ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សាកល្បង​អាវុធ​នុយ​ក្លេអ៊ែ​របស់​កូរ៉េ​ខាង​ជើង​បង្កឲ្យ​មាន​ការ​ព្រួយបារម្ភ


ប្រទេស​កូរ៉េ​ខាងជើង​បាន​ធ្វើ​ការ​សាកល្បង​​លើកទី​បី​នូវ​កម្មវិធី​អាវុធ​នុយក្លេអ៊ែ​របស់​ខ្លួន។
ប្រទេស​កូរ៉េ​ខាងជើង​បាន​ធ្វើ​ការ​សាកល្បង​​លើកទី​បី​នូវ​កម្មវិធី​អាវុធ​នុយក្លេអ៊ែ​របស់​ខ្លួន។
ដោយ Mark Snowiss
បន្ទាប់​ពី​ការ​ព្រមាន​ប្រកប​ដោយ​ភាព​ប្រទូស្តរ៉ាយ​អស់​រយៈពេល​បី​សប្តាហ៍​រួច​មក ប្រទេស​កូរ៉េ​ខាងជើង​បាន​ធ្វើ​ការ​សាកល្បងលើកទី​បី​នូវ​កម្មវិធី​អាវុធ​នុយក្លេអ៊ែ​របស់​ខ្លួន ដែលបាន​ចាប់​ផ្តើម​តាំង​ពី​ទសវត្សរ៍​ឆ្នាំ១៩៦០មក​ម៉្លេះ។ Mark Snowiss​ នៃ​វីអូអេ​ ពិនិត្យ​មើល​ពី​អ្វី​ដែលការ​បំផ្ទុះ​នេះ​បាន​លាត​ត្រដាង​អំពី​ការ​រីក​ចំរើន​ខាង​បច្ចេកទេស​របស់​ទីក្រុង​ ព្យុង​យ៉ាង (Pyongyang) និង​ថាតើមហាអំណាច​ធំៗ​ទំនង​ជា​នឹង​ឆ្លើយ​តប​យ៉ាង​ដូចម្តេច។
ការ​ប៉ាន់​ស្មាន​ជា​បឋម​បានបង្ហាញថា​ ការ​សាកល្បងអាវុធនុយក្លេអ៊ែចុង​ក្រោយ​បំផុត​របស់​កូរ៉េខាង​ជើង ​គឺ​ជា​ឥទ្ធិពល​ខ្លាំង​បំផុត​របស់​ប្រទេស​នេះ នៅក្នុង​បរិមាណ​ដ៏ធំ​មួយ។ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) បានពណ៌នា​ការ​សាកល្បង​នេះ​ថា​ជា​«ទង្វើ​បង្កហេតុ​ខ្លាំង​បំផុត»។ ការ​ថ្កោល​ទោស​យ៉ាង​ឆាប់​រហ័ស​របស់​លោក ត្រូវ​បាន​ធ្វើ​ឡើងជា​បន្ត​បន្ទាប់​ ពីសំណាក់​រដ្ឋាភិបាល​នៅ​ជុំ​វិញ​ពិភព​លោក ដោយ​រាប់​បញ្ចូល​ទាំង​ប្រទេស​កូរ៉េ​ខាង​ត្បូង ជប៉ុន ចិន និង រុស្ស៊ី។
លោក មីសែល រ៉េស (Mitchell Reiss) អតីត​មន្ត្រី​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ មាន​ប្រសាសន៍​ថា ការ​សាកល្បង​នៅក្រោម​ដីកាល​ពី​ថ្ងៃ​អង្គារ​នេះ គឺ​ជា​ការ​បញ្ជាក់​បន្ថែម​ទៀត​ ដែលថា​ទីក្រុង​ព្យុងយ៉ាងកំពុង​ធ្វើ​ដំណើរ«ប្រកប​ដោយ​របៀប​រៀប​រយនិង​មាន​ចេតនា​»​ឆ្ពោះ​ទៅ​ការពង្រីក​សមត្ថភាព​ខាង​អាវុធ​នុយក្លេអ៊ែ​និង​កាំជ្រួច​ផ្លោង​យ៉ាង​ជឿន​លឿន។ លោកបាន​និយាយថា​ គន្លង​ទាំង​ពីរ​នេះ​គឺ​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង។​
«វា​ជា​ការ​ប្រកាស​អាសន្ន​គ្រប់គ្រាន់​ ដែល​ពួកគេ​កំពុង​ធ្វើការ​ការ​សាកល្បង​ទាំងនោះ​ដាច់​ដោយ​ឡែក​ពី​គ្នា។ ប៉ុន្តែ​វា​គឺ​ជា​ការ​រួម​បញ្ចូល​គ្នា​នៃ​កត្តា​ទាំងពីរ ដែល​បង្ក​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​ចំពោះ​សហរដ្ឋ​អាមេរិក​ ​មិត្តភក្តិរបស់យើង និង​សម្ព័ន្ធ​មិត្ត​នៅ​ក្នុង​តំបន់​»។​
អ្នកវិភាគ​ លោក​ ព្រុស​ ឃ្លីង​ន័រ​ (Bruce Klingner) ដែល​សិក្សា​អំពី​ប្រទេស​កូរ៉េ​ខាង​ជើងអស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ជាមួយ​ទីភ្នាក់​ងារ​ស៊ើបការណ៍​សម្ងាត់​កណ្តាល​ (Central Intelligence Agency) ថ្លែង​ថា ទ្វីប​អាមេរិក​កំពុង​ត្រូវ​បាន​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ឡើង​ដោយ​សារ​ភាព​ជឿន​លឿន​ទៅ​មុខ​របស់​កូរ៉េ​ខាង​ជើង ដោយ​រាប់​បញ្ចូល​ទាំង​ការ​សាកល្បង​កាំជ្រួចកម្រិតចម្ងាយ​ឆ្ងាយ​ប្រកបដោយ​ជោគជ័យ កាល​ពី​ខែ​ធ្នូរ​ឆ្នាំទៅ។
«បន្ទាប់​ពី​ពួកគេ​បាន​ស្រង់​បំណែក​កាំជ្រួចពី​បាត​សមុទ្រ​ ក្រុម​មន្ត្រី​កូរ៉េ​ខាង​ត្បូង​បាន​ប៉ាន់​ស្មាន​ថា​ គ្រាប់​រ៉ុកែតអាច​ធ្វើដំណើរ​បាន​រហូត​ដល់​ទៅ​ចម្ងាយ៦ពាន់​ម៉ាល (៩៥០០គីឡូម៉ែត្រ) ឬ១ម៉ឺនម៉ាល (១៦០០០​គីឡូម៉ែត្រ) ដែល​អាច​គំរាម​កំហែង​មិនត្រឹម​តែរដ្ឋ ហាវៃ (Hawaii) និង​អាឡាស្កា (Alaska) ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​ផ្នែកដទៃ​ទៀត​នៃទ្វីប​អាមេរិកទៀត​ផង»។
កូរ៉េ​ខាង​ជើងអះអាង​ថា ការ​សាកល្បង​កាល​ពី​ថ្ងៃ​អង្គារបាន​ប្រើ​ប្រាស់​ «ឧបករណ៍នុយក្លេអ៊ែ​ដែលមានទំហំ​តូច​ និងទម្ងន់ស្រាល​ជាង​មុន​ដោយ​មាន​សមត្ថភាពផ្ទុះ​ខ្លាំង​ជាង​មុន»។
ក្រសួង​ការ​ពារ​ជាតិ​កូរ៉េ​ខាង​ត្បូងបាន​ឲ្យ​ដឹង​ថា​ ការ​ផ្ទុះ​នោះបង្កើត​ឲ្យ​មាន​កម្លាំង​ផ្ទុះនៅ​ចន្លោះ​ពី​៦​ទៅ​៧គីឡូតោន។ ការ​ផ្ទុះ​នោះ​មាន​កម្លាំង​ខ្លាំង​ជាង​ការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែ​ចំនួនពីរដងកាលពី​មុន​របស់​កូរ៉េ​ខាង​ជើង​ ក្នុងឆ្នាំ​២០០៦​និង​ឆ្នាំ២០០៩ ប៉ុន្តែមិន​អាច​ឈាន​ដល់​កម្រិតអាវុធ​ដ៏មានឥទ្ធិពល​បំផុត​របស់​សហរដ្ឋ​អាមេរិក​ ដែល​កំពុង​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​នេះ ដោយមាន​កម្លាំងរហូតដល់ទៅ១ពាន់​គីឡូតោន។
លោក ឃ្លីង​ន័រ មាន​ប្រសាសន៍​ថា​ ជារឿយៗ ក្រុម​អ្នក​សង្កេតការ​ច្រាន​ចោល​ការ​រីក​ចំរើន​របស់​កូរ៉េ​ខាង​ជើង ដោយសារ​តែ​ការ​សាកល្បងកាំជ្រួយ​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​ប្រទេសនេះ បាន​បរាជ័យ រហូត​ដល់​មាន​ការ​បាញ់​បង្ហោះ​កាល​ពី​ខែ​ធ្នូរ។ ប៉ុន្តែ លោក​បាន​ថ្លែង​ថា​ ការ​សាកល្បង​នេះបង្ហាញ​ថា​ កូរ៉េ​ខាង​ជើង​មាន​លទ្ធភាពក្នុង​ការ​ដាក់​ផ្កាយ​រណប​នៅ​លើគន្លង​តារា​វិថី ដែល​ជា​សមត្ថភាព​ដូចគ្នា​ ដែល​អាច​តម្រូវ​ឲ្យ​ដាក់ក្បាល​កាំជ្រួច «នៅ​ត្រង់​កន្លែង​ណាក៏បាន​នៅលើ​ផែនដី»។ ​
អ្នក​វិភាគ​ លោក រ៉េស មាន​ប្រសាសន៍​ថា ការ​ផ្ទុះ​នោះ​បង្ហាញ​អំពី​ទ្វេរគ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ​សម្រាប់​រដ្ឋបាល​របស់​លោក អូបាម៉ា និងក្រុម​មេដឹកនាំ​ថ្មី​នៅ​ក្នុង​ប្រទេស​ចិន កូរ៉េ​ខាង​ត្បូង ​និង ជប៉ុ​ន»។​
«លទ្ធផល​នោះគឺ​ថា រដ្ឋាភិបាល​ខាង​ជើងបាន​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ប្រកប​ដោយ​យុទ្ធសាស្ត្រ​ ក្នុង​ការ​ក្លាយ​ខ្លួន​ទៅជា​រដ្ឋ​ដែលមាន​អាវុធ​នុយក្លេអ៊ែ​យ៉ាង​ពេញលេញ។ សម្រាប់ឥឡូវ​នេះ បញ្ហា​ប្រឈម​គឺ​ថា តើអ្វី​ដែល​សហរដ្ឋ​អាមេរិក មិត្តភក្តិរបស់យើង និង​សម្ព័ន្ធ​មិត្ត​ក្នុង​តំបន់​ ហើយ​ជា​ពិសេស រដ្ឋាភិបាល​ចិន នឹង​ធ្វើ​អំពីរឿង​នេះ»។
លោក​ ឃ្លីង​ន័រ ថ្លែង​ថា​ ការ​សាកល្បងកាល​ពី​ថ្ងៃ​អង្គារធ្វើ​ឲ្យ​លោក​មាន​ការ​សង្ស័យ​អំពី​ថាតើ​ប្រទេសចិន​នឹង​មាន​ប្រតិកម្ម​តប​យ៉ាង​ដូចម្តេច ដោយ​សារ​តែ​ខ្លួន​មាន​ទំនាក់​ទំនង​សេដ្ឋកិច្ច​កាន់​តែ​កើនឡើង​ ​ជាមួយ​កូរ៉េ​ខាង​ជើង។
«​វា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា តើរដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​មានឥទ្ធិពលតិចតួច​ប៉ុនណា​ ឬ​ថាតើទីក្រុង​ប៉េកាំងមានឆន្ទៈ​ប្រើ​ប្រាស់​ឥទ្ធិពល​នោះ​តិចតួច​ប៉ុនណា។ តាមពិតទៅ ការ​ជាប់​ពាក់ព័ន្ធ​ផ្នែក​សេដ្ឋកិច្ច​របស់​ពួកគេ​កាន់​តែ​ច្រើនឡើង​ជាមួយ​កូរ៉េខាង​ជើង បាន​បំផ្លាញ​ដល់​ការ​លើកទឹកចិត្ត​ណាមួយ សម្រាប់​កូរ៉េ​ខាង​ជើង ក្នុងការវិល​ត្រឡប់​ទៅ​រក​កិច្ចចរចា​៦ភាគី​ឡើង​វិញ​»។
បន្ទាប់​ពីការបំផ្ទុះ​នោះ​មក រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាងបាន​និយាយថា ការ​សាកល្បង​នេះ​បាន​បង្ហាញថា ការគំរាមកំហែង​ដោយ​អាវុធ​នុយក្លេអ៊ែ​របស់​ខ្លួន «មាន​ច្រើនសណ្ឋាន» ដែល​បាន​ចោទ​ជាសំណួរ​អំពី​ថាតើ​កូរ៉េ​ខាង​ជើងបាន​ប្រើ​ប្រាស់​សារជាតិ​ចំរាញ់​អ៊ុយរ៉ានីញ៉ូម ជា​ជាងសារជាតិភ្លុយតូនីញ៉ូម​ដែល​ត្រូវបានដំណើរការសារជាថ្មី ដូច​ការបំ​ផ្ទុះ​កាលពីលើកមុន​ដែរឬ​ទេ។ ​
បញ្ហា​នេះបាន​ធ្វើ​ឲ្យ​មានការព្រួយបារម្ភ​សម្រាប់​សហរដ្ឋ​អាមេរិក កូរ៉េ​ខាង​ត្បូង និង​ជប៉ុន ដោយសារ​តែ​ថា ខណៈពេល​ដែល​កូរ៉េខាង​ជើង​មាន​សារជាតិ​ភ្លុយតូនីញ៉ូម​គ្រប់គ្រាន់​ល្មមសម្រាប់​គ្រាប់​បែ​កចំនួន​តែពី​៦​ទៅ៨គ្រាប់​នោះ ​ប្រទេស​នេះ​អាចចំរាញ់​ជាតិ​អ៊ុយ​រ៉ានីញ៉ូម​បានយ៉ាងល្អ​នាពេល​អនាគត។ ​
លោក រ៉េស និយាយថា​ រដ្ឋាភិបាល​ទីក្រុង​ វ៉ាស៊ីនតោន (Washington) ​គួរ​តែ​ជំរុញ​ឲ្យ​ទីក្រុង​ សេអ៊ូល (Seoul) ចែក​រំលែកព័ត៌មាន​សម្ងាត់​ជាមួយ​រដ្ឋាភិបាល ជប៉ុន (Japan) ពីព្រោះការ​ធ្វើ​បែប​នេះ នឹង​ជួយ​ធានា​ឲ្យ​មាន​ការ​ឆ្លើយ​តប​ស្របគ្នា​ចំពោះ​ការ​គំរាម​កំហែងនេះ។ លោក​ក៏​បាន​ព្រមាន​ផងដែរថា​ ទីក្រុង តេហ៍រ៉ង់ (Tehran) កំពុង​ឃ្លាំមើល​ការ​ឆ្លើយ​តប​របស់​ពិភពលោក​យ៉ាង​ដិតដល់​បំផុត។
«ប្រសិន​បើ​សហរដ្ឋ​អាមេរិកមិនដាក់​ទណ្ឌកម្ម ​មិន​ដាក់​ទោស​កូរ៉េខាងជើង​តាម​របៀបណាមួយ​ទេនោះ វា​នឹង​ក្លាយ​ជា​ការ​ផ្តល់​ភ្លើងខៀវ​ឲ្យ​ទៅ​ប្រទេស​ អ៊ីរ៉ង់ យ៉ាង​មាន​ប្រសិទ្ធភាព ឬ​យ៉ាង​ហោច​ណាស់ ជា​ការផ្តល់យោបល់​មួយ​ថា ​ប្រទេស​នេះអាចដើរ​តាមគន្លង​នេះ​បាន ហើយនឹងមិន​ទទួល​រង​នូវ​ផលវិបាក​ណាមួយ​ឡើយ»។
ខណៈ​ដែល​គ្មាន​មហាអំណាច​ណាមួយរបស់​ពិភពលោកអះអាងចង់​ឲ្យ​មាន​រដ្ឋ​ដែល​បំពាក់​ដោយអាវុធ​នុយក្លេអ៊ែ​នៅ​ កូរ៉េ​ខាង​ជើង​ ឬ អ៊ីរ៉ង់ នោះ សំណួរស្ថិតនៅ​ត្រង់​ថា ​តើ​ពួកគេ​មាន​លទ្ធភាព​ទប់ស្កាត់​លទ្ធផល​បែបនោះ​ដែរ​ឬយ៉ាងណា៕
ប្រែសម្រួល​ដោយ លី​ សុខ​ឃាង​
XS
SM
MD
LG