អាជ្ញាធរនៃប្រទេសជប៉ុន នៅថ្ងៃអាទិត្យនេះនិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់កាំជ្រួចមីស៊ីល២ គ្រាប់ថែមទៀត ឆ្លងចូលក្នុងផ្ទៃសមុទ្រ ដែលស្ថិតនៅទល់មុខឆ្នេរ ភាគខាងកើតនៃប្រទេសជប៉ុន។ ភ្លាមៗ ក្រោយហេតុការណ៍នេះ រដ្ឋាភិបាលទីក្រុងតូក្យូ (Tokyo) បានផ្ដើមការតវ៉ា ខាងការទូតប្រឆាំងនឹងរដ្ឋាភិបាល ទីក្រុងព្យុងយ៉ាង (Pyongyang)។
មន្ត្រីក្រសួងការពារប្រទេសជប៉ុនថ្លែងថា កាំជ្រួចមីស៊ីលបានបាញ់ចេញពី តំបន់ភាគនារតី នៃប្រទេសកូរ៉េខាងជើង។
គ្រាប់ទីមួយ បានបាញ់ចេញនៅចន្លោះ ម៉ោង ១២:៣០នាទីព្រឹក ខណៈពេលដែលគ្រាប់ទីពី បាញ់ចេញនៅម៉ោង ១:៣០នាទីព្រឹក។ គ្រាប់មីស៊ីលទាំងពីរ បានហោះចម្ងាយប្រហែល៥០០ គីឡូម៉ែត្រមុនពេលធ្លាក់ចូលក្នុងផ្ទៃទឹក។
លោក Yoshihide Suga នាយខុទ្ទកាល័យជប៉ុន បានប្រាប់ពួកអ្នកយកព័ត៌មានថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនេះ ជាការរំលោភយ៉ាងច្បាស់ក្រឡែត លើសេចក្ដីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ៕