កាលពីថ្ងៃអង្គារ កងទ័ពសហរដ្ឋអាមេរិក បានចេញផ្សាយឯកសារយុទ្ធសាស្រ្តថ្មីរួមលើកដំបូងរបស់ខ្លួន ក្នុងរយៈពេល ៦ឆ្នាំ ដោយអំពាវនាវសុំឲ្យមានការអភិវឌ្ឍកងកម្លាំងមួយ ដែលផ្តោតការយកចិត្តទុកដាក់ខ្លាំងជាងមុនទៅលើទ្វីបអាស៊ី ដែលឯកសារនេះ បញ្ជាក់ថា ឥទ្ធិពលសេដ្ឋកិច្ច និងយោធា កំពុងរីកលូតលាស់ ហើយបរិយាកាសយុទ្ធសាស្រ្ត ក៏កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សដែរ។
យុទ្ធសាស្រ្តកងទ័ពជាតិ បានឲ្យដឹងថា ពិភពលោកសព្វថ្ងៃនេះ ស្តែងឲ្យឃើញពីបរិយាកាសសន្តិសុខ ពេញទៅដោយបញ្ហាលំបាក និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលតម្រូវឲ្យបង្កើនភាពជាអ្នកដឹកនាំពីកងទ័ពសហរដ្ឋអាមេរិក ដែលនេះជាវិធីសាស្រ្តមួយដែលអនុញ្ញាតឲ្យមានការចូលរួមពីសំណាក់ផ្នែកស៊ីវិល និងអំណាចកងទ័ព និងភាពជាដៃគូជាច្រើនទៀតជាមួយប្រទេសនៅជុំវិញពិភពលោក។
ឯកសារចំនួន ២១ទំព័រដែលចេញផ្សាយដោយមេដឹកនាំកងទ័ពកំពូលៗរបស់អាមេរិក ត្រូវបានតាក់តែងឡើងផ្អែកលើយុទ្ធសាស្រ្តនានា ដែលបង្កើតឡើងដោយសេតវិមាន និងមេដឹកនាំស៊ីវិលរបស់មន្ទីរបញ្ចកោណ។ យុទ្ធសាស្រ្តកងទ័ពនេះ គូសបញ្ជាក់ថា កងទ័ពជើងគោក ជើងទឹក ជើងអាកាស និងកងម៉ារីនរបស់សហរដ្ឋអាមេរិក មានតួនាទីធានាសុវត្ថិភាពរបស់ប្រទេសនេះនៅឆ្នាំខាងមុខៗ។
«អ្នកត្រូវតែដាក់កងកម្លាំងទាំងនោះនៅកន្លែងណា ដែលអ្នកគិតថា ភាពគ្រោះថ្នាក់នឹងអាចកើតមាន ដើម្បីប្រឆាំងនឹងគ្រោះថ្នាក់ដែលអ្នករំពឹងថានឹងមាន»។
នេះគឺឧត្តមនាវីទោ លោក ចន រ៉ូប៊ឺតធី (John Roberti) នៃការិយាល័យយុទ្ធសាស្រ្ត និងគោលនយោបាយកងទ័ព។ លោកថ្លែងថា យុទ្ធសាស្រ្តថ្មីនេះ ផ្តោតលើអាស៊ី ដោយសារតែសេដ្ឋកិច្ចសកលលោក កំពុងងាកទៅកាន់តំបន់នោះ។ នៅទីនោះ អំណាចយោធាកំពុងរះឡើង ហើយលោកបញ្ជាក់ទៀតថា ការផ្លាស់ប្តូរនយោបាយ ក៏កំពុងកើតមានដែរ។
«យើងត្រូវតែពិនិត្យមើលគោលជំហរការពារជាតិនៅទីនោះ សមត្ថភាពរបស់យើងដែលបោះទីតាំងនៅទីនោះ ទំនាក់ទំនងរបស់យើង ភាពជាដៃគូររបស់យើង សម្ព័ន្ធមិត្តរបស់យើង ហើយផ្តោតទៅលើតំបន់នោះដើម្បីរក្សាសន្តិសុខ។ ខ្ញុំនឹងមិនផ្តោតទៅលើទីដែលមានកងទ័ពច្រើនឬតិចនោះទេ ប៉ុន្តែទៅលើអ្វីដែលជាសមត្ថភាព និងទីតាំងនៃសមត្ថភាពជាមួយតំបន់នោះ»។
យុទ្ធសាស្រ្តនេះ កត់សម្គាល់ជាពិសេសទៅលើប្រទេសចិន ហើយបញ្ជាក់ថា កងទ័ពអាមេរិក ត្រូវតែត្រៀមខ្លួន ឆ្លើយតបទៅនឹងអ្វីដែលគេពិពណ៌នាថា ជាសមត្ថភាពប្រឆាំងនឹងការចូលប្រើប្រាស់ ដែលចិនកំពុងពង្រីកយ៉ាងឆាប់រហ័ស។ សមត្ថភាពបែបនោះ អាចគំរាមកំហែងដល់ច្រកពាណិជ្ជកម្មសកលលោក ហើយកម្រិតលទ្ធភាពកងទ័ពអាមេរិកក្នុងការធ្វើអ្វីៗដែលមេដឹកនាំអាមេរិកអាចបញ្ជាឲ្យកងទ័ពអនុវត្ត។
ឯកសារនេះ ក៏បានដកស្រង់កត្តាផ្សេងៗទៀតដូចជា ការរីកសាយភាយអាវុធ សកលភាវូបនីយកម្ម គ្រោះមហន្តរាយធម្មជាតិ បម្រែបម្រួលអាកាសធាតុ អំពើឧក្រិដ្ឋកម្មប្រព័ន្ធអ៊ីនធឺណែត កង្វះខាតធនធាន ជំងឺរីករាលដាល ជម្លោះពាណិជ្ជកម្ម និងក្រុមជ្រុលនិយមដ៏ហិង្សា ថាជាកត្តាគន្លឹះនៅក្នុងបរិយាកាសយុទ្ធសាស្រ្តសកលលោក ដែលលោក រ៉ូប៊ឺតធី មានប្រសាសន៍ថា កត្តាទាំងអស់នេះ មាននៅអាស៊ី។
«ភាពប្រសព្វគ្នានៃបញ្ហាលំបាកទាំងអស់នោះ បង្កើតឲ្យមានគ្រោះថ្នាក់មួយ ដែលយើងត្រូវតែប្រកាន់ឥរិយាបថផ្សេងៗគ្នា យើងត្រូវរៀបចំផែនការផ្សេងៗគ្នា ហើយជាការពិតណាស់ យើងត្រូវតែពិចារណាលើផែនការបច្ចុប្បន្ននេះ»។
បន្ថែមទៅលើការអភិវឌ្ឍសមត្ថភាពប្រយុទ្ធដ៏សមស្រប យុទ្ធសាស្រ្តនេះបានចែងថា កងទ័ពសហរដ្ឋអាមេរិក ត្រូវតែដឹកនាំការប្រមូលផ្តុំទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិក និងកងទ័ពបរទេស ព្រមទាំងដៃគូស៊ីវិលទាំងឡាយ ដោយរាប់បញ្ចូលទាំង អង្គការក្រៅរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាដែលគំរាមកំហែងដល់ស្ថិរភាព និងសន្តិសុខ។
ជាពិសេស យុទ្ធសាស្រ្តនេះ អំពាវនាវសុំឲ្យមានកិច្ចសហការជាមួយអង្គការក្នុងតំបន់ នៅទ្វីបអាហ្រ្វិក និងអាមេរិកខាងត្បូង ដើម្បីជំរុញឲ្យមានសន្តិសុខ និងស្ថិរភាពក្នុងតំបន់ទាំងនោះ។ បើទោះជាយុទ្ធសាស្រ្តនេះ ត្រូវបានតាក់តែងឡើងមុនពេលមានភាពចលាចលនាពេលបច្ចុប្បន្ន នៅក្នុងប្រទេសទុយណេស៊ី និងអេហ្ស៊ីបក៏ដោយ ឯកសារនេះ ដកស្រង់ពីភាពចាំបាច់ក្នុងការដោះស្រាយលើបញ្ហាអស្ថិរភាពដ៏មានសក្តានុពលនៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយសារតែមានបញ្ហាអភិបាលកិច្ច និងការផ្លាស់ប្តូរកត្តាសេដ្ឋកិច្ច នយោបាយ សង្គម និងវប្បធម៌។
ឯកសារនេះ គឺជាការប្រមើលមើលទៅមុខមួយផ្នែក លើអទិភាពរបស់កងទ័ពសហរដ្ឋអាមេរិក ក្រោយពីសង្រ្គាមនៅអ៊ីរ៉ាក់ ដែលកងកម្លាំងសហរដ្ឋអាមេរិក គ្រោងនឹងចាកចេញនៅឆ្នាំនេះ និងនៅអាហ្វហ្កានីស្ថាន ដែលកងទ័ពសហរដ្ឋអាមេរិក នឹងចាប់ផ្តើមចាកចេញនៅឆ្នាំនេះដែរ ដោយមានគោលដៅដកកងទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅត្រឹមឆ្នាំ២០១៤។ មេដឹកនាំកងទ័ពនឹងប្រើយុទ្ធសាស្រ្តនេះ ធ្វើជាមូលដ្ឋានសម្រាប់រៀបចំផែនការ ដោយរាប់បញ្ចូលទាំងការស្នើសុំឲ្យមានកម្មវិធីអាវុធថ្មី និងពង្រីកធំជាងមុន ដែលទំនងជាមានការលំបាកក្នុងការផ្តល់មូលនិធិ បើពិនិត្យមើលទៅលើបរិយាកាសប្រឆាំងលើការចំណាយនៅក្នុងរដ្ឋសភារបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយ លី សុខឃាង