ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​ផ្លាស់​ប្តូរ​តិច​តួច​ចំពោះ​ច្បាប់​ស្តី​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្រោយ​ពី​មាន​ការ​រិះគន់


ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​​​​ការ​ប្រជុំ​ក្នុង​វេទិកា​សាធារណៈ។
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​​​​ការ​ប្រជុំ​ក្នុង​វេទិកា​សាធារណៈ។

បណ្តា​អង្គការ​ក្រៅ​រដ្ឋាភិបាលធំៗ​មួយ​ចំនួន​ បាន​បង្ហាញ​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សេចក្តី​ព្រាង​ច្បាប់លើក​ទី​២នៃ​ច្បាប់​ស្តី​ពី​អង្គការ ​និង​សមាគម​ក្រៅ​រដ្ឋាភិបាល​ ដោយ​លើក​ឡើង​ថា​ ពួកគេ​ពុំ​ឃើញ​មាន​ការ​កែ​ប្រែ​សំខាន់​ណាមួយ​នៅ​ក្នុង​ពង្រាង​ចុងក្រោយដែល​រដ្ឋាភិបាល​បាន​បញ្ចេញកាល​ពី​សប្តាហ៍​មុន​នោះ​ទេ។

ការ​លើកឡើង​នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​មួយ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៣ បន្ទាប់​ពី​មាន​កិច្ច​ប្រជុំរវាង​ពួកគេ​ជាមួយ​នឹង​រដ្ឋាភិបាល​ស្តី​ពី​ពង្រាងច្បាប់ចុង​ក្រោយ​នេះ​ កាល​ពី​ថ្ងៃពុធ​ទី​២៩​ខែ​មីនានេះ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងនោះ​ រួម​មាន​គណៈ​កម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាលស្តី​ពី​កម្ពុជា​ និង ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​-សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជាឬ​ហៅ​កាត់​ថា CHRAC។

លោក​ សុខ​ សំអឿន នាយក​ប្រតិបត្តិនៃ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ​និង​ជា​សមាជិក​នៃ​គណៈ​កម្មាធិការ​គ្រប់គ្រង់​របស់​ CHRAC​ មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍រមនោះ​ថា «ភាគ​ច្រើន​នៃ​ការ​កែ​ប្រែ​មាន​លក្ខណៈ​តូចតាច​ និង​ខក​ខាន​មិន​បាន​ឆ្លើយតប​ទៅនឹង​កង្វល់​ដ៏​សំខាន់ដែល​អង្គការ​សង្គម​ស៊ីវិល​បាន​លើក​ឡើង។»

លោក សុខ សំអឿន បន្ថែម​ថា «ពង្រាង​ច្បាប់​ថ្មី​នេះ មិន​បាន​លើក​កម្ពស់​សិទ្ធិនិង​សេរីភាព​នៅ​ក្នុង​ការ​បង្កើត​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នោះទេ ប៉ុន្តែ​វា​ជា​ការ​ដាក់​កំហិត​ឲ្យ​អង្គការ​និង​សមាគមចុះ​បញ្ជី​ទៅ​វិញ។»

លោក សុខ​ សំអឿន មាន​ប្រសាសន៍ថា ការ​ចុះ​បញ្ជី​ជា​កំហិត​ដែល​អង្គការសង្គម​ស៊ីវិល​បាន​ស្នើ​ឲ្យ​ធ្វើការ​កែ​ប្រែ​នោះ បែ​រ​ជាត្រូវ​រក្សា​ទុក​ដដែល​នៅក្នុង​ពង្រាង​លើក​ទី​២នេះ។ លោក​សំអឿន​បន្ត​ថា៖

«ការ​ចុះ​បញ្ជី​ហ្នឹង​មិន​មែន​ជា​កាតព្វកិច្ច​ទេ។ នៅ​ក្នុង​សេចក្តី​ព្រាង​ហ្នឹង​នៅ​ក្នុង​មាត្រា២ គោល​បំណង​ហ្នឹង​ក៏​គេ​និយាយ​ដែរថា ការ​ចុះ​បញ្ជី​ហ្នឹង​ជា​សេរី​ភាព ក៏​ប៉ុន្តែ មាត្រា​បន្ទាប់​មក​ទៀត គឺ​បើសិន​ជា​យើង​អត់​ចុះ​បញ្ជី​ទេ​ អង្គការសមាគម​យើង​មិន​អាច​ធ្វើ​សកម្មភាព​បានទេ។ ដូច្នេះ វា​មិន​មែន​ជា​សេរី​ភាព​ទេ វាជា​កាតព្វកិច្ច។»

ពង្រាង​ទី​១​នៃ​ច្បាប់​ដ៏​ចម្រូងចម្រាស់ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​មហាផ្ទៃនេះ ត្រូវ​បាន​ចែក​ចាយ​ដល់​អង្គការ​និង​សមាគម​ក្រៅ​រដ្ឋា​ភិបាលនៅ​ថ្ងៃ​ទី​១៥​ខែ​ធ្នូ​ឆ្នាំ​២០១០ ដើម្បី​បើក​ឱកាស​ឲ្យ​មាន​ការ​ពិភាក្សា​និង​ផ្តល់​យោបល់បន្ថែមទៅ​លើ​ពង្រាង​ច្បាប់​នេះ។

ប៉ុន្តែ ពង្រាង​ច្បាប់​នេះ ទទួល​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​សំណាក់​អង្គការនិង​សមាគម​ក្រៅ​រដ្ឋាភិបាល​ទាំង​ជាតិ​និង​អន្តរជាតិ ដោយ​ពួកគេ​ចាត់​ទុក​ថា ពង្រាងច្បាប់​នេះ​គឺជាការប៉ុនប៉ង​របស់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់​គ្រងទៅលើ​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេសនេះ។

សេចក្តី​ថ្លែង​ការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ បាន​លើក​ឡើង​ដែរ​ថា​ សេចក្តី​ព្រាងច្បាប់ថ្មី​នេះ​ ក៏បង្ក​លក្ខណៈ​កាន់តែ​ងាយ​ស្រួល​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​បិទ​អង្គការ​សង្គម​ស៊ីវិលឬ​ក៏​បដិសេធ​ការ​ចុះ​បញ្ជី​របស់​ពួកគេ។

លោក​ សុខ​ សំអឿន​ ពន្យល់​ពី​ការ​លើក​ឡើង​បែប​នេះ៖

«វា​អត់​មាន​កំណត់​ថា​តើ​ចំណុច​អី​ខ្លះ​ដែល​អ្នក​ឯង​ត្រូវ​បដិសេធ​ហ្នឹង ​ក៏​អត់​មាន​ដែរ​ ដល់​អញ្ចឹង​ទៅ​ អំណាច​វា​ស្ថិត​នៅ​លើ​ក្រសួង។ ឧទាហរណ៍​ថា​ អង្គការ​គាត់​ចង់​ដាក់​លក្ខន្តិកៈ​មួយ​នៅ​ក្នុង​សកម្មភាព​របស់​គាត់​ ហើយ​ស្រាប់​តែ​ក្រសួង​គេ​ថា អត់​ព្រម​ឲ្យ​ដាក់​អញ្ចឹង​ ដល់​អញ្ចឹង​ វា​ងាយ​បដិសេធ​ ងាយ​ឈ្លោះ​គ្នា»។

របាយការណ៍​វិភាគ​បច្ចុប្បន្នភាព​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ទៅ​លើ​សេចក្តី​ព្រាងច្បាប់​ទី​២​នៃ​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ «សេចក្តី​ព្រាងច្បាប់ទី២​នេះ​ នៅ​តែ​រក្សា​ស្មារតី​ដូច​តែ​ពង្រាង​ទី​១​ដដែល​ ហើយ​នៅ​ក្នុង​ករណី​ជា​ច្រើន​ ការ​កែប្រែ​ដែល​បាន​ធ្វើ​នៅ​ក្នុង​សេចក្តី​ព្រាងច្បាប់ទី​២​នេះ​ បាន​ធ្វើ​ឲ្យ​ច្បាប់​នេះ​មាន​លក្ខណៈ​រិត​ត្បិត​និង​ត្រួតត្រា​កាន់​តែ​ខ្លាំង​ឡើង»។

សេចក្តី​ព្រាងច្បាប់នេះ​តម្រូវ​ឲ្យ​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​របាយការណ៍អំពី​ផែនការ​សកម្មភាព​និង​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំរបស់​ខ្លួន​ជូន​រដ្ឋាភិបាល។​ ការ​តម្រូវ​បែប​នេះ​ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ ចាត់​ទុក​ថា​ ជា​ការ​រំលោភ​ឯករាជ្យភាព​របស់​ពួកគេ។

លោក​ ខៀវ​ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ មាន​ប្រសាសន៍​ថា​ ក្រសួង​បាន​ធ្វើ​ការ​កែ​សម្រួល​ចំណុច​ខ្លះនៅក្នុង​ពង្រាង​ទី២​នៃ​ច្បាប់​នេះ​ហើយ​ ប៉ុន្តែ​ ចំណុច​ខ្លះ​ទៀត​ដូច​ជា​ការ​តម្រូវ​ឲ្យ​អង្គការ​និង​សមាគម​ចុះ​បញ្ជីជា​ផ្លូវការ​នេះ គឺ​ជា​ការ​ចាំបាច់។​ លោក​សុភ័ក មាន​ប្រសាសន៍​ថា៖

«កុំ​ភ្លេច​ថា​ មាន​សិទ្ធិ​សេរី​ភាព​ ក៏​ប៉ុន្តែ​ក៏​កុំ​ភ្លេច​ថា​ មាន​កាតព្វកិច្ច។ បើ​កាតព្វកិច្ច​គឺ​ត្រូវ​តែ​ស្ថិត​នៅ​ក្រោម​ច្បាប់។​ បើ​សិន​បើ​គ្មាន​ច្បាប់​គ្រប់​គ្រង​ NGOs​ គាត់​នៅ​តែ​ជិះ​សេះ​លែង​ដៃ​បាន​ដូច​បច្ចុប្បន្ន។»

លោក​ ខៀវ ​សុភ័គ​ មាន​ប្រសាសន៍​បន្ថែមថា ដូច​គ្នា​នឹងការ​ទាមទារ​តម្លាភាព​ពីរដ្ឋាភិបាល​ដោយអង្គការ​និង​សមាគម​ក្រៅ​រដ្ឋាភិបាល​ដែរ ​អង្គការ​សង្គម​ស៊ីវិល​ខ្លួន​ឯងក៏​គួរ​តែ​បង្ហាញ​តម្លាភាព​ក្នុង​ការ​ទទួល​ថវិកា​ជំនួយ​ពី​បរទេស​ តាម​រយៈ​ការ​តម្រូវ​នៅ​ក្នុង​ច្បាប់​នេះ។

យ៉ាង​ណា​ក៏​ដោយ​របាយការណ៍​វិភាគ​របស់​អង្គការ​លីកាដូ​ បាន​ផ្តល់​អនុសាសន៍​ថា​ «រដ្ឋាភិបាល​គួរ​តែ​រៀបចំ​ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ប្រកប​ដោយ​អត្ថន័យក្នុង​កម្រិត​ថ្នាក់​ជាតិ​និង​ថ្នាក់​ខេត្ត​ស្តី​ពី​ពង្រាង​ច្បាប់​នេះ​ ដោយ​រួម​បញ្ចូល​ផង​ដែរ​ថា​តើ​ច្បាប់​បែប​នេះ​គួរ​មាន​ដែរ​ឬអត់​ ហើយ​ប្រសិន​បើ​គួរ​មាន​ តើច្បាប់​នេះ​គួរ​មាន​ការ​ការពារ​និង​អត្ថប្រយោជន៍​អ្វី​ខ្លះ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ដើម្បី​ប្រយោជន៍​សាធារណៈ​នោះ»៕

XS
SM
MD
LG