ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ច្នៃម៉ូត​ជនជាតិ​អាមេរិកាំង​ដើមកំណើត​នីហ្សេរីយ៉ា​រក​ឃើញ​រឿង​ល្អ​ក្នុង​ទីក្រុង​ដែល​គេ​បោះបង់ចោល​នៅ​អ៊ីតាលី


ភូមិ Stignano តំបន់ Calabria ប្រទេសអ៊ីតាលី
ភូមិ Stignano តំបន់ Calabria ប្រទេសអ៊ីតាលី

Calabria គឺជាតំបន់មួយក្នុងប្រទេសអ៊ីតាលី ដែលត្រូវបានគេបំភ្លេចចោល។ ប៉ុន្តែ​ថ្មីៗនេះ ជនចំណាកស្រុកជាច្រើន ដែលបានមកដល់ឆ្នេរប្រទេសអ៊ីតាលី បានធ្វើឲ្យតំបន់ Calabria នេះ មានជីវិតជាថ្មី។

លោក Wale Oyejide អ្នក​ច្នៃ​ម៉ូត​ជនជាតិ​អាមេរិកាំង ដើម​កំណើត​នីហ្សេរីយ៉ា បាន​មក​ទស្សនកិច្ច​នៅ​តំបន់ Calabria នៅ​ភាគខាងត្បូង​ប្រទេស​អ៊ីតាលី ដើម្បី​ថតរូប និង​វីដេអូ​អំពី​ជនចំណាកស្រុក​មួយ​ចំនួន ដែល​ពួកគេ​ទាំងនេះ បាន​ធ្វើ​ឲ្យ​ចំនួន​ប្រជាជន​នៅ​តាម​បណ្តា​តំបន់​ដែល​គេ​បោះបង់​ចោល​នៅ​ក្នុង​ប្រទេស​អ៊ីតាលី មាន​ការកើន​ឡើង។ ជន​ចំណាកស្រុក ដែល​ត្រូវ​បាន​ជ្រើស​រើស គឺ​ជា​អ្នក​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​ដែល​លោក​បាន​ច្នៃ។ គោល​បំណង​របស់​អ្នក​ច្នៃ​ម៉ូត​រូប​នេះ គឺ​ចង់​បង្វែរ​ចំណាប់​អារម្មណ៍​មក​លើ​ការរួម​បញ្ចូល​គ្នា​មួយ ដែលបង្ហាញ​ពី​ភាពជោគជ័យ​សម្រាប់​ទាំង​ជនចំណាកស្រុក និង​ជនជាតិ​អ៊ីតាលី។

Calabria គឺជាតំបន់មួយក្នុងប្រទេសអ៊ីតាលី ដែលត្រូវបានគេបំភ្លេចចោល។ តំបន់នោះ គឺមិនស្ថិតនៅក្នុងចំណោមតំបន់ដែលទេសចរចង់ទៅទស្សនាទេ ដោយសារ​តែ វាខ្វះគ្រឿងបរិក្ខារ និងសុខុមាលភាព ដែលមនុស្សចង់បាន នៅពេលលំហែកាយ។

អស់រយៈពេលជាច្រើនឆ្នាំ យុវជននៅ​តំបន់​នោះ​ បានជ្រើសរើសការផ្លាស់ទីលំនៅ ហើយចាកចេញទៅភាគខាងជើង ដើម្បីស្វែងរកការងារធ្វើ ដោយចាកចេញពីភូមិនៅលើភ្នំដ៏ស្រស់ស្អាតនិងទីក្រុងរបស់ខ្លួន។ ប៉ុន្តែថ្មីៗនេះ ជនចំណាកស្រុកជាច្រើនដែលបានមកដល់ឆ្នេរប្រទេសអ៊ីតាលី បានធ្វើឲ្យតំបន់ Calabria នេះ មានជីវិតជាថ្មី។

នាង Favour Joseph អាយុ២៤ ឆ្នាំ មកពីប្រទេសនីហ្សេរីយ៉ា។ នាងកំពុងបីកូនស្រីរបស់នាងឈ្មោះ Wealthy ហើយនិយាយអំពីដំណើរដ៏ជូរចត់របស់នាង និងការលំបាកដែលនាងស៊ូទ្រាំ នៅពេលដែលនាងធ្វើដំណើរឆ្លងកាត់ប្រទេសលីប៊ី។ នាងបាននិយាយថា នាងត្រូវតែចាកចេញពីផ្ទះរបស់នាង ដោយសារតែនៅទីនោះគ្មានអនាគតឡើយ។ នាងសប្បាយរីករាយ ដោយសារសព្វថ្ងៃនាងកំពុងរស់នៅតំបន់ Calabria។

នាង Favour Joseph បាននិយាយថា៖

«ជីវិតរបស់ខ្ញុំនៅទីនេះ គឺមានសេរីភាពមិនដូចនៅប្រទេសលីប៊ីទេ។ នៅលីប៊ី យើងរស់នៅដូចជាអ្នកទោសក្នុងគុកអ៊ីចឹង។ នៅអ៊ីតាលីនេះ អ្នកយើង​ទៅទីណាក៏បានតាមតែយើងចង់។ ខ្ញុំគិតថា ជីវិតនៅអ៊ីតាលី គឺប្រសើរជាងនៅឯស្រុកកំណើត។ វាប្រសើរជាងនៅអាហ្រ្វិក។ ខ្ញុំគិតថាអ៊ីចឹង»។

នាង Favour បានមកដល់អ៊ីតាលីពីរឆ្នាំហើយ។ នាងបានទទួលផ្ទះដែលគ្មានមនុស្សនៅមួយនៅក្នុងទីក្រុង Stignano ទីដែលនាងនិយាយថា ប្រជាជនក្នុងស្រុកទទួលស្វាគមន៍នាងដូចជានាងជាកូនស្រីរបស់ពួកគេ។ នាងបានទទួលលិខិតអនុញ្ញាតឲ្យស្នាក់នៅ ហើយនាងសង្ឃឹមថា នាងនឹងមានការងារធ្វើដូច្នេះនាងអាចមើលថែខ្លួនឯង និងកូនស្រីបានសមរម្យ។

នាង Favour និងកូនស្រីឈ្មោះ Wealthy ត្រូវបានលោក Wale Oyejide អ្នកច្នៃម៉ូតជនជាតិអាមេរិកាំងដើមកំណើតនីហ្សេរីយ៉ា ជ្រើសរើសឲ្យធ្វើជាអ្នកបង្ហាញម៉ូតសម្លៀកបំពាក់របស់លោក។ លោកមកទីនេះ ដោយសារតែលោក បានដឹងពីវិធីដែលជនចំណាកស្រុក តួយ៉ាងនាង Favour បានធ្វើឲ្យសហគមន៍ដែលកំពុងធ្លាក់ចុះមានភាពស្រស់ស្រាយឡើងវិញ។

លោក Oyejide បាននិយាយថា៖

«គ្រប់ពេលដែលយើងជ្រើសរើសអ្នកបង្ហាញម៉ូតនៅក្នុងចំណោមជនចំណាកស្រុក យើងមិនត្រឹមតែជ្រើសរើសអ្នកដែលមានរូបរាងល្អនោះទេ យើងក៏រើសអ្នកដែលមានរឿងរ៉ាវអស្ចារ្យ និងស៊ីជម្រៅ ដែលត្រូវបានសង្គមមិនអើពើផងដែរ»។

អ្នកច្នៃរចនាម៉ូតរូបនេះជឿថា ទោះបីជាអ្នកណាក៏ដោយមកពីសង្គមដែលងាយរងគ្រោះ ពួកគេគួរតែមានមោទនភាពចំពោះខ្លួនឯង និងស្រុកកំណើតរបស់ខ្លួន។ ការមើលឃើញខ្លួនឯងថាមានអនាគត កា្លហាននិងថ្លៃថ្នូរ អាចជួយឲ្យសង្គមដែលនៅជុំវិញពួកគេ គោរពពួកគេ។

លោក Oyejide បាននិយាយថា៖

«សម្រាប់ខ្ញុំ វាស្ទើរតែដូចជាការពិសោធសង្គមមួយចំពោះគំនិតលំអៀងដែលយើងមានចំពោះមនុស្ស និងទង្វើដែលយើងធ្វើចំពោះគ្នាទៅវិញទៅមកផ្អែកលើរូបរាងកាយខាងក្រៅ។ ដូច្នេះ នៅពេលដែលខ្ញុំឲ្យជនចំណាកស្រុកទាំងនេះ ដែលជាមនុស្សធម្មតាស្លៀកសម្លៀកបំពាក់ដែលទាក់ទាញ ស្រាប់តែពេលហ្នឹង យើងឈប់មួយស្របក់ ហើយមើលពួកគាត់ទៅ យើងក៏ឃើញថា ពួកគាត់ជាមនុស្សម្នាដូចគេឯងដែរ»។

យុវជន Alieu Kebbeh អាយុ១៨ឆ្នាំ មកពីប្រទេសហ្គំប៊ី មានក្តីរំភើបដែលបានធ្វើជាអ្នកបង្ហាញម៉ូតបុរសតែម្នាក់ ដែលត្រូវបានជ្រើសរើសនៅមជ្ឈមណ្ឌល Calabrian កន្លែងដែលលោកកំពុងរស់នៅ។

លោក Kebbeh បាននិយាយថា៖

«បាទ ខ្ញុំមានអារម្មណ៍ល្អណាស់! ថ្ងៃដំបូងដែលខ្ញុំស្លៀកសម្លៀកបំពាក់នោះ ខ្ញុំបានមើលខ្លួនឯង ហើយនិយាយថា «វ៉ាវ!! ពិតជាឡូយណាស់»។

លោក Alieu បានមកដល់ប្រទេសអ៊ីតាលី នៅពេលលោក នៅជាក្មេងជំទង់នៅ​ឡើយ​ហើយលោកត្រេកអរដែលលោកនៅមានជីវិត។ លោកនៅចងចាំថា វាលំបាកយ៉ាងណា នៅពេលដែលលោកឆ្លងកាត់វាលខ្សាច់សាហារ៉ា ហើយនឹងគ្មានថ្ងៃបំភ្លេចឡើយនូវដំណើរឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ នៅលើទូកជ័រជាមួយនឹងជនចំណាកស្រុក១៥៥នាក់ផ្សេងទៀត មុននឹងពួកគេត្រូវបានគេសង្រ្គោះ។

លោក Alieu និយាយថា៖

«សំណាងល្អ ដែលគ្មានអ្នកណាស្លាប់»។

ទោះបីជាលោកគ្មានលិខិតអនុញ្ញាតឲ្យស្នាក់នៅក៏ដោយ ក៏លោកសប្បាយចិត្តដែលបានមកដល់ប្រទេសអ៊ីតាលី ដែលលោកនិយាយថា ជាប្រទេស «សន្តិភាព» មួយ ហើយសុបិនរបស់លោក គឺចង់ក្លាយជាកីឡាករបាល់ទាត់៕

ប្រែសម្រួលដោយ ទុំ ម្លិះ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG