ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​ទាម​ទារ​មិន​ឲ្យ​មាន​សម្បទាន​ចំពោះ​ថៃ​នៅ​មុន​ជំនួប​មេ​ដឹកនាំ​ខ្មែរ​ថៃ


នាយករដ្ឋមន្ត្រី​​ខ្មែរ​និង​ថៃ​ជួ​ប​ប្រជុំ​គ្នា​នៅ​ទី​ក្រុង​ញូវ​យ៉ក​​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។
នាយករដ្ឋមន្ត្រី​​ខ្មែរ​និង​ថៃ​ជួ​ប​ប្រជុំ​គ្នា​នៅ​ទី​ក្រុង​ញូវ​យ៉ក​​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។

ស្រប​ពេល​ដែល​មេដឹក​នាំ​ប្រទេស​កម្ពុជា​លោកហ៊ុនសែន​និង​មេដឹក​នាំ​ប្រទេស​ថៃ​ អាប់ភីស៊ីត​ វីចាជីវ៉ា​គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​លើក​ទី​មួយ​ក្នុង​រយៈ​ពេល​មួយឆ្នាំ ​នៅ​ក្នុង​ទីក្រុង​ New York​ ចុង​សប្តាហ៍​នេះ​ មន្ត្រី​គណបក្ស​ជំទាស់នឹង​អ្នក​ជំនាញការ​ខាង​ព្រំដែន​បាន​ទទូច​ថា កម្ពុជា​មិន​ត្រូវ​មាន​សម្បទាន​ណា​មួយ​ជាមួយ​ថៃ​ទេ​ទាក់​ទង​នឹង​ដំណោះស្រាយ​រឿង​ព្រំប្រទល់​ដែន។

សភា​ប្រទេស​ថៃ​មិន​បាន​អនុម័ត​កំណត់ហេតុ​កិច្ចប្រជុំ​ចំនួន​បី​ដែល​ គណៈកម្មាការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​និង​ ដំណើរ​ការ​បោះ​បង្គោល​ព្រំដែន​ ដែល​បង្ក​ឲ្យ​បញ្ហា​ជម្លោះ​ព្រំដែន​ មាន​ភាព​តាន​តឹងនៅ​តាម​បណ្តោយ​ព្រំដែន។​ មន្ត្រី​ជំនាញការ​ផ្នែក​ព្រំដែន​និង​មន្តី្រ​យោធា​ជាន់​ខ្ពស់​កម្ពុជា​បាន​និយាយ​ថា​ ប្រទេស​ថៃ​ បាន​ដឹង​ខ្លួន​ថា​មិន​អាច​តវ៉ា​អ្វី​តាម​ផ្លូវ​ច្បាប់​លើ​ឆាក​អន្តរជាតិ​ឲ្យ​ឈ្នះ​ភាគី​កម្ពុជា​បាន​ទេ​ ដូច្នេះ​ថៃ​អាច​នៅ​តែ​បង្ខំ​ឲ្យ​កម្ពុជា​ធ្វើ​សម្បទាន​ព្រំដែន​នេះ​ នៅ​តំបន់​ផ្សេងៗ​ដែល​កម្ពុជា​និង​ថៃ​ចោទ​ប្រកាន់​គ្នា​ពី​ការ​រំលោភ​បំពាន​ចូល​បូរណភាព​ទឹកដី​ទៅ​វិញ​ទៅ​មក​ ដោយ​ចាប់​ផ្តើម​ពី​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ នៅ​ពេល​ដែល​កម្ពុជា​នៅ​បន្ត​ចរចា​ទ្វេភាគី។

លោក​ស៊ាន​ ប៉េងសែ​ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ប្រទេស​បារាំង​ បាន​ ថ្លែង​ថា​ ប្រសិន​បើ​កម្ពុជា​ធ្វើ​សម្បាទាន​ឲ្យ​ថៃ​ នោះ​កម្ពុជា​នឹង​កាន់​តែបាត់​បង់​ទឹក​ដី​ព្រោះ​កម្ពុជា​បាន​បាត់​បង់​ច្រើន​ហើយ​នៅ​តាម​ទល់​ដែន​ជាង​៨០០​គីឡូ​ម៉ែត្រ​នៃ​ប្រទេស​ទាំងពីរ។

"ធ្វើ​សម្បទាន​ហ្នឹង​ ទៅ​អត់​រួច​ទេ​ យើង​វា​អស់​ច្រើន​ហើយ​ណា! ​យើង​អស់​វា​ច្រើន​ ហើយ ពួក​សៀម​ វា​យក​ដូច​ខ្ញុំ​ជំរាប​ហ្នឹង​ ដូច​ភ្នំ​ឆ័ត្រ​ ភ្នំ​អី​អញ្ចឹង​ទៅ​វា​(ថៃ)​ យក​រួច​ ហើយ​ណា!​ ហើយ​ហ្នឹង​យើង​ធ្វើ​សម្បទាន​ស្អី​ទៀត?​ វា​(ថៃ)​ចង់​បាន​ស្អី​ទៀត? ប្រាសាទ​តាមាន់​ ប្រាសាទ​ស្អី​ហ្នឹង​វា​ចង់​មក​យក​ទៀត​ហើយ​ណា! ​បើ​សិន​ណា​យើង​ឲ្យ​សម្បទាន​វា​ គឺ​ថា​វា​មិន​ចេះ​ចប់​ទេ"។

លោក​ថ្លែង​ថា​កម្ពុជា​ស្ថិត​នៅ​ក្នុង​មូលដ្ឋាន​ល្អ​ផ្នែក​ច្បាប់​ដែល​គួរ​រក​វិធី​បញ្ចប់​បញ្ហា​ឲ្យ​បាន​ឆាប់​តាម​រយៈ​សិទ្ធិសញ្ញា​ក្រុង​បារីស​ និង​តាម​រយៈ​តុលាការ​អន្តរជាតិ​ ដើម្បី​បកស្រាយ​ឲ្យ​បាន​ច្បាស់​ពី​ទឹកដី​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ​ ដើម្បី​បញ្ចប់​ការ​ភាន់​ច្រឡំ​របស់​ថៃ។

"ប្តឹង​តុលាការ​ហ្នឹង​គឺ​មិន​មែន​ប្តឹង​ទេ​ គឺ​ថា​ឲ្យ​តុលាការ​ហ្នឹង​បក​ស្រាយ​បញ្ជាក់​បន្ថែម ​តែ​ប៉ុណ្ណឹង​ទេ​"។

រឿង​ក្តី​ប្រាសាទ​ព្រះ​វិហារ​រវាង​កម្ពុជា​និង​ថៃ​បាន​ចប់​សព​គ្រប់​ជា​មួយ​នឹង​សាល ក្រម​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ​ដែល​បាន​សម្រេច​ឲ្យ​កម្ពុជា​ឈ្នះ​ក្តី​ហើយ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​កាល​ពី​ឆ្នាំ​១៩៦២​ ផ្អែក​តាម​ផែនទី​ស្រប​ច្បាប់​អន្តរជាតិ​ក្នុង​ឆ្នាំ​១៩០៤។ ប្រទេស​ថៃ​មិន​បាន​តវ៉ា​រឿង​ប្រាសាទ​ព្រះវិហារ​មែន​ តែ​ នៅ​តវ៉ា​រឿង​ដី​ក្បែរ​បរិវេណ​ប្រាសាទ​ព្រះវិហារ​ថា​ជា​តំបន់​ត្រួត​ស៊ីគ្នា​ ឬ​តំបន់​ស​ដែល​ថៃ​អះអាង​ថា​ គ្មាន​ភាគី​ណា​មួយ​ជ្រៀត​ជ្រែក​ កែ​ទម្រង់​អ្វី​បាន​ផ្អែក​តាម​ អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា​ ឬ ​MOU​ ដែល​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​ បាន​ចុះ​ហត្ថលេខា​ជា​មួយ​ថៃ​កាល​ពី​ឆ្នាំ​២០០០។

ប្រទេស​កម្ពុជា​និង​ថៃ​មាន​បញ្ហា​តាន​តឹង​ផ្នែក​យោធា​និង​ការទូត​មួយឆ្នាំ​ចុង​ក្រោយ​ដោយ​សារ​តែ​កម្ពុជា​ដាក់​ប្រាសាទ​ព្រះវិហារ​របស់​ខ្លួន​ចូល​ក្នុង​បញ្ជីរ​បេតិកភ័ណ្ឌ​ ពិភពលោក​ និង​រៀប​ចំ​គម្រោងការ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​ដែល​ថៃ​ចាត់​ទុក​ថា​ គម្រោងការ​នោះ​គឺ​អាច​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​ថៃ​លើ​តំបន់​ត្រួត​ស៊ីគ្នា​៤.៦​គីឡូម៉ែត​ក្រឡា​ តែ​មន្ត្រី​កម្ពុជា​អះអាង​ថា​ថៃ​ប្រើ​ប្រាស់​ផែនទី​ឯកតោភាគី​ដើម្បី ​កំណត់ខ្លួន​ឯង​ ដោយ​មិន​គោរព​ផែនទី​អន្តរជាតិ​ដែល​មេដឹក​នាំ​ថៃ​ជំនាន់​មុន​ធ្លាប់​ទទួលស្គាល់។ប្រទេស​ទាំង​ពីរ​បាន​ចរចា​បញ្ហា​ព្រំដែន​ជា​មួយ​គ្នា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​។​ ​កម្ពុជា​ស្តី​បន្ទោស​ថៃ​ថា​គ្មាន​រដ្ឋបាល​មាន​លំនឹង​ យក​រឿង​ព្រំដែន​ជា​បញ្ហា​កេញ​ចំណេញ​នយោបាយ។ ឯ​ថៃ​វិញ​ បាន​ចោទ​ប្រកាន់​ថា​កម្ពុជា​លើ​បញ្ហា​មួយ​ចំនួន​រួម​ ទាំង​ការ​មិន​គោរព​កិច្ច​ព្រមព្រៀង​ទ្វេភាគីឬ ​MOU​ ឆ្នាំ​២០០០។

ថ្លែង​ប្រាប់​ VOA ​តាម​ទូរស័ព្ទ​ពី​ក្រុង ​Seattle ​រដ្ឋ​ Washington ​កាល​ពី​ថ្ងៃ​អង្គារ ​ ក្នុង​ពេល​លោក​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អាមេរិក​នៅ​ឡើយ​នេះ​ លោកកឹម​ សុខា​ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា​ លោក ​ហ៊ុន​ សែន ​គួរ​បញ្ជាក់​ជា​មួយ​មេដឹក​នាំ​ថៃ​ជា​ចុង​ក្រោយ​ហើយ​ក្នុង​ជំនួប​ប្រជុំ​នៅ​ទី​ក្រុង​ New York​ ដើម្បី​កុំ​ឲ្យ​មាន​ការ​អូស​បន្លាយ​បញ្ហា​ព្រំដែន​តទៅ​ទៀត។

"ហើយ​ខ្ញុំ​មិន​ចង់​ឃើញ​ទឹក​ដី​ខ្មែរ​បាត់​បង់​ហើយ​បាត់​បង់​ទៀត ​ដោយ​សារ​ការ​ សម្បទាន ​ហើយ​ឲ្យ​បាត់​បង់​ទឹកដី​ទេ​ យើង​ត្រូវ​យក​គោលការណ៍​ច្បាប់​ ផែន​ទី​អន្តរជាតិ ​ទាំងអស់​ ជា​មូលដ្ឋាន​វិញ​បាទ"។

លោក ​កឹម​ សុខា​ថ្លែង​ដូច្នេះ​ដោយ​លោក​យល់​ថា​ ដើម្បី​ជៀសវាង​នូវ​អំពើ​ហិង្សា។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោកទេសរដ្ឋមន្ត្រី​វ៉ា​ គឹមហុង​ ប្រធាន​គណៈ​កម្មាការ​ ព្រំដែន​កម្ពុជា​បាន​ថ្លែង​ថា​កម្ពុជា​នឹង​មិន​ធ្វើ​សម្បាទាន​ណា​មួយ​ជា​មួយ​ថៃ​ទេ​ ព្រោះ​តុលាការ​ក្រុង​ឡាអេ​បាន​សម្រេច​ច្បាស់​លាស់​អស់​ហើយ​។

"អត់​សម្បទាន​ទេ​ទោះ​ជា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ក៏​យើង​អត់​មាន​ធ្វើ​សម្បទាន​ យើង​យក​អ្វី​ដែល​ជា​សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ឡាអេយក​មក​អនុវត្ត​អ្វី​ដែល​ផែនទី​ផ្លូវការណ៍​ ដែល​តុលាការ​លោក​យក​មក​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​ តាម​សិទ្ធិសញ្ញា​ អនុសញ្ញា​ឆ្នាំ​១៩០៤​ ទៅ​ហើយ​ ដូច្នេះ​មាន​អី​នឹង​ តថ្លៃ​គ្នា​កើត​ អត់​មាន​អី​តថ្លៃ​ទេ​ យើង​មិន​មែន​ជា​អ្នក​លក់​ព្រំ​ទេ​ណា!​ ពាក្យ​បារាំង​ថា​ អ្នក​លក់​ព្រំ​ហ្នឹង​ វា​មិន​កើត​ទេ​ យើង​មិន​មែន​អ្នក​លក់​ព្រំ​ទេ​ ដូច្នេះ​ថៃ​ចង់​ធ្វើ​អ្នក​លក់​ព្រំ​ ក៏​ធ្វើ​តែ​គាត់​ទៅ​ កុំ​តថ្លៃ​ជាមួយ​យើង​ឲ្យ​សោះ​ យើង​មិន​មែន​ជា​អ្នក​លក់​ព្រំ​ទេ​បាទ"។

លោក​ វ៉ា ​គឹមហុង​ បាន​បញ្ជាក់​បន្ថែម​ពី​ជំហរ​របស់​លោក​ចំពោះ​បញ្ហា​ដែល​កើត​ ឡើង​នៅ​ប្រាសាទ​តាមាន់​ដែល​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​ពេល​ខ្លះ​នោះ​យ៉ាង​ ដូច្នេះ​ទៀត​ថា៖

"រួច​នៅ​ខាង​ប្រាសាទ​តាមាន់​ក៏​អញ្ចឹង​ដែរ​ដូច​ខ្ញុំ​ជម្រាប​អញ្ចឹង​យើង​មាន​ឯកសារ​ ត្រឹម​ត្រូវ​ពេញ​ច្បាប់​ផ្លូវការ​ទៅ​ទៀត​ ជា​ច្បាប់​ដើម​ទៅ​ទៀត​ ដូច្នេះ​ពិបាក​ហ្នឹង​ថៃ​ដែល​ថា​ គាត់​មិន​ទទួល​ស្គាល់​ បើ​គេ​ដាក់​ក្នុង​ដី​ខ្មែរ​ទៅ​ហើយ​ ព្រោះ​ប្រាសាទ​តាមាន់​មាន​បី​ តាមាន់​ធំ​ តាមាន់​តូច​ តាគ្រៀល​ ដូច្នេះ​អាហ្នឹង​ពិបាក​គាត់​និង​តថ្លៃ​ម៉េច​កើត​ ជំហរ​យើង​នៅ​តែ​ដដែល អត់​មាន​កិច្ចការ​អ្វី​ធ្វើ​ជា​សម្បទាន​ឲ្យ​ទេ​ នេះ​ជា​ទឹក​ដី​របស់​យើង​ ជា​ខ្សែ​ព្រំដែន​ដែល​កំណត់​រួច​ហើយ​ ហើយ​និង​ជា​ប្រាសាទ​ដែល​ដាក់​ក្នុង​ទឹក​ដី​យើង​រួច​ទៅ​ហើយ​ដូច​ជា​ប្រាសាទ​ព្រះវិហារ​ ក៏​ដូច​ជា​ប្រាសាទ​តាមាន់​ដែរ​បាទ​ តាមាន់​ធំ​ តាមាន់​តូច​ ស្ថិត​ក្នុង​ទឹក​ដី​ខ្មែរ​ រឿង​អី​យើង​ធ្វើ​សម្បទាន​ ឲ្យ​គេ​ ដើម្បី​បាន​ដំណោះស្រាយ​ អាហ្នឹង​យើង​អត់​ធ្វើ​ទេ​បាទ"។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ឧត្តមសេនីយ៍​យោធា​ខ្មែរ​ម្នាក់​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​ មិន​ឲ្យ​បញ្ចេញ​អត្តសញ្ញាណ​ បាន​ចោទ​ប្រកាន់​ប្រទេស​ថៃ​ថា​បាន​ទន្រ្ទាន​ចូល​ទឹក​ដី​កម្ពុជា​៤០០​ម៉ែត្រ​ក៏​មាន​ ១០០​ម៉ែត្រ​ក៏​មាន​ ២០០​ម៉ែត្រ​ក៏​មាន​ ​១​គីឡូ​ម៉ែត​ក៏​មាន​ ដូច​ជា​នៅ​ភាគ​ខាង​ជើងនិង​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​ ដូច​ជា​តំបន់​បឹង​ត្រកួន​ កំរៀង​ ក្រងក់​ ភ្នំឆ័ត្រ​ ភ្នំ​ប្រាក់​ជា​ដើម។

មន្ត្រី​យោធា​ជាន់​ខ្ពស់​កម្ពុជា​ដដែល​ដែល​មាន​បទ​ពិសោធន៍​ខាង​បញ្ជា​កង​ទ័ព​នៅ​សមរភូមិ​មុខ​ជា​យូរ​ឆ្នាំ​មក​ទល់​បច្ចុប្បន​ ហើយ​និង​មាន​ពិសោធន៍​ខាង​ផែនទី​ បាន​បារម្ភ​ខ្លាច​ថា​ថៃ​ទំនង​ជា​មិន​ចង់​ចរចា​រឿង​ព្រំដែន​នេះ​តាម​រយៈ​ពហុភាគី​ឬ​ ច្បាប់​អន្តរជាតិ​ទេ ព្រោះ​អាច​នាំ​ឲ្យ​បាត់​បង់​ តំបន់​ទឹកដី​ដែល​ថៃ​កំពុង​ កាន់​កាប់​ក្នុង​ទឹកដី​កម្ពុជា​។​ នាយ​ទាហាន​ដដែល​បាន​ពន្យល់​ថា​ប្រសិន​បើ​ភាគី​អន្តរជាតិ​ត្រូវ​សើរើ​នោះ​ គេ​នឹង​ប្រើ​ប្រាស់​ផែនទី​ត្រឹម​ត្រូវ​ ដែល​កម្ពុជា​តម្កល់​ទុក​នៅ​ឯ​អ.ស.ប។​ នាយ​ទាហាន​ជាន់​ខ្ពស់​រូប​នោះ​បាន​និយាយ​ដែរ​ថា​ថៃ​ទំនង​ជា​អាច​បញ្ចប់​បញ្ហា​ព្រំដែន​កម្ពុជា​និង​ថៃ​ប្រសិន​បើ​កម្ពុជា​ធ្វើ​សម្បាទាន​ទឹកដី​កន្លែង​ខ្លះ​ដល់​ខ្លួន​រាប់​ទាំង​តំបន់​ប្រាសាទ​ព្រះវិហារ​ដែល​ថៃ​បាន​ប្រកែក​តវ៉ា​ជានិច្ច​ជា​កាល​នោះ​ផង។

លោកវ៉ា ​គឹម​ហុង ​ថ្លែង​ថា​តំបន់​ដែល​មាន​បញ្ហា​ប្រទាញ​ប្រទង់​គ្នា​រវាង​កម្ពុជា​និង​ថៃ​ ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​ឲ្យ​បាន​ស្តែង​ឡើង​តាម​រយៈ​ការ​បោះ​បង្គោល​ ព្រំដែន ​តែ​លោក​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ថា​កន្លែង​ណា​ដែល​មាន​បញ្ហា​ ដោយ​ លោក​អះអាង​ថា​គណៈ​កម្មាធិការ​ព្រំ​ដែន​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​ធ្វើ​កិច្ចការ។

"អាហ្នឹង​ជា​តួនាទី​របស់​យើង ​យើង​កំពុង​តែ​ធ្វើ​កិច្ចការ​ហ្នឹង​តែ​យើង​មិន​អាច​ថា​ នៅ​ត្រង់​នេះ​ ត្រង់​នោះ​ទេ​ ព្រោះ​ថា​យើង​កំពុង​តែ​ធ្វើ​កិច្ចការ​ហ្នឹង​ យើង​មិន​ទាន់(ផ្តល់)​ឲ្យ​ជា​ស្ថិតិ​ត្រង់​នេះ​ ត្រង់​នោះ​ខុស​ ខាង​នេះ​ចូល​ខាង​យើង​ ខាង​នេះ​ចូល​ខាង​គេ​ វា​អត់​បាន​ទេ​បាទ"។

នៅ​ពេល​សួរ​ថា​តើ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​និង​ពិភាក្សា​បញ្ហា​អ្វី​ខ្លះ​ ជា​មួយ​សម​ភាគី​គឺ​លោក​នាយក​រដ្ឋ​មន្ត្រី​ អាប់ភីស៊ីត​ វីចាជីវ៉ា​ ក្នុង​ក្រុង​ញ៉ូវយ៉ក ​លោក​វ៉ា​ គីម​ហុង​ អះអាង​ថា​លោក​មិន​បាន​ដឹង​ថា​បញ្ហា​អ្វី​ខ្លះ​ ដែល​ត្រូវ​ជជែក ​គ្នា​ទេ​ តែ​លោក​បញ្ចាក់​យ៉ាង​ខ្លី​ថា​នឹង​មាន​បញ្ហា​ទ្វេរ​ភាគី​មួយ​ចំនួន​ រវាង​ប្រទេស​ទាំង​ពីរ​ដែល​ត្រូវ​ពិភាក្សា។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​ ​ហ៊ុន​ សែន ​នឹង​លោក​ អាប់ភីស៊ីត​ វីចាជីវ៉ា​ ត្រូវ​ គេ​រាយការណ៍​មក​ថា​នឹង​ពិភាក្សា​គ្នា​ពី​យន្តការណ៍​នានា​ដើម្បី ​ដោះស្រាយ​បញ្ហា​ ព្រំ​ប្រទល់​ដែន​និង​បញ្ហា​តាន​តឹង​ផ្នែក​នយោបាយ​រវាង​ប្រទេស​ទាំង​ពីរ ​ក្រោយ​ពេល​ កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន​ដែល​លោក​ ប្រធានាធិបតី​ Barack​ Obama ជា​ប្រធាន​កិច្ច​ប្រជុំ​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​២៤ ​កញ្ញា​ខាង​មុខ​ ក្នុង​ទី​ក្រុង​ញ៉ូវយ៉ក​ សរអា។​ មេ​ដឹក​នាំ​កម្ពុជា​លោក​ ហ៊ុនសែន​បាន​ចេញ​ដំណើរ​មក​កាន់​ទី​ក្រុង​ញ៉ូវ យ៉ក​ហើយ​នៅ​ថ្ងៃ​ពុធ​មុន​នេះ​ដែល​គេ​មិន​ដឹង​ថា​ប្រជុំ​ពិភាក្សា​ទ្វេភាគី​ ស្តី​ពី​រឿង​ ជម្លោះ​ព្រំដែន​ ជា​មួយ​ភាគី​ថៃ​ និង​អាច​ដោះ​ស្រាយ​បាន​របៀប​ណា​ ហើយតើ​ការ​រា​រែក​ ក្នុង​ ការ​នាំ​យក​រឿង​ព្រំដែន​នេះ​ទៅ​ដោះ​ស្រាយ​លំដាប់​ អន្តរជាតិ​ អាច​នឹង​មាន​ដំណើរ​ការ​ទៅ​មុខ​ឬ​ក៏​អាច​បញ្ចប់​ត្រឹម​ការ​ចរចា​គ្នា​រវាង​នាយក​រដ្ឋ​មន្ត្រី​ទាំង​ពីរ​ឬ​ យ៉ាង​ណា?។

ជា​មួយ​នឹង​ការ​បដិសេធ​របស់​ថៃ​ក្នុង​ការ​នាំ​យក​បញ្ហា​ព្រំដែន​ទៅ​ដោះ​ស្រាយ​ ដោយ​ច្បាប់​អន្តរជាតិ​ ក្រុម​អ្នក​វិភាគ​រឿង​ព្រំដែន​បាន​និយាយ​ថា​ការ​រា​រែក​របស់​ កម្ពុជា​ក្នុង​ការ​នាំ​បញ្ហា​ ព្រំ​ដែន​យក​ទៅ​ចរចា​នៅ​ឯ​អន្តរជាតិ​អាច​ពិបាក​ នឹង​ដោះសារ​ជាមួយ​អន្តរជាតិ​ចំពោះ​បញ្ហា​ថា​តើ​ហេតុអ្វី​បាន​ជា​កម្ពុជា​អាច​បញ្ចប់​កិច្ចចរចា​ជាមួយ​វៀតណាម​ តាម​រយៈ​ទ្វេភាគីតាម​រយៈ​កិច្ច​ព្រមព្រៀង​បំពេញ​ បន្ថែម​ដ៏​ចម្រូងចម្រាស​ផ្អែក​តាម​សិទ្ធិសញ្ញា​ទស្សវត្ស​ឆ្នាំ​១៩៨០ ​ចុះ​ហេតុ​អ្វី​ បាន​ជា​ជា​មួយ​ថៃ​មិន​អាច​ទៅ​វិញ?​ ហើយ​ចុះ​បើ​ អន្តរជាតិ ​ត្រូវ​សើរើ​បញ្ហា​ព្រំដែន​ទាំង​ អស់​ វាស់​បង្គោល​ព្រំដែន​តាម​ឧបរករណ៍​ទំនើប​ដែល​ទាមទារ​ឲ្យ​ធ្វើ​ទាំង​ព្រំដែន​ជា​មួយ​ថៃ​និង​វៀតណាម​ តើ​នឹង​មាន​ការ​អ្វី​កើត​ឡើង​សម្រាប់​កម្ពុជា​ ហើយ​តើ​កម្ពុជា​នឹង​ឆ្លើយ​តប​ភាគីថៃ​យ៉ាង​ម៉េច​ប្រសិន​បើ​ភាគី​ថៃ​សួរ​ថា​តើ​ការ​បញ្ចប់​បញ្ហា​វិវាទ​ព្រំដែន​ជា​មួយ​វៀតណាម​ ហេតុអ្វី​ធ្វើ​តាម​រយៈ​ទ្វេភាគី​ ហើយ​ក៏​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​បំពេញ​បន្ថែម​ផង​ដែរ​ ចុះ​ហេតុអ្វី​ចង់​ប្រើ​ជា​មួយ​ថៃ​ នូវ​ច្បាប់​អន្តរជាតិ​និង​ផែនទី​ដែល​តម្កល់​ទុក​នៅ​អសប?

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​កម្ពុជា​ដែល​គ្រោង​នឹង​បោះ​បង្គោល​ព្រំដែន​ជា​មួយ​វៀត ណាម​ឲ្យ​ចប់​នៅ​ឆ្នាំ​២០១២​ត្រូវ​អាក់​ខាន​ទៅវិញ​ដោយ​សារ​មេដឹក​នាំ​គណបក្ស​ ជំទាស់​លោក​សម រង្សី​ បាន​ចោទ​ប្រកាន់​ថា​មាន​ការ​រំលោភ​បំពាន​ទឹក​ដី​ពេល​បោះ​បង្គោល​។ តែ​លោក​សម រង្សី​ ពេល​នេះ​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​គេច​ចេញ​ ពី​ការ​តាម​ចាប់​ខ្លួន​ពី​បទ​ដក​តម្រុយ​បង្គោល​ព្រំដែន​ក្រោយ​ពី​តុលាការ​ប្រទេស​ កម្ពុជា​បាន​កាត់​ទោស​ឲ្យ​លោក​ជាប់​គុគ​២ឆ្នាំ។​ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ សាលក្រម​សំរេច​ទោស​លោក​ សម រង្សីចំនួន​១០​ឆ្នាំ​បន្ថែម​មួយ​ករណី​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​នេះ​ ពី​បទ​ផ្សព្វ​ផ្សាយ​ឯកសារ​ព្រំដែន​ក្លែង​ក្លាយ។

XS
SM
MD
LG