ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយ​ការណ៍​អ.ស.ប.​ឲ្យ​ដឹង​ថា​ ជន​ភៀស​ខ្លួន​ឆ្នាំ​២០១០​មាន​ចំនួន​ច្រើន​បំផុត


ជនភៀសខ្លួន​ស៊ីរី​ស្នាក់​នៅ​ក្នុង​ជំរំ​មួយ​ នៅ​ទី​ក្រុង​ប៊យនូយ៉ូ​គ្ហុន​ (Boynuyogun) ប្រទេស​ទួរគី​ ថ្ងៃ​ទី​១៤​ ខែ​មិថុនា​ ឆ្នាំ​២០១១។​
ជនភៀសខ្លួន​ស៊ីរី​ស្នាក់​នៅ​ក្នុង​ជំរំ​មួយ​ នៅ​ទី​ក្រុង​ប៊យនូយ៉ូ​គ្ហុន​ (Boynuyogun) ប្រទេស​ទួរគី​ ថ្ងៃ​ទី​១៤​ ខែ​មិថុនា​ ឆ្នាំ​២០១១។​

សេចក្ដី​រាយការណ៍​ថ្មី​មួយ​រក​ឃើញ​ថា​ មនុស្ស​៤៣,៧​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ពី​លំនៅ​ដ្ឋានដោយ​មក​ពី​ការ​វិវាទ​គ្នា​នៅ​ដំណាច់​ឆ្នាំ​២០១០ ​ដែល​បណ្តាល​ឲ្យ​មាន​ជា​ចំនួន​ច្រើន​បំផុត​ក្នុង​រយ:ពេល​១៥​ឆ្នាំ​កន្លង​ទៅ​នេះ។​ ទី​ភ្នាក់​ងារ​នៃ​អ.ស.ប.​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ ដែល​ទើប​តែ​បាន​ចេញ​ផ្សាយ​សេចក្ដី​រាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួនស្ដី​ពី​និន្នាការ​សកល​លោក​ឆ្នាំ​២០១០​ ឬ Global Trends 2010 ​បាន​ជួយ​ជន​ភៀស​ខ្លួន​ជាង​២៥​លាន​នាក់​ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​ទាំង​នោះ​ ហើយ​នឹង​ជន​ចាក​ទី​លំនៅ​ក្នុង​ប្រទេស។

ចំនួន​ដែល​ត្រូវ​បាន​ដក​ស្រង់​មក​មាន​ច្រើន​ណាស់​ ហើយ​តួលេខ​ទាំងអស់បាន​មក​ពី​កន្លែង​ផ្សេងៗ​គ្នា។​ ស្ថិតិ​បង្ហាញ​ឲ្យ​ឃើញ​ថា​ មនុស្ស​ច្រើន​ឡើ​ង​ទៀត​រត់​ចេញពី​ផ្ទះ​របស់​គេ​ដោយ​សារ​ការ​វិវាទ​គ្នា។​ ព្រម​ពេល​នេះ​ដែរ​ ជន​ភៀស​ខ្លួន​ហើយ​នឹង​មនុស្ស​ព្រាត់​ផ្ទះ​សម្បែង​នៅ​ក្នុង​ស្រុកកាន់​តែ​តិច​ទៅ​កំពុង​តែ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ បើ​ប្រៀប​ធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​ ហើយ​មនុស្ស​តិច​ជាង​នេះ​ទៅ​ទៀត​កំពុង​ស្វែង​រក​ទី​តាំង​លំនៅ​ថ្មី​នៅ​ក្នុង​ប្រទេស​ទី​បី។

សេចក្ដី​រាយ​ការណ៍​នេះ​កត់​សម្គាល់​ថា​ នេះ​ជា​សញ្ញា​អាក្រក់​ ដោយ​លើក​ឡើង​ថា​ វា​ បង្ហាញ​ថា​ ការ​ស្វែង​រក​ដំណោះ​ស្រាយ​ជា​និរន្ដរភាព​សម្រាប់​បញ្ហា​ជន​ភៀស​ខ្លួន​ដ៏​យូរ​លង់​កំពុង​តែ​បរាជ័យ​ហើយ។

លោក​ អាឡិចសិនដឺរ​ អាឡិននីខហ្វ​ (Alexander Aleinikoff) ​ស្នងការរង​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​នៃ​ទី​ភ្នាក់​ងារ​អ.ស.ប.​ទទួល​បន្ទុក​ខាង​ជន​ភៀស​ខ្លួន​ និយាយ​ថា​ ជន​ភៀស​ខ្លួន​ជាង​៧​លាន​នាក់​បាន​រស់​នៅ​និរទេស​ខ្លួន​ជាង​៥​ឆ្នាំ​មក​ហើយ​ ហើយ​មាន​ខ្លះ​ជាង​៣០​ឆ្នាំ។​ លោក​និយាយ​ថា ​មាន​សេចក្ដី​សង្ឃឹមតិច​តួច​ណាស់​ថា​ ពួក​គេ​នឹង​បាន​ទៅ​ផ្ទះ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី។

«ជន​ភៀសខ្លួន​ដែល​មាន​ទី​លំនៅ​ថ្មីមាន​ចំនួន​ចុះ​ថយ។​ មាន​តែ​ជន​ភៀស​ខ្លួន​ក្នុង​ពិភព​លោកប្រមាណ​មួយ​ភាគ​រយ​ឬ​តិច​ជាង​មួយ​ភាគ​រយបាន​តាំង​ទី​លំនៅ​ថ្មី​ជា​រៀង​រាល់ឆ្នាំ។​ ឆ្នាំ​នេះ​ចំនួនជន​ភៀស​ខ្លួន​តាំង​ទី​លំនៅ​ថ្មី​នឹង​មាន​តិច​ជាង​មួយ​សែន​នាក់​ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​ជាង​១០​លាន​នាក់។​ ចំនួន​មនុស្ស​ដែល​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ថយ​ចុះ។​ នៅ​ឆ្នាំ​២០១០​ មនុស្ស​តិច​ជាង​២​សែន​នាក់​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដែល​ជា​ចំនួនតិច​បំផុត​ក្នុង​ពេលមួយ​ទស​វត្សរ៍​នោះ»។

លោក​ អាឡិននីខហ្វ​ ​និយាយ​ថា​ មូលហេតុ​បង្ខំ​មនុស្ស​ឲ្យ​ចាក​ពី​ផ្ទះ​នឹង​មាន​ជា​បន្ដ​ទៅ​ទៀត។​ ឆ្នាំ​នេះ​ លោក​កត់​សម្គាល់​ថា​ ការ​វិវាទ​គ្នា​ថ្មី​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ជើង​ កូឌីវ័រ ស៊ីរី​និង​ស៊ូដង់។​ ក្រៅពី​នេះ​ លោក​និយាយ​ថា​ មនុស្ស​រាប់​លាន​នាក់​នៅ​ក្នុង​ពិភព​លោក​អនាថា​ គ្មាន​ផ្ទះនៅ​ដោយ​មក​ពី​មហន្ដ​រាយធម្មជាតិ​ ដូច​ជា​ទឹក​ជំនន់​ ការ​រញ្ជួយ​ផែនដី​ ហើយ​នឹង​ការ​ផ្ទុះ​ភ្នំ​ភ្លើង។

លោក​និយាយ​ថា ​ចំនួន​មនុស្ស​ចាក​ពី​លំនៅ​នៅ​ក្នុង​ពិភព​លោកមាន​មិន​ស្មើ​គ្នា។​ បញ្ហា​ភាគ​ច្រើន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ក្រីក្រ។​ លោក​និយាយ​ថា​ ​គឺ​ប្រទេស​ក្រីក្រ​ទាំង​នោះ​ហើយ​ដែល​រែក​អម្រែក​បន្ទុក​ធំ​ជាង​គេ​ក្នុង​ការ​ថែ​ទាំ​មនុស្ស​ក្រ​ខ្សត់​រាប់​លាន​នាក់​ទាំង​នេះ។

«ជន​ភៀស​ខ្លួន​៨០​ភាគ​រយ​ក្នុង​ពិភព​លោក​ស្ថិត​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ហើយ​ជួន​កាល ​ការ​ជំទាស់​ខ្លាំង​ជាង​គេ​ប្រឆាំង​នឹងជន​ភៀសខ្លួន​ ហើយនឹង​ជន​សុំ​សិទ្ធិ​ជ្រក​កោន​ ទំនង​ជាមក​ពី​តំបន់​នានា​ដែល​មិន​រែក​អម្រែក​បន្ទុក​ធំ​ជាង​គេ​ក្នុង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ និង​ការ​ផ្តល់ជម្រកឲ្យ​ដល់​ជន​ភៀស​ខ្លួន​ទេ»។

សេចក្ដី​រាយ​ការណ៍​នេះ​កត់​សម្គាល់​ថា​ ប្រទេស​ប៉ាគិស្ថាន​ អ៊ីរ៉ង់​ និង​ស៊ីរី​ មាន​ចំនួន​ជន​ភៀសខ្លួន​ច្រើន​ជាង​គេ។​ ប្រទេស​ប៉ាគិស្ថាន​ទទួល​យក​ជន​ភៀស​ខ្លួន​ជិត​២​លាន​នាក់។​ រី​ឯ​ប្រទេស​អ៊ីរ៉ង់​ និង​ស៊ីរី​មាន​ចំនួន​ជន​ភៀសខ្លួន​ប្រមាណ​មួយ​លាន​នាក់​ក្នុង​ប្រទេស​និមួយៗ។

ការ​សិក្សា​របស់​ទី​ភ្នាក់​ងារ​អ.ស.ប.​ទទួល​បន្ទុក​ជន​ភៀស​ខ្លួនរក​ឃើញ​ថា​មនោ​សញ្ចេតនា​ប្រឆាំង​ជនភៀសខ្លួន​កំពុងតែ​កើន​ឡើង​នៅ​ក្នុង​ប្រទេស​មាន​ឧស្សាហ​កម្មជា​ច្រើន។ មួយ​ផ្នែក​ធំ​នៃ​មនោ​សញ្ចេតនា​នេះ​បណ្តាល​មកពី​វិបត្ដិ​សេដ្ឋកិច្ច​ហើយ​នឹង​ជំនឿ​សាសនា​ និង​វប្បធ៌ម​ខុស​គ្នា។​ ជា​លទ្ធផលការ​យល់​ច្រឡំ​នេះ​នាំ​ឲ្យ​មាន​សេចក្ដី​ព្រួយ​បារម្មណ៍​ជា​ច្រើន។​ ការ​សិក្សា​នេះ​ឲ្យ​ដឹង​ថា​ ប្រទេស​អ្នក​មាន​ជា​ច្រើន​ខ្លាច​ជន​ភៀស​ខ្លួន​ទៅ​រស់​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​មាន​ចំនួន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ពេក​ ហើយ​គេ​កំពុង​តែ​បិទ​ទ្វារ​របស់​ខ្លួន​មិន​ផ្ដល់​ជម្រក​ឲ្យ​ជន​ភៀស​ខ្លួន​ទេ។

ក្រុម​មន្ដ្រី​ទទួល​បន្ទុក​ខាង​ជន​ភៀស​ខ្លួន​និយាយ​ថា​ ការ​ភ័យ​ខ្លាច​ទាំង​នេះ​មាន​ខ្លាំង​ហួស​ហេតុ​ពេក​ ហើយ​ស្ថាន​ការណ៍​ពិត​គឺ​ផ្ទុយពី​នេះ។​ អស់​លោក​កត់​សម្គាល់​ថា​ ទិន្នន័យ​បង្ហាញ​ឲ្យ​ឃើញ​ថា ​ចំនួន​មនុស្ស​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ក្នុង​ឆ្នាំ​២០១០​បាន​ថយ​ចុះ​បន្ដិច​បន្ដួច​ ឬ​នៅ​នឹង​ នៅ​ក្នុង​ប្រទេស​ភាគ​ច្រើន​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប៕

ប្រែ​សម្រួល​ដោយ ​កង ស៊ីវន

XS
SM
MD
LG