តំណាងសហគមន៍ផ្លូវដែកចំនួន៨រូប ដែលនឹងអាចរងផលប៉ះពាល់ ដោយសារគម្រោងសាងសង់ផ្លូវល្បឿនលឿន បានជួបជាមួយតំណាងក្រសួងសាធារណការ និងដឹកជញ្ជូននៅរសៀលថ្ងៃអង្គារនេះដើម្បីកាត់បន្ថយផលប៉ះពាល់នៃការអភិវឌ្ឍន៍នេះ។
ប៉ុន្តែ ការពិភាក្សារបស់ពួកគេមិនទទួលបានផ្លែផ្កានោះទេ ដោយគ្រាន់តែមានការកំណត់កាលបរិច្ឆេទកិច្ចពិភាក្សាថ្មីមួយទៀត នៅថ្ងៃទី២១ ខែមីនាខាងមុខ។
លោក នាង ផានិត្យ ជាតំណាងសហគមន៍ផ្លូវដែក បញ្ជាក់ប្រាប់ VOA ថា ខ្លួន និងសហគមន៍ផ្លូវដែក បានសម្តែងការខកចិត្ត ហើយថាលោកហាក់ដូចជាមិនសូវមានទំនុកចិត្តចំពោះក្រសួងសាធារណការ និងដឹកជញ្ជូនឡើយ ដោយហេតុថា ក្រសួងតែងតែធ្វើការពន្យាដំណើរការវេទិកាសាធារណៈម្តងហើយម្តងទៀត ។
លោក នាង ផានិត្យ បន្តថា ក្រសួងសំអាងថាខ្លួនមិនទាន់រកបានក្រុមហ៊ុនវិនិយោគលើគម្រោងនេះ ខណៈដែលខាងសហគមន៍ទទួលបានដំណឹងថា ក្រសួងសាធារណការបានព្រមព្រៀងជាមួយក្រុមហ៊ុនទទួលបន្ទុកគម្រោងសាងសង់ផ្លូវល្បឿនលឿននេះរួចហើយ។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនមិនអាចទំនាក់ទំនងបានទេនៅល្ងាចថ្ងៃអង្គារនេះដើម្បីបញ្ជាក់ពីការលើកឡើងរបស់ប្រជាពលរដ្ឋ៕