ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្តី​ព្រាង​ច្បាប់​អង្គការ​លើក​ទីបួន​នៅ​តែ​បង្ក​ឧបសគ្គ


សេចក្តី​ព្រាងច្បាប់​នេះ​ត្រូវ​បាន​ចែក​ចាយ​​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ច័ន្ទ​ គឺ​ផ្តល់​ឱ្យ​តែ​​អង្គការ​ណា​​ដែល​រដ្ឋាភិបាល​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​អង្គសិក្ខា​សាលា​នៅ​ថ្ងៃ​ទី​១៩​​​ ខែ​ធ្នូ​នេះ​ដើម្បី​ពិភាក្សា​គ្នា​មុន​នឹង​បញ្ជូន​ទៅ​គណៈ​រដ្ឋ​មន្រ្
សេចក្តី​ព្រាងច្បាប់​នេះ​ត្រូវ​បាន​ចែក​ចាយ​​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ច័ន្ទ​ គឺ​ផ្តល់​ឱ្យ​តែ​​អង្គការ​ណា​​ដែល​រដ្ឋាភិបាល​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​អង្គសិក្ខា​សាលា​នៅ​ថ្ងៃ​ទី​១៩​​​ ខែ​ធ្នូ​នេះ​ដើម្បី​ពិភាក្សា​គ្នា​មុន​នឹង​បញ្ជូន​ទៅ​គណៈ​រដ្ឋ​មន្រ្

សេចក្តី​ព្រាងច្បាប់​អង្គការ​លើក​ទីបួន​ ដែល​ទើប​បាន​ចែកចាយ​ បាន​បន្ធូរបន្ថយ​ខ្លះ​ដល់​ប្រតិបត្តិការរបស់​អង្គការ​សង្គម​ស៊ីវិល​ ប៉ុន្តែ​នៅ​មាន​ចំណុច​ច្រើន​ដែលបន្សល់​ភាព​មិន​ច្បាស់​លាស់​ដែល​ពួកគេ​នឹង​បន្ត​ទាម​ទារ​ទៀត។

សេចក្តី​ព្រាងច្បាប់​នេះ​ត្រូវ​បាន​ចែក​ចាយដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ច័ន្ទ​ គឺ​ផ្តល់​ឱ្យ​តែអង្គការ​ណាដែល​រដ្ឋាភិបាល​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​អង្គសិក្ខា​សាលា​នៅ​ថ្ងៃ​ទី​១៩​ ខែ​ធ្នូ​នេះ​ដើម្បី​ពិភាក្សា​គ្នា​មុន​នឹង​បញ្ជូន​ទៅ​គណៈ​រដ្ឋ​មន្រ្តី​ ពិនិត្យ​និង​សម្រេច។

លោក​សុខ សំអឿន ​នាយក​ប្រតិបត្តិ​នៃ​ក្រុមអ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ បាន​បញ្ជាក់​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​បន្ទន់​ទៅ​តាម​ការ​ស្នើ​សុំ​កន្លង​មក​របស់​អង្គការក្រៅ​រដ្ឋាភិបាល។ ​ប៉ុន្តែលោក​លើក​ឡើង​ថា​ មាន​ការ​ព្រួយ​បារម្ភ​មួយ​ចំនួន​ទៀត​ ដូច​ជា​មាត្រា​ទីប្រាំ​នៃសេចក្តី​ព្រាង​ច្បាប់នេះ​ដែល​ចែង​ពី​ការ​បង្កើត​អង្គការ​សមាគម​ដោយ​សេរី​ មិន​ចាំ​បាច់​មាន​ការ​ជូន​ដំណឹង​ជាមុន​ទេ​ ​ប៉ុន្តែ​បែរ​ជា​កំណត់​ថា អង្គការ​សមាគម​នោះ​នឹង​មិន​ទទួល​បាន​សមត្ថភាព​តាម​ផ្លូវ​ច្បាប់​ទេ​ បើ​គេ​មិន​បាន​ចុះ​បញ្ជី។​ លោក​បញ្ជាក់​ថា​ លោក​នឹង​បន្ត​ទាមទារ​ចំណុច​នេះ។

«យោង​តាម​បទ​ពិសោធន៍របស់​ខ្ញុំ​ ខ្ញុំ​គិតថា​ ប្រសិន​បើ​អង្គការ​ណា​ដែល​ក្នុង​ករណី​ដែល​ច្បាប់​បាន​ទទួល​ស្គាល់​អត្ថិភាព​ ឬ​ក៏​វត្តមាន​របស់​អង្គការ​នៅ​ពេល​ដែល​គេ​បង្កើត​ហើយ បែប​នេះ​ ដូច្នេះ​ត្រូវ​តែ​បើក​ឱ្យ​អង្គការ​សមាគមនោះ​បើក​ដោយ​សេរី។​ ហើយ​បើ​ធ្វើ​ទៅ​វា​ខុស​ច្បាប់​ត្រង់​ណា​មួយ ​យើង​ដាក់​ទណ្ឌកម្ម​តាមផ្លូវ​ច្បាប់​ទៅ។ ​ក៏​ប៉ុន្តែ​មិនត្រូវ​បង្អាក់​ដំណើរការទេ។ ​គេ​មិន​ទាន់​ធ្វើ​ផង យើង​ទៅ​បង្អាក់​គេ។ ​ហើយ​ក្នុង​ចំណុច​នេះ​ប្រហែល​ជាយើង​ អង្គការ​សង្គម​ស៊ីវិល​ ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​បើក​ចំហ​ចំណុច​ត្រង់​ហ្នឹង»។

មាន​ចំណុច​គួរ​ជា​ទី​ព្រួយ​បារម្ភ​មួយ​ចំនួន​ទៀតដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​សម្តែង​ឡើង​ ដែល​រួម​មាន​ការ​គ្មាន​ការ​ការពារ​ប្រឆាំង​នឹង​ការ​បដិសេធ​ខុស​ទំនង​មិន​ព្រម​ចុះ​បញ្ជី​ឈ្មោះ​ និង​ការ​រំលាយ​អង្គការ។ ​មាន​ចំណុច​មិន​ច្បាស់​លាស់​ ថា​តើ​ក្រុម​បណ្តាញ​សង្គម​ដែល​ធ្វើ​សកម្មភាព​ផ្សេងៗ ដូច​ជា​ប្រឆាំង​ការជួញ​ដូរ​ស្ត្រី​ជាដើម ​ត្រូវ​ចូល​ក្នុង​ប្រភេទ​ណា​មួយ​ និង​មាន​ភាព​មិន​ច្បាស់​លាស់​ក្នុង​ការ​កំណត់​ ថា​តើ​សហគមន៍​មូលដ្ឋាន​ដែល​នៅ​តាម​បណ្តា​ខេត្ត​នឹង​ត្រូវ​កំណត់​ឱ្យ​ធ្វើការ​តែ​ក្នុង​សង្កាត់​ ឬ​ឃុំ​ដែល​ជា​មូលដ្ឋាន​របស់​គេ​ឬ​យ៉ាង​ណា។

លោក​សុខ សំអឿន​បញ្ជាក់ថា​ លោក​នឹង​ទាម​ទារ​សុំ​ឱ្យសហគមន៍​មូលដ្ឋាន​នោះ​មាន​សិទ្ធិ​ធ្វើការ​បាន​ច្រើន​ជាង​នេះ។

«ចំណុច​ហ្នឹង​ប្រហែល​យើង​ទាម​ទារ​ឱ្យ​រីក​ ឱ្យ​ទូលាយ​បន្តិច​ដែរ​ កុំ​ឱ្យ​កំណត់​សកម្មភាព​តែ​នៅ​ក្នុង​ឃុំ​សង្កាត់​ គឺ​អាច​ឱ្យ​ធ្វើការ​បាន​ក្នុង​មួយ​ខេត្ត»។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្លាប់​បាន​ទាម​ទារ​រយៈ​ពេល​មួយខែ​ដើម្បី​ពិនិត្យ​ច្បាប់​នេះ​ហើយ​យល់​ថា​ ខែ​ធ្នូ​នេះ​មិន​មែន​ជាពេល​វេលា​សម​ស្រប​សម្រាប់​ការ​ពិភាក្សា​ឡើយ។

យ៉ាង​ណា​ក៏ដោយ ​លោក​អ៊ូ វីរៈ​ នាយក​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​សម្តែង​ការ​ស្វាគមន៍ចំពោះ​សេចក្តី​ព្រាង​ច្បាប់​នេះ​ដែល​លោក​លើក​ឡើង​ថា ​មាន​ការកែ​ប្រែ​ល្អ​ច្រើន ​បើ​ប្រៀប​ធៀប​នឹង​សេចក្តី​ព្រាង​មុនៗ។ ​ប៉ុន្តែលោក​សម្តែង​ការព្រួយ​បារម្ភ​លើ​ចំណុច​ខ្លះ​ដែល​ហាក់​ដូច​ជា​ផ្តោត​លើ​អង្គការ​អន្តរជាតិដែល​ធ្វើ​សកម្ម​ភាព​ពាក់​ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

«ចំពោះ​ខ្ញុំ​មើល​ទៅ ​ហាក់​ដូច​ជា​មាន​ភាព​ទូលំ​ទូលាយ​ពេក ​ហើយ​អាច​បក​ស្រាយ​ក្នុង​ន័យ​មួយ​ដើម្បី​រឹតត្បិត​អង្គការ​ក្រៅ​រដ្ឋាភិបាល​បរទេស​ណា​ដែល​ធ្វើ​ការ​តវ៉ា​និង​តស៊ូ​មតិ​ចំពោះ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។​ ជា​ពិសេស​អង្គការ​ក្រៅ​រដ្ឋាភិបាល​បរទេស​ដែល​ធ្វើការ​ទាក់​ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​ច្រើន​តែ​ចូលរួម​តវ៉ា​និង​តស៊ូ​មតិ​ទាក់​ទង​ទៅនឹង​ការរំលោភ​មួយ​ចំនួន​ ទាក់​ទង​នឹង​គម្រោង​ADB ​ ទាក់​ទង​រឿង​ផ្លូវ​រទេះ​ភ្លើង​ដែល​ ADB ​ជួយ​ឧបត្ថម្ភ​លុយ ​គឺ​មាន​អង្គការ​បរទេស​មួយ​ចំនួន​ដែល​តវ៉ា​រឿង​ហ្នឹង​ ដែលទាក់​ទង​រឿង​ធនាគា​ពិភពលោក។ ​នៅ​គម្រោង​បឹងកក់​ក៏​មាន​ការ​ចូលរួម​ពី​អង្គការ​បរទេស។​ ហើយ​បើ​សិន​យើង​មើល​ច្បាប់​នេះ​គឺ​ច្បាប់​នេះ​ផ្តល់​អំណាច​ទូលំទូលាយ​ដល់​ក្រសួង ​រដ្ឋាភិបាល​ និង​ក្រសួង​ការ​បរទេស​មែន​ទែន​ ក្នុង​ការ​រឹតត្បិត​នូវ​សេរីភាព​និង​ការបំពេញ​ការងារ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​បរទេស»។

យោង​តាម​ប្រភព​ក្រៅ​ផ្លូវការ​ដែល​វីអូអេ​ទទួល​បាន​បញ្ជាក់​ឱ្យ​ដឹង​គឺមាត្រា​១៧​នៃ​ច្បាប់​នេះ​កំណត់​ថា​ ក្រសួង​ការបរទេស​កម្ពុជា​មាន​សិទ្ធិ​លុបចោល​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ចំពោះអង្គការ​អន្តរជាតិ​ណា​ដែល​គេ​យល់​ថា ​«ធ្វើ​សកម្មភាព​ប៉ះពាល់​ដល់​សន្តិភាព​ ស្ថិរភាព​និង​សណ្តាប់​ធ្នាប់​សាធារណៈ​ ឬ​បង្ក​នូវ​ភាព​អន្តរាយ​ដល់​សន្តិសុខ​ជាតិ​ ឯកភាព​ជាតិ​ វប្បធម៌​ ប្រពៃណី​ទំនៀម​ទម្លាប់​របស់​សង្គម​ជាតិ​កម្ពុជា» ​ដែល​នេះ​អាច​ជា​ការ​បើក​ផ្លូវ​ឱ្យ​ក្រសួង​ការបរទេស​បញ្ឈប់​សកម្មភាព​របស់​អង្គការ​ទាំង​នោះ​តាម​ចិត្ត។

ចំណែក​លោកស្រី​ពុង​ ឈីវកេក ​នាយិកាអង្គការលីកាដូ​ក៏​សម្តែង​ក្តី​បារម្ភ​ស្រដៀង​គ្នា​នឹង​ក្រុម​អង្គការ​ដទៃ​ទៀត​ដែរ​ ប៉ុន្តែ​នៅ​បន្ត​រក្សា​ជំហរ​ដដែល​ថា​ មិនគួរ​មាន​ច្បាប់​នេះ​ទេ​ព្រោះក្រម​រដ្ឋប្ប​វេណីដែល​នឹង​ចូល​ជាធរមាន​នៅថ្ងៃ​ទី​២១​ខែ​ធ្នូ​នេះមាន​មាត្រា​មួយ​ចំនួន​គ្រប​ដណ្តប់​លើ​សកម្ម​ភាព​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ហើយ។​ លោក​ស្រី​យល់​ថា​ បើ​អនុញ្ញាត​ឱ្យ​មាន​ច្បាប់​នេះ​ ហាក់​ដូច​ជា​ត្រូវ​ចាត់​ទុក​និរាករណ៍​មាត្រា​មួយ​ចំនួន​ក្នុង​ក្រម​រដ្ឋ​ប្បវេណី​នោះ។

តាម​ប្រភព​នានា​ឱ្យ​ដឹង​ថា​ ចំនួន​អ្នក​ដែល​ក្រសួងមហា​ផ្ទៃ​អញ្ជើញ​ចូលរួម​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ​នេះ​នឹងមិន​ទូលំទូលាយ​ទេ។

មិន​មាន​មន្រ្តី​ក្រសួង​មហាផ្ទៃ​និង​ក្រសួង​ការបរទេស​ណា​ម្នាក់​ដែល​វីអូអេ​អាច​ទាក់​ទង​បាន​ដើម្បី​សុំ​សេចក្តី​អត្ថាធិប្បាយទេ​ នៅ​ថ្ងៃ​អង្គារ​នេះ៕

XS
SM
MD
LG