អតីតសមាជិកគណបក្សសង្រ្គោះជាតិ២នាក់ក្នុងខេត្តបាត់ដំបង ដែលគាំទ្រលោកកឹម សុខា ត្រូវបានចាប់ខ្លួន កាលពីចុងសប្តាហ៍មុន ហើយតុលាការរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ពួកគេថា «ប្រមាថព្រះមហាក្សត្រ»ដោយយោងតាមបញ្ញត្តិថ្មីនៃក្រមព្រហ្មទណ្ឌដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៨។
ពួកគេទាំងពីរនាក់ គឺលោក ហង្ស សេង អាយុ៦៩ឆ្នាំ និងលោក គង់ ប៊ុនហ៊ាង អាយុ៦៦ឆ្នាំ ដែលជាអតីតសមាជិកប្រតិបត្តិខេត្តបាត់ដំបង ហើយជាអ្នកនយោបាយជាមួយអតីតគណបក្សសិទ្ធិមនុស្ស ដែលគ្រប់គ្រងដោយលោក កឹម សុខា។
អ្នកនាំពាក្យតុលាការរាជធានីភ្នំពេញ លោក គុជ គឹមឡុង ប្រាប់ VOA នៅរសៀលថ្ងៃអង្គារនេះថា ពួកគេទាំងពីរនាក់ត្រូវបានចោទប្រកាន់ពីបទ«ប្រមាថព្រះមហាក្សត្រ» ដោយយោងតាមមាត្រា៤៣៧ ដែលអាចឲ្យពួកគេជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ ប្រសិនបើរកឃើញកំហុស។
បញ្ញត្តិដែលចែងពីបទ«ប្រមាថព្រះមហាក្សត្រ» ត្រូវបានបង្កើតឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៨ ដែលរងការរិះគន់ថា កំហិតសេរីភាពនៃការបញ្ចេញមតិ និងប្រើប្រាស់ដើម្បីបំបិទសំឡេងប្រឆាំងរដ្ឋាភិបាល។ ក្រោយការបង្កើតបញ្ញត្តិនេះ មនុស្សមួយចំនួនត្រូវបានចាប់ខ្លួន ហើយការចាប់ខ្លួនសកម្មជនបក្សប្រឆាំងពីររូបនេះជាករណីថ្មី ដែលត្រូវបានក្រុមសិទ្ធិមនុស្សរិះគន់។
ភរិយារបស់លោក ហង្ស សេង គឺអ្នកស្រី ហឿន សារិន អាយុ៥៥ឆ្នាំ រស់នៅក្នុងឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង មានប្រសាសន៍ថា នគរបាលម្នាក់បានមកផ្ទះរបស់អ្នកស្រី កាលពីថ្ងៃអាទិត្យ ទី១៨ ខែតុលានៅម៉ោងជាង៨ព្រឹក ដោយហៅស្វាមីរបស់អ្នកស្រីថា ទៅធ្វើសួនច្បារនៅអធិការដ្ឋាននគរបាលស្រុកសង្កែ ហើយលោកក៏ទៅជាមួយ ដោយសារត្រូវការការងារធ្វើ។ ប៉ុន្តែអ្នកស្រីថា ផ្ទុយទៅវិញ ស្វាមីរបស់អ្នកស្រី ត្រូវបានចាប់ខ្លួន វាយខ្នោះ ហើយអ្នកស្រីមិនដឹងថា ស្វាមីនៅទីណានោះទេ រហូតមកដល់ពេលនេះ។
អ្នកស្រីមានប្រសាសន៍ថា៖ «ខ្ញុំថា អត់យុត្តិធម៌ទេអ៊ីចឹងនោះ ព្រោះកុហក ឲ្យគាត់ទៅអ៊ីចឹង (ហើយចាប់ខ្លួន) អត់យុត្តិធម៌។ បើមិនបានអី ក៏ប្រាប់ថា ឥឡូវ គេចង់ជួបអ៊ំឯង អីចេះមួយ អីចុះមួយ មិនបាច់កុហកថា ធ្វើការ។ ទាំងអូនឯង ទាំងខ្ញុំ អរហើយ ព្រោះបានធ្វើការ។ ដល់អ៊ីចឹង មកបោកគាត់តែម្តង។ ខ្ញុំថា អត់យុត្តិធម៌ទេ»។
អ្នកស្រីជាភរិយា បន្តថា ការចាប់ខ្លួននេះមិនមានដីកា ហើយអ្នកស្រីខ្លួនឯងផ្ទាល់ ក៏មិនដឹងថា គេចោទប្តីអ្នកស្រីពីការប្រព្រឹត្តខុសអ្វីដែរ។ អ្នកស្រីបញ្ជាក់ថា៖ «ហើយចាប់ទៅ អត់មានដឹងដំណឹងថា គាត់ទៅណា មកណា។ បើដឹងដំណឹងទៅ ខ្ញុំយកថ្នាំទៅឲ្យគាត់ពិសា»។
អ្នកស្រីមានប្រសាសន៍ថា ស្វាមីអ្នកស្រី មិនដែលបាននិយាយអ្វីប៉ះពាល់ដល់ព្រះមហាក្សត្រនោះទេ។
អ្នកស្រីថា៖ «បើតាមខ្ញុំ ខ្ញុំថាអត់យុត្តិធម៌ទេ ព្រោះមិនដែលឮគាត់និយាយអី»។
អ្នកស្រីឲ្យដឹងទៀតថា ការចាប់ខ្លួនស្វាមីដែលជាអ្នកគាំទ្រលោក កឹម សុខា កើតឡើង ក្រោយពេលដែលស្វាមីរបស់អ្នកស្រី បានទៅចូលរួមពិធីបុណ្យមួយនៅវត្តឈ្មោះសោមនស្ស ស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលមានលោក កឹម សុខា ចូលរួមកាលពីកន្លងទៅ។
ហ្វេសប៊ុករបស់លោក គង់ ប៊ុនហ៊ាង និងលោក ហង្ស សេង មិនបានបង្ហោះអ្វីនោះទេក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ចំណែកអ្នកស្រី សេន ស៊ី អាយុ៥៨ឆ្នាំ ជាភរិយារបស់លោក គង់ ប៊ុនហ៊ាង ដែលត្រូវបានចាប់ខ្លួន មានប្រសាសន៍ថា នគរបាលឃុំ៣នាក់ ដែលអ្នកស្រីស្គាល់ បានទៅផ្ទះអ្នកស្រីក្នុងភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ នៅម៉ោងប្រមាណ៨យប់ ហើយបាននាំខ្លួនស្វាមីរបស់អ្នកស្រីទៅ ដោយមិនបានបង្ហាញដីកា និងបញ្ជាក់ព័ត៌មានអ្វីឲ្យច្បាស់លាស់នោះទេ។
អ្នកស្រីចាត់ទុកថា នេះជាការចាប់ខ្លួនដោយអយុត្តិធម៌ ក្រោយស្វាមីរបស់អ្នកស្រីបានទៅចូលរួមកម្មវិធីបុណ្យទាននៅវត្តមួយក្នុងខេត្តបាត់ដំបងដែលលោក កឹម សុខា បានចូលរួម។
អ្នកស្រីមានប្រសាសន៍ថា៖ «ដល់ពេលទៅហៅប្តីខ្ញុំ ទៅហៅតែមាត់ទទេ គ្មានក្រដាសអី កោះហៅ កោះអីផង។គ្មានភស្តុតាងអី ស្រាប់យកប្តីខ្ញុំបញ្ជូនមកធ្លាយដល់(ពន្ធនាគារ)ព្រៃសបាត់»។ អ្នកស្រីបន្ថែមថា៖ «ប្តីខ្ញុំមិនអាចមានពាក្យ[ប្រមាថព្រះមហាក្សត្រ] ដល់ថ្នាក់ដូចពាក្យគេចោទប្រកាន់អ៊ីចឹងទេ។ខ្ញុំធានាខុសត្រូវរឿងប្តីខ្ញុំ។ មនុស្សល្អ មនុស្សស្លូតត្រង់»។
មាត្រា៤៣៧នៃក្រមព្រហ្មទណ្ឌស្តីពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រចែងថា ជនល្មើសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅ១០លានរៀល។
លោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានបដិសេធមិនអត្ថាធិប្បាយ ដោយរុញឲ្យសួរទៅនាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិវិញ។
លោកមានប្រសាសន៍ថា៖ «សួរខាងនាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ បងសួរទៅខាងហ្នឹងទៅ មានអ្នកនាំពាក្យនៅហ្នឹងហើយ ខ្ញុំជាប់រវល់កម្មវិធីចែកអំណោចដល់ប្រជាពលរដ្ឋមួយភ្លែត»។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ មានប្រសាសន៍ថា សមត្ថកិច្ចបានរកឃើញភស្តុតាងដែលបញ្ជាក់ថា ពួកគេបានប្រមាថព្រះមហាក្សត្រ ប៉ុន្តែ លោកមិនអាចបញ្ជាក់ថា តើជាការបង្ហោះហ្វេសប៊ុក និយាយផ្ទាល់មាត់ ឬអ្វីនោះទេ។
លោកប្រាប់ VOAថា៖ «សមត្ថកិច្ចចាប់ខ្លួនដោយសារបានរកឃើញភស្តុតាងដែលគាត់ទាំងពីររូបហ្នឹងប្រមាថអង្គព្រះមហាក្សត្រ។ ដោយឡែកចង់ដឹងថា គាត់ប្រមាថព្រះមហាក្សត្រតាមរយៈស្អីនោះ យើងខ្ញុំមិនបញ្ជាក់ជូនទេ ព្រោះនេះ គឺជាភស្តុតាងដែលសមត្ថកិច្ចត្រូវរក្សាទុក»។
ទាក់ទងនឹងការចាប់ខ្លួនពួកគេ ដោយមិនបានប្រាប់គ្រួសារនូវហេតុផលពិតប្រាកដលោក ឆាយ គឹមខឿន បញ្ជាក់ថា៖ «ការធ្វើការងារសន្តិសុខជាតិគេមានរៀបធ្វើរបស់គេ។ តែបើសិនទៅចាប់គាត់ភ្លាមតែម្តង ម៉េចគាត់ព្រម។ ....ប៉ុនគេមានច្បាប់នៃការអនុញ្ញាតរបស់គេ បានគេហ៊ានវាយខ្នោះមនុស្ស»។
លោក ឌឹម សារឿន អតីតសមាជិកគណបក្សសង្រ្គោះជាតិ និងជាមិត្តភក្តិរបស់អ្នកទាំងពីរដែលត្រូវបានចាប់ខ្លួន លើកឡើងថា ពួកគេមិនសូវបង្ហោះសារលើប្រព័ន្ធសង្គមហ្វេសប៊ុកទេ ហើយបើបង្ហោះគឺទាក់ទងក្រុមគ្រួសារតែប៉ុណ្ណោះ។
លោកចាត់ទុកថា ការចាប់ខ្លួននេះជារឿងនយោបាយ ដោយសារពួកគេជា«សកម្មជនឆ្នើម និងសកម្ម» ហើយការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីពួកគេបានចូលរួមជាមួយលោក កឹម សុខា ក្នុងសកម្មភាពនៅវត្ត និងចែកអំណោយឲ្យពលរដ្ឋក្នុងខេត្តបាត់ដំបង។
លោកមានប្រសាសន៍ថា៖ «ដោយសារខ្ញុំបានព័ត៌មានពីប្រពន្ធលោក គង់ ប៊ុនហ៊ាង ថា អនុប៉ុស្តិ៍ប្រាប់គាត់ថា គេនាំខ្លួនសាកសួររឿងគាត់ទៅ ធ្វើបុណ្យជាមួយលោកកឹម សុខា បានខ្ញុំដឹងព័ត៌មានរឿងហ្នឹង»។
លោក សំ សុគង់ មេធាវីម្នាក់ដែលភាគច្រើនការពារឲ្យមន្រ្តីគណបក្សប្រឆាំងដែលត្រូវបានចាប់ខ្លួនថ្លែងថា លោកនឹងជួបជាមួយពួកគេទាំងពីរនាក់ ដើម្បីសួរនាំព័ត៌មានបន្ថែមអំពីការចោទប្រកាន់របស់តុលាការទៅលើពួកគេ។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ថា នេះមិនមែនការប្រព្រឹត្តបទល្មើសជាក់ស្តែងនោះទេ ដូច្នេះគួរតែមានដីកាបង្ហាញដល់ក្រុមគ្រួសារឲ្យបានត្រឹមត្រូវ ហើយប្រាប់ព័ត៌មានដល់ពួកគេ។
លោកមានប្រសាសន៍ថា៖ «បើសិនជាបទល្មើសមិនជាក់ស្តែង ហើយយើងធ្វើការលួងលោម ឬក៏មិនប្រាប់ព័ត៌មានពិត ហើយទៅប្រាប់ព័ត៌មានបំភ្លៃអីអាហ្នឹងវាខុសពីនីតិវិធី។ នីតិវិធីតម្រូវឲ្យ បើមិនបទល្មើសជាក់ស្តែង ត្រូវបង្ហាញដីកា ប្រាប់ពីមូលហេតុនៃការឃាត់ខ្លួន ហើយនឹងប្រាប់ក្រុមគ្រួសារថា យកទៅណា»។
លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំទ្វីបអាស៊ី(Human Rights Watch) បានលើកឡើងថា រដ្ឋាភិបាល បានប្រើប្រាស់បញ្ញត្តិបង្កើតថ្មីដែលចែងពីការ«ប្រមាថព្រះមហាក្សត្រ» ដើម្បីចោទប្រកាន់ និងដាក់ពន្ធនាគារដៃគូប្រកួតប្រជែងនយោបាយ។
បើតាមមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីខែតុលាឆ្នាំ២០១៨ អ្នកស្រី បាន សំភី អតីតសមាជិកគណបក្សសង្គ្រោះជាតិក្នុងខេត្តសៀមរាប ត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេលមួយឆ្នាំ ក្រោមបញ្ញត្តិ«ប្រមាថព្រះមហាក្សត្រ»៕