ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧបករណ៍​ពិសោធន៍​ឈាម​ថ្មី​សម្រាប់​ធ្វើ​រោគ​វិនិច្ច័យ​មេរោគHIV និង​ស្វាយ


រូបភាព​នៃ​ការ​ធ្វើ​ដំណើរ​របស់​ឈាម​កាត់​តាម​​Microchannels​ក្នុង​mChip។​
រូបភាព​នៃ​ការ​ធ្វើ​ដំណើរ​របស់​ឈាម​កាត់​តាម​​Microchannels​ក្នុង​mChip។​

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​បង្កើត​ឧបករណ៍​ពិសោធន៍​ឈាម​ដែល​អាច​ដាក់​តាម​ខ្លួន​បាន ដែល​ឧបករណ៍​នេះ​អាច​ឲ្យ​ដឹង​ថាតើ​មនុស្ស​មាន​មេរោគ​HIV​ ឬ​ស្វាយ។​ ឧបករណ៍​នោះ​បាន​យក​ទៅ​ពិសោធន៍​នៅ​ក្នុង​ប្រទេស​ រវ៉ាន់ដា នៃ​ទ្វីប​អាហ្វ្រិក​ប្រកប​ដោយ​ជោគជ័យ​ ហើយ​ក្រុម​អ្នក​ស្រាវជ្រាវ​និយាយ​ថា​វា​អាច​ផ្តល់​របៀប​ពិសោធន៍​លឿន​ ថោក​ និង​ងាយ​ស្រួល។

ឧបករណ៍​ Microfludic​ Chip​ ឬ​ mChip​ ជា​គំនិត​ផ្ទាល់​របស់​លោក​សាមុអែល សៀ (Samuel Sia) វិស្វករ​ម្នាក់​ខាង​ជីវៈវេជ្ជសាស្ត្រ​នៅ​សាកល​វិទ្យាល័យ​កូឡុមបៀ​ ក្នុង​ទីក្រុង​ញូវយ៉ក។

លោក​មានប្រសាសន៍ថា​ឧបករណ៍​ប្ល៉ាស្ទិក​តូចនេះ​អាច​ធ្វើ​រោគវិនិច្ឆ័យ​មេរោគ​ HIV​ និងស្វាយ​បាន​នៅ​ក្នុង​រយៈ​២០នាទី​ ដោយ​គ្រាន់​ប្រើ​តែ​ឈាម​មួយ​ដំណក់​តូច។

«អ្វី​ដែល​យើង​បាន​ធ្វើ​នោះ​គឺ​ដើម្បី​បង្រួម​ឲ្យតូច​នូវ​ការ​ធ្វើ​តេស្ត​ដ៏​ស្មុគស្មាញ​ក្នុង​មន្ទីរ​ពិសោធន៍​ឲ្យ​ទៅ​ជា​របស់​តូច​មួយ​ ទំហំ​ប៉ុន​ប័ណ្ណឥណទាន​ដែល​លោក​អ្នក​អាច​កាន់​ក្នុង​ដៃ​បាន។ ដូច្នេះ​លោក​អ្នក​គ្រាន់​តែ​បន្តក់​ឈាម​ចុង​ម្រាមដៃ​មួយ​ដំណក់តូច​នៅ​លើ​ឧបករណ៍​នោះ​ហើយ​រង់ចាំ​១៥នាទី​ លោកអ្នក​បានទទួល​លទ្ធផល»។

ឧបករណ៍​ mChip​ ដែល​ប្រើ​ហើយ​បោះចោល​ មានតម្លៃ​តែ​មួយដុល្លារ​ប៉ុណ្ណោះ​ រីឯ​ប្រដាប់​សម្រាប់​ធ្វើ​រោគវិនិច្ឆ័យ​មួយឈុត​ មាន​តម្លៃ​ប្រមាណ​១០០​ដុល្លារ។

លោក​ Sia​ មាន​ប្រសាសន៍​ថា​ mChip​ បាន​ពិសោធ​គំរូ​ឈាម​ជាង​៤០០​ នៅ​មន្ទីរ​ពេទ្យ​ក្នុង​ទីក្រុង​គីហ្គាលី​ ប្រទេស​រវ៉ានដា។ លោក​ថ្លែងថា​ Chip​ នោះ​បាន​ផ្តល់​លទ្ធផល​ត្រឹមត្រូវ​១០០​ភាគរយ​នៅ​ក្នុង​ការ​តាម​រក​មេរោគ​ HIV​ ដោយ​មាន​ករណី​វិជ្ជមាន​មិន​ពិត​តែ​មួយ​គត់​ ដែល​ករណី​នោះ​អ្នក​ស្ម័គ្រ​ចិត្ត​ម្នាក់​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​មាន​កំហុស។​ ចំពោះ​ការធ្វើពិសោធន៍​មេរោគស្វាយ​វិញ​ ឧបករណ៍​ mChip​ មាន​ភាព​សុក្រិត​ត្រឹម​តែ​៩៤​ភាគរយ ដោយមាន​កំហុស​បួន​ករណី​ប៉ុណ្ណោះ​ក្នុង​ចំណោម​ឈាម​ដែល​គេយក​ធ្វើ​ជា​គំរូ​ទាំង​អស់​៦៧។

អត្ថបទ​រៀបរាប់​អំពី​ ឧបករណ៍​ mChip​ ត្រូវ​បាន​បោះពុម្ភផ្សាយ​ក្នុង​ទស្សនាវដ្តី​ពេទ្យ​ឈ្មោះ​ Nature Medicine។

ប្រែសម្រួល ដោយ​ នុច សារីតា

XS
SM
MD
LG