧៥។ គាត់មានមុខងារទទួលខុសត្រូវផ្នែកសុខមាលភាពសង្គម វប្បធម៌ ឃោសនាការ និងការអប់រំ។
នួន ជា បានដាក់បញ្ជាឲ្យបងខៀវ ឬសុន សេន មើលការខុសត្រូវ ឌុច ដោយផ្ទាល់នៅទួលស្លែង ឬមន្ទីរស២១ នៅទីនោះដែលមនុស្សយ៉ាងតិចចំនួន ១២.៣៨០ នាក់បានត្រូវបានសម្លាប់។
យ៉ាងហោចណាស់ នួន ជា ទទួលបានឯកសារសារភាពរបស់កងទ័ពខ្មែរក្រហមចំនួន២៧។ កងទ័ពទាំងនេះ ដែលត្រូវបានចាប់យកទៅឃុំឃាំង និងសម្លាប់ចោលនៅមន្ទីរស ២១។
វចនានុក្រមខ្មែរក្រហម របស់លោក សូឡូម៉ុង កាន បញ្ជាក់ថា នួន ជា ក៏បានដាក់បញ្ជានៅចុងឆ្នាំ ១៩៧៨ ឲ្យ សម្លាប់យោធាខ្មែរក្រហមចំនួន ៣០០ នាក់នៅតំបន់បូព៌ា និងសម្លាប់ វន វ៉េត។ វន វ៉េត ជាអតីតឧបនាយករដ្ឋមន្ដ្រី និងជាអ្នកស្និទ្ធបំផុតម្នាក់របស់ប៉ុល ពត ដែលជាមេស្ថាបនិករបបខ្មែរក្រហម។
ដោយជាប់ទាក់ទងនឹងការសម្លាប់បោសសម្អាតមនុស្សដែលកើនដល់ចំនួន១០០.០០០នាក់ នៅតំបន់បូព៌ា នៅ ពាក់កណ្ដាលឆ្នាំ១៩៧៨ នួន ជា ដើរតួយ៉ាងសំខាន់ក្នុងការបញ្ជាឲ្យសម្លាប់បញ្ញជនកម្ពុជាមកពីក្រៅប្រទេស ដែលត្រូវឃុំឃាំងនៅគុកបឹងត្របែក ប ៣២ នៅភ្នំពេញ និងគុក ប ១៧ និង ប ១៨ នៅខេត្តកំពង់ចាម។
ក៏ប៉ុន្ដែនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ PBS (Public Broadcasting Service) របស់សហរដ្ឋអាមេរិក នួន ជា មិនទទួលស្គាល់ការកាប់សម្លាប់នេះទេ។ គឺគ្រាន់តែមានការស្ដាយក្រោយតែប៉ុណ្ណោះ។
«ខ្ញុំគោរពនូវវិញ្ញាណក្ខន្ធរបស់ប្រជាពលរដ្ឋខ្ញុំ ដែលបានលះបង់អាយុជីវិត ហើយក៏ខ្ញុំសម្តែងនូវការសោកស្តាយ ហើយជម្រាបឲ្យឃើញថា មិនមែនកម្ពុជាប្រជាធិបតេយ្យជាអ្នកសម្លាប់ប្រជាជនកម្ពុជារបស់ឯងទេ គឺ ប្រទេសដែលគេតាំងខ្លួនជាអមិត្តជាមួយកម្ពុជាប្រជាធិបតេយ្យ ហើយខ្ញុំសូមអនុញ្ញាតមិនចេញឈ្មោះប្រទេសណា ដើម្បីបែកបាក់សាមគ្គីទេ»។
ក៏ដូចជាមេដឹកនាំខ្មែរក្រហមដទៃទៀត ដូចជា ប៉ុល ពត ដែលបានស្លាប់ក្នុងព្រៃជ្រៅកាលពីឆ្នាំ ១៩៩៨ តា ម៉ុក ដែលត្រូវបានចាប់មកឃុំខ្លួនដោយរដ្ឋាភិបាល ហើយបានស្លាប់នៅមុនពេលការកាត់ទោសមកដល់ នួន ជា បានយកចង្អុលដៃតម្រង់ទៅរកប្រទេសវៀតណាមថា ជាអ្នកបង្កការកាប់សម្លាប់ប្រជាជនខ្មែរទាំងជិតពីរលាននាក់នោះ។
លោក ឆាំង យុ មានប្រសាសន៍ថា នួន ជា រហូតដល់វ័យនេះនៅតែមានទស្សនៈប្រកាន់ពូជសាសន៍ដដែល។
«នួន ជា គាត់ដូចថា មានគំនិតមួយជាអ្នកអភិរក្សនិយម មនោគមវិជ្ជា ហើយទាល់សព្វថ្ងៃ គាត់នៅមានគំនិតអញ្ចឹង គាត់នៅតែប្រកាន់ជំហរមួយប្រកាន់ពូជសាសន៍ ប្រឆាំងនឹងវៀតណាម។យើងមានម្យ៉ាងគេហៅថាឯកសារទូរលេខ នៅក្នុងឯកសារទូរលេខនេះគឺបង្ហាញថាគ្រប់សកម្មភាពថ្នាក់ក្រោមរួមទាំងចាប់អ្នកលួចដំឡូងអ្នកលួចមាន់ឬក៏សម្លាប់ខ្មាំងយួនតាមទល់ដែនឬក៏តាំងពីជម្លៀសជនជាតិឥស្លាម ទៅកាន់ភូមិភាគឧត្តរ ស្រូវព្រោះមិនមានលទ្ធផលល្អតាំងពីការដកស្ទូង គឺថាត្រូវបានរាយការណ៍ជូនថ្នាក់លើទាំងអស់ មានទាំងនួន ជា ប៉ុល ពត អៀង សារី ខៀវ សំផន ឬក៏អ្នកផ្សេងៗទៀតនៅក្នុងគណៈកម្មការមជ្ឈិមនៃបក្សកុម្មុយនីស្តកម្ពុជា។ អញ្ចឹងការដឹងឮថា មានការស្លាប់អត់អាហារ មានការជំងឺឈឺថ្កាត់ ការសម្លាប់មនុស្សដោយគ្មានតុលាការវិនិច្ឆ័យ សមរម្យហ្នឹងគឺទាំងអស់គ្រប់គ្រាន់សម្រាប់ដាក់ឲ្យនួន ជា ទទួលខុសត្រូវក្នុងនាមជាសមាជិកម្នាក់របស់មជ្ឈិមបក្សកុម្មុយនីស្តកម្ពុជាដែលជាអ្នកសម្រេចនូវគោលការណ៍រួម។ ហើយគាត់ក៏មានចំណែកនៅក្នុងនោះដែរ»។
ក្រោយពីពួកខ្មែរក្រហមបានដួលរលំអំណាច នៅថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ នួន ជា បានភៀសខ្លួនទៅកាន់ប្រទេសថៃហើយបន្ដគ្រប់គ្រងការប្រយុទ្ធប្រឆាំងកងទ័ពវៀតណាមនិងកងទ័ពកម្ពុជា។
ខណៈដែលអៀង សារី និងមេទ័ពខ្មែរក្រហមពីរនាក់ទៀតគឺ សុខ ភាព និង អ៊ី ឈាន ចុះចូលជាមួយរដ្ឋាភិបាលក្រុងភ្នំពេញ នៅខែ សីហា ឆ្នាំ ១៩៩៦ គាត់បានរត់គេចទៅកាន់ខេត្ត ចាន់បូរី ប្រទេសថៃជាមួយប្រពន្ធក្រោយរបស់គាត់ គឺអ្នកស្រី លី គឹម សេង រួចបន្ទាប់មកចូលមកកាន់តំបន់អន្លង់វែង ហើយបានរួមចលនាជាមួយ ខៀវ សំផន។ មេដឹកនាំកំពូលខ្មែរក្រហមទាំងពីរនាក់នេះ បានចុះចូលជាមួយរបបក្រុងភ្នំពេញរបស់លោក ហ៊ុន សែន នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ១៩៩៨។
នួន ជា ធ្លាប់បានប្រាប់ VOA ផ្នែកខេមរភាសានៅផ្ទះរបស់គាត់ក្នុងខេត្តប៉ៃលិនពីការប្ដេជ្ញាចិត្តរបស់គាត់ក្នុងការបកស្រាយអំពីវាំងននអតីតកាល ប្រសិនបើខ្លួនគាត់នឹងត្រូវចាប់ខ្លួននោះ។
«បើតុលាការគេហៅ ខ្ញុំ នឹងទៅបំភ្លឺជូនតុលាការឲ្យជ្រាបអំពីសភាពការណ៍ អំពីការណ៍ជាក់ស្តែង អំពីសច្ចៈធម៌ ពេលនោះយ៉ាងម៉េច»។
បច្ចុប្បន្ន នួន ជា គឺជាមនុស្សជរាម្នាក់ដែលមានជំងឺលើសឈាមជាប្រចាំ និងមានបញ្ហាបេះដូង។
នៅខែកក្កដាខាងមុខ គាត់នឹងឈានដល់វ័យ៨៥ឆ្នាំយ៉ាងពេញលេញ។ មុនចាប់ខ្លួនដោយសាលាក្ដីខ្មែរ ក្រហម គាត់តែងតែទៅកាន់មន្ទីរពេទ្យនៅប្រទេសថៃជាប្រចាំ។
គាត់បានរស់នៅផ្ទះឈើតូចមួយខ្ពស់ផុតពីដីក្នុងព្រៃជាប់ជាមួយនឹងព្រំដែនកម្ពុជាថៃនៅភូមិផ្សារព្រំខេត្តប៉ៃលិន។
ថ្វីបើគាត់បានប្ដេជ្ញាថា គាត់នឹងធ្វើការបកស្រាយចំពោះមុខតុលាការ ក៏ប៉ុន្ដែនួន ជា នៅតែទន្ទេញជាប់មាត់ កាលពីពេលមុនថា គាត់មានកំហុសតិចតួចតែប៉ុណ្ណោះ។
មុនចាប់ខ្លួន នួន ជា ត្រូវគេឃើញថា ជាមនុស្សដែលចូលចិត្តកាន់សៀវភៅធម៌ និងទន្ទេញធម៌ព្រះពុទ្ធហើយគាត់ជាអ្នកចូលវត្តយ៉ាងទៀងទាត់ម្នាក់។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានហៅឥរិយាបថនេះថា គឺជាការរំងាប់ចិត្ត ដើម្បីដោះស្រាយកំហុសនិងជាលេសមួយដើម្បីបិទបាំងបទឧក្រិដ្ឋដ៏ធំមួយដែលគាត់បានដឹងឮ៕