ការបើកសម័យប្រជុំចុងក្រោយបង្អស់នៃសភានីតិកាលថ្មីនៅសិង្ហបុរីត្រូវបានធ្វើឡើងកាលពីខែសីហាជាមួយនឹងអ្វីដែលមិនធ្លាប់បានឃើញពីមុននោះគឺ តួនាទីដែលត្រូវបានបង្កើតថ្មីសម្រាប់មេដឹកនាំគណបក្សប្រឆាំង។
លោក Pritam Singh នៃគណបក្សពលករ ឬ Workers' Partyបានចូលកាន់តំណែងជាមេដឹកនាំបក្សប្រឆាំង បន្ទាប់ពីការបោះឆ្នោតមួយដែលក្រុមអ្នកវិភាគនិយាយថា បានបង្ហាញពីសញ្ញាមិនពេញចិត្តនឹងប្រព័ន្ធមួយដែលត្រូវបានក្តោបក្តាប់ដោយគណបក្សតែមួយអស់រយៈពេលជាយូរមកហើយ។
ការបោះឆ្នោតជាតិកាលពីខែកក្កដា បានផ្តល់ឲ្យគណបក្សពលករនូវកៅអីចំនួនបួនបន្ថែមទៀត ដែលសរុបចំនួន១០ នៅរដ្ឋសភា ធៀបជាមួយនឹង ៨៣កៅអីសម្រាប់គណបក្សកាន់អំណាចឬ គណបក្ស People's Action ។ គណបក្ស Progress Singapore ទទួលបាន២កៅអី។
ខណៈដែលសិង្ហបុរីមានសង្គមមួយដែលបើកចំហ ប្រទេសនេះឆ្លងកាត់ការដឹកនាំដោយគណបក្សតែមួយប៉ុណ្ណោះចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេស។ អ្នកបោះឆ្នោតក៏ធ្លាប់បានបង្ហាញទំនោរចង់បានភាពចម្រុះផ្នែកនយោបាយកាលពីពេលមុនផងដែរ ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា មានសញ្ញាថាលើកនេះអាចខុសពីលើកមុន។
លោក Dennis Tan សមាជិកគណបក្សរបស់លោក Singh នៅក្នុងសភា បាននិយាយកាលពីពេលថ្មីៗនេះថា អ្នកបោះឆ្នោត «ប្រកាន់យកនូវតម្រូវការទស្សនៈចម្រុះ» បន្ថែមពីលើទស្សនៈរបស់គណបក្ស People's Action ដែលបានកាន់អំណាចចាប់តាំងពីឆ្នាំ ១៩៦៥មក។
លោក Tan បាននិយាយថា៖ «ខ្ញុំសង្ឃឹមថា គណបក្សកាន់អំណាចអាចចាប់ផ្តើមទទួលយកការផ្លាស់ប្តូរនេះ»។
គណបក្សចំនួន ១១ ដែលនេះជាចំនួនច្រើនបង្អស់មិនធ្លាប់មានពីមុនមក បានចូលរួមនៅក្នុងការបោះឆ្នោតជាតិកាលពីខែកក្កដា។ គណបក្សកាន់អំណាច PAP បានទទួលសំឡេងគាំទ្រ ៦១ភាគយ ដែលជាចំនួនជិតស្មើនឹងសំឡេងគាំទ្រទាបបំផុតចំនួន ៦០ភាគរយ នៅក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១១។
បន្ទាប់ពីការបោះឆ្នោតនាពេលថ្មីៗនេះ លោក Lee Hsien Loong ដែលជានាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរីនិងជាប្រធានគណបក្ស PAP បានទទួលស្គាល់នូវទំនោររបស់សាធារណជនឲ្យមាន «វត្តមានសំឡេងជំទាស់បន្ថែមនៅក្នុងសភា»។
ឆ្ពោះទៅការកាន់តំណែងសម្រាប់អាណត្តិថ្មី លោក Lee បានប្រាប់ទៅសមាជិកគណបក្សរបស់លោកឲ្យត្រៀមលក្ខណៈសម្រាប់ការតស៊ូមតិខ្លាំងក្លា។
នៅក្នុងលិខិតមួយទៅកាន់សមាជិកគណបក្សរបស់លោក លោក Lee បានសរសេរថា៖ «ជាមួយនឹងសមាជិកបក្សប្រឆាំងកាន់តែច្រើននៅក្នុងសភានីតិកាលថ្មី និងមេដឹកនាំគណបក្សប្រឆាំងត្រូវបានចាត់តាំងជាផ្លូវការ យើងត្រូវរំពឹងថា នឹងមានសំណួរនិងការតស៊ូមតិខ្លាំងជាងមុននៅក្នុងសភា»។
អ្នកវិភាគនយោបាយលោក Joshua Kurlantzick បាននិយាយថា ការបោះឆ្នោតបង្ហាញនូវសំឡេងជំទាស់ដែល «ទទួលយកបាន» មួយអាចត្រូវបានបង្កើតឡើងនៅប្រទេសសិង្ហបុរី។
លោក Kurlantzick បានសរសេរនៅក្នុងអត្ថបទវិភាគមួយសម្រាប់ក្រុមប្រឹក្សាលើទំនាក់ទំនងអន្តរជាតិ ដែលលោកគឺជាអ្នកស្រាវជ្រាវជាន់ខ្ពស់លើប្រធានបទតំបន់អាស៊ីអាគ្នេយ៍ថា៖ «នៅក្នុងរយៈពេលវែង ឆាកនយោបាយនៅសិង្ហបុរីអាចនឹងឃើញមានការប្រជែងគ្នាខ្លាំងជាងមុន»។
លោកបានព្យាករណ៍ថា ភាពទន់ខ្សោយនៅក្នុងជួរគណបក្សកាន់អំណាចអាចបង្កជាឱកាសសម្រាប់គណបក្សដទៃទៀត។
លោកបានលើកឡើងថា៖«ក្រៅពីបញ្ហាប្រឈមរបស់គណបក្ស PAP ក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ ដែលប្រហែលជាបញ្ហាក្នុងរយៈពេលខ្លី ថ្លៃចំណាយលើការរស់នៅខ្ពស់ ផលប៉ះពាល់ខ្លាំងទៅលើពលករសិង្ហបុរី បញ្ហាពាក់ព័ន្ធនឹងផែនការរៀបចំផ្ទះសម្បែង និងបញ្ហាសង្គមសេដ្ឋកិច្ចដទៃទៀតដែលបានចាក់ឬសយ៉ាងជ្រៅ នឹងបន្តជាបញ្ហាប្រឈមសម្រាប់រដ្ឋាភិបាលដឹកនាំដោយគណបក្ស PAP»។
លោក Kenneth Paul Tan សាស្ត្រាចារ្យជំនួយនៅវិទ្យាស្ថានសិក្សាគោលនយោបាយសាធារណៈ Lee Kuan Yew បាននិយាយថា លទ្ធផលការបោះឆ្នោតនៅប្រទេសសិង្ហបុរីបង្ហាញពីបំណងប្រាថ្នាមួយដើម្បីឲ្យមានការតស៊ូមតិបន្ថែមទៀត។
លោកបានថ្លែងប្រាប់ VOA ថា៖«ខ្ញុំពិតជាគិតថា លទ្ធផលឆ្នោតបង្ហាញពីចំណាប់អារម្មណ៍និងការព្រួយបារម្ភ ដែលអ្នកបោះឆ្នោតបានចាត់ទុកថា មិនត្រូវបានដឹងឮគ្រប់គ្រាន់នៅក្នុងការជជែកដេញដោលពាក់ព័ន្ធនឹងគោលនយោបាយ។ ដូចគ្នានេះដែរ លទ្ធផលក៏បានបង្ហាញពីការមិនពេញចិត្តជាទូទៅជាមួយនឹងការកេងចំណេញពីរចនាសម្ព័ន្ធនិងយុទ្ធសាស្ត្រមិនស្មើភាពដែលគណបក្សកាន់អំណាចប្រើប្រាស់ដើម្បីធានាថា នឹងក្តោបក្តាប់សំឡេងឆ្នោត»។
គណបក្ស Progress Singapore បាននិយាយថា នឹងប្រើតួនាទីរបស់ខ្លួនជាគណបក្សប្រឆាំងដើម្បីនាំមកនូវគំនិតថ្មី។
លោក Leong Mun Wai អ្នកនយោបាយម្នាក់ក្នុងចំណោមអ្នកនយោបាយពីរនាក់ដែលទទួលបានកៅអីនៅក្នុងសភាអំឡុងសម័យប្រជុំតំណាងឲ្យគណបក្ស Progress Singapore បាននិយាយថា៖ «អស់រយៈពេលពីរបីឆ្នាំមកនេះ យើងរំពឹងថា នឹងទទួលបានព័ត៌មាន និងធនធានបន្ថែមសម្រាប់គណបក្សប្រឆាំង ដើម្បីឲ្យគណបក្សនេះអាចផ្តល់ជាសំឡេង និងគំនិតប្រកបដោយប្រសិទ្ធភាពមួយ»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្ត្របញ្ញា