នៅក្រោយពេលដែលលោកប្រធានាធិបតីអូបាម៉ាបានប្រកាសអំពីការស្លាប់របស់អូសាម៉ាប៊ិនឡាដិន (Osama bin Laden) នៅក្នុងការប្រយុទ្ធគ្នាដ៏ស្វិតស្វាញរយៈពេលខ្លីនៅក្នុងប្រទេសប៉ាគីស្ថាន មានពលរដ្ឋជាច្រើនបានជួបប្រជុំគ្នាភ្លាមៗនិងដោយមិនមានការគ្រោងទុកនៅពីមុខសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងនៅទីលានថែមស៍សាឃ្វែរ (Times Square) និង Ground Zero នៅក្រុងញូវយ៉ក ដែលជាកន្លែងពួកភេរវករបានបញ្ជាយន្តហោះឲ្យបុកអគារពាណិជ្ជកម្មភ្លោះ។
បរិយាកាសនៅតំបន់ Ground Zero ពោរពេញទៅដោយសេចក្តីរីករាយនិងជ័យឃោស។ អ្នករស់នៅទីក្រុងញូវយ៉ក អតីតយុទ្ធជនអាមេរិក និងភ្ញៀវទេសចររាប់ពាន់នាក់ បានមកប្រមូលលផ្តុំគ្នានៅទីកន្លែងនេះ ដើម្បីនិយាយពាក្យ «ទៅឲ្យបាត់» (good riddance) ចំពោះអូសាម៉ាប៊ិនឡាដិន។ ពួកគេស្រែកពាក្យជ័យឃោស «ជយោ! សហរដ្ឋអាមេរិក!» (USA! USA!) និងច្រៀងចម្រៀងជាតិ«សូមព្រះជាម្ចាស់ប្រទានពរដល់ប្រទេសអាមេរិក» (Good Bless America)។ មនុស្សដែលប្រមូលផ្តុំគ្នានេះនិយាយថា ការស្លាប់របស់អូសាម៉ាប៊ិនឡាដិន មិនគ្រាន់តែផ្តល់យុត្តិធម៌ដល់រូបអូសាម៉ាប៊ិនឡាដិនផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវការស្ងប់អារម្មណ៍ដល់ប្រទេសជាតិអាមេរិកផងដែរ។ និស្សិតម្នាក់ដែលបានចូលរួមក្នុងការប្រជុំគ្នានេះនិយាយថា ថ្វីបើរូបលោកគួរចំណាយពេលវេលានេះរៀនត្រៀមសម្រាប់ការប្រឡងបញ្ចប់ខាងមុខក្តី ក៏លោកសម្រេចចិត្តមកចូលរួមនៅទីនេះវិញ ព្រោះលោកមិនចង់ខកខានមិនបានចូលរួមពិធីអបអរជាប្រវត្តិសាស្ត្រនេះទេ៕
ប្រែសម្រួលដោយ សឹង សុផាត