ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាងជើង​មក​ពិភាក្សា​ពី​សេដ្ឋកិច្ច


លោក រី ម៉្យុង សាន (Ri Myong San) អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កូរ៉េ​ខាង​ជើង (ឆ្វេង) ជួប​សន្ទនា​ជាមួយ​លោក​ ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា នៅ​​ក្នុង​ជំនួប​នា​ក្រសួង​ការ​បរទេស​​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៦​ខែ​កក្កដា​ឆ្នា
លោក រី ម៉្យុង សាន (Ri Myong San) អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កូរ៉េ​ខាង​ជើង (ឆ្វេង) ជួប​សន្ទនា​ជាមួយ​លោក​ ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា នៅ​​ក្នុង​ជំនួប​នា​ក្រសួង​ការ​បរទេស​​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៦​ខែ​កក្កដា​ឆ្នា

មន្ដ្រី​ជាន់ខ្ពស់​កម្ពុជា​និង​មន្ដ្រី​ជាន់ខ្ពស់​កូរ៉េ​ខាងជើង​ បាន​ចាប់ផ្ដើម​ជជែក​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​អង្គារ​នេះ​ អំពី​គោលការណ៍​ដើម្បី​ស្វែងរក​លទ្ធភាព​ធ្វើ​សហប្រតិបត្តិការ​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​កសិកម្ម​របស់​ប្រទេស​ទាំង​ពីរ។

លោក​ អ៊ូច បូរិទ្ធ​ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ ក្រោយពី​ជំនួប​ក្នុង​ទីក្រុង​ភ្នំពេញរវាង​លោក​ហោ ណាំហុង ​រដ្ឋមន្ដ្រី​ក្រសួង​ការ​បរទេសជាមួយ​នឹង​គណៈ​ប្រតិភូ​ប្រទេសកូរ៉េ​ខាងជើង​ដែល​ដឹកនាំ​ដោយលោក​ រី ម្យ៉ុង សាន (Ri Myung San) អនុ​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​បញ្ជាក់​ថា​ការ​ជួប​ពិភាក្សា​មិនបានផ្ដោត​ទៅលើ​សំណុំរឿង​យោធា​នោះទេ។ សំណុំរឿង​យោធា​ដែល​ប្រទេស​កម្ពុជា​កំពុង​តែស្ថិត​ក្នុង​ស្ថានភាព​ជម្លោះ​ព្រំដែន​ជាមួយ​នឹង​ប្រទេសថៃ​ដោយ​មិនទាន់​រើខ្លួន​រួច​នៅ​ឡើយ។

«ការ​ពិភាក្សា​ដែល​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ដ្រី​បាន​ទទួល​គណៈ​ប្រតិភូ​កូរ៉េ​ព្រឹកមិញ​នេះ​ផ្ដោត​សំខាន់​ទៅលើ​ការរឹត​ចំណង​សហ​ប្រតិបត្តិការ​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ជាតិ​ជាពិសេស​ក្នុងផ្នែក​កសិកម្ម​នៅក្នុង​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​គឺយើង​អត់មាន​ប៉ះពាល់​ដល់​បញ្ហា​យោធា​ទេ»។

ទីក្រុង​ភ្នំពេញ​និង​ទីក្រុង​ព្យុងយ៉ាង​ មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ផ្នែក​នយោបាយ​ជាមួយ​គ្នា​ជាច្រើន​ទសវត្សរ៍​មកហើយ​ជាពិសេស​តាមរយៈ​ចំណង​មិត្តភាព​របស់​អតីត​ព្រះមហាក្សត្រ​កម្ពុជា​នរោត្តម​ សីហនុ ​និង​អតីត​ប្រមុខ​ដឹកនាំ​កូរ៉េ គឹម អ៊ីល ស៊ុង។ ក៏ប៉ុន្ដែ​រហូត​មក​ទល់​ពេល​នេះ​សាធារណរដ្ឋ​ប្រជា​មានិត​ប្រជាធិបតេយ្យ​កូរ៉េ​ គឺ​ប្រទេស​កូរ៉េ​ខាងជើង​មិនទាន់មាន​ក្រុមហ៊ុន​វិនិយោគ​ជាដុំកំភួន​ណាមួយ​នៅកម្ពុជា​នៅឡើយ​ទេ​ ក្រៅពី​មាន​តែ​ភោជនីយដ្ឋាន​ប្រមាណ​តែពីរ​តែប៉ុណ្ណោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សូម​បញ្ជាក់​ថា ​ជំនួប​រវាង​លោក​ហោ ណាំ​ហុង ​ជាមួយ​លោក​ រី ម្យ៉ុង សាន (Ri Myung San) ធ្វើឡើង​មួយថ្ងៃ​ប៉ុណ្ណោះ​មុននឹង​គណៈកម្មការ​ចម្រុះ​នៃ​ប្រទេស​ទាំងពីរ​ជួប​ប្រជុំគ្នាដើម្បី​ស្វែងរក​លទ្ធភាព​សហប្រតិបត្តិការ​ទ្វេ​ភាគី។

លោក​សុន ឆ័យ ​តំណាងរាស្ដ្រ​គណបក្ស​ជំទាស់​សម រង្ស៊ី ​មាន​ប្រសាសន៍​ថា ប្រទេស​កូរ៉េ​ខាងជើង​មិន​មាន​សក្ដានុពល​នៅក្នុង​ការ​វិនិយោគ​ និង​ជំរុញ​កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​និងផ្នែក​កសិកម្ម​មក​កាន់​ប្រទេស​កម្ពុជា​នោះ​ទេ ​ខណៈ​ដែល​ប្រទេស​នេះ​បានធ្វើ​ការ​វិនិយោគ​ផ្ទៃ​ក្នុង​យ៉ាងច្រើន​លើស​លប់​ទៅលើ​វិស័យ​សព្វាវុធ​នោះ​ ហើយ​ប្រជា​ពលរដ្ឋ​កូរ៉េ​ខាងជើង​បានជួប​ប្រទះ​នូវគ្រោះ​ទុរ្ភិក្ស​ជា​ច្រើន។

ក៏ប៉ុន្ដែ​លោក​សុន ឆ័យ ​បញ្ជាក់​ថា​ប្រទេស​កូរ៉េ​ខាងជើង​ប្រហែលជា​ស្វែងរក​លំនឹង​ការទូត​រវាង​ប្រទេស​កម្ពុជា ​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាងត្បូង​ដែលជា​បងប្អូន​គូសត្រូវ​របស់​ខ្លួន។

«ជាក់ស្ដែង​ប្រហែល​ជា​កូរ៉េ​ខាងជើង​មាន​ការបារម្ភ​អំពី​ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​ចេះ​តែមាន​ភាព​ធំធេង​ទៅ​ទាំង​វិស័យ​ការទូត​ ទាំង​វិស័យ​ពាណិជ្ជកម្ម​និង​វិនិយោគ​ទុន។ ​ម្ល៉ោះ​ហើយ​គេ​មិនចង់ឲ្យ​បាត់បង់​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ខាងជើង​ផងនោះ​ទេ»។

លោក​នាយក​រដ្ឋមន្ដ្រី​ខ្មែរ​ ហ៊ុន សែន ​ធ្លាប់បាន​លើក​សរសើរ​អំពី​ទំនាក់ទំនង​ការទូត​ដ៏ល្អ​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាងត្បូង​ដែលបាន​ជំរុញ​ឲ្យមាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស។ លោក​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ក៏បាន​លើកឡើង​ថា​ ការសម្រេចចិត្ត​អនុញ្ញាត​ឲ្យមាន​ស្ថានទូត​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ប្រទេស​កម្ពុជា​គឺជា​ការពុះពារ​របស់​លោក៕

XS
SM
MD
LG