កាលពីថ្ងៃសុក្រ ទី១ ខែធ្នូ ដោយមានសមាជិកខាងគណបក្សសាធារណរដ្ឋភាគច្រើនបានចូលរួមជាមួយសមាជិកខាងគណបក្សប្រជាធិបតេយ្យធ្វើឱ្យរដ្ឋសភាសហរដ្ឋអាមេរិកមានសំឡេងគ្រប់គ្រាន់ដើម្បីអាចដកតំណែងលោក George Santos ដែលជាសមាជិករដ្ឋសភាថ្មោងថ្មីរបស់គណបក្សសាធារណរដ្ឋមកពីរដ្ឋ New York បាន។
កាលពីពេលថ្មីៗនេះ គណៈកម្មាធិការខាងសីលធម៌រដ្ឋសភាបានចេញផ្សាយរបាយការណ៍មួយដែលរកឃើញថាមានភស្តុតាងច្រើនក្រាស់ក្រែលដែលបញ្ជាក់ថាលោក Santos បានរំលោភច្បាប់។ ពួកអ្នកស៊ើបអង្កេតសហព័ន្ធបានចោទប្រកាន់លោក Santos ពីបទក្លែងបន្លំ លាងលុយកខ្វក់ លួចអត្តសញ្ញាណរបស់ក្រុមអ្នកផ្តល់ប្រាក់សម្រាប់ជួយដល់យុទ្ធនាការឃោសនាបោះឆ្នោត កែបំភ្លៃរបាយការណ៍ហិរញ្ញវត្ថុនៃការឃោសនាបោះឆ្នោតនិងមានកំហុសជាច្រើនផ្សេងទៀត។
លោក Santos បាននិយាយថា លោកគ្មានទោសពៃរ៍ចំពោះការចោទប្រកាន់សហព័ន្ធទាំង ២៣ ករណីដែលលោកកំពុងប្រឈមទេ។ លោកបានឋិតនៅក្រោមការពិនិត្យពិច្ច័យយ៉ាងខ្លាំងក្លាហើយត្រូវគេចំអកក្រោយត្រូវបានលាតត្រដាងថាលោកបានបំភ្លៃអំពីការសិក្សា អាជីពនិងប្រវត្តិគ្រួសាររបស់លោក។
ជាសរុបមក មានសមាជិករដ្ឋសភាចំនួន ៣១១ នាក់បានបោះឆ្នោតដកលោកចេញពីតំណែងតំណាងរាស្ត្រក្នុងរដ្ឋសភាសហរដ្ឋអាមេរិក ដែលចំនួននេះមានលើសពីចំនួន ២ ភាគ ៣ ដែលត្រូវការដើម្បីឱ្យមានការបណ្តេញចេញសមាជិករដ្ឋសភាណាម្នាក់ទៅទៀត។
ប្រធានរដ្ឋសភា លោក Mike Johnson បានប្រកាសជាផ្លូវការអំពីការដកតំណែងលោក Santos។
លោក Johnson ថ្លែងថា៖ «ស្មៀនរដ្ឋសភានឹងជូនដំណឹងដល់អភិបាលរដ្ឋ New York អំពីសកម្មភាពរបស់រដ្ឋសភានេះ។ យោងតាមប្រការ 5-D នៃបទបញ្ញត្តិលេខ២០ប្រធានរដ្ឋសភាប្រកាសដល់រដ្ឋសភាអំពីការបណ្តេញលោក Santos មកពីរដ្ឋ New York ចេញពីតំណែង។ ឥឡូវនេះ សមាជិកទាំងអស់នៃរដ្ឋសភានៅសល់ចំនួន ៤៣៤ នាក់»។
ជាមួយនឹងការដកតំណែងលោក Santos ពីរដ្ឋសភា គណបក្សសាធារណរដ្ឋមានសមាជិកភាគច្រើនស្ដួចស្ដើងនៅពេលការបោះឆ្នោតជាតិមកដល់ក្នុងរយៈពេល១១ខែខាងមុខ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ