ការចុះឈ្មោះបោះឆ្នោតកំពុងដំណើរការនៅក្នុងប្រទេសអាហ្វ្រិកមួយដែលមានប្រជាពលរដ្ឋច្រើនជាងគេខណៈដែលពលរដ្ឋនីហ្សេរីយ៉ាប្រុងប្រៀបខ្លួនធ្វើការបោះឆ្នោតនៅខែមេសាដើម្បីជ្រើសតាំងអភិបាលរដ្ឋ អ្នកតាក់តែងច្បាប់ និងប្រធានាធិបតី។
ការចុះឈ្មោះបោះឆ្នោតបានចាប់ផ្ដើមឡើងដោយលំបាកដោយសារតែមណ្ឌលជាច្រើនបើកទ្វារយឺតពេលហើយគេមានបញ្ហាពិបាកភ្ជាប់ម៉ាស៊ីនកំព្យូទ័រទៅនឹងម៉ាស៊ីនថតស្កែនម្រាមដៃ ម៉ាស៊ីនថតរូបនិងម៉ាស៊ីនផ្ដិតឯកសារ ដើម្បីធ្វើប័ណ្ណនៅហ្នឹងកន្លែងសម្រាប់អ្នកបោះឆ្នោត។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត លោកអាតាហ៊ីរូ ចេហ្កា (Attahiru Jega) ថ្លែងថាទំហំនិងភាពសាំញ៉ាំនៃកិច្ចការទាំងនោះជារឿងប្លែកទាំងស្រុងដែលប្រទេសនីហ្សេរីយ៉ាមិនធ្លាប់ជួបប្រទះ។ តែលោកបានធានាដល់អ្នកបោះឆ្នោតថាបញ្ហាបឋមទាំងនោះនឹងដោះស្រាយរួចនៅថ្ងៃច័ន្ទហើយរហូតដល់ពីរសប្ដាហ៍ពេលនៅសល់ដើម្បីចុះឈ្មោះអ្នកបោះឆ្នោតនឹងដំណើរការដោយរលូន។
មន្ដ្រីទទួលបន្ទុកខាងការចុះឈ្មោះបោះឆ្នោតហ្វ្រង់ស៊ីស អ៊ុនឆេ (Francis Unche) បានទទួលពាក្យបណ្ដឹងជាច្រើននៅមជ្ឈមណ្ឌល អាប៊ូចា។ តែលោកមានជំនឿថាគណៈកម្មការរៀបចំការបោះឆ្នោតហៅកាត់ថា INEC នឹងចាត់វិធានការដ៏ត្រឹមត្រូវ។
«អ្វីៗទាំងអស់នឹងដំណើរការដ៏រលូនរាប់ទាំងកៅអីផ្លាស្ទិកនិងតុនិងដំបូលក្រណាត់ចាំបាច់ពីព្រោះយើងត្រៀមចុះឈ្មោះបោះឆ្នោតនៅខាងក្រៅ។ អ្វីៗទាំងអស់នឹងមកដល់នៅថ្ងៃច័ន្ទព្រឹកហើយគ្រប់យ៉ាងនឹងបានត្រូវរៀបចំរួច»។
បញ្ហារបស់គណៈកម្មការរៀបចំការបោះឆ្នោតមានកាន់តែច្រើនដោយសារចំនួនមនុស្សច្រើនសន្ធឹកបានចូលមកចុះឈ្មោះពីព្រោះគេឮតាមវិទ្យុ តាមការឃោសនាសាធារណៈ និង ទូរទស្សន៍។
«អ្នកអាចចុះឈ្មោះបានតែម្ដងទេ។ បើមានម្ដងទៀតនេះជាបទឧក្រិដ្ឋ។ ការចុះឈ្មោះចាប់ផ្ដើមពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច រាល់ៗថ្ងៃ។ សូមទៅចុះឈ្មោះបោះឆ្នោតដោយសារតែសន្លឹកឆ្នោតរបស់លោកអ្នកគឺជាអំណាចរបស់លោកអ្នកដែរ។ សូមជួយគណៈកម្មការរៀបចំការបោះឆ្នោតធ្វើការ ឲ្យបានប្រសើរបំផុតសម្រាប់ការបោះឆ្នោតឆ្នាំ២០១១»។
ប្រធានាធិបតី ហ្គូដឡាក់ ចូណាថាន់ (Good luck Jonathan) ជាអ្នកចុះឈ្មោះមុនគេនៅក្នុងរដ្ឋកំណើតរបស់លោកគឺរដ្ឋបាយ៉េលឡា (Bayelsa)។ លោកថ្លែងប្រាប់ក្រុមអ្នកកាសែតថា ការចុះឈ្មោះបោះឆ្នោតជាការចាប់ផ្ដើមអភិបាលកិច្ចល្អ។
ពលរដ្ឋនីហ្សេរីយ៉ា ជាង៧០លាននាក់អាចចុះឈ្មោះបោះឆ្នោតនៅពេលនេះ ហើយគេមានការព្រួយបារម្ភថាតើគេអាចបញ្ចប់កិច្ចការនេះក្នុងរយៈពេលពីរសប្ដាហ៍បានឬទេ? កាលបរិច្ឆេទនៃការបោះឆ្នោតបានត្រូវរុញទៅមុខរួចម្ដងទៅហើយដោយសារតែគណៈកម្មការរៀបចំការបោះឆ្នោតនិយាយថាគេត្រូវការពេលវេលាបន្ថែមដើម្បីប្រុងប្រៀបសម្ភារៈ និង បង្ហាត់បុគ្គលិក នៅក្នុងមជ្ឈមណ្ឌលចុះឈ្មោះជាង១២០.០០០កន្លែង៕
ប្រែសម្រួលដោយ អ៊ូ ធួក