វ៉ាស៊ីនតោន៖នៅពេលដែលប្រជាពលរដ្ឋអាមេរិកាំងរាប់លាននាក់ស្វាគមន៍ឆ្នាំ២០១១ ដោយមានការប្រារព្ធពិធីនិងការដុតកាំជ្រួច ពួកអ្នកនយោបាយសហរដ្ឋអាមេរិកកំពុងស្វាគមន៍ទសវត្សរ៍ថ្មី ដោយមានការសន្យាដែលគេធ្លាប់ឮរួចមកហើយ។
ដោយស្ថិតនៅឆ្ងាយពីការប្រារព្ឋពិធីបុណ្យចូលឆ្នាំថ្មីយ៉ាងអធិកអធម ដូចជាការប្រារព្ឋនៅទីលាន Times Square ក្នុងទីក្រុងញូយ៉កសហរដ្ឋអាមេរិក លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា មានសារដ៍ស្រងូតស្រងាត់មួយសម្រាប់ប្រជាពលរដ្ឋអាមេរិកាំង។
«យើងកំពុងរើបចេញពីការមិនរីកចម្រើនសេដ្ឋកិច្ចដែលមានតែម្តងក្នុងមួយជីវិត ដែលបានធ្វើឲ្យប្រជាពលរដ្ឋអាមេរិកាំងរាប់លានគ្រួសារមានការពិបាក។ យើងទាំងអស់គ្នាមានមិត្តភ័ក្រ្ត និងអ្នកជិតខាងរបស់យើងកំពុងព្យាយាមធ្វើឲ្យជីវភាពរបស់ពួកគេមានភាពដូចដើមវិញ »។
ក្នុងសន្ទរកថាប្រចាំសប្តាហ៍របស់លោក លោក Obama បានសន្យាខិតខំធ្វើការងារយ៉ាងខ្លាំងដើម្បីពង្រឹងការរើបឡើងនូវសេដ្ឋកិច្ចដែលមិនទាន់រឹងមាំនៅឡើយក្នុងប្រទេស ហើយលោកមានប្រសាសន៍បន្តទៀតថា ទិន្នន័យសេដ្ឋកិច្ចកាលពីពេលថ្មីៗនេះ បា្រប់ឲ្យដឹងថា ស្ថានភាពកំពុងចាប់ផ្តើមល្អប្រសើរហើយ។
លោកក៍បានសន្យាធ្វើឲ្យការងារកាន់តែជិតស្និទ្ធឡើងថែមទៀតជាមួយសមាជិកសភាខាងគណៈបក្សសាធារណរដ្ឋនិយមដែលជាគណៈបក្សប្រឆាំងដែលបានទទួលការកើនឡើងយ៉ាងខ្លាំងនូវអាសនៈក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា។
«ខ្ញុំមានច្ឆន្ទៈធ្វើការងារជាមួយជនណានៃគណៈបក្សណាក៍ដោយដែលមានគំនិតល្អ ហើយនឹងការតាំងចិត្តធ្វើឲ្យសម្រេចជោគជ័យ។ ហើយ យើងទាំងអស់គ្នាក៍រំពឹងដែរថា អស់លោកអ្នក នឹងធ្វើឲ្យយើងមានការទទួលខុសត្រូវចំពោះការជឿនលឿនហើយ ឬការបរាជ័យរបស់យើងក្នុងការទទួលខុសត្រូវនេះ»។
នៅពេលដែលសមាជិកសភាវិលត្រឡប់ទៅកាន់រដ្ឋធានី Washington វិញនៅចុងខែនេះ ពួកខាងគណៈបក្សសាធារណរដ្ឋនិយមនឹងត្រួតត្រាសភាតំណាងរាស្រ្តហើយមានអាសនៈបន្ថែមចំនួន៦ក្នុងព្រឹទ្ធសភា។
សមាជិកព្រឹទ្ធសភាទើបជាប់ឆ្នោតថ្មីខាងគណៈបក្សសាធារណៈរដ្ឋនិយម លោក Kelly Ayotte និយាយថា៖ ការផ្លាស់ប្តូរកំពុងកើតមានឡើងហើយ។
ទាំងលោកប្រធានាធិបតី Obama និងសមាជិកព្រឹទ្ធសភាទើបជាប់ឆ្នោត និយាយថា ក្នុងខណៈពេលដែលសហរដ្ឋអាមេរិក កំពុងប្រឈមមុខបញ្ហាដ៍លំបាកនៅដើមទសវត្សរ៍ថ្មីនេះក៍ដោយ អស់លោកអ្នកនៅតែមានសង្ឃឹមនៅឡើយ។
លោក Obama មានប្រសាសន៍បន្តទៀតថា មានហេតុផលនាំឲ្យមានសុទិដ្ឋិនិយម។នៅពេលដែលការប្រារព្ឋបុណ្យចូលឆ្នាំថ្មី បានបញ្ចប់ ហើយប្រជាពលរដ្ឋអាមេរិកាំងវិលត្រឡប់ទៅធ្វើការងារវិញ ហើយការរស់នៅប្រចាំថ្ងៃមានភាពជាប្រក្រតី ពួកគេនឹងរង់ចាំមើលថាតើប្រធានាធិបតីនិងសមាជិកសភា អាចធ្វើបានល្អតាមការសន្យាឬទេ៕
ប្រែសម្រួលដោយលោកជឹង ប៉ូជីន