ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក នូត ហ្គីនរីចស្វែង​រក​លទ្ធភាព​ចូលប្រកួត​តំណែង​ប្រធានាធិបតី


អតីត​ប្រធាន​រដ្ឋសភា​ស.រ.អ​ លោក នូត ហ្គីនរីច ​(Newt​ Gingrich)​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត ​ថា​​លោក​ស្ថិត​នៅ​ក្នុង​វគ្គ​បឋម​នៃ​ការស្វែង​​រក​បេក្ខភាព​សម្រាប់​តំណែង​​ប្រធានាធិបតី​។
អតីត​ប្រធាន​រដ្ឋសភា​ស.រ.អ​ លោក នូត ហ្គីនរីច ​(Newt​ Gingrich)​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត ​ថា​​លោក​ស្ថិត​នៅ​ក្នុង​វគ្គ​បឋម​នៃ​ការស្វែង​​រក​បេក្ខភាព​សម្រាប់​តំណែង​​ប្រធានាធិបតី​។

កាល​ពី​សប្ដាហ៍​មុន​អតីត​ប្រធាន​រដ្ឋសភា​ស.រ.អ លោក នូត ហ្គីនរីច ​(Newt​ Gingrich) ​បាន​បោះជំហានដ៏​ខ្លី​ទីមួយ​ឆ្ពោះ​ទៅរក​លទ្ធភាព​នៃ​ការទទួល​បាន​ការតែងតាំង​បេក្ខភាព​ជា​ប្រធានាធិបតី​ស.រ.អ​ ពី​គណបក្ស​សាធារណ​រដ្ឋ​សម្រាប់ឆ្នាំ​ក្រោយ។

ក្នុង​អំឡុងពេល​ទស្សនកិច្ច​មួយ​ទៅ​កាន់​រដ្ឋGeorgia​អតីត​ប្រធាន​រដ្ឋសភា​ នូត ហ្គីនរីច​បាន​ថ្លែង​ប្រាប់​ក្រុមអ្នកកាសែត​ថា​លោក​ស្ថិត​នៅ​ក្នុង​វគ្គ​បឋម​នៃ​ការស្វែងរក​បេក្ខភាព​សម្រាប់​តំណែងប្រធានាធិបតី​ស.រ.អ​នៅ​ឆ្នាំ​ក្រោយ។

លោក​ហ្គីនរីច​បាន​ប្រកាស​ពីការបង្កើត​គេហទំព័រ​នៃបណ្ដាញ​អ៊ីនថឺណិត​ Newt​Explore2012.com ​ដើម្បី​ស្វែងរក​លទ្ធភាព​បន្ថែម​ទៀត។

«យើង​ពិចារណាអំពី​រឿង​នេះ​ដោយ​ហ្មត់ចត់​ ហើយ​យើង​នឹង​លាត​ត្រដាង​ដ៏លម្អិតនូវ​គោលការណ៍​ដែល​យើង​នឹង​យក​ទៅ​អនុវត្ដ​នៅ​ពេល​ក្រោយ​មក។ យើង​យល់​ថា​សារៈ​សំខាន់​គឺ​ពលរដ្ឋ​អាច​យល់​ដឹង​អំពី​គោលការណ៍​ទាំង​នេះ​ដែល​យើង​នឹង​សហការ​គ្នា​សម្រាប់​រយៈ​ពេល​យូរ»។

បេក្ខជន​ប្រធានាធិបតី​ដែល​ចង់​ឈរ​ឈ្មោះ​ច្រើន​តែ​បោះ​ជំហាន​មុន​ដើម្បី​ស្ទង់​ស្ទាប​ប្រតិកម្ម​ពី​ការគាំ​ទ្រ​ពី​សាធារណ​ជន​ក្នុង​ការប្រកួត​យក​តំណែង​ក្នុងសេតវិមាន​ហើយ​ អាច​មាន​លទ្ធភាព​នឹង​រៃអង្គាស​លុយ​ដើម្បី​ឃោសនា​ដែលជា​លក្ខខណ្ឌ​មួយ​ធំ​ក្នុង​ការឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​តំណែង​ប្រធានា​ធិបតី។

លោក នូត ហ្គីនរីច​អតីត​តំណាង​រាស្រ្ដមក​ពីរដ្ឋ​ Georgia​ ដែល​បាន​ក្លាយ​ទៅ​ជា​អ្នកនយោបាយ​ល្បី​ឈ្មោះ​របស់​ប្រទេស​ជាតិ​ ក្នុង​សម័យ​ទសវត្សរ៍​១៩៩០ក្រោយ​ពី​លោក​បាន​ជួយ​ក្រុម​សាធារណរដ្ឋ​ឲ្យ​ដណ្ដើម​បាន​មក​វិញ​ នូវ​ការ​ត្រួតត្រា​ក្នុង​រដ្ឋសភា​ ជា​លើក​ដំបូង​ក្នុង​រយៈជាង​៤០​ឆ្នាំ​ កាល​ពី​ឆ្នាំ​១៩៩៤។

លោកហ្គីនរីច ​បាន​ឡើង​កាន់​តំណែង​ជា​ប្រធាន​រដ្ឋសភា​នៅ​ឆ្នាំ​១៩៩៥​ ហើយ​ក្រោយ​មក​បាន​ប៉ះ​ទង្គិច​ជា​មួយ​ប្រធានាធិបតី​ពី​គណបក្ស​ប្រជា​ធិបតេយ្យប៊ីល គ្លីនតុន ​អំពី​រឿង​ចំណាយ​ថវិកា​ របស់​រដ្ឋាភិបាល។​ ការប៉ះ​ទង្គិច​គ្នា​នោះ​បាន​ជំ​រុញឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​បិទ​ទ្វារ​ធំ​ធេង​ក្នុង​ឆ្នាំ​១៩៩៥និង​១៩៩៦។

លោក ​ហ្គីនរីច​ បាន​លា​លែង​ចេញ​ពី​មុខ​តំណែង​ ក្នុង​អាសនៈ​ក្នុង​រដ្ឋ​សភា​ កាល​ពី​ឆ្នាំ​១៩៩៨​ ក្រោយ​ពី​ក្រុម​សាធារណរដ្ឋ​បាន​ចាញ់ឆ្នោត​ ក្នុង​ការបោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្ដិ​នៅ​ឆ្នាំ​នោះ។ ចាប់​តាំង​ពី​ពេល​នោះ​មក​ លោក​ហ្គីនរីច​បាន​ចាប់ផ្ដើម​សរសេរ​សៀវភៅ ទៅ​ថ្លែង​សុន្ទរកថា​នៅ​មុខ​សាធារណជន​ហើយ​ចេញ​មុខ​នៅ​ក្នុង​ទូរស្សន៍​ជា​អ្នកធ្វើ​អត្ថាធិប្បាយ​នយោបាយ។

លោក​ហ្គីនរីច​មាន​ប្រជា​ប្រិយ៍ភាព​ ក្នុង​ចំណោមក្រុម​សាធារណរដ្ឋ​ហើយ​មានឈ្មោះ​ល្បី​ខ្លាំង​ដែល​ជា​កត្ដា​ពីរ​ដែល​ជួយ​លោក​ឲ្យ​ចូល​ទៅក្នុង​អ្វី​ដែល​គេ​រំពឹង​ថា​ ជាវាល​ប្រកួត​ពោរពេញ​ទៅ​ដោយ​បេក្ខជន​សម្រាប់​ការបោះ​ឆ្នោត​បឋម​នៅ​ឆ្នាំ​ក្រោយ។

ប្រហែល​ជា​មាន​បេក្ខជន​ប្រមាណ​ជាង​ដប់​នាក់​មាន​ចិត្ដ​ចង់​ប្រកួត​សម្រាប់​តំណែងប្រធានា​ធិបតី​ ស.រ.អ​ នៅ​ឆ្នាំ​ក្រោយ​ ហើយ​បេក្ខជន​ណា​ដែល​មានគោលការណ៍​ជាក់​លាក់​បាន​ត្រូវ​គេ​រំពឹង​ថា​នឹងបាន​ជ្រើស​តាំង​តាម​ផ្លូវការហើយ​ប្រកាស​គោល​បំណង​របស់​ខ្លួន​ចង់​ធ្វើ​ប្រធានាធិបតី​ ស.រ.អ​ នៅ​ក្នុង​ប៉ុន្មានខែ​ខាង​មុខ​នេះ។

ការប្រកួត​ដើម្បី​ទទួល​ការតែង​តាំង​ជា​បេក្ខជន​របស់​គណបក្ស​សាធារណរដ្ឋ​ នឹង​ត្រូវ​ចាប់​ផ្ដើម​ដោយ​យក​ចិត្ដ​ទុក​ដាក់​ខ្លាំ​ង​ នៅ​ដើម​ឆ្នាំ​ក្រោយ​ ដោយ​មាន​ការ​រៀប​ចំ​ឲ្យ​មាន​ ការ​ប្រជុំ​គណបក្ស​ហៅ ​Caucus​ និងការបោះឆ្នោត​បឋម​ក្នុងរដ្ឋ​ប្រពៃណី​ដំបូង​មាន​រដ្ឋ​អ៉ៃយូវ៉ា​ ​រដ្ឋ​ញូហែមសៀ​ សៅខារ៉ូឡាញណា​ និង​ណេវ៉ាដា។

តែ​ការដេញ​ដោល​គ្នា​ខ្លះ​បាន​ត្រូវ​កំណត់​ធ្វើ​ រួច​ស្រេច​ទៅ​ហើយ​ សម្រាប់​ឆ្នាំ​នេះ ​រាប់​ទាំង​ថ្ងៃទី​២​ ខែឧសភា​ ​ នៅ​ឯ​បណ្ណាល័យ​ប្រធានា​ធិបតី​រ៉ូណាល់ រីហ្កេន​រដ្ឋ​កាលីហ្វញ៉ា៕

ប្រែ​សម្រួល​ដោយ អ៊ូ​ ​ធួក

XS
SM
MD
LG