មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានអះអាងថា លទ្ធភាពនៃការផ្ទុះសង្គ្រាមជាមួយប្រទេសថៃមានតិចតួចនៅឡើយ បើទោះបីជាភាគីទាំងពីរបានបង្កើនកម្លាំងកងទ័ព និងបញ្ជូនសម្ភារៈសឹកសម្រាប់ធ្វើសង្គ្រាមនៅតាមក្រវ៉ាត់ព្រំដែនមានជម្លោះក៏ដោយ។ ចំណែកភាគីថៃវិញបានអះអាងថាការធ្វើសង្គ្រាមជាមួយកម្ពុជាគឺជាជម្រើសចុងក្រោយ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ភាគីទាំងពីរបានបញ្ជាក់ថា ខ្លួននឹងព្យាយាមចរចាដោយសន្តិវិធីដើម្បីបញ្ជៀសសង្គ្រាមដែលអាចកើតឡើងជាយថាហេតុ។
លោកខៀវ កាញារិទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅទីស្តីការក្រសួងព័ត៌មាននៅថ្ងៃច័ន្ទនេះថា លទ្ធភាពនៃការផ្ទុះសង្គ្រាមជាមួយនឹងប្រទេសថៃនៅមានលទ្ធភាពតិចតួចនៅឡើយ។
លោកបានមានប្រសាសន៍ទៀតថា ការធ្វើសង្គ្រាមនឹងមិនអាចកើតមានឡើងទេ ដោយសារតែមេបញ្ជាការកងទ័ពនៅតំបន់ព្រំដែនដែលមានជម្លោះនោះតែងតែទាក់ទងគ្នា និងចរចាគ្នាជាញឹកញាប់ ដើម្បីបញ្ជៀសសង្គ្រាម។
«ខិតខំធ្វើយ៉ាងណាចៀសកុំឲ្យបញ្ហានេះក្លាយទៅជាឈ្នួនអាចឆេះសង្គ្រាមរវាងប្រជាជនយើង ទាំងពីរ»។
កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ប្រទេសកម្ពុជាបានបញ្ជូនយុទ្ធោបករណ៍ទំនើបៗ ដែលរួមមានរថពាសដែក រថក្រោះ និងកាំជ្រូចហ្វូងប្រតិកម្ម ទៅកាន់តំបន់ព្រំដែនដែលមានទំនាស់ចាប់ពីខេត្តព្រះវិហាររហូតដល់ខេត្តឧត្តរមានជ័យ។
ការបញ្ជូនសព្វាវុធទំនើបនេះ គឺដើម្បីត្រៀមទប់ទល់ក្នុងករណីផ្ទុះសង្គ្រាមណាមួយដែលអាចនឹងកើតមានឡើងជាមួយប្រទេសថៃ ស្របពេលដែលប្រទេសថៃបានបញ្ជូនសព្វាវុធ និងកងទ័ពទៅតាមក្រវ៉ាត់ព្រំដែនរបស់គេផងដែរ។
លោកខៀវ កាញារិទ្ធបានមានប្រសាសន៍ថា ប្រទេសទាំងពីរបានប្តេជ្ញាថា នឹងមិនមានការផ្ទុះអាវុធទេ ព្រមទាំងព្យាយាមដោះស្រាយបញ្ហានេះដោយសន្តិវិធី។
«យើងខ្ញុំបានជម្រាបអំបាញ់មិញហើយថា សភាពការណ៍នៅតាមក្រវ៉ាត់ព្រំដែន ដោះស្រាយបញ្ហាព្រំដែនអាចប្រើពេលវេលាយូរណាស់ដើម្បីកំណត់។ ប៉ុន្តែសំខាន់ធានាកុំឲ្យមានសង្គ្រាម ដើម្បីឲ្យប្រជាជនសងខាងអាចរកស៊ីជាមួយគ្នាបាន»។
ចំណែកលោក Abhisit Vejjajiva នាយករដ្ឋមន្រ្តីនៃប្រទេសថៃ ត្រូវបានកាសែតបាងកកប៉ុស្តិ៍របស់ប្រទេសថៃ ចុះផ្សាយនៅថ្ងៃច័ន្ទនេះថា ការធ្វើសង្គ្រាមជាមួយប្រទេសកម្ពុជាគឺជាជម្រើសចុងក្រោយ។
លោក Abhisit Vejjajiva បានមានប្រសាសន៍ទៀតថា «បំណងរបស់ខ្ញុំនឹងប្រើយន្តការដោះស្រាយដោយសន្តិវិធីអំពីបញ្ហាព្រំដែន ក្នុងន័យនេះ មិនមែនមានន័យថា រដ្ឋាភិបាលថៃខ្លាចការធ្វើសង្រ្គាមជាមួយកម្ពុជាទេ»។
ការតានតឹងអំពីបញ្ហាព្រំដែនរវាងប្រទេសថៃនិងកម្ពុជាបានកម្រើកឡើងវិញសាជាថ្មីម្តងទៀត ដោយសារតែរយៈពេលចុងក្រោយនេះ ភាគីថៃបានទាមទារឲ្យកម្ពុជាដកទង់ជាតិរបស់ខ្លួនចេញពី បរិវេណវត្តកែវសិក្ខាគីរីស្វារៈ ដែលបានសាងសង់ឡើងនៅលើជើងភ្នំនៃប្រាសាទព្រះវិហារ។
លោកខៀវ កាញារិទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាមិនអាចដក ទង់ជាតិចេញពីវត្តកែវសិក្ខាគីរីស្វារៈនេះបានទេ ពីព្រោះវត្តនេះបានសងសង់ឡើងតាំងពីឆ្នាំ១៩៩៩ ក្នុងទឹកដីរបស់ប្រទេសកម្ពុជា។
បើទោះបីជាមានភាពតានតឹងរវាងភាគីទាំងពីរយ៉ាងណាក៏ដោយ ក៏សភាពការណ៍ជាទូទៅនៅតាមក្រវ៉ាត់ព្រំដែន នៅថ្ងៃច័ន្ទនេះ នៅមានសភាពស្ងប់ស្ងាត់នៅឡើយ។ ក៏ប៉ុន្តែភាគីទាំងពីរបានប្រុងប្រៀបប្រយុទ្ធរៀងៗខ្លួន។
ប្រទេសកម្ពុជា និងប្រទេសថៃ នៅថ្ងៃទី០៣ និងទី០៤ ខែកុម្ភៈនេះ នឹងបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសទាំងពីរ ដែលធ្វើឡើងនៅក្នុងខេត្តសៀមរាប។ក៏ប៉ុន្តែរបៀបវារៈអំពីបញ្ហាភាពតានតឹងនៅតាមក្រវ៉ាត់ព្រំដែននោះ មិនទាន់ដឹងថា នឹងលើកយកមកពិភាក្សាគ្នា ឬយ៉ាងណាទេ។
ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសទាំងពីរនេះ ភាគីទាំងពីរនឹងអនុម័តទៅលើការកំណត់នៃកិច្ច ប្រជុំគណៈកម្មាធិការចម្រុះលើកទីប្រាំពីរ ដែលហៅកាត់ថា JC តែប៉ុណ្ណោះ៕