ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាព​តានតឹង​ផ្ទៃ​ក្នុង​នយោបាយ​នៅ​កូរ៉េ​ខាង​ជើង


លោក ​Kim Jong Un ​ (រូបឆ្វេង) អាយុ​ជាង​២០​ឆ្នាំ​​ អង្គុយ​នៅ​ពីរ​កៅអី​ឃ្លាត​ពី​លោក​ Kim Jong Il (រូបស្តាំ) ​ដោយ​ពាក់​អាវធំ​ស្រដៀងគ្នា​នឹង​អាវ​ធំ​ពណ៌​កាគី​របស់​ឳពុក​លោក​។
លោក ​Kim Jong Un ​ (រូបឆ្វេង) អាយុ​ជាង​២០​ឆ្នាំ​​ អង្គុយ​នៅ​ពីរ​កៅអី​ឃ្លាត​ពី​លោក​ Kim Jong Il (រូបស្តាំ) ​ដោយ​ពាក់​អាវធំ​ស្រដៀងគ្នា​នឹង​អាវ​ធំ​ពណ៌​កាគី​របស់​ឳពុក​លោក​។

វ៉ាស៊ីនតោន៖ ប្រទេស​កូរ៉េ​ខាង​ជើង​ បាន​ចេញ​ផ្សាយ​រូបថត​ជា​ផ្លូវការ​លើក​ទី​មួយ​របស់​លោក​ Kim Jong Un​ ដែល​ជា​កូនប្រុស​ និង​ជា​អ្នក​បន្ត​តំណែង​ពី​លោក​ Kim Jong Il ​មេដឹកនាំ​កូរ៉េ​ខាងជើង​។ រូបថត​នេះ ​បាន​ត្រូវ​ផ្សព្វផ្សាយ​នៅ​ក្រោយ​ការប្រជុំ​សំខាន់​មួយ​របស់​គណៈបក្ស​គ្រប់គ្រង​ប្រទេស​ ដែល​បាន​តែងតាំង​អ្នកនយោបាយ​ជើង​ថ្មី​នេះ​ឱ្យ​កាន់​តំណែង​សំខាន់ៗ​ ក្នុង​គណៈបក្ស​ និង​ក្នុង​ក្រុមយោធា​។ ការ​ថតរូប​ដែល​គេ​ចាត់ចែង​ឱ្យ​មាន​នេះ​ ចង្អុល​បង្ហាញ​អំពី​បញ្ហា​ដែល​អាច​កើត​មាន​នៅ​ក្រោយ​ឆាក​។

លោក ​Kim Jong Un ​ហាក់​ដូចជា​ហ្មត់ចត់​ក្នុង​រូបថត​នេះ​ ដោយ​លោក​អង្គុយ​មិន​ញញឹម​នៅ​ជួរ​មុខ​នៃ​ពួក​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ជាន់ខ្ពស់​២០០​នាក់​។ លោក ​Kim Jong Un ​ ដែល​មាន​អាយុ​ជាង​២០​ឆ្នាំ​ និង​មាន​សាច់​ទ្រលុកទ្រលន់​ អង្គុយ​នៅ​ពីរ​កៅអី​ឃ្លាត​ពី​លោក​ Kim Jong Il ​ដោយ​ពាក់​អាវធំ​ស្រដៀងគ្នា​នឹង​អាវ​ធំ​ពណ៌​កាគី​របស់​ឳពុក​លោក​។ ពួក​មន្ត្រី​ក្រៅ​ពី​នេះ​ពាក់​អាវធំ​បើកក​ឬ​ឯក​សណ្ឋាន​យោធា​រូបថត​នេះ​ ដែល​បាន​ត្រូវ​បោះពុម្ពផ្សាយ​ក្នុង​កាសែត​ជា​ផ្លូវការ​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង​ កំណត់​ការបញ្ចប់​សន្នសីទ​មិន​សូវ​មាន​ធ្វើ​មួយ​របស់​គណៈបក្ស​កម្មករ​ដែល​នៅ​ក្នុង​នោះ​ពួក​អ្នក​ធ្វើ​វិភាគ​រំពឹង​ថា​ លោក​ Kim Jong Un​ នឹង​ត្រូវ​តែងតាំង​ជា​អ្នក​បន្ត​តំណែង​ពី​ឳពុក​លោក​។ ក៏ប៉ុន្តែ ​លោក ​Gordon Flake​ អ្នក​ជំនាញការ​ខាង​កិច្ចការ​ប្រទេស​កូរ៉េ​នៅ​ឯ​មូលនិធិ ​Mansfield ​ក្នុង​រដ្ឋធានី​Washington​ និយាយ​ថា​ដំណើរការ​មាន​ភាព​សាំញ៉ាំ​ជាង​នេះ​។

«អ្វី​ដែល​យើង​ឃើញ​នៅ​ទី​នេះ​មិនមែន​ជា​ការបន្ត​តំណែង​ទេ។ ​អ្វី​ដែល​យើង​ឃើញ​នៅ​ទីនេះ​ជា​ការបញ្ជាក់​ជា​សាធារណៈ​លើក​ដំបូង​នៃ​ការ​ចាប់ផ្តើម​ដំណើរការ​នៃ​ការ​បន្ត​តំណែង​។ ក៏ប៉ុន្តែ​ លោក​ Kim Jong Il ​នៅ​កាន់​អំណាច​នៅ​ទ្បើយ​។ ដូច្នេះ​ នេះ​មិនមែន​ជា​ការគ្រប់គ្រង​មួយ​បែប​ស្ថាប័ន​ទេ។ ​នេះ​ជា​ការ​គ្រប់គ្រង​មួយ​បែប​គ្រួសារ​ផ្ទាល់ខ្លួន​»​។

នៅ​សន្និសីទ​ក្នុង​សប្តាហ៍​ចុងក្រោយ​បង្អស់​នៃ​ខែ​កញ្ញា​ លោក​ Kim Jong Un ​ និង​ម្តាយមីង​លោក​ បាន​ត្រូវ​តម្លើង​ឋានៈ​ជា​ឧត្តម​សេនីយ​ផ្កាយ​បួន ​ទោះណា​ជា​លោក​និង​លោកស្រី ​មាន​ការពិសោធន៍​ខាង​យោធា​តែ​បន្តិចបន្តួច​កាល​ពី​ពេលមុន​ក៏​ដោយ​។ លោក​ Kim Jong Un​ ក៏​បាន​ចូល​រួម​ជាមួយ​ឪពុកមា​លោក​ ក្នុង​ការ​មើល​ការខុស​ត្រូវ​គណៈកម្មការ​សំខាន់​មួយ​ខាង​កិច្ចការពារ​ប្រទេស​។

ជា​យូរយារមក​ហើយ​ កងទ័ព​ ដែល​មាន​សមាជិក​ជាង​មួយ​លាន​នាក់ ​ជា​អង្គការ​សំខាន់​មួយ​របស់​រដ្ឋ​កូរ៉េខាងជើង​ ហើយ​លោក​ Kim Jong Il ​បាន​បង្កើន​សារៈសំខាន់​របស់​ក្រុម​យោធា​ នៅ​ក្រោយ​ទូរភិក្ស​ដ៏​ធ្ងន់ធ្ងរ​កាល​ពី​ទសវត្សរ៍​ឆ្នាំ​១៩៩០​។ លោក​ Abe Denmark ​ធ្វើការ​នៅ​ឯ​មជ្ឈមណ្ឌល​សម្រាប់​សន្តិសុខ​អាមេរិកាំង​ថ្មី​មួយ​ក្នុង​រដ្ឋធានី​ Washington។ ​លោក​និយាយ​ថា​ ការផ្តល់​ឱ្យ​លោក ​Kim Jong Un​ ម្តាយមីង​ និង​ឳពុកមា​លោក​នូវ​តំណែង​ជាន់ខ្ពស់​ក្នុង​ទីភ្នាក់ងារ​ការពារ​ប្រទេស​ជា​វិធី​មួយ​ដើម្បី​ធ្វើ​ឱ្យ​ឥស្សរជន​ទាំងនេះ​មាន​ភាព​ត្រឹមត្រូវ​តាម​ច្បាប់​ក្នុង​ភ្នែក​សាធារណជន​និងរដ្ឋាភិបាល។

«នៅ​ពេល​ដែល​លោក​ Kim Jong Il ​កាន់​អំណាច​បន្ត​ពី​ឳពុក​លោក​ លោក​ពឹងពាក់​លើ​ស្ថាប័ន​ជា​ច្រើន​ដែល​បាន​ជួយ​ចាត់ចែង​កិច្ចការ​រដ្ឋ​នៅ​ពេល​លោក​ទ្បើង​មក​កាន់​អំណាច​ហើយ​លោក​បាន​កំចាត់​ស្ថាប័ន​ជា​ច្រើន​ពីព្រោះ​ស្ថាប័ន​ទាំងនេះ​អាច​ជា​អ្នក​ប្រកួតប្រជែង​ដើម្បី​ឥទ្ធិពល​និង​អំណាច។ ហើយ​ការណ៍​ដែល​លោក​ Kim Jong Il ​បាន​តម្លើង​ឋានន្តរស័ក្តិ​ឱ្យ​សមាជិក​ខ្លះ​នៃ​ក្រុម​ប្រឹក្សា​ការពារ​ជាតិ​និង​បាន​ចាត់​វិធានការ​ឯ​ទៀតៗ​ប្រហែល​ជា​ការប៉ុនប៉ង​មួយ​ដើម្បី​កសាង​ជា​ថ្មី​ស្ថាប័ន​ខ្លះៗ​ក្នុង​បណ្តា​ស្ថាប័នទាំងនេះ​ដើម្បី​ជួយ​សម្រួល​ការ​បន្ត​តំណែង​នេះ។”

លោក ​Flake​ នៃ​មូលនិធិ​ Mansfield ​និយាយ​ថា​ការ​តម្លើង​ឋានៈ​យ៉ាង​លឿន​ឱ្យ​ដល់​ញាតិសន្តាន​ជិត​ស្និទ្ធ​របស់​លោក ​Kim Jong Il ​នឹង​បង្កើត​ឱ្យ​មាន​ភាព​តានតឹង​នៅ​ក្នុង​ចំណោម​ក្រុម​មន្ត្រី​ជើង​ចាស់​ ហើយ​ការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​មាន​ស្ថានភាព​មិន​ប្រាកដប្រជា​ថែម​ទៀត។

“ខ្ញុំ​ចង់​និយាយ​ថា​ប្រសិន​បើ​មាន​បុព្វហេតុ​ណា​មួយ​នាំ​ឱ្យ​មាន​ការមួម៉ៅ​កាល​ពី​សប្តាហ៍​មុន ​គឺ​ពួក​ឧត្តមសេនិយ​ចាស់ៗ​ទាំងនេះ​ដែល​បាន​ឃើញ​ឧត្តមសេនិយ​ផ្កាយ​បួន​ថ្មីៗ​៦​នាក់​បាន​ត្រូវ​តម្លើង​ឋានន្តរស័ក្តិ​ ដោយ​មាន​រួមបញ្ចូល​ទាំង​ក្មេង​អាយុ​២៧​ឆ្នាំ​ដែល​គ្មាន​ការពិសោធន៍​ខាង​យោធា​សោះ​ម្នាក់​ផង។”

របៀប​ធ្វើការ​ផ្ទៃ​ក្នុង​នៃ​វិស័យ​នយោបាយ​កូរ៉េខាងជើង​មាន​អាថ៌កំបាំង​ច្រើន​បណ្តាល​ឱ្យ​ពួក​អ្នក​ធ្វើ​វិភាគ​និង​ប្រជាជន​កូរ៉េខាងជើង​គិត​ស្មានៗ​អំពី​ការ​តានតឹង​មាន​សភាព​បែប​ណា។

លោក​ Choi Jin-wook ​ធ្វើការ​នៅ​ឯ​វិទ្យាស្ថាន​កូរ៉េ​សម្រាប់​ការបង្រួបបង្រួម​ជាតិ​ជា​ថ្មី​ដែល​ចាត់ចែង​ដោយ​រដ្ឋាភិបាល​ក្នុង​ក្រុង​សេអ៊ូល​។ លោក​និយាយ​ថា​សេចក្តី​ត្រូវការ​យ៉ាង​ខ្លាំង​របស់​កូរ៉េខាងជើង​ក្នុង​ការជំរុញ​សេដ្ឋកិច្ច​ខ្លួន​ឱ្យ​លូតលាស់​អាច​បំពេញ​មុខនាទី​សំខាន់​មួយ​ក្នុង​ការប្រយុទ្ធ​ដណ្តើម​អំណាច​គ្នា​ក្នុង​ប្រទេស​កូរ៉េខាងជើង។ លោក​Choi Jin-wook​ ថ្លែង​ថា​ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង Pyongyang​ប្រកាន់​យក​របៀប​ដោះស្រាយ​បែប​ផ្សះផ្សា​មួយ​ចំពោះ​កូរ៉េខាងត្បូង​ដើម្បី​ឱ្យ​បាន​ផលប្រយោជន៍​ខាង​សេដ្ឋកិច្ច​ ការ​បែកបាក់​គ្នា​រវាង​ពួក​នាយទាហាន​ជើង​ចាស់​និង​ពួក​មេដឹកនាំ​នយោបាយ​ថ្មីៗ​អាច​រីក​ធំ​បាន​។

«ប្រសិន​បើ​ក្រុម​យោធា​ជំទាស់​នឹង​អ្វី​ដែល​ហៅថា​គោលនយោបាយ​ផ្សះផ្សា​របស់​គណៈបក្ស​ចំពោះ​ពិភពលោក​ខាង​ក្រៅ ​ក្រុមយោធា​ប្រហែល​ធ្វើ​សកម្មភាព​បង្ក​រឿង​ហេតុ​ប្រឆាំង​នឹងកូរ៉េខាងត្បូង​ឬ​ពិភពលោក​ខាង​ក្រៅ​»​។

ប្រទេស​កូរ៉េ​ខាងជើង​និង​ប្រទេស​កូរ៉េខាងត្បូង​បាន​ធ្វើ​កិច្ចចរចា​ខាង​យោធា​លើក​ទី​មួយ​របស់​ពួកគេ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​ខែកញ្ញា​ដោយ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ ជា​ផ្នែក ​លើ​ការពន្លិច​នាវា​ចម្បាំង​កូរ៉េខាងត្បូង​មួយ​គ្រឿង​កាល​ពី​ខែ​មីនា​។ ​ការ​ស៊ើប​អង្កេត​អន្តរជាតិ​មួយ​បាន​បន្ទោស​រដ្ឋាភិបាល​ក្រុង​ Pyongyang ​ចំពោះ​ការ​វាយ​ប្រហារ​នេះ​ ដែល​អ្នកធ្វើវិភាគ​ខ្លះ​មាន​យោបល់​ថា​ប្រហែល​ត្រូវ​ធ្វើ​ទ្បើង​ដើម្បី​ជួយ​ធ្វើ​ឱ្យ​ឃើញ​ថា​លោក​ Kim Jong Un ​ហាក់​ដូច​ជា​មាន​អំណាច​ខ្លាំង។​មាន​ការ​មិន​យល់ស្រប​នឹង​ទ្រឹស្តី​នេះ ​ក៏​ប៉ុន្តែ​ពួក​អ្នកធ្វើវិភាគ​យល់ស្រប​គ្នា​ថា​ពួក​វរជន​គ្រប់គ្រង​ប្រទេស​កូរ៉ខាងជើង​មិន​ទំនង​ជា​បង្ហាញ​ការ​មិនពេញចិត្ត​ណា​មួយ​ដល់​ជម្រើស​ពួក​អ្នកដឹកនាំ​ដោយ​លោក Kim Jong Il ទេ​ ដរាប​ណា​លោក​នៅរស់។​ នៅ​ក្រោយ​លោក​ Kim Jong Il ​ស្លាប់ មាន​ការ​បញ្ជាក់​បន្តិចបន្តួច​ថា​តើ​អ្នក​គ្រប់គ្រង​ប្រទេស​ក្មេង​ម្នាក់​និង​គ្មាន​ការពិសោធន៍​អាច​នៅ​កាន់​អំណាច​បាន​ឬ​ទេ​ក្នុង​ចំណោម​ពួក​មន្ត្រី​ជំនាន់​ចាស់​ដែល​ចេះ​តែ​គិត​ផ្តេសផ្តាស​៕

ប្រែ​សម្រួល​ដោយ​លោក ​ឈឹម សុមេធ​។

XS
SM
MD
LG